(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំអ្នកសារព័ត៌មានក្នុងស្រុកចំនួន២០នាក់ មកពី១០ស្ថាប័នចុះស្វែងយល់អំពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ១,៥ លាននាក់ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ (PIKS)។ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានគូសបញ្ជាក់ថា ការដឹកនាំអ្នកសារព័ត៌មានចុះទៅវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសខេត្តកំពង់ស្ពឺនៅពេលនេះគឺមានគោលបំណងឱ្យអ្នកសារព័ត៌មានបានស្វែងយល់កាន់តែស៊ីជម្រៅ និងទទួលបានបច្ចុប្បន្នភាពពីវឌ្ឍនភាព ស្តីពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស និងបង្កើនភាពស្និតស្នាល និងការផ្សារភ្ជាប់អ្នកសារព័ត៌មានជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ឯកឧត្តមបន្តថា នៅក្នុងការចុះស្វែងយល់ពីកម្មវិធីនេះដែរ អ្នកសារព័ត៌មានក៏អាចផលិត និងចេញផ្សាយមតិការព័ត៌មានកាន់តែច្រើនស្តីពី កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសតាមរយៈសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីកៀរគរយុវជនគោលដៅ ជាពិសេសយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចុះឈ្មោះចូលរៀនកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។ ឯកឧត្តមបន្ថែមថា កម្មវិធីទស្សនកិច្ចនេះក៏មានគោលបំណងឱ្យប្រជាជនទូទៅ ជាពិសេសជនគោលដៅកាន់តែច្រើនបានដឹងពីសមិទ្ធផលនិងវឌ្ឍនភាពនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាលអាណត្តិទី៧ដែលអនុវត្តដោយគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅទូទាំងប្រទេស។ គូសបញ្ជាក់ផងដែររាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៃកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ១,៥ លាននាក់កាលពីថ្ងៃទី១៤ វិច្ឆិកា ២០២៣កន្លងទៅ។ ក្រោយដាក់ឱ្យអនុវត្តកន្លងទៅ ការងារអាទិភាពនេះ បានលេចចេញជារូបរាងពិតប្រាកដ ដោយមិនស្ថិតនៅលើតែក្រដាស ក្រោយពីកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធ និងទំនុកចិត្តរបស់យុវជនលើកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដោយជឿជាក់ថានឹងទទួលបាននូវចំណេះជំនាញក្នុងការបំពេញទីផ្សារការងារ ក៏ដូចជាកែប្រែសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែធូរធាផងដែរ។ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤កន្លងទៅគឺជាថ្ងៃបើកបវេសនកាលផ្លូវការនៃវគ្គទី១ទូទាំងប្រទេស ចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់។ រាជរដ្ឋាភិបាល នីតិកាលទី៧ នឹងបន្តពង្រឹងគុណភាព និងពង្រីកវិសាលភាពនៃវគ្គបណ្តុះបណ្តាលនេះ ឱ្យកាន់តែទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់យុវជនទទួលបានជំនាញច្បាស់លាស់ និងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ សំដៅក្លាយជាប្រទេសដែលមានចំណូលមធ្យម កម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ រដ្ឋាភិបាល ក៏សូមលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ធ្វើការយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សាពីគ្រូជំនាញ និងរក្សានូវគោលការណ៍ «ឱ្យចេះ ឱ្យចប់ ឱ្យមានការងារ» ដើម្បីអនុវត្តអំឡុងពេលសិក្សាជាប់ជាប្រចាំ៕
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទីពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងជាលើកដំបូងក្រោយសេចក្តីសម្រេចប្រកាសសមាសភាពកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ ជាកិច្ចប្រជុំដែលធ្វើឡើងតាមការចង្អុលណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនូវអនុសាសន៍ក្នុងវេទិកា«រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩។ ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីគោលបំណងនៃការបង្កើតក្រុមអធិការកិច្ចនេះ គឺដើម្បីជំរុញឱ្យមានអនុលោមភាពក្នុងវិស័យនីមួយៗដែលជាការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលចង់ឃើញវិស័យឯកជនមានការរីកចម្រើនលូតលាស់ឆាប់រហ័សបន្ថែមទៀត ហើយកម្មករនិយោជិតដែលធ្វើការក្នុងវិស័យនីមួយៗទទួលបានកិច្ចគាំពារដែលនឹងបង្កើតបានជាបរិយាកាសអាជីវកម្មដ៏ល្អសម្រាប់ជួយជ្រោមជ្រែងកំណើនសេដ្ឋកិច្ចជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សមាជិក សមាជិកា ដែលមកពីក្រសួងស្ថាប័នចំនួន៦ផ្សេងទៀតរួមមាន ក្រសួងបរិស្ថាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ និងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដែលសុទ្ធសឹងតែជាក្រសួងជំនាញលើការចុះអធិការកិច្ច។ គួររំលឹកថា នៅក្នុងវេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាជំនួបដ៏សំខាន់រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីបើកការជជែកលើការធ្វើធុរកិច្ចនៅកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំក្រុមអធិការកិច្ចអន្តរក្រសួងរបស់រាជរដ្ឋាភិបាលចុះអធិការកិច្ចទៅលើវិស័យឯកជនដែលត្រូវធ្វើត្រឹមតែមួយលើកក្នុងមួយឆ្នាំលើកលែងតែមានបណ្តឹង។ សូមបញ្ជាក់ថា ក្រុមការងាររៀបចំក្រុមអធិការកិច្ចអន្តរក្រសួងនេះ មានតួនាទីសំខាន់ៗចំនួន៥ ទី១. រៀបចំសមាសភាព និងបែងចែកក្រុមអធិការកិច្ចក្រសួងតាមវិស័យ និងធ្វើការផ្លាស់ប្តូរសមាសភាពតាមការចាំបាច់ ទី២. រៀបចំកម្មវិធីចុះធ្វើអធិការកិច្ចនៅតាមសហគ្រាស គ្រឹះស្ថាន ក្នុងពេលតែមួយ និងចុះតែម្តងក្នុងឆ្នាំសម្រាប់គោលដៅសហគ្រាស គ្រឹះស្ថានតែមួយ លើកលែងតែអធិការកិច្ចពិសេស ឬមានបណ្តឹង ទី៣. សហការជាមួយវិស័យឯកជន និងក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពអធិការកិច្ច ទី៤. រៀបចំទម្រង់របាយការណ៍ស្តីពីអធិការកិច្ចសម្រាប់ចុះធ្វើអធិការកិច្ចរួមគ្នា និងទី៥ រៀបចំកិច្ចប្រជុំប្រចាំត្រីមាសដើម្បីពិនិត្យ និងវាយតម្លៃលើរបាយការណ៍នៃការចុះធ្វើអធិការកិច្ចរបស់ក្រុមអធិការកិច្ចអន្តរក្រសួង៕
(សង្គម)៖ ផ្ទុះការគាំទ្រពីសំណាក់មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមចំពោះចំណាត់ការមួយចំនួនដែលស្នងការដ្ឋាននរបាលខេត្តកំពតបានអនុវត្តទៅលើក្រុមក្មេងបង្ហោះម៉ូតូដែលធ្វើឱ្យប៉ៈពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ យ៉ាងណាមិញនៅថ្ងៃទី០៨ ខែ ឧសភា ឆ្នាំ ២០២៤ យោងតាមវីដេអូចេញពីកាមេរាសុវត្តិភាពនៅលើដងផ្លូវ ដែលបង្ហោះដោយគណនីហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តកំពត ព្រមទាំងអមមកជាមួយខ្លឹមសារថា «ដោយCamera សុវត្ថិភាពស្នងការដ្ឋាននគរបាលខេត្តកំពតបានបំពាក់នៅតាមគោលដៅសំខាន់ៗក្នុងភូមិសាស្ត្រខេត្តកំពតជាច្រើនកន្លែង។ សូមកុំធ្វើអ្វីដែលប៉ៈពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនិងធ្វើអ្វីដែលខុសច្បាប់អោយសោះ។ ដឹងហើយ លឺហើយ ឃើញហើយ តែនៅតែចង់សាក។ ក្រុមបង្ហោះម៉ូតូមកពីភ្នំពេញមកសាកផ្លូវនៅភូមិសាស្ត្រក្រុងបូកគោ ក្មួយៗនៅកំពតក្លាយជាក្មេងល្អអស់ហើយ»។ជាមួយគ្នាក្នុងថ្ងៃដដែលនេះផងដែរឃើញថាខាងស្នងការក៏បានបង្ហោះរូបមួយចំនួនដែលបង្ហាញពីក្រុមបង្ហោះម៉ូតូទាំងនោះបានធ្វើសកម្មភាពជាច្រើន មានដូចជា រើសសំរាម សម្អាតបង្គន់ ថែមទាំងលើកម៉ូតូដោយដើរក្រឡឹងជុំវិញជាច្រើនដង។ ទោះជាយ៉ាងណាឃើញថាចំណាត់ការទាំងនេះបានធ្វើឱ្យមហាជនពេញចិត្តយ៉ាងពេញទំហឹង ចំពោះក្រុមទាំងឡាយណាដែលបង្ករសកម្មភាពប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ៕