វីដេអូថ្មីៗ BEST TV
វីដេអូថ្មីៗ SWIFT NEWS
ព័ត៌មានជាតិ
អ្នកឧកញ៉ា លី សេងឃាង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ពាក់ព័ន្ធនឹងគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល
ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥

(ភ្នំពេញ)៖ អ្នកឧកញ៉ា លី សេងឃាង ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធ EAST GROUP អ្ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ពាក់ព័ន្ធនឹងគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល នាព្រឹកថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៥។នាឱកាសនេះ អ្នកឧកញ៉ា លី សេងឃាង បានថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់នូវការអនុញ្ញាត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ពាក់ព័ន្ធនឹងគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក.អ.ក.។តាមរយៈជំនួបពិភាក្សាការងារនេះដែរ អ្នកឧកញ៉ា លី សេងឃាង ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធ EAST GROUP បានលើកគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ សម្ព័ន្ធ East Group ដែលមានទីតាំងស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែរមានទំហំ 340 ហិចតា ដោយបានគោរពស្នើសុំការចង្អុលបង្ហាញពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំជំនាញ សម្តៅធ្វើឱ្យគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយនេះ អាចប្រព្រឹត្តទៅបានដោយរលូន ពិសេសមានអនុលោមភាពតាមច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធគ្រប់ប្រការ៕ជាចុងក្រោយសម្ព័ន្ធ East Group សូមគោរពជូនពរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក.អ.ក. ជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ចិនសងសឹកលើការនាំចូលរបស់អាមេរិក ខណៈពន្ធថ្មីរបស់លោក ត្រាំ ចូលជាធរមាន
ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥

(ប៉េកាំង)៖ ប្រទេសចិន បានសងសឹកយ៉ាងឆាប់រហ័សប្រឆាំងនឹងពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក ដោយបានប្រកាសការដំឡើងពន្ធពី 10 ទៅ 15 ភាគរយ ដើម្បីដាក់ពន្ធនាំចូល លើផលិតផលកសិកម្ម និងអាហាររបស់អាមេរិកជាច្រើន។ចិនក៏បានដាក់ក្រុមហ៊ុនអាមេរិកចំនួន 25 នៅក្រោមការរឹតបន្តឹងលើការនាំចេញ និងការវិនិយោគ។កាតព្វកិច្ចពន្ធបន្ថែម 10 ភាគរយរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump បានគំរាម កំហែងដល់ប្រទេសចិនកាលពីសប្តាហ៍មុនបានចូលជាធរមាននៅពាក់កណ្តាលអធ្រាត្រម៉ោងក្នុងស្រុក ដែលបណ្តាលឱ្យមានពន្ធកើនឡើង 20 ភាគរយជាការឆ្លើយតបទៅនឹងអ្វីដែលសេតវិមានចាត់ទុកថា អសកម្មរបស់ចិនលើលំហូរថ្នាំខុសច្បាប់។ពន្ធ​នេះ​តំណាង​ឱ្យ​ការ​ដំឡើង​ថ្លៃ​បន្ថែម​ទៀត​ចំពោះ​ពន្ធ​ដែល​មាន​ស្រាប់​លើ​ទំនិញ​ចិន​រាប់​ពាន់​មុខ។ក្រសួងហិរញ្ញវត្ថុបានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងដាក់ពន្ធបន្ថែម 15 ភាគរយលើសាច់មាន់ ស្រូវសាលី ពោត និងកប្បាសរបស់សហរដ្ឋអាមេរិក និងពន្ធបន្ថែម 10 ភាគរយលើសណ្តែកសៀង អង្ករសំរូប សាច់ជ្រូក សាច់គោ ផលិតផលទឹក ផ្លែឈើ និងបន្លែ និងការនាំចូលទឹកដោះគោចាប់ពីថ្ងៃទី 10 ខែមីនា។ពន្ធថ្មី 25 ភាគរយរបស់លោក Trump លើការនាំចូលពីម៉ិកស៊ិក និងកាណាដាក៏បានចូលជាធរ មាន ដោយចាប់ផ្តើមជម្លោះពាណិជ្ជកម្មថ្មីជាមួយដៃគូពាណិជ្ជកម្មកំពូលទាំងបីរបស់សហរដ្ឋអាមេរិក៕

Elon Musk ស្វាគមន៍កូនម្នាក់ទៀតហើយ ជាកូនទី១៤
ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥

(អន្តរជាតិ)៖ មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk បានស្វាគមន៍កូនទី 14 របស់លោកជាមួយនាយកប្រតិបត្តិ Neuralink លោកស្រី Shivon Zilis ខណៈពេលដែលកំពុងប្រឈមមុខនឹងការប្តឹងផ្តល់ ភាពជាឪពុកពី អ្នកនិពន្ធ Ashley St. Clair ដែលអះអាងថា កូនម្នាក់ទៀតគឺជារបស់លោក Elon Musk ។Zilis បានសរសេរនៅលើ X នៅថ្ងៃទី 28 ខែកុម្ភៈថា "បានពិភាក្សាជាមួយ Elon ហើយនៅក្នុងពន្លឺនៃ ថ្ងៃកំណើតរបស់ Arcadia ដ៏ស្រស់ស្អាត យើងមានអារម្មណ៍ថាវាប្រសើរជាង ក្នុងការចែករំលែក ដោយផ្ទាល់អំពីកូនប្រុសដ៏អស្ចារ្យរបស់យើង Seldon Lycurgus។ ទោះយ៉ាងណា នាង​មិន​បាន​ប្រាប់​ពី​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​របស់ Seldon ទេ។ ការបង្ហោះរបស់នាងក៏បានបង្ហាញពីឈ្មោះកូនទីបីរបស់ពួកគេគឺ Arcadia ដែលពីមុន មិនត្រូវបានស្គាល់។ ប្រភពមួយបានប្រាប់ People ថា លោក Musk "ពិតជាស្រឡាញ់ Shivon" ។ នៅខែមិថុនា ឆ្នាំ 2024 Bloomberg បានរាយការណ៍ថា Musk និង Zilis បានស្វាគមន៍កូនទីបីដោយស្ងាត់ស្ងៀមនៅដើមឆ្នាំ។ Seldon ត្រូវបានគេជឿថាជាកូនទី 14 របស់ Musk ទោះបីជាលោក មិនបានដោះស្រាយការអះអាង របស់អ្នកនិពន្ធ Ashley St. Clair ដែលថានាងបានផ្តល់កំណើតដល់កូនទី 13 របស់ កាលពីប្រាំខែមុន ក៏ដោយ។ អ្នកនិពន្ធ St. Clair បានដាក់ពាក្យបណ្តឹងអំពីភាពជាឪពុកប្រឆាំងនឹងលោក Musk ក្នុងការស្វែងរកសិទ្ធចិញ្ចឹមកូនតែម្នាក់ឯងដោយបញ្ជាក់ថាករណីនេះគឺ "មិនមែនដើម្បីលុយ" ហើយបាន រិះគន់គាត់ចំពោះការចិញ្ចឹមបីបាច់មិនចុះសម្រុងគ្នា។ តុលាការបានបញ្ជាឱ្យ Musk បង្ហាញខ្លួន ក្នុងសវនាការនៅថ្ងៃទី 29 ខែឧសភា ទាក់ទងនឹងសិទ្ធចិញ្ចឹមកូន៕

ប៊ូសស្រ្តង ប្រកាសរកបុរសខ្លាំង បីស្រ្តីឈ្នះឡាន ថ្ងៃទី8 មីនា នៅកោះពេជ្រ
ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥

(ភ្នំពេញ)៖ ទិវាសិទ្ធិនារីអន្តរជាតិ 8មីនា បីស្រ្តីឈ្នះឡានខ្លាញ់ ឈ្នះម៉ូតូ និងលុយជាច្រើនពីប៊ូសស្រ្តង ហើយជួយលើកតម្កើងស្រ្តីខ្មែរ នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីម៉ោង 4ល្ងាចតទៅ។ ឆ្នាំនេះចុះឈ្មោះប្រកួតបីស្រ្តីឈ្នះឡានកាន់តែងាយស្រួល គ្រាន់តែបបួលដៃគូមកទីតាំងប្រកួតផ្ទាល់ថ្ងៃទី8 មីនា ឱ្យបានមុនម៉ោង4រសៀល ត្រៀមយកស្លាកលេខចូលប្រកួត។  គួរបញ្ជាក់ផងដែរថា ប៊ូសស្រ្តង ព្រឹត្តិការណ៍ បីស្រ្តី រដូវកាលទី3 នេះ គឺជាមហាព្រឹត្តិការណ៍ប្រកួតបីស្រ្តីឈ្នះឡានថ្មីខ្លាញ់គោដំបូងគេ ជួយជំរុញឱ្យបុរសចេះបង្ហាញក្ដីស្រលាញ់ចំពោះស្រ្តី លើកតម្កើងស្រ្តី និងបង្កើននូវក្ដីស្រលាញ់ក្នុងគ្រួសារកាន់តែខ្លាំង។ ជាពិសេសកាលពីឆ្នាំ2024 ​​ព្រឹត្តិការណ៍នេះ ក៏បានជាប់ជាកំណត់ត្រាពិភពលោក ប៊ូសស្រ្តង លើកតម្កើងស្រ្តីខ្មែរ បុរសបីស្រ្តីច្រើនជាងគេផងដែរ។ ដូច្នេះបងប្អូនគ្រប់ខេត្តក្រុង កុំភ្លេចបបួលមនុស្សជាទីស្រលាញ់មកចុះឈ្មោះប្រកួតបីស្រ្តីឈ្នះឡានឱ្យបានគ្រប់ៗគ្នា។ បងប្អូនទិញប៊ូសស្រ្តង ផឹកប៊ូសស្រ្តង គឺជាចំណែកបង្កើតមហាព្រឹត្តិការណ៍បីស្រ្តីឈ្នះឡាននេះឡើង។ ផឹកប៊ូសស្រ្តង ឆ្ងាញ់ជាង! 

ឯកឧត្តម ខៀវ កាញារីទ្ធ បង្ហោះរូបថតរំលឹកអនុស្សាវរីយ៍ចាស់ៗ កាលពីជំនាន់ទស្សវត្ស៍ ៨០ជាង ដែលមានទាំងការចុះបំពេញកិច្ចការងារ និង រូបថតអាពាហ៍ពិពាហ៍ រួមទាំងបានសម្តែងការដឹងគុណដែលមិនអាចបំភេ្លចបាន ពេញមួយជីវិតរបស់ឯកឧត្តម ចំពោះសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ
ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥

នារយៈពេលប៉ុន្មានថ្ងៃនេះ សង្កេតឃើញថា ឯកឧត្តម ខៀវ កាញារីទ្ធ ដែលជាអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើការបង្ហោះនូវរូបថត ចាស់ៗ កាលពីជំនាន់ទស្សវត្ស៍ ៨០ជាង ដែលរូបថតទាំងអស់នោះ បានរំលឹក និង គាស់កកាយ នូវរឿងរ៉ាវ អនុស្សាវរីយ៍កន្លង របស់ឯកឧត្តម ដោយមានទាំងរូបថត ដែលបង្ហាញ ពីជំនួបកិច្ចការងារ ការចុះបំពេញបេសកកម្មការងារ និង រូបថតដែលបង្ហាញពីពិធីរៀបអាពាហ៍ពិពាហ៍របស់ឯកឧត្តម ដោយមានការចូលរួមពីសំណាក់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ ។ជាក់ស្តែងនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ បានបង្ហោះនូវរូបថតអាពាហ៍ពិពាហ៍ដ៏គួរឱ្យចាប់អារម្មណ៍ រួមទាំងបានភ្ជាប់នូវខ្លឹមសារដ៏មានអត្ថន័យ បង្ហាញពីការដឹងគុណដែលមិនអាចបំភេ្លចបានពេញមួយជីវិតរបស់ឯកឧត្តម ចំពោះសម្តេចតេជោហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាអ្នកអនុញ្ញាតឱ្យពិធីមង្គលការរបស់ឯកឧត្តម និងលោកជំទាវ កាលពីជំនាន់នោះ ប្រព្រឹត្តទៅបានយ៉ាងរលូន ហើយមិនមានការបំផ្លាញផងដែរ ។ ខ្លឹមសារទាំងស្រុងរបស់ឯកឧត្តម ខៀវ កាញារីទ្ធ មានដូចតទៅ៖ « ថ្ងៃមុននិយាយពីពេលរៀបការសម្តេចគតិបណ្ឌិតជាអ្នកដឹកដៃខ្ញុំ ! យប់នេះ រើរូបដើម្បីបោះសៀវភៅថ្មីមួយទៀតនៅខែមេសា ២០២៥ នេះ ក៏បានឃើញរូបមួយចំនួនដែលទាំងសម្តេចតេជោ និង សម្តេចគតិបណ្ឌិតមករួមអាពាហ៍ពិពាហ៍ខ្ញុំនៅថ្ងៃទី ៦ មេសា ១៩៨៥ ។ ហើយនេះជាលើកទីមួយ ក្រោយ ៧ មករា ១៩៧៩ ដែលលោកទាំងពីរមកចូលរួមអាពាហ៍ពិពាហ៍បែបប្រពៃណីនេះ ។ ហើយនេះមិនមែនជារឿងចៃដន្យទេ ។ នៅមុនពេលរៀបការ ថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងអស់មិនអនុញ្ញាតអោយរៀបការទេ ដោយឪពុកក្មេកខ្ញុំ ទេព ថូ ចេញពីយោធាលន់ ណុល ( សក្តិ ៥ ពេទ្យទាហាន ) និង មានអ្នកជំរុញអោយមាននារីអ្នកតវ៉ាផង ( សម័យនោះ មន្ត្រីជាន់ខ្ពស់ដូចជារូបខ្ញុំនៅពេលរៀបការត្រូវមានការយល់ព្រមពីថ្នាក់ដឹកនាំជាន់ខ្ពស់បក្ស ) ។ មានតែសម្តេចមួយគត់ដែលថាអោយខ្ញុំរៀបការទៅ ។ ដើម្បីបង្ការមានការបំផ្លាញពិធីការនេះ ទើបសម្តេចគតិបណ្ឌិតមកដឹកដៃខ្ញុំ ហើយសម្តេចតេជោបានផ្អាកការប្រជុំគណរដ្ឋមន្ត្រីសម័យនោះដើម្បីមកចូលរួម ។ នេះជាគុណធម៌ដែលខ្ញុំមិនអាចបំភ្លេចបានរហូតមួយជីវិតខ្ញុំ ។»ក្រៅពី បង្ហោះនូវរូបថតរៀបអាពាហ៍ពិពាហ៍ ឯកឧត្តមក៏បានបង្ហោះរូបថតដែលបង្ហាញពី ជំនួបការងារ ជាមួយលោក ហាំង ង៉ោ ដែលរូបថតនោះបញ្ជាក់ថា ជាលើកទី១ របស់លោក ហាំង ង៉ោ មកកាន់ ស្រុកខ្មែរផងដែរ ។ លោក ជាខ្មែរតែម្នាក់គត់ដែលបានទទួលរង្វាន់ Oscar ដោយបានដើរតួជាលោក ឌិត ប្រាង នៅក្នុងរឿង «វាលពិឃាត» ។យ៉ាងណាមិញ ការបង្ហោះរូបថតរំលឹកឡើងវិញនូវអនុស្សារីយ៍កន្លងរបស់ឯកឧត្តម ខៀវ កាញារីទ្ធនេះ បានស្តែងឱ្យឃើញថា ការធ្វើដំណើរវិវត្តន៍ ពីមួយសម័យកាលទៅមួយសម័យកាល ទំរាំបានមកដូចសព្វថ្ងៃនេះ ដែលមានទាំងធនធានមនុស្ស មានទាំងការអភិវឌ្ឍន៍រីកចម្រើន មានទាំងសុខសន្តិភាពពេញបរិបូរណ៍ គឺត្រូវឆ្លងកាត់ដំណាក់កាលលំបាក ជូរចត់ ប្តូរផ្តាច់ សព្វគ្រប់បែបយ៉ាងនូវរឿងរ៉ាវអតីតកាល ដែលមិនអាចបំភ្លេចបាន ៕

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃ ពិសេសជាមួយស្ត្រីភេទ ដោយការគោរពគ្នាទៅវិញទៅមក និងត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូររបស់ខ្មែរ
ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ បានបង្ហោះសារ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមប្រើប្រាស់នូវពាក្យសម្តីជាមួយអ្នកដទៃ ពិសេសជាមួយស្ត្រីភេទ ត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូររបស់ខ្មែរ។សម្តេចនាយករដ្ឋមន្ត្រី បានបង្ហោះសារអំពាវនាវនេះ បន្ទាប់ពីក្នុងមួយរយៈនេះ សង្កេតឃើញមាន សកម្មភាព ឬការបញ្ចេញមតិរបស់បងប្អូនមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ទៅដល់អារម្មណ៍ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ជាពិសេសស្ត្រីភេទ។ សម្តេចបវរធិបតី គិតថាអ្នកដែលធ្វើសកម្មភាព ឬនិយាយមួយចំនួន ប្រហែលជាមិនមានចេតនាអាក្រក់នោះទេ ហើយគ្រាន់តែចង់បានការចាប់អារម្មណ៍ ពីសំណាក់អ្នកមើល ឬអ្នកស្ដាប់ចំពោះសកម្មភាព ឬពាក្យសម្តីរបស់ខ្លួន និងអាចចាត់ទុកថាជារឿងលេងសើចធម្មតា មិនមានអ្វីធ្ងន់ធ្ងរនោះទេ។ ប៉ុន្តែបងប្អូនមិនបានចាប់អារម្មណ៍ថា សកម្មភាព ឬពាក្យសម្ដីទាំងនោះអាចប៉ះពាល់យ៉ាងខ្លាំងទៅដល់អារម្មណ៍ ក៏ដូចជាសេចក្តីថ្លៃថ្នូរបស់អ្នកដែលត្រូវទទួលរងនូវសកម្មភាព ឬពាក្យសំដីទាំងនោះទេ។សម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវដូច្នេះថា «ខ្ញុំសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសយុវជនធ្វើសកម្មភាព ឬប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃ ដោយការគោរពគ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូររបស់ខ្មែរយើង ឱ្យស័ក្តិសមជាប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្គមស៊ីវិល័យ។ បើទោះបីជាសកម្មភាពស្របច្បាប់ ឬការបញ្ចេញមតិជាសិទ្ធិរបស់បុគ្គល ប៉ុន្តែការគោរពសិទ្ធិ និងសេចក្តីថ្មីថ្នូររបស់អ្នកដទៃ គឺជាកាតព្វកិច្ចសីលធម៌របស់យើងទាំងអស់គ្នា និងដែលយើងត្រូវប្រកាន់ខ្ជាប់គ្រប់ពេលវេលា ដើម្បីចូលរួមថែរក្សាសុខដុមនីយកម្មសង្គម។សូមធ្វើចំពោះអ្នកដទៃ ដូចអ្វីដែលយើងចង់ឲ្យអ្នកដទៃធ្វើចំពោះយើង និងកុំធ្វើអ្វីចំពោះអ្នកដទៃ ដូចអ្វីដែលយើងមិនចង់ឲ្យអ្នកដទៃធ្វើមកលើយើង»។សូមបញ្ជាក់ផងដែរថា ការអំពាវនាវរបស់សម្តេចបវរធិបតី គឹចំពេល ដែលថ្មីៗនេះ មហាជនពិសេសអ្នកលេងបណ្តាញសង្គម កំពុងនាំគ្នាប្រតិកម្មយ៉ាងចាស់ដៃ លើ Mc Vutha ពិធីករកីឡាករប្រដាល់ម្នាក់ ដែលបានប្រើប្រាស់ពាក្យសម្តីមិនសមរម្យ បែប លេបខាយ មិនឱ្យតម្លៃ ទៅលើតារាបង្ហាញម៉ូត និងជាតារាសម្តែងកញ្ញា មុនីរស្មី៕

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីបានកំពុងដឹកនាំកិច្ចប្រជុំស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន និង «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ» ធ្វើយ៉ាងណាកែទម្រង់រដ្ឋបាលសាធារណៈក្នុងគោលបំណង «ពង្រឹង ជាជាងពង្រីក»
ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥

(ព័ត៌មានជាតិ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានកំពុងដឹកនាំ កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន និងបន្តរៀបចំសិក្ខសាលាស្ដីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធតាមក្រសួង ស្ថាប័ន» ធ្វើយ៉ាងណាកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងគោលដៅជំរុញប្រសិទ្ធភាពនៃការអនុវត្តវិធានការគន្លឹះ របស់រាជរដ្ឋាភិបាល ជាពិសេសជំរុញការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈ ទំនើបប្រកប ដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ព្រមទាំងបំពេញការងារស្របតាមអភិក្រម ជវភាពនៃប្រព័ន្ធតួអង្គតែមួយ។ ជាក់ស្ដែង ក្រសួងមុខងារសាធារណៈ បានរៀបចំកិច្ចប្រជុំជាមួយ១០ ក្រសួង ស្ថាប័ន ម្តងមួយៗ ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួង ស្ថាប័ន ទាំង១០។ រយៈពេល២សប្តាហ៍កន្លងមកនេះ ក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័នបានចំនួន៧ ក្នុងចំណោម១០ រួមមាន៖ (១)ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (២)ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (៣)ក្រសួងព័ត៌មាន (៤)ក្រសួងបរិស្ថាន (៥)ក្រសួងអភិវឌ្ឍន៍ជនបទ (៦)ក្រសួងពាណិជ្ជកម្ម និង (៧)ក្រសួងរ៉ែ និងថាមពល។ ក្រៅពីក្រសួងសាមី កិច្ចប្រជុំនីមួយៗក៏ទទួលបានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន ដែលមានមុខងារ និងតួនាទីភារកិច្ច ប្រហាក់ប្រហែលគ្នា ឬប្រទាក់ក្រឡាគ្នា និងអង្គភាពដែលពាក់ព័ន្ធផងដែរ ដើម្បីពិនិត្យ និងស្វែងរកធាតុចូល ធ្វើយ៉ាងណាធានាកែលម្អភាពត្រួតស៊ីគ្នានៃមុខងារភារកិច្ចរបស់ក្រសួង ស្ថាប័ននីមួយៗ ហើយធានាឱ្យការរៀបចំនិងប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័នទាំងអស់ អនុលោមយុទ្ធសាស្ត្របញ្ចកោណ និងគោលការណ៍កែទម្រង់រដ្ឋបាលសាធារណៈ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា «ពង្រឹង ជាជាងពង្រីក»។ ចំណុចមួយចំនួនដែលអាចលើកជាឧទាហរណ៍បានចេញពីកិច្ចពិភាក្សា មានដូចជា៖ ការរៀបចំរចនាសម្ព័ន្ធច្របាច់បញ្ចូលអង្គភាពដែលមានតួនាទីប្រហាក់ប្រហែល, ការរៀបចំមុខងារស្នូលនិងមុខងាររងរបស់អង្គភាព, សមត្ថកិច្ចដឹកនាំនិងគ្រប់គ្រង, និងមុខងារដែលបានផ្ទេរទៅរដ្ឋបាលថ្នាក់ក្រោមជាតិជាដើម ។ល។ មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ក្រសួងមុខងារសាធារណៈ បានរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» ។ សិក្ខាសាលានេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាសិក្ខាសាលាទី១៨ ដែលក្រសួងមុខងារសាធារណៈ បន្តចុះជួបតាមបណ្តា ក្រសួង ស្ថាប័ននានា ដើម្បីផ្តល់ជូនវឌ្ឍនភាពការងារ និងការពង្រីកវិសាលភាពព័ត៌មាន ស្តីពីការអនុវត្តការងារ និងដំណាក់កាលនានានៃការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិល តាមបណ្តាក្រសួង ស្ថាប័ននានា បានជ្រាបបន្ថែម និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិ ការនៃភាពប្រទាក់ក្រឡាគ្នាកាន់តែល្អប្រសើរ។ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការវិភាគមុខងារ មិនមែនជាយន្តការវះកាត់ មិនធ្វើឱ្យបាត់បង់ផលប្រយោជន៍មន្ត្រី ដែលមានចែងក្នុង ច្បាប់ជាធរមាន និងមិនមែនជាការសើរើស្ថានភាពណានោះទេ ពោលគឺជាការបន្តធ្វើវឌ្ឍនភាព ប្រព័ន្ធរដ្ឋបាលសាធារណៈ ឱ្យកាន់តែធន់ ទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។ សូមបញ្ជាក់ថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ (១) បង្ហាញវឌ្ឍនភាពការងារដែលក្រុមការងារបច្ចេកទេសអន្តរក្រសួងបានរួមចិត្ត រួមស្មារតី និងសហការការងារជាមួយគ្នា ដើម្បីសិក្សាលើស្ថានភាពបឋមនៃការការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន (២) បង្កើនកិច្ចសហប្រតិបត្តិការការងារគ្នាកាន់តែជិតស្និទ្ធបន្ថែមទៀត តាមរយៈការជួយបំពេញគ្នា ការរៀបចំយន្តការដើម្បីប្រទាក់ក្រឡាគ្នា និងគាំទ្រគ្នាទៅវិញទៅមក និងការតាំងចិត្តបោះជំហានរួមគ្នា ផ្អែកលើជវភាពនៃប្រព័ន្ធតួអង្គតែមួយ (៣) ពិភាក្សាលើការកំណត់ជំហានបន្តនៃកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ននីមួយៗ ក្នុងឆន្ទៈចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់ស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើការពង្រឹងសមត្ថភាព និង សមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ ដែលជាវិធានការគន្លឹះទី២ នៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ៕

មិនទាន់ចូលដល់ខែចែត្រផង ប្រទេសអាស៊ីមួយនេះ បិទសាលារៀនជាច្រើនកន្លែង ដោយសាររលកម្តៅ
ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥

(ម៉ានីល)៖ សីតុណ្ហភាពកើនឡើងខ្លាំង បានបិទសាលារៀនស្ទើរតែពាក់កណ្តាលនៃទីក្រុងម៉ានីល កាលពីថ្ងៃចន្ទ (០៣ មីនា) ខណៈរដូវប្រាំងដ៏គួរឱ្យភ័យខ្លាច បានចាប់ផ្តើមនៅក្នុងប្រទេសហ្វីលីពីន។សេវាកម្មអាកាសធាតុជាតិបានព្រមានថា សន្ទស្សន៍កំដៅ ដែលជារង្វាស់នៃសីតុណ្ហភាពខ្យល់ និង សំណើមដែលទាក់ទង ត្រូវបានកំណត់ឱ្យឈានដល់កម្រិត "គ្រោះថ្នាក់" នៅក្នុងទីក្រុងម៉ានីល និងតំបន់ពីរផ្សេងទៀតនៃប្រទេស។ទីប្រឹក្សាបាននិយាយថា "អាកាសធាតុក្តៅ និងការហត់នឿយក្នុងកំដៅ​ទំនងជា" នៅកម្រិតនោះ ដោយ បានព្រមានអ្នករស់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ឱ្យជៀសវាងនៅក្រោមកំដៅព្រះអាទិត្យយូរ។រលកកំដៅបានវាយប្រហារតំបន់ធំ ៗ នៃប្រទេសហ្វីលីពីនក្នុងខែមេសា និងឧសភាឆ្នាំមុន ដែលនាំឱ្យមាន ការផ្អាកថ្នាក់រៀនដោយផ្ទាល់ជារៀងរាល់ថ្ងៃ ដែលប៉ះពាល់ដល់សិស្សរាប់លាននាក់។សីតុណ្ហភាព​ក្នុង​ទីក្រុង​ម៉ានីល​បាន​ឡើង​ដល់​៣៨.៨​អង្សា​សេ កាលពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​មុន។ខណៈពេលដែលសីតុណ្ហភាពត្រូវបានគេរំពឹងថានឹងឡើងដល់ 33 អង្សាសេកាលពីថ្ងៃចន្ទ រដ្ឋាភិបាល ក្នុងតំបន់ក្នុងទីក្រុងម៉ានីល និងស្រុកចំនួនប្រាំមួយផ្សេងទៀតបានបញ្ជាឱ្យ បិទថ្នាក់រៀនជា ការប្រុងប្រយ័ត្ន។យោងតាមទិន្នន័យរបស់នាយកដ្ឋានអប់រំតំបន់រដ្ឋធានី មានសិស្សនិស្សិតជាង 2.8 លាននាក់។នៅក្នុងស្រុក Malabon នៃទីក្រុងម៉ានីល មន្ត្រីនាយកដ្ឋានអប់រំ Edgar Bonifacio បាននិយាយថា ការផ្អាកថ្នាក់រៀននេះ បានប៉ះពាល់ដល់សិស្សជាង 68000 នាក់នៅទូទាំង 42 សាលារៀន។សីតុណ្ហភាពជាមធ្យមរបស់ពិភពលោកបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ 2024 ហើយថែមទាំង បានលើសពីកម្រិតកំដៅដ៏សំខាន់ 1.5 អង្សាសេ។កាលពីខែមករា ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ UNICEF បាននិយាយថា អាកាសធាតុខ្លាំង បានរំខានដល់ការសិក្សារបស់កុមារប្រហែល 242 លាននាក់នៅក្នុង 85 ប្រទេសកាលពីឆ្នាំមុន រួមទាំង ប្រទេសហ្វីលីពីនផងដែរ ដោយរលកកំដៅមានផលប៉ះពាល់ខ្លាំងបំផុត៕

សូមកុំផ្តល់ទឹក ដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ព្រោះអាចបង្កហានិភ័យ
ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥

(សង្គម)៖ សូមកុំផ្តល់ទឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ទោះបីជាពួកគេស្នើសុំក៏ដោយ។ នេះបើយោងតាមហេតុផលរបស់វេជ្ជសាស្រ្តបានលើកឡើងថា ទឹកមិនត្រូវបានផ្តល់ឱ្យជនរងគ្រោះដោយគ្រោះថ្នាក់ទេ ព្រោះអាចបង្កហានិភ័យដល់ខាងដូចក្រោម៖១. ហានិភ័យនៃការថប់ដង្ហើម (Risk of Aspiration)៖ ប្រសិនបើជនរងគ្រោះសន្លប់ ពាក់កណ្តាលដឹងខ្លួន ឬពិបាកដកដង្ហើម ពួកគេអាចនឹងស្លាក់ទឹកចូលទៅក្នុងសួត ដែលអាចបណ្តាលអោយមានផលវិបាកធ្ងន់ធ្ងរដូចជា រលាកសួត។២. ការវះកាត់ដែលអាចកើតមាន (Potential Surgery)៖ ជនរងគ្រោះដោយគ្រោះថ្នាក់អាចត្រូវការវះកាត់បន្ទាន់។ ការផឹកទឹកមុនពេលវះកាត់អាចបង្កើនហានិភ័យនៃការក្អួត ការផឹកទឹកខណៈពេលដែលស្ថិតនៅក្រោមការប្រើថ្នាំសន្លប់ ជាស្ថានភាពដែលអាចគំរាមកំហែងដល់អាយុជីវិត។៣. របួសខាងក្នុង (Internal Injuries)៖ ប្រសិនបើជនរងគ្រោះមានរបួសខាងក្នុងដូចជា ហូរឈាមក្នុងក្រពះ ឬពោះវៀន ទឹកអាចធ្វើអោយស្ថានភាពកាន់តែអាក្រក់ឡើង ដោយបង្កើនសម្ពាធ ឬធ្វើអោយរបួសកាន់តែធ្ងន់ធ្ងរ។ ៤. ការវាយតម្លៃផ្នែកវេជ្ជសាស្ត្រ (Medical Evaluation)៖ ការផឹកទឹកអាចរំខានដល់ដំណើរការវិនិច្ឆ័យ ដូចជាការស្កេន ឬការធ្វើតេស្តមន្ទីរពិសោធន៍ជាដើម។ ក្រពះពេញអាចធ្វើអោយការស្កែន ឬការព្យាបាលមួយចំនួនមានប្រសិទ្ធភាពតិច។៥. ការភ័យតក់ស្លុត (Shock Management)៖ ក្នុងករណីជនរងគ្រោះស្ថិតនៅក្នុងស្ថានភាពតក់ស្លុត (shock) ការហូរឈាមទៅកាន់ប្រព័ន្ធរំលាយអាហារត្រូវបានកាត់បន្ថយ។ ការផឹកទឹកនៅក្នុងស្ថានភាពនេះរាងកាយមិនអាចស្រូបចូលបានត្រឹមត្រូវ ដែលធ្វើអោយស្មុគស្មាញដល់ការប្រឹងប្រែងរបស់រាងកាយក្នុងការរក្សាលំនឹង។នេះបើយោងតាមប្រភពហ្វេសប៊ុកឈ្មោះ VorleakUng បានបង្ហោះនៅលើបណ្ដាញសង្គមដែល Swift News ទទួលបាន៕

ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តឧត្តមគិរីប្រឹក្សា(ហៅវត្តកោដូនតី)
ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥

(កំពង់ស្ពឺ)៖ កាលពីព្រឹកថ្ងៃចន្ទ ទី០៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តឧត្តមគិរីប្រឹក្សា(ហៅវត្តកោដូនតី) ដែលស្ថិតនៅ ភូមិកោដូនតី ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ និមន្ត/អញ្ជើញរួមាន ព្រះមុនីសត្ថាចារ្យកោសល កែវ ចន្ថា ព្រះមេគណខេត្ត គណៈមហានិកាយ ព្រះ មុនីតាលវ័ន មួង ចក្រី ព្រះមេគណខេត្ត គណៈធម្មយុត្តិកនិកាយ ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា ព្រឹទ្ធសភា ក្រុមការងារចុះជួយមូលដ្ឋាន មន្រ្តីរាជការបងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទាំងអស់ ចំនួន ៩៩៣ អង្គ/នាក់។ ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមអបអរសាទរ ជាមួយព្រះសង្ឃគ្រប់ព្រះអង្គដែលគង់នៅទីអារាមវត្តនេះ ជាពិសេសព្រះតេជគុណ វរច្ឆន្ទោ ប៉ោ ហំ ព្រះចៅអធិការវត្តកោដូនតី។ ជាមួយគ្នានេះ ឯកឧត្តមបានកោតសរសើរ និងថ្លែងអំណរគុណដោយស្មោះចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងគណៈកម្មការអាចារ្យវត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងកៀរគរ បច្ច័យពីសប្បុរជន និងពុទ្ធបរិស័ទគ្រប់ទិសទី ដែលបានរួមចំណែកចាប់មគ្គផលកសាងសមិទ្ធផលនានាក្នុងវត្ត។ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ បន្ថែមថាក្នុងនាមជាអ្នកដឹកនាំជំនាន់ក្រោយដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចប្ដេជ្ញាចិត្តបន្តដឹកនាំអភិវឌ្ឍប្រទេសក្រោមបេសកកម្មរបស់អ្នកដឹកនាំជំនាន់មុន គឺការថែរក្សាសុខសន្តិភាព និងបានគិតគូរលើកកម្ពស់ជីវភាពប្រជាជន ខិតខំលើកស្ទួយវិស័យអប់រំ បណ្ដុះបណ្ដាល ដោយសម្រួចមុមសំខាន់ៗ សំដៅផ្ដល់ការអប់រំនិងវិជ្ជាជីវៈ ជូនដល់កូនចៅប្រជាជនប្រកបដោយគុណភាព និងការលើកកម្ពស់ការផ្ដល់សេវាថែទាំសុខភាពជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋនានា។សូមជម្រាបជូនផងដែរថា វត្តឧត្តមគិរីប្រឹក្សា (ហៅវត្តកោដូនតី) ត្រូវបានកសាងឡើងនៅ ឆ្នាំ២០០០ មានអាយុកាល ២៥ឆ្នាំមកហើយ ចំណែកព្រះវិហារថ្មីដែលត្រូវកាត់ឫសសីមាបានប្រើពេលសាងសង់រយៈពេល ១១ឆ្នាំ ទើបបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ និងមានសមិទ្ធផលថ្មីៗជាច្រើនទៀតដែលត្រូវសម្ពោធឆ្លងផងដែររួមមាន៖ ព្រះពុទ្ធបដិមាព្រះពុទ្ធត្រាស់ដឹងចំនួន១ព្រះអង្គ ព្រះពុទ្ធទ្រង់បិណ្ឌបាត្រចំនួន ២ព្រះអង្គ ព្រះពុទ្ធបរិនិព្វានចំនួន ១ ព្រះអង្គ ដងទង់ ១គូរ កម្ពស់ ២៤.៦ម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ធដទៃជាច្រើនទៀតផងដែរ៕

ប៉ះគ្នាថ្ងៃមុន ឥឡូវអាមេរិកផ្អាកជំនួយយោធាដល់អ៊ុយក្រែន
ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥

(វ៉ាស៊ីនតោន)៖ មន្ត្រីសេតវិមាន បានបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងផ្អាកជំនួយយោធាដល់អ៊ុយក្រែន ប៉ុន្មានថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប៉ះទង្គិចជាមួយប្រធានាធិបតី អ៊ុយក្រែន លោក ហ្សេលេនស្គី។មន្ត្រីបាននិយាយថា សហរដ្ឋអាមេរិកកំពុងផ្អាក និងពិនិត្យមើលជំនួយ ដើម្បីធានាថា ខ្លួនកំពុងរួម ចំណែកដល់ដំណោះស្រាយ។ មន្ត្រីរូបនេះបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា "ប្រធានា ធិបតីច្បាស់ណាស់ថា លោកផ្តោតលើសន្តិភាព។ យើងត្រូវការដៃគូរបស់យើងដើម្បីប្តេជ្ញាចិត្តចំពោះ គោលដៅនោះផងដែរ" ។ការិយាល័យរបស់លោក Zelenskyy មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ Reuters សម្រាប់ ការធ្វើអត្ថាធិប្បាយនោះទេ។ចំណាត់ការនេះ កើតឡើងបន្ទាប់ពីលោក Trump គាំទ្រគោលនយោបាយរបស់សហរដ្ឋអាមេរិក លើអ៊ុយក្រែន និងរុស្ស៊ីនៅពេលចូលកាន់តំណែងក្នុងខែមករា ដោយប្រកាន់យកជំហរផ្សះផ្សា បន្ថែម ទៀតចំពោះទីក្រុងមូស្គូ ហើយបន្ទាប់ពីការប្រឈមមុខដាក់គ្នាដ៏ផ្ទុះជាមួយ Zelenskyy នៅសេតវិមាន ដែលលោក Trump បានរិះគន់គាត់ចំពោះការដឹងគុណមិនគ្រប់គ្រាន់ សម្រាប់ការគាំទ្ររបស់ ទីក្រុងវ៉ាស៊ីនតោនក្នុងសង្គ្រាមជាមួយរុស្ស៊ី។ការផ្អាកនេះនឹងមានរយៈពេលរហូតដល់លោក Trump កំណត់ថាមេដឹកនាំរបស់ប្រទេសនេះបង្ហាញ ពីការប្តេជ្ញាចិត្តដោយស្មោះត្រង់ចំពោះសន្តិភាព នេះបើយោងតាមរបាយការណ៍របស់ Bloomberg និង Fox News ។របាយការណ៍នេះកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពី Trump បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា លោកមិនបានពិភាក្សាអំពីការព្យួរជំនួយយោធាដល់អ៊ុយក្រែនទេ ប៉ុន្តែបានបន្ថែមថា លោក Zelenskyy "គួរតែដឹងគុណកាន់តែច្រើន" ចំពោះការគាំទ្ររបស់វ៉ាស៊ីនតោន។គួរបញ្ជាក់ថា ជិត​បី​ឆ្នាំ​ក្នុង​សង្រ្គាម វ៉ាស៊ីនតោន​បាន​សន្យា​ផ្តល់​ជំនួយ​រាប់​ពាន់​លាន​ដុល្លារ​សម្រាប់​អ៊ុយក្រែន៕

ព្រឹកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥
ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥

(ភ្នំពេញ)៖ ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តភាព»សន្និសីទឆ្នាំនេះ បានប្រមូលផ្តុំធាតុចូលទាំង ឡាយពីសន្និសីទមុនៗកន្លងទៅ និងបូកផ្សំនឹងការសិក្សាស្រាវជ្រាវបន្ថែមពីអ្នកស្រាវជ្រាវជំនាញរបស់វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ពីនិន្នាការបច្ចុប្បន្ន ដើម្បីធ្វើការវែកញែកពិភាក្សា ក្នុងគោលបំណងកំណត់នូវទស្សនរួម អំពីទិសដៅអភិវឌ្ឍន៍កម្ពុជា ក្នុងដំណើរ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ។ គោលបំណងចម្បងនៃសន្និសីទឆ្នាំនេះ គឺដើម្បីធ្វើការវាយតម្លៃពីភាពខ្លាំង និងភាពខ្សោយនៃសមិទ្ធកម្មសេដ្ឋកិច្ចរបស់កម្ពុជានាពេលបច្ចុប្បន្ន ដើម្បីកំណត់ទិដ្ឋភាព សំខាន់ៗដែលចាំបាច់ត្រូវកែលម្អ ដើម្បីសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍កម្ពុជា ដោយមានការសម្របសម្រួលកិច្ចសន្ទនាក្នុងចំណោមអ្នកជំនាញជាន់ខ្ពស់ដើម្បីយល់ឱ្យកាន់តែច្បាស់អំពីបញ្ហាប្រឈមចំពោះមុខ និងកាលានុវត្តភាព ដើម្បីជួយកម្ពុជា ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ប្រកបដោយប្រសិទ្ធភាព ក្នុងបរិការណ៍នៃស្ថានភាពដែលមានភាពមិនច្បាស់លាស់ដែលអាចប៉ះពាល់ដល់គន្លងនៃការអភិវឌ្ឍនាពេលអនាគតនៅកម្ពុជា៕

លោក ដូណាល់ ត្រាំ ដាក់ឈ្មោះរូបិយប័ណ្ណគ្រីបតូ នៅក្នុងទុនបំរុងជាយុទ្ធសាស្ត្រ ដោយធ្វើឱ្យតម្លៃ ឡើងថ្លៃ
ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥

(អន្តរជាតិ)៖ លោក Trump បាននិយាយនៅក្នុងការបង្ហោះនៅលើ Truth Social ថា ការបញ្ជាទិញប្រតិបត្តិ ខែមករារបស់លោកលើទ្រព្យសកម្មឌីជីថល នឹងបង្កើតស្តុករូបិយប័ណ្ណរួមទាំង bitcoin, ether, XRP, solana និង cardano ប៉ុន្តែឈ្មោះ​មិន​ត្រូវ​បាន​ប្រកាស​ពី​មុន​ទេ។ជាងមួយម៉ោងក្រោយមកលោក Trump បានបន្ថែមថា "ហើយជាក់ស្តែង BTC និង ETH ដែលជា រូបិយប័ណ្ណគ្រីបតូដ៏មានតម្លៃផ្សេងទៀតនឹងស្ថិតនៅចំកណ្តាលនៃទុនបំរុង"។Bitcoin ដែលជារូបិយប័ណ្ណឌីជីថលដ៏ធំបំផុតរបស់ពិភពលោកតាមតម្លៃទីផ្សារបានកើនឡើងច្រើនជាង 11% នៅ 94164ដុល្លារកាលពីរសៀលថ្ងៃអាទិត្យ។ អេធើរ ដែលជារូបិយប័ណ្ណឌីជីថលធំជាងគេទីពីរ បានកើនឡើងប្រហែល 13% នៅតម្លៃ 2516 ដុល្លារ។ទីផ្សាររូបិយប័ណ្ណគ្រីបតូសរុបបានកើនឡើងប្រហែល 10% ឬច្រើនជាង 300 ពាន់លានដុល្លារក្នុងរយៈ ពេលប៉ុន្មានម៉ោងចាប់តាំងពីការប្រកាសរបស់លោក Trump នេះបើយោងតាមក្រុមហ៊ុន CoinGecko ដែលជាក្រុមហ៊ុនវិភាគទិន្នន័យ និងវិភាគរូបិយប័ណ្ណគ្រីបតូ។XRP គឺជានិមិត្តសញ្ញារបស់ Ripple Labs របស់ក្រុមហ៊ុន cryptocurrency ។ រ៉យទ័របានរាយការណ៍ថា Ripple បានគាំទ្រអ្វីដែលហៅថា Super PAC ដើម្បីជះឥទ្ធិពលដល់ការបោះឆ្នោតសភាក្នុងខែវិច្ឆិកា ដើម្បីគាំទ្រដល់ឧស្សាហកម្មគ្រីបតូ។លោក Federico Brokate ប្រធានអាជីវកម្មអាមេរិកនៅក្រុមហ៊ុន 21Shares ដែលជាក្រុមហ៊ុនគ្រប់គ្រង ការវិនិយោគទ្រព្យសកម្មឌីជីថលបាននិយាយថា ការផ្លាស់ប្តូរនេះបង្ហាញពីការផ្លាស់ប្តូរឆ្ពោះ ទៅរកការចូលរួមយ៉ាងសកម្មនៅក្នុងសេដ្ឋកិច្ចគ្រីបតូដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ។ "វាមានសក្តានុពលក្នុងការពន្លឿនការអនុម័តតាមស្ថាប័ន ផ្តល់នូវភាពច្បាស់លាស់នៃបទប្បញ្ញត្តិ កាន់តែច្រើន និងពង្រឹងភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិកក្នុងការច្នៃប្រឌិតទ្រព្យសម្បត្តិឌីជីថល"។លោក James Butterfill ប្រធានផ្នែកស្រាវជ្រាវនៅអ្នកគ្រប់គ្រងទ្រព្យសម្បត្តិ CoinShares បាននិយាយថា លោកមានការភ្ញាក់ផ្អើលដែលឃើញទ្រព្យសម្បត្តិឌីជីថលក្រៅពី bitcoin រួមបញ្ចូលនៅក្នុងទុនបម្រុង៕

កុំអូសរំលង! ទាំងនេះជាប្រទេសដែលផ្ដល់សិទ្ធិឱ្យទិញ «ទិដ្ឋាការមាស និងទទួលបានសញ្ជាតិ»ជាថ្នូរនឹងការវិនិយោគក្នុងប្រទេសរបស់ខ្លួន
ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥

(អន្តរជាតិ)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កាលពីថ្ងៃអង្គារបានស្នើលទ្ធភាពនៃការជំនួស កម្មវិធីទិដ្ឋាការបច្ចុប្បន្នសម្រាប់អ្នកវិនិយោគបរទេសជាមួយនឹង "កាតមាស" ដែលអាចទិញបានក្នុងតម្លៃ 5 លានដុល្លារដោយផ្តល់ផ្លូវទៅកាន់សញ្ជាតិអាមេរិក។ ប្រធានាធិបតីអាមេរិក Trump មានបំណងជំនួស កម្មវិធីវិនិយោគិនជនអន្តោប្រវេសន៍ "EB-5" បច្ចុប្បន្ន ដែលកំណត់ការវិនិយោគអប្បបរមាចំនួន $800,000 សម្រាប់ការទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍នៅសហរដ្ឋអាមេរិក។ ជារឿយៗគេហៅថា "លំនៅដ្ឋានដោយការ វិនិយោគ" ឬ "ទិដ្ឋាការមាស" កម្មវិធីបែបនេះអាចឱ្យបុគ្គល ដែលមាន ទ្រព្យសម្បត្តិខ្ពស់ ទទួលបានសិទ្ធិស្នាក់ នៅបណ្តោះអាសន្ន ឬអចិន្ត្រៃយ៍ក្នុងប្រទេសបរទេស។ នេះគឺជាបញ្ជីប្រទេសធំៗដែលផ្តល់ទិដ្ឋាការមាស ដើម្បីទាក់ទាញការវិនិយោគពីបុគ្គលដែលមានទ្រព្យសម្បត្តិ៖១/ប្រទេសសហភាពអឺរ៉ុប-ប្រទេសក្រិក - បានណែនាំកម្មវិធីមួយក្នុងឆ្នាំ 2013 ដែលអនុញ្ញាតឱ្យបុគ្គលបរទេសទទួលបានប័ណ្ណស្នាក់ នៅអចិន្ត្រៃយ៍នៅក្នុងប្រទេសក្រិក។ការអនុញ្ញាតទាំងនេះទាមទារការវិនិយោគអចលនទ្រព្យអប្បបរមាប្រហែល 250,000 អឺរ៉ូ (262,800 ដុល្លារ) ហើយត្រូវតែបន្តជាថ្មីរៀងរាល់ប្រាំឆ្នាំម្តង។-ម៉ាល់តា - ផ្តល់សញ្ជាតិដល់ជនបរទេសដែលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសដោយតម្រូវឱ្យ ចូលរួមចំណែកយ៉ាងហោចណាស់ 600,000 អឺរ៉ូ សម្រាប់រយៈពេលស្នាក់នៅអប្បបរមាចំនួន 36 ខែ។-ប្រទេសអ៊ីតាលី គម្រោងនេះត្រូវបានរចនាឡើងសម្រាប់អ្នកវិនិយោគបរទេស ដែលបានប្តេជ្ញាចិត្ត ក្នុងការរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ច ដោយផ្តល់ឱ្យពួកគេនូវលំនៅឋានអ៊ីតាលី និងការចូលទៅកាន់តំបន់ Schengen ដែលមានព្រំដែនចំហររបស់អឺរ៉ុបដោយគ្មានទិដ្ឋាការ។ ទាមទារការវិនិយោគអប្បបរមាចាប់ពី 250,000 ទៅ 2 លានអឺរ៉ូ អាស្រ័យលើហានិភ័យដែលទាក់ទងនឹងការវិនិយោគ។-ប្រទេសស៊ីប Cyprus - ផ្តល់ទិដ្ឋាការមាសដល់ជនបរទេសដែលបានវិនិយោគយ៉ាងតិច 300,000 អឺរ៉ូ។២/ប្រទេសមជ្ឈិមបូព៌ា៖-ប្រទេស អារ៉ាប់រួម United Arab Emirates - អនុញ្ញាតឱ្យជនបរទេសធ្វើការបណ្តាក់ទុនអប្បបរមាចំនួន 2 លាន dirhams ($544,602) ចូលទៅក្នុងប្រទេសឈូងសមុទ្រ ហើយដាក់ពាក្យសុំប័ណ្ណស្នាក់នៅ ដែលត្រូវបានគេស្គាល់ផងដែរថាជា ទិដ្ឋាការមាសរបស់ UAE ។៣/ ប្រទេសក្នុងតំបន់ការីបៀន៖-ដូមីនីកា - តម្រូវឱ្យមានការរួមចំណែកសេដ្ឋកិច្ចអប្បបរមាចំនួន 200,000 ដុល្លារដល់ប្រទេស។ ជាថ្នូរនឹងអ្នកដាក់ពាក្យ និងគ្រួសារទទួលបានសញ្ជាតិពេញលេញ។-Grenada - តម្រូវឱ្យជនបរទេសធ្វើការរួមចំណែកសេដ្ឋកិច្ចអប្បបរមាចំនួន $235,000 ដល់ប្រទេស។ អនុញ្ញាតឱ្យអ្នកកាន់ទិដ្ឋាការធ្វើដំណើរទៅកាន់ Grenada ប្រទេសចិន រុស្ស៊ី សិង្ហបុរី ចក្រភពអង់គ្លេស និងតំបន់ Schengen របស់អឺរ៉ុប ក្នុងចំណោមប្រទេសដទៃទៀត។-St. Kitts and Nevis - ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1984 វាតម្រូវឱ្យបេក្ខជនធ្វើការរួមចំណែកសេដ្ឋកិច្ចអប្បបរមាចំនួន $250,000 ដល់ប្រទេស។ ជាថ្នូរនឹងពួកគេ និងក្រុមគ្រួសារទទួលបានសញ្ជាតិពេញលេញ។-Saint Lucia - កម្មវិធី Citizenship by Investment តម្រូវឱ្យបេក្ខជនធ្វើការរួមចំណែកសេដ្ឋកិច្ចអប្បបរមាចំនួន $240,000 ដល់ប្រទេស។ ជាការផ្លាស់ប្តូរ និងជាកម្មវត្ថុនៃដំណើរការដាក់ពាក្យសុំដ៏តឹងរ៉ឹង និងការត្រួតពិនិត្យ ដោយយកចិត្តទុកដាក់ បេក្ខជន និងក្រុមគ្រួសារទទួលបានសញ្ជាតិពេញលេញ។-Antigua និង Barbuda - ដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់ភាពជាពលរដ្ឋ អ្នកដាក់ពាក្យសុំ ត្រូវតែមានអាយុលើសពី 18 ឆ្នាំ ហើយបានរួមចំណែកអប្បបរមាចំនួន $230,000៕

កុំចេះតែហ៊ាន! ជនជាតិថៃចំនួន ១១៩នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា ក្រោយលួចចូលមកធ្វើការ និងស្នាក់នៅខុសច្បាប់ លើទឹកដីកម្ពុជា
ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥

ជនជាតិថៃចំនួន១១៩នាក់ ក្នុងនោះស្រីចំនួន៥៨នាក់ ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីរកឃើញថា ជនជាតិថៃទាំងនេះ បានលួចចូលមកធ្វើការ និងស្នាក់នៅខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅថ្ងៃទី ០១ មីនា ២០២៥ ។យោងតាមផេក ហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥  យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិ បានបណ្តេញជនជាតិថៃ ចំនួន ១១៩នាក់ ស្រី ៥៨នាក់ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយបានលួចចូលធ្វើការងារ និងស្នាក់នៅ ខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា ។ជនជាតិថៃ ចំនួន ១១៩នាក់ ស្រី ៥៨នាក់ ត្រូវបានគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើស គ្រប់ប្រភេទ ឃាត់ខ្លួនកាលពីថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅពេលចុះបង្ក្រាបនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ ។ សូមបញ្ជាក់ដែរថា ជនបរទេសខាងលើត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួនដែលបានធ្វើដំណើរចូលមកព្រះរាជាណាចក្រកម្ពុជា ដោយស្របច្បាប់ និងខុសច្បាប់ ក្នុងគោលបំណងរកការងារចំណូលខ្ពស់ ដោយសកម្មភាពទាំងនេះពាក់ព័ន្ធនឹងសកម្មភាពអនឡាញខុសច្បាប់ ដូចនេះសមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចបរទេស ដើម្បីរៀបចំនីតិវីធីធ្វើការបណ្ដេញចេញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត៕

បណ្តាញសង្គម