
(ជាតិ)៖ ក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថាករណី អំពីការជជែកវែកញែករវាងរដ្ឋបាលរោងចក្រ និងកម្មករនិយោជិតនៃក្រុមហ៊ុនស៊ីង កៃ សេន ហ្គាមិន ឯ.ក ដែលបានកើតឡើងកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ត្រូវបានដោះស្រាយរួចរាល់ប្រកបដោយការយោគយល់និងអធ្យាស្រ័យខ្ពស់។ ក្រោយមានករណីនេះភ្លាម ក្រសួង បានចាត់មន្ត្រីជំនាញ ចុះពិនិត្យនិងសម្របសម្រួលដោះស្រាយដោយលទ្ធផលមានការយោគយល់និងអធ្យាស្រ័យខ្ពស់ព្រោះភាគីរដ្ឋបាលក្រុមហ៊ុនព្រមព្រៀងមិនធ្វើលិខិតព្រមាននោះទេខណៈភាគីកម្មករនឹងប្រគល់ជូនលិខិតពេទ្យបញ្ជាក់ពីគ្រោះថ្នាក់ចរាចរណ៍ទៅកាន់ក្រុមហ៊ុនផងដែរ។សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែយកចិត្តទុកដាក់លើសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅក្នុងវិស័យដែលជាកិច្ចការងារអាទិភាពបំផុតមួយក្នុងចំណោមកិច្ចការអាទិភាពរបស់ក្រសួង៕

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ (ILO) បានរៀបចំកម្មវិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី "ការបង្កើតគោលនយោបាយដោយផ្អែកលើភស្តុតាងសម្រាប់ការងារសមរម្យ" នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ពិធីបិទវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទំាងមានការប្រគល់ជូននូវវិញ្ញាបនបត្រដល់សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលខាងលើនេះ សរុបចំនួន ៤៤នាក់ ផងដែរ។ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនោះ ឯកឧត្តមសោម ចំណាន បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់មន្ត្រីជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសរបស់សមាសភាពត្រីភាគី ដែលជាអ្នកចូលរួមបង្កើតគោលនយោបាយ ដើម្បីទទួលបានចំណេះដឹងអំពីគោលការណ៍សំខាន់ៗរបស់អង្គការអន្តរជាតិខាងការងារ ILO, ទស្សនទាននៃការងារសមរម្យ និងដំណើរការនៃការកសាងគោលនយោបាយក្នុងបរិបទនៃការងារសមរម្យ ព្រមទាំងភាពខុសគ្នា រវាងការកសាងគោលនយោបាយដោយផ្អែកលើការស្រាវជ្រាវ និងការកសាងគោលនយោបាយដោយផ្អែកលើភស្តុតាង ជាពិសេសវិធីសាស្ត្រស្រាវជ្រាវ និងការកសាងគោលនយោបាយ ការវាយតម្លៃភស្តុតាងសម្រាប់ការងារសមរម្យ និងការទំនាក់ទំនងនិងការតស៊ូមតិសម្រាប់ការងារសមរម្យ។ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះគឺបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសកម្ពុជានិងអង្គការ ILO ក្នុងការជំរុញការងារសមរម្យ និងយុត្តិធម៌សង្គម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រកបដោយចីរភាព និងបរិយាប័ន្ន ហើយក៏បានស្នើសុំឱ្យសិក្ខាកាមទំាងអស់យកចំណេះដឹងដែលទទួលបានពីការបណ្តុះបណ្តាលរយៈពេល ៥ថ្ងៃនេះ ទៅអនុវត្ត និងជាធាតុចូលក្នុងការកសាងគោលនយោបាយស្របតាមបេសកកម្មអង្គភាពរបស់ខ្លួនដើម្បីរួមចំណែកក្នុងការលើកកម្ពស់ការងារសមរម្យនៅកម្ពុជា។ សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ ILO បានសហការរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី "ការបង្កើតគោលនយោបាយដោយផ្អែកលើភស្តុតាងសម្រាប់ការងារសមរម្យ" ដែលមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ដែលធ្វើការបណ្តុះបណ្តាលដោយអ្នកជំនាញពីអង្គការអន្តរជាតិការងារ ILO លើប្រធានបទសំខាន់ៗដូចជា ទី១. អង្គការអន្តរជាតិខាងការងារ (ILO) កិច្ចសន្ទនាសង្គម និងការងារសមរម្យ ទី២. ការបង្កើតគោលនយោបាយដោយផ្អែកលើភស្ដុតាងសម្រាប់ការងារសមរម្យ និងទី៣. ដំណើរការនៃការបង្កើតគោលនយោបាយដោយផ្អែកលើភស្ដុតាងដែលរួមមាន ការកំណត់សំណួរគោលនយោបាយ, ការស្វែងរកភស្ដុតាង, វាយតម្លៃភស្ដុតាង, ការសំយោគភស្ដុតាង, ការអនុវត្ត, ការទំនាក់ទំនងភស្ដុតាង, និងការតាក់តែង សេចក្ដីព្រាងនៃគោលនយោបាយសង្ខេប។ល៕

(អន្តរជាតិ)៖ ក្រុមហ៊ុន Google បានកាត់បន្ថយការងារប្រហែល 200 នៅទូទាំងអង្គភាពអាជីវកម្មសកលរបស់ខ្លួន ដែលទទួលខុសត្រូវលើការលក់ និងភាពជាដៃគូនេះ សារព័ត៌មាន The Information បានរាយការណ៍កាលពីថ្ងៃពុធដោយដកស្រង់សម្តីបុគ្គលដែលមានចំណេះដឹងអំពីស្ថានភាព។អ្នកលេងបច្ចេកវិទ្យា Big Tech បាននិងកំពុងប្តូរទិសដៅការចំណាយទៅកាន់មជ្ឈមណ្ឌលទិន្នន័យ និងការអភិវឌ្ឍន៍ AI ខណៈពេលដែលការពង្រីកការវិនិយោគត្រឡប់មកវិញនៅក្នុងតំបន់ផ្សេងទៀត។ក្រុមហ៊ុនបានប្រាប់ Reuters នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងធ្វើការផ្លាស់ប្តូរមួយចំនួនតូចនៅទូទាំងក្រុម "ដើម្បីជំរុញឱ្យមានកិច្ចសហការកាន់តែច្រើន និងពង្រីកសមត្ថភាពរបស់យើងក្នុងការបម្រើអតិថិជនរបស់យើងឱ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព"។ព័ត៌មានបានរាយការណ៍កាលពីខែមុនថា Google បានបញ្ឈប់បុគ្គលិករាប់រយនាក់នៅក្នុងវេទិកា និងអង្គភាពឧបករណ៍របស់ខ្លួន ដែលមានប្រព័ន្ធប្រតិបត្តិការ Android ទូរស័ព្ទ Pixel និងកម្មវិធីរុករក Chrome ក្នុងចំណោមកម្មវិធីផ្សេងទៀត៕