(ព័ត៌មានជាតិ)៖ សល់ត្រឹម១សប្ដាហ៍ទៀតប៉ុណ្ណោះឆ្នាំ២០២៤ នឹងកន្លងផុតទៅហើយ ខណៈពេលដែល ដាច់ឆ្នាំចាស់ ឈានចូលឆ្នាំថ្មី ឆ្នាំ២០២៥ នោះ ថ្ងៃនេះអង្គភាព Swift News និង BEST TV សូមបង្ហាញនូវព្រឹត្តិការណ៍ធំៗមួយចំនួនដែលកើតឡើងនៅក្នុងឆ្នាំ២០២៤ ដែលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ និងព្រឹត្តិការណ៍ដែលកម្ពុជា សម្រេចបាននូវលទ្ធផលល្អគួរជាទីមោទនភាព និងការអបអរសាទរពីសំណាក់ប្រជាពលរដ្ឋទាំងមូលតែម្ដង។ ទាំងនេះសុទ្ធសឹងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងព្រឹត្តិការណ៍ធំ ក្នុងឆ្នាំ២០២៤ ១/ ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ! អបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ នៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោកាលពីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។ ការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» គឺជាការគាស់រំលើងឡើងវិញ នូវព្រែកជីកដែលកម្ពុជា មានក្នុងសម័យហ្វូណន ឬសម័យនគរភ្នំ ជានគរដំបូងរបស់ខ្មែរ និងជាពេលវេលាដែលខ្មែរមានការរីកចម្រើន និងរុងរឿងបំផុត។ ជាភ័ព្វសំណាងសម្រាប់ជាតិ កម្ពុជាក្រោមមាគ៌ាដ៏អស្ចារ្យ និងមគ្គទេសក៍ដ៏ឆ្នើមនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យកម្ពុជាស្គាល់ការរួបរួម និងសុខសន្តិភាពជាថ្មី បានផ្តល់ឱកាសឱ្យកម្ពុជាមានឱកាសគាស់រំលើងឡើងវិញ នូវបណ្តាញផ្លូវទឹកដ៏សំខាន់របស់អាណាចក្រខ្មែរឡើងក្រោយកប់បាត់ជិត២ពាន់ឆ្នាំ។២/ កម្ពុជា ប្រកាសបញ្ជប់កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV-DTA) សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំកំពូលៗផ្សេងទៀត កាលពីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បានប្រកាសពីការសម្រេចរបស់កម្ពុជា ក្នុងការបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ។ការបញ្ចប់នេះសម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ដោយគិតគូពីកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត។ សូមរំលឹកថា តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ត្រូវបានអនុវត្តរយៈពេល២៥ឆ្នាំ មកហើយនិងក៏បានកសាងសមិទ្ធផលជាច្រើន សម្រាប់ការអភិវឌ្ឍខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគិរី។ ប៉ុន្តែកន្លង ទៅនេះក្រុមជ្រុលនិយម បានចាប់យកចំណុចនេះ ធ្វើជាអាវុធនយោបាយ ដើម្បីមួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជនដែលបានធ្វើឲ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ ដូចជា ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង ៤ នៃភាគឦសានឱ្យទៅបរទេសជាដើម។ ស្របពេលនៃការដកខ្លួនចេញពី CLV-DTA ប្រជាជនកម្ពុជាបានរួមគ្នាចូលរួម មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលប្រជាជនយើងបានចូលរួមចំណែកដល់ការអភិវឌ្ឍន៍នេះ ហើយរាជរដ្ឋាភិបាលក៏បានប្រកាសដាក់ចេញរួចហើយ នូវការរៀបចំកញ្ចប់គោលនយោបាយសម្រាប់ ជំរុញការអភិវឌ្ឍតំបន់ភាគឦសានរបស់កម្ពុជាថែមទៀតផង។៣/ មោទនភាពជាតិខ្មែរ! កម្ពុជា បានបំបែកឯតទគ្គកម្ម «ការតាំងបង្ហាញរថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក» ក្នុងព្រឹត្ដិការណ៍ប្រជុំរថយន្ដប្រណិត Gumball 3000 ការបំបែកឯតទគ្គកម្ម «ការតាំងបង្ហាញរថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក» នេះ គឺសម្រេចបានក្នុងឱកាសព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia កាលពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ ដែលកាលណោះគឺមានការចតរថយន្ត SUPER CARS / HYPER CARS សរុបចំនួន១៧៩គ្រឿង ដែលជាកំណត់ត្រាច្រើនជាងគេលើពិភពលោក។ ស្ថាប័នពិភពលោក Guinness World Records បាននាំយកវិញ្ញាបនបត្របញ្ជាក់ពីការបំបែកឯតទគ្គកម្ម «ការតាំងបង្ហាញរថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក» (THE LARGEST DISPLAY OF SUPER CARS / HYPER CARS) ជូនប្រទេសកម្ពុជាជាផ្លូវការ នារាត្រីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅសួនច្បារមុខព្រះរាជដំណាក់ក្រុងសៀមរាប ខេត្តសៀមរាប។៤/ អបអរសាទរ ក្រមាត្រូវបានដាក់ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ «ក្រមា»របស់ប្រទេសកម្ពុជា ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ (UNESCO) នៅទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ។ ក្រមា ត្រូវបានប្រជាជនកម្ពុជាប្រើប្រាស់តាំងពីពេលកើតរហូតដល់ពេលស្លាប់ សម្រាប់គ្របដណ្ដប់ខ្លួន តុបតែងលម្អ ច្នៃជាសម្លៀកបំពាក់ បាំងកម្ដៅ ចងជាអង្រឹង ជូតខ្លួន និងប្រើក្នុងពិធីសាសនាជាដើម។ ក្រមា គឺជាមរតកវប្បធម៌ជាតិអរូបីទី ៧ ដែលកម្ពុជាបានដាក់បញ្ចូលដោយជោគជ័យទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ទាំងអស់នេះគឺជាសមិទ្ធផលដ៏ត្រចះត្រចង់មួយរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការអភិរក្ស ថែរក្សា ការពារមរតកវប្បធម៌ជាតិ និងផ្សព្វផ្សាយវប្បធម៌ខ្មែរទាំងក្នុងប្រទេស និងលើឆាកអន្ដរជាតិ។៥/ ព្រឹត្តិការណ៍ «សាទរកម្ពុជា» នៅថ្ងៃឆ្លងឆ្នាំផ្ដោតសំខាន់ទៅលើ អត្តសញ្ញាណជាតិខ្មែរ មោទនភាពខ្មែរ និងរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ព្រឹត្តិការណ៍ «សាទរកម្ពុជា» គឺជាព្រឹត្តិការណ៍ក្នុងការសាទររបស់កម្ពុជា ដែលផ្ដោតសំខាន់ទៅលើ អត្តសញ្ញាណជាតិខ្មែរ មោទនភាពខ្មែរ និងអបអរសាទរនូវរាល់សមិទ្ធផលរបស់ខ្មែរដែលបានខិតខំប្រឹងប្រែងកន្លងមក។ ព្រឹត្តិការណ៍ដ៏ធំនេះ គឺជាលើកដំបូងបង្អស់សម្រាប់កម្ពុជា ក្នុងឱកាសនៃថ្ងៃបំណាច់ឆ្នាំ ដែលនឹងចាប់ផ្ដើមនៅវេលាម៉ោង៣៖០០រសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដល់ម៉ោង ៦៖០០ព្រឹក ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ នឹងមានការតាំងលម្អ រចនាតុបតែង និងផ្សាភ្ជាប់គំនិតច្នៃប្រឌិតសិល្បៈបុរាណ និងសហសម័យ នៅតាមសួនច្បារប្របមាត់ទន្លេចតុមុខ រហូតមកដល់សួនច្បារមុខប្រាសាទច័ន្ទឆាយា នៃព្រះបរមរាជវាំង។ ការតុបតែងនេះ នឹងក្លាយជាទីតាំងមួយដើម្បីរំលឹកដល់បណ្តាល្បែងកម្សាន្ដប្រជាប្រិយនាទសវត្សទី៩០ ដែលជាតំណាងដល់ទឹកចិត្តសប្បាយរីករាយនៃយុវភាពកម្ពុជា ទោះក្នុងដំណាក់កាលលំបាកផ្នែកសេដ្ឋកិច្ច និងនយោបាយ។ នៅវេលាអស្តង្គត ព្រឹត្តិការណ៍នេះនឹងរៀបចំក្បួនដង្ហែសាទរកម្ពុជា ដែលមានអ្នកចូលរួមប្រមាណ៣,០០០នាក់ដោយចេញ ដំណើរពីចំណុចកែងរវាងវិថីព្រះអង្គហស្សកណ្ឌ ផ្លូវ១៤៤ និងវិថីព្រះស៊ីសុវត្ថិមកកាន់សួនច្បារមុខព្រះបរមរាជវាំង។ ការសាទរកម្ពុជាជាមួយគ្នា ក្នុងកម្មវិធីក្បួនដង្ហែ រួមមានការសម្តែងទស្សនីយភាពវប្បធម៌ ព្យុហយាត្រា ឬកីឡា ជាមួយការតុបតែងសម្លៀកបំពាក់ និងគ្រឿង រចនាកាយ រួមជាមួយការច្នៃប្រឌិតបង្កើតយានក្បួនដង្ហែ ពោងបង្ហោះ និងការតុបតែងរចនា ឬគ្រឿងលម្អ ជាមួយពណ៌ បច្ចេកវិទ្យា និងពន្លឺ ក៏ដូចជាការបង្ហាញទេពកោសល្យសិល្បៈ ឬការច្នៃប្រឌិត ដោយមានកិច្ច សហការរវាងស្ថាប័ននិងក្រុម៕
ដូចដែរបងប្អូនមហាជនបានដឹងស្រាប់ហើយថា នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ឆ្នាំចាស់ នឹងផ្លាស់ចូលមកដល់ ពោលគឺដាច់ឆ្នាំ ២០២៤ ឈានចូលឆ្នាំ ២០២៥ ក្នុងនោះ ក្នុងកំឡុងពេល ពេញ ១ឆ្នាំ ២០២៤ តើបងប្អូនមហាជនមាននៅចងចាំដែរទេថា តើមានព្រឹត្តិការណ៍ឧបត្តិវហេតុ ឬអាចនិយាយបានថា សោដនាកម្ម ដែលបានកើតឡើងកក្រើកស្ទើរពេញប្រទេសកម្ពុជា ហើយបងប្អូននៅចងចាំ និងដិតដាម ជាប់ក្នុងអារម្មណ៍ មានហេតុការណ៍អ្វីខ្លះទៅ?យ៉ាងណាមិញ ថ្ងៃនេះ Swift News និង Best TV សុំធ្វើការសរុបនូវហេតុការណ៍ក៏ដូចជាលើកយកនៅ ឧបត្តិវហេតុដ៏រន្ធត់ និង កក្រើកនៅកម្ពុជា ដែលបានកើតឡើងនៅក្នុងអំឡុងឆ្នាំ២០២៤ ឱ្យបងប្អូនមហាជនបានរលឹកឡើងវិញផងដែរ ។ ហេតុការណដ៏កក្រើកប្រទេសទាំងនោះមានដូចតទៅ៖ ១.ហេតុការណ៍បុករះ ស្លាប់៤នាក់ នៅស្ពានអាកាសឫស្សីកែវ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ៧យប់នេះមានករណីគ្រោះថ្នាក់ចរាចរណ៍បុករះមួយបានកើតឡើងនៅចំណុច ក្រោមស្ពានអាកាសឫស្សីកែវ ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បណ្ដាលឱ្យមានមនុស្សប្រុសស្រី៤នាក់បាត់បង់ជីវិត និង រងរបួសធ្ងន់ស្រាលចំនួន៤នាក់ ខណៈជនបង្ករ ជាមន្ត្រីក្រសួងហិរញ្ញវត្ថុ បើកបរក្នុងស្ថានភាពស្រវឹង។ ហើយទីបំផុតតុលាការក៏បានកាត់ទោសជនបង្ករ ឱ្យជាប់ពន្ធធនាគា៥ឆ្នាំនិងពិន័យមិនឱ្យបើកបរ ចំនួន៥ឆ្នាំ ផងដែរ។២.ហេតុការណ៍គ្រោះថ្នាក់រថភ្លើងបុករថយន្ត បណ្តាលអោយមនុស្ស ៤៦នាក់របួសធ្ងន់ស្រាលនៅថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៤ នៅវេលាម៉ោងប្រមាណ ១១ព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើរនៅឃុំឈើតុំ ស្រុកក្រគរ មានអ្នករងរបួសសរុប៤៦នាក់ ធ្ងន់៥នាក់ ក្នុងនោះមានតៃកុងរថភ្លើងម្នាក់របួសបាក់ជើងផងដែរ។ ករណីនេះបានកើតឡើងខណៈរថយន្តក្រុងកំពុងធ្វើដំណើរ ក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថភ្លើងកំពុងបោះពួយមកពីទិសខាងកើត ឆ្ពោះទៅទិសខាងលិចបុករុញទទឹងរថយន្ត បណ្ដាលឲ្យគៀបជាប់តែម្ដង។ បើតាមរូបភាពពីកាមេរ៉ាសុវត្ថិភាពបានបង្ហាញអោយឃើញថា រថភ្លើងបើកបរក្នុងល្បឿនលឿន ហើយបានស៊ីផ្លេជាសញ្ញាផងដែរ មិនដឹងថាហេតុអីបានជារថយន្តមិនឈប់សិន ឬក៍មិនឭស៊ីផ្លេរថភ្លើងបានជាបន្តដំណើរទៅមុខទៀតរហូតដល់ជួបគ្រោះថ្នាក់បែបនេះទៅវិញ។៣.ហេតុការណ៍ ឧកញ៉ាបាញ់សម្លាប់មនុស្ស ២នាក់នៅបុរីប៉េងហួតនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ វេលា ៥:៥០នាទីល្ងាច នៅចំនុច បុរីប៉េង ហួត ស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គឺមានករណីផ្ទុះអាវុធជាច្រើនគ្រាប់ បណ្ដាលឱ្យមនុស្ស២នាក់ ដែលជាគូដណ្ដឹងនឹងគ្នា ស្លាប់នៅកន្លែងកើតហេតុ។ ដើមហេតុនៃជម្លោះរហូតមានការផ្ទុះអាវុធ លើកដៃបាញ់ជន រងគ្រោះឱ្យបាត់បង់ជីវិតនោះ គឺដោយសារតែ រឿងរ៉ាវកាប់ដើមស្វាយ និងដាក់ស្នួលខោអាវ។ ជនដៃដល់នោះទៀតសោត មានឈ្មោះថា ស្រី ស៊ីណា ដែលមានគោរមងារជាឧកញ៉ា ។ ហើយនៅទីបំផុត ជនដៃដល់ ត្រូវអយ្យការអមសាលាដំបូងក្រុងភ្នំពេញសម្រេចចោទប្រកាន់ពីបទឃាតកម្ម និងប៉ុនប៉ងឃាតកម្ម ប៉ុន្តែរហូតមកដល់ពេលនេះសាធារណៈជន ក៏កំពុងរងការប្រកាសសាលក្រម កាត់ទោសជនដៃដល់រូប នេះផងដែរ ។ ៤.ឧបទ្ទវហេតុ ធ្លាក់ឧទ្ធម្ភាគចក្រ បណ្តាលឱ្យអាកាសយានិក ២នាក់បាត់បង់ជីវិតថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ប្រជាជនកម្ពុជាមានការស្លុតចិត្តជាខ្លាំង ក្រោយមានឧបទ្ទវហេតុ ធ្លាក់ឧទ្ធម្ភាគចក្រនៅ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងពេលដែលអាកាសយានិក ចំនួន ២នាក់ ដែល ជាគ្រូ និង សិស្ស បានហោះហើរហ្វឹកហ្វឺនពីមូលដ្ឋានហ្វឹកហ្វឺននៅភ្នំពេញឆ្ពោះទៅកាន់ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោយមកក៏មានការបាត់ដាន ទាក់ទងលែងបាន។ ហេតុការណ៍ ឧបទ្ទវហេតុឧទ្ធម្ភាគចក្រនេះដែរ បានចំណាយពេលរុករកអស់រយៈពេល ១៧ ថ្ងៃ ទើបបានរកឃើញប៉ុន្ដែជាអកុសល អ្នកបើកបរយន្ដហោះទាំងពីរនាក់ បានស្លាប់បាត់បង់ជីវិតក្នុងឧបទ្ទវហេតុនេះ។ អ្នកដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនេះមានឈ្មោះ ខេង ឆៃយុទ្ធ ជាអាកាសយានិក ត្រូវបានក្រុមជួយសង្គ្រោះរកឃើញសាកសពនៅទីតាំងកើតហេតុ នៅរសៀលកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៤ ខណៈដែលម្នាក់ទៀត ឈ្មោះ ស៊ុន ផល្លា ជាប្រធានក្រុម ត្រូវបានរកឃើញសាកសពនៅចម្ងាយពីទីតាំងកើតហេតុប្រមាណជាង ២០០ម៉ែត្រ កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៤។ ឧទ្ធម្ភាគចក្រនេះ ត្រូវបានប្រទះឃើញនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ការចំណាយពេលអស់ជាច្រើនថ្ងៃ ទម្រាំរកឃើញយន្ដហោះនេះ ដោយសារតែបញ្ហាអាកាសធាតុមានភ្លៀងធ្លាក់ខ្លាំង និងភូមិសាស្ត្រព្រៃក្រាស់ពិបាកក្នុងការធ្វើដំណើររុករក៕
(ព័ត៌មានជាតិ)៖ គ្រាន់តែរំលឹកពីព្រឹត្តការណ៍បុណ្យជាតិភ្លាម ច្បាស់ណាស់មហាជនភាគច្រើនពិតជានឹករលឹកទៅដល់ ព្រះរាជពិធីបុណ្យអុំទូកនាឆ្នាំ២០២៤ មុនគេជាក់ជាមិនខាន ដោយហេតុថា ពិធីបុណ្យអុំទូកទើបតែនឹងរំលងផុតទៅបានជាងមួយខែប៉ុណ្នោះ។ យ៉ាងណាមិញ ក្នុងឆ្នាំ២០២៤នេះមិនមែនមានតែ ព្រះរាជពិធីបុណ្យអុំទូក នោះទេដែលទទួលបានការចូលរួមគាំទ្រយ៉ាងអធិកអធមពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរណ៍អន្តរជាតិ ក្នុងនោះនៅមានព្រឹត្តការណ៍បុណ្យជាតិ និងព្រឹត្តការណ៍ទេសចរណ៍សប្បាយៗជាច្រើនឯទៀតដែលបានជួយជម្រុញវិស័យទេសចរណ៍ ក៏ដូចជាបានចូលរួមក្នុងការថែរក្សារវប្បធម៌។ ដោយក្នុងថ្ងៃនេះផងដែរ Swift News និង Best TV សូមលើកនូវព្រឹត្តិការណ៍ចំនួន ៤ ដែលរួមមានដូចតទៅ៖១. ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ: ក្នុងឱកាសនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងឆ្នាំ ២០២៤នេះ ឃើញថាមាននូវព្រឹត្តិការណ៍ជាច្រើន ដែលក្នុងនោះមានដូចជា ព្រឹត្តិការណ៍សង្ក្រាន្ត ដែលមិនត្រឹមតែមានក្នុងរាជធានីភ្នំពេញតែប៉ុណ្នោះនោះទេ សូម្បីតែតាមបណ្ដាខេត្តនីមួយក៏មានការរៀបចំយ៉ាងទាក់ទាញ។ ចំណែកឯ «សង្ក្រាន្តវត្តភ្នំ» ទៀតសោតបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ដែលនេះបានបង្ហាញឱ្យឃើញពីចលនាភ្ញៀវទេសចរជាតិ និងអន្តរជាតិដ៏ច្រើនសន្ធឹកសន្ធាប់ និងការសប្បាយរីករាយដ៏ឧឡារិកអធិកអធមយ៉ាងក្រៃលែង រហូតបានញ៉ាំងឱ្យពិធីបុណ្យចូលឆ្នាំថ្មី ក្នុងឆ្នាំ ២០២៤ នេះមានលក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង។ លើសពីនេះទៅទៀត អ្វីដែលជាការកត់សម្គាល់នោះគឺនៅឆ្នាំ២០២៤ មានថ្ងៃឈប់សម្រាកក្នុងបុណ្យចូលឆ្នាំរហូតដល់ទៅ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ រហូតដល់១៦ ខែមេសា ឆ្នាំ២០២៤ ដែលសរុបមាន៤ថ្ងៃ ចាប់ពីថ្ងៃអាទិត្យ ដល់ថ្ងៃអង្គារ៍។២. ព្រះរាជពិធីបុណ្យអុំទូក: រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងឆ្នាំ២០២៤ មានបងប្អូនប្រជាពលរដ្ឋ ជាភ្ញៀវជាតិនិង ភ្ញៀវទេសចរអន្តរជាតិ រហូតជាង ៦លាននាក់ បានមកទស្សនាការប្រណាំងទូក នៅមាត់ទន្លេ និងការដើរទិញទំនិញតាមស្តង់តាំងពិពរណ័ទំនិញជាច្រើន នៅតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ។ ហើយឃើញថាកំណើននៃការគាំទ្រលើវិស័យការប្រណាំងទូកហាក់មានការកើនឡើងខ្ពស់ រួមមានទាំងក្មេងចាស់ ប្រុសស្រី។ ជាងនេះទៅទៀតក៏មានការដើរលេងកំសាន្តនៅតាមសួនសាធារណៈ យ៉ាងសប្បាយរីករាយ។ ពិសេសជាងនេះទៅទៀតនោះគឺវត្តមានយ៉ាងច្រើនកុះករពីសំណាក់ពលរដ្ឋដែលបានទន្ទឹងរង់ចាំ ក៏ដូចជាទស្សនានូវទិដ្ឋភាពនាពេលរាត្រី ដោយមានការប្រគុំតន្រ្តី និង ការបាញ់កាំជ្រួច ជាប់ៗគ្នាយ៉ាងឧឡារិក។ ៣. ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១: ពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤នេះ ខេត្តកំពត បាន រៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រ ដែលបានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ «អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ» ប្រកបដោយបរិយាកាសអធិកធម និងសប្បាយរីករាយ ដោយទទួលបានការចូលរួមយ៉ាងច្រើនកុះករពីភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលអញ្ជើញមកពីគ្រប់មជ្ឈដ្ឋាន។ ព្រឹត្តិការណ៍ទេសចរណ៍ដ៏វិសេសវិសាលនេះ ទទួលបានវត្តមានទេសចរជាតិ មកលេងកម្សាន្តសរុបចំនួន ៣៨៥,៥៥៣នាក់ កើនឡើង៤៤,៧% ទេសចរបរទេសចំនួន ៣,៦១៥នាក់ កើនឡើង ១០៧,៤% បើធៀបនឹងពិធីបុណ្យសមុទ្រឆ្នាំ២០២៣។ សកម្មភាពកីឡា ទាំងកីឡាលើទឹក និងលើគោក ចំនួន ១០ប្រភេទកីឡា មានអ្នកចូលរួមកម្សាន្ត និងទស្សនាកីឡា សរុបប្រមាណ ៣ម៉ឺននាក់។ជាងនេះទៅទៀត ការដាក់ឱ្យដំណើរការសាកល្បងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលជាសមិទ្ធផលថ្មី នឹងដើរតួជា ច្រកចេញ-ចូល សម្រាប់ភ្ញៀវទេសចរ, ការតភ្ជាប់ជាមួយអ្នកធ្វើដំណើរក្នុងតំបន់ តាមច្រកសមុទ្រ ពីគោលដៅ សំខាន់ៗនៅតាមតំបន់ឆ្នេរកម្ពុជា, ពីកំពង់ផែនានា រួមទាំងកំពង់ផែនៅខេត្តព្រះសីហនុ, ខេត្តកោះកុង និង កំពង់ផែនៅប្រទេសជិតខាង ព្រមទាំងពីគោលដៅផ្សេងៗទៀត ចូលមកកាន់ខេត្តកំពត។៤. រំលឹកគុណអង្គរលើកទី៤: កម្ពុជាបានប្រារព្ធពិធីបុណ្យរំលឹកគុណអង្គរលើកទី៤ នៅរមណីយរដ្ឋានអង្គរ ខេត្តសៀមរាប រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ដើម្បីរំលឹកគុណបុព្វបុរសខ្មែរដែលបានកសាងនិងថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដែលផ្ដល់ប្រយោជន៍យ៉ាងខ្លាំងដល់ប្រជាជននិងមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ។ព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គរមានការប្រារព្ធពិធីសាសនា ការដាក់តាំងពិព័រណ៍សមិទ្ធផលការងាររបស់អាជ្ញាធរជាតិអប្សរា ការសម្ដែងល្ខោន ក៏ដូចជាសិល្បៈទស្សនីយភាពជាច្រើនផ្សេងទៀត ដើម្បីអបអរសាទរខួប៣២ឆ្នាំ ការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ជាមួយនឹងគ្នានោះក៏មានផងដែរ ការប្រារព្ធព្រឹត្តិការណ៍វប្បធម៌ “រាត្រីចងចាំ” ដើម្បីបង្ហាញនូវការចងចាំសម្បត្តិសិល្បៈវប្បធម៌ខ្មែរទាំងរូបីនិងអរូបីដែលបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ជាពិសេសដើម្បីអបអរសាទរក្រមាខ្មែរដែលបានចុះក្នុងបញ្ជីតំណាងសម្បត្តិវប្បធម៌អរូបីនៃមនុស្សជាតិកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ដោយឡែក ព្រឹត្តការណ៍បុណ្យជាតិ និងព្រឹត្តការណ៍ទេសចរណ៍ ទាំងនេះគឺសុទ្ធតែបានចូលរួមចំណែកយ៉ាងធំ ក្នុងការជម្រុញឱ្យមានកំណើននៃវិស័យទេសចណ៍ ជាតិ និងអន្តរជាតិ ហើយក៏សុទ្ធសឹងជាព្រឹត្តការណ៍ដែលទទួលបានការចាប់អារម្មណ៍ និងការគាំទ្រពីសំណាក់ពលរដ្ឋទាំងមូល៕