(ភ្នំពេញ)៖ សមាគមនិយោជក ក្រុមហ៊ុនឯកជន និងសាធារណជន បានលើកឡើងថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បញ្ជរសេវាសាធារណៈ ចល័តរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺជាការធ្វើទំនើបកម្ម (digitalization) សេវាសាធារណៈរបស់រដ្ឋ ឱ្យកាន់តែកៀកសាធារណជន យុវជន អំពីឱកាសការងារ និងការដាក់ពាក្យរកការងារធ្វើនៅតាមក្រុមហ៊ុនឯកជននានា ក៏ដូចជាការប្រើប្រាស់សេវាផ្សេងៗទៀតរបស់ក្រសួងការងារដែលបានបញ្ចូលក្នុង បញ្ជរសេវាសាធារណៈ។ អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) លោក កាំង ម៉ូនីកា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ តាមរយៈការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់សាធារណៈជននៅដើមឆ្នាំ២០២៥ នេះ។ អគ្គលេខាធិការរង TAFTAC មើលឃើញថា បញ្ជរសេវាសាធារណៈចល័តនេះ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈថ្មីមួយទៀតរបស់ក្រសួងការងារសម្រាប់ពលរដ្ឋ បន្ថែមពីការធ្វើទំនើបកម្មលើសេវាសាធារណៈរបស់ក្រសួងផ្សេងៗទៀតកន្លងមក។ ការធ្វើទំនើបកម្មលើបញ្ជរសេវាសាធារណៈចល័តនេះ នឹងធ្វើឱ្យអ្នកប្រើប្រាស់សេវា (ពលរដ្ឋ) និងអ្នកផ្តល់សេវានៅក្បែរគ្នា ផ្តល់ភាពងាយស្រួលលើការផ្តល់សេវាសាធារណៈបានពេញលេញ និងនៅគ្រប់ទីកន្លែង។ ដោយឡែក លោកស្រី ឈាង សោភា ប្រធាននាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុបុគ្គលនៃធនាគា កាណាឌីយ៉ា ក.អ ក៏បានគូសបញ្ជាក់ថា ក្នុងនាមជាវិស័យឯកជន ធនាគារ កាណាឌីយ៉ា រីករាយធ្វើជាដៃគូជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការដាក់ឱ្យប្រើប្រាស់បញ្ជរសេវាសាធារណៈចល័តឱ្យកាន់តែមានប្រសិទ្ធភាព។ លោកស្រី មើលឃើញថា ការដាក់ឱ្យប្រើប្រាស់បញ្ជរសេវាសាធារណៈចល័ត គឺជាអ្វីដែលវិស័យឯកជនកំពុងតែធ្វើ ហើយតាមរយៈសមិទ្ធផលរបស់ក្រសួងការងារនៅពេលនេះគឺជាការធ្វើទំនើបកម្មលើសេវាសាធារណៈ (digitalization) របស់រដ្ឋ ដែលវិស័យឯកជនចង់បាន ដើម្បីផ្តល់សេវាសាធារណដែលមានសុវត្ថិភាព និងទុកចិត្តបាន ជាពិសេសអ្នកស្វែងរកការងារធ្វើ និងម្ចាស់ក្រុមហ៊ុនឯកជន។ទន្ទឹមនឹងនេះ លោក ស៊ិន សុវេហោស៍ ជាប្រជាពលរដ្ឋដែលស្វែងរកការងារធ្វើ បានបញ្ជាក់ថា ខ្លួនបានដាក់ពាក្យទៅធ្វើការនៅប្រទេសថៃ តាមរយៈការប្រើប្រាស់បញ្ជរសេវាសាធារណៈចល័ត ។ ជាបទពិសោធន៍ផ្ទាល់ខ្លួន លោកបានវាយតម្លៃខ្ពស់លើសេវាដែលរហ័សទាន់ចិត្ត និងទំនុកចិត្តមួយនេះ ពីព្រោះក្រុមហ៊ុនឯកជនបានទាក់ទងមកខ្លួនវិញក្នុងរយៈពេលខ្លី ហើយបានបំពេញបែបបទដើម្បីជាប់ជាស្ថាពរទៅបម្រើការងារនៅប្រទេសថៃ ដោយស្របច្បាប់។ អ្វីដែលសំខាន់នោះគឺក្រុមហ៊ុនឯកជន ស្របច្បាប់ ធានាថាទៅធ្វើការនៅបរទេសដោយស្របច្បាប់ត្រឹមត្រូវ។ សូមបញ្ជាក់ថា ចំណុចពិសេស និងសារៈប្រយោជន៍នៃ «បញ្ជរសេវាសាធារណៈចល័ត» នេះមានដូចជា៖ទី១. ការបង្ខិតការផ្ដល់ឱកាស និងការធ្វើឱ្យយុវជនយុវនារី អាចស្វែងរកព័ត៌មាននិងសេវាកម្ម ដែលមានប្រយោជន៍នានាសម្រាប់ខ្លួន ដោយប្រើត្រឹមតែ “ម្រាមដៃ» ប៉ុណ្ណោះ។ទី២. ជាបណ្ដុំនៃព័ត៌មាន និងការផ្តល់សេវាដ៏ពិសេសក្នុងការស្វែងរកការងារ ស្វែងរកបុគ្គលិក ចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ និងដាក់ពាក្យបណ្តឹងជាដើម ដែលលើសពីយន្តការ និងគេហទំព័រ ដែលកំពុងដំណើរការមួយចំនួនទៀតផង។ទី៣. ការចែករំលែកព័ត៌មាន និងសេវាកម្មដ៏ត្រឹមត្រូវ ទាន់ពេលវេលា អាចទុកចិត្តបាន និង ផ្លូវការពីស្ថាប័នរដ្ឋជូនដល់សាធារណជន យុវជន យុវនារីកម្ពុជា ទាំងអស់។ទី៤. ជាចំណែកមួយនៃការសម្របសម្រួល និងបង្កើនការងារ និងកំណើនសេដ្ឋកិច្ច ក្នុងដំណើរប្រែក្លាយកម្ពុជាជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០៕
(បាងកក)៖ ទីក្រុងអាស៊ីអាគ្នេយ៍ចំនួន ស្ថិតក្នុងចំណោមទីក្រុងចំនួនប្រាំដែលមានការបំពុលបរិយាកាស ខ្លាំងបំផុត នៅលើពិភពលោក យោងតាមអង្គការឃ្លាំមើលខ្យល់អាកាស IQAir ដោយទីក្រុងហូជីមិញ ជាប់ចំណាត់ថ្នាក់លេខ 2 ដែលបំពុលបំផុត តាមពីក្រោយដោយរាជធានីភ្នំពេញនៅចំណាត់ថ្នាក់ទីបួន និងទីក្រុងបាងកកជាប់ចំណាត់ថ្នាក់ទីប្រាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានCNA នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៥។នៅរាជធានីថៃ ផ្សែងអ័ព្ទយ៉ាងក្រាស់ត្រូវបានគេមើលឃើញគ្របដណ្តប់លើមេឃរបស់ទីក្រុង។ លោក ការបំពុលខ្យល់គឺបណ្តាលមកពីការរួមផ្សំគ្នានៃការឆេះដែលទាក់ទងនឹងដំណាំ ការបំពុលឧស្សាហកម្ម និងចរាចរណ៍ខ្លាំង។រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លោក Suriya Juangroongruangkit បាននិយាយថា ដើម្បីទប់ស្កាត់ការបំពុល រដ្ឋាភិបាលកំពុងអនុញ្ញាតឱ្យដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃរយៈពេលមួយសប្តាហ៍។យោងតាមរដ្ឋបាលទីក្រុង បានឱ្យដឹងថា សាលារៀនប្រហែល 300 នៅក្នុងទីក្រុងបាងកក ត្រូវបានបិទ ក្នុងសប្តាហ៍នេះ។នាយករដ្ឋមន្ត្រីថៃលោក Paetongtarn Shinawatra បាននិយាយនៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមថា ក្រុមហ៊ុន និងភ្នាក់ងាររដ្ឋាភិបាលគួរតែអនុញ្ញាតឱ្យបុគ្គលិកធ្វើការពីផ្ទះ ដើម្បីកាត់បន្ថយការប្រើប្រាស់ រថយន្ត ហើយការដ្ឋានសំណង់គួរតែប្រើគម្របធូលី។នៅក្នុងទីក្រុងធំបំផុតរបស់ប្រទេសវៀតណាម IQAir បាននិយាយថា កម្រិតនៃភាគល្អិតដែលស្រូបចូល បានក្នុងទីក្រុងហូជីមិញ គឺខ្ពស់ជាងកម្រិតដែលបានណែនាំដោយអង្គការសុខភាពពិភពលោក 11 ដង។ប៉ុន្មានសប្តាហ៍មុននេះ រដ្ឋធានីហាណូយត្រូវបានជាប់ចំណាត់ថ្នាក់ជាទីក្រុងបំពុលបំផុតរបស់ពិភពលោក ដែលជំរុញឱ្យអាជ្ញាធរចេញការព្រមានអំពីហានិភ័យសុខភាពពីការបំពុលបរិយាកាស និងជំរុញឱ្យ សាធារណជនពាក់ម៉ាស់ និងការពារភ្នែក។រដ្ឋាភិបាលនៅអាស៊ីអាគ្នេយ៍កំពុងជំរុញឱ្យមានដំណោះស្រាយរយៈពេលវែងដើម្បីកាត់បន្ថយការបំពុល រួមទាំងពន្ធកាបូន និងការលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនី៕
ដូចដែរមហាជន បានជ្រាបជាព័ត៌មាននៅថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៥នេះ ក្រសួងបរិស្ថាន បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យបានជ្រាបថា បន្ទាប់ពីធ្វើការតាមដានត្រួតពិនិត្យគុណភាពខ្យល់ចំនួន ៦០ទីតាំងនៅទូទាំងប្រទេសហើយនោះឃើញថាខេត្តជាច្រើនមានគុណភាពខ្យល់នៅល្អប្រសើរ។ ប៉ុន្តែទីតាំងខេត្តចំនួន ៤ រួមមាន បន្ទាយមានជ័យ កោះកុង សៀមរាប និងរាជធានីភ្នំពេញ ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម ដោយមានការកើនឡើងកំហាប់ភាគល្អិតនិចល ដែលមានវិជ្ឈមាឌតូចជាង ឬ ស្មើ ២,៥មីក្រូម៉ែត្រ (PM2.5) នៅក្នុងបរិយាកាស។ ជាមួយគ្នានេះ ខេត្តចំនួន៣ផ្សេងទៀតរួមមាន៖ ខេត្តព្រៃវែង ពោធិ៍សាត់ និងប៉ៃលិន ស្ថិតនៅក្នុងសន្ទស្សន៍ពណ៌ទឹក្រូច។យ៉ាងណាមិញ នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៤ UNICEF Cambodia ក៏បានចែករំលែកពីគន្លឹះមួយចំនួនដើម្បីការពារកុមារតូចៗពីការបំពុលខ្យល់ ដ្បិតថាកុមារងាយរងគ្រោះខ្លាំងជាងគេពីការបំពុលខ្យល់ មិនថានៅក្នុងផ្ទះ ឬនៅខាងក្រៅ ដោយសារសួតរបស់ពួកគេស្ថិតក្នុងដំណាក់កាលលូតលាស់ និង ប្រព័ន្ធភាពស៊ាំនៅខ្សោយ។ក្នុងនោះ UNICEF Cambodia បានបង្ហាញពីគន្លឹះខ្លះៗដើម្បីការពារពួកគេពីការបំពុលខ្យល់ដូចតទៅ ៖១. វិធីការពារកុមារ ពីការបំពុលខ្យល់នៅក្នុងផ្ទះ– ពេលចម្អិនអាហារ សូមបើកបង្អួច ប្រើកង្ហារបឺតផ្សែង ឬ ចម្អិននៅខាងក្រៅផ្ទះ បើសិនជាអាច– ពេលចម្អិនអាហារ សូមប្រើចង្ក្រានអគ្គិសនី ឬ ហ្គាសធម្មជាតិ បើសិនជាអាច– កុំដុតទៀន ឬ ធូប ដែលបន្ថែមសារធាតុពុលដល់ខ្យល់ និង ឱ្យស្ត្រីមានផ្ទៃពោះ និង កុមារនៅឆ្ងាយពីផ្សែង– បើសិនជាអាច សូមដំឡើង ឬ ប្រើម៉ាស៊ីនបន្សុទ្ធខ្យល់នៅក្នុងផ្ទះ។២. វិធីការពារកុមារ ពីការបំពុលខ្យល់នៅក្រៅ– ជៀសវាងទៅកន្លែងដែលមានការបំពុលខ្លាំង ដូចជាចរាចរណ៍កកស្ទះ ឬ តំបន់ឧស្សាហកម្មជាដើម។ សូមធ្វើដំណើរទៅក្រៅ នៅពេលដែលមានការបំពុលទាបដើម្បីកាត់បន្ថយផលប៉ះពាល់។– នៅពេលដែលការបំពុលខ្យល់នៅខាងក្រៅខ្លាំង សូមព្យាយាមឱ្យកូនរបស់អ្នកនៅក្នុងផ្ទះ។– អំឡុងពេលដែលមានការបំពុលខ្យល់ខ្ពស់ ជៀសវាងឱ្យកុមារធ្វើសកម្មភាពដែលហត់នឿយខ្លាំង ហើយកាត់បន្ថយការលេង ឬ លំហាត់ប្រាណ។– តាមដានគុណភាពខ្យល់ជាប្រចាំ ហើយផ្លាស់ប្តូរសកម្មភាព និង បង្កើនការប្រុងប្រយ័ត្នតាមជាក់ស្តែង៕