(ភ្នំពេញ)៖ អ្នកសារព័ត៌មានលើកឡើងថា ការសិក្សាជំនាញរបស់យុវជនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ គឺមានភាពទំនើប ដោយវិទ្យាស្ថានបណ្តុះបណ្តាលមានឧបករណ៍សម្រាប់សិក្សាសម្បូរបែប សិស្សមានការអនុវត្តន៍ផ្ទាល់បានយ៉ាងល្អ បន្ទាប់ពីសិក្សាទ្រឹស្តីជាមួយសាស្រ្តាចារ្យនៅក្នុងថ្នាក់រៀន។ តាមរយៈការសិក្សាដ៏ល្អប្រសើរនេះយុវជននឹងសម្រេចបាននូវអភិក្រមរបស់សម្តេចនាយករដ្ឋមន្រ្តី «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ»។ ការលើកឡើងបែបនេះបន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំអ្នកសារព័ត៌មានចំនួន២០នាក់ មកពី ១០ស្ថាប័ន ចុះស្វែងយល់អំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។ កញ្ញា ណុប ស្រីម៉ៅ អ្នកសារព័ត៌មានខ្មែរថាមស៍ថា៖«អ្វីដែលខ្ញុំមានការភ្ញាក់ផ្អើលបំផុតនៅពេលចុះមកយកព័ត៌មាននៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាផ្ទាល់នៅពេលនេះគឺការសិក្សារបស់សិស្សគឺទំនើប ឧបករណ៍សិក្សាមានច្រើនសម្បូរបែបនៅក្នុងសាលា ជាពិសេសនៅក្នុងវិទ្យាស្ថានមានកន្លែងអនុវត្តផ្ទាល់ ជាក់ស្តែងដូចកន្លែងការងារ មើលទៅការសិក្សាជំនាញរបស់រាជរដ្ឋាភិបាលមួយនេះគឺអស្ចារ្យខ្លាំងណាស់ គួរឱ្យសរសើរមែនទែន»។ កញ្ញាសង្កត់ធ្ងន់ថា ក្រៅតែពីមានកម្មវិធីសិក្សាគួរឱ្យកោតសរសើរ ក្នុងនោះការយកចិត្តទុកដាក់ពីសំណាក់គ្រូបង្រៀនបច្ចេកទេស បូករួមទាំងវិន័យដ៏ល្អរបស់វិទ្យាស្ថាន ធ្វើឱ្យសិស្សដែលកំពុងសិក្សាជំនាញបច្ចេកទេសរបស់រាជរដ្ឋាភិបាលនៅទីនេះមានភាពរហ័សរហួន វិន័យល្អ មានសុជីវធម៌ និងសីលធម៌ល្អ។ ដែលទាំងនេះគឺកត្តាមួយដ៏មានសារសំខាន់ណាស់ ពីព្រោះក្រៅតែពីសមត្ថភាព សិស្សត្រូវមានសីលធម៌ល្អ និងការប្រព្រឹត្តល្អនៅក្នុងសង្គម បន្ទាប់ពីពួកគេបានបញ្ជប់ការសិក្សាជំនាញរបស់ខ្លួន។ ដោយឡែកកញ្ញា ដេត សាវត្តី អ្នកសារព័ត៌មានវិទ្យុអេប៊ីស៊ី ថា៖«ក្នុងនាមជាអ្នកសារព័ត៌មានពិតជាស្ងោចសរសើរចំពោះការបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ទីធ្លាសាលាធំទូលាយ មានកន្លែងសិក្សាល្អ មានបន្ទប់អនុវត្តផ្ទាល់ មានកន្លែងស្នាក់នៅរបស់សិស្ស មានកន្លែងហូបបាយល្អ មើលទៅសាលាមួយនេះប្រៀបបានដូចផ្ទះរបស់សិស្សចឹង។ សិស្សនៅទីនេះគឺមានសុជីវធម៌ សីលធម៌ល្អណាស់ ខ្ញុំសូមសរសើរអស់ពីចិត្តតែម្តង»។ កញ្ញាបន្ថែមថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសសម្រាប់យុវជននៅអាណត្តិនេះគឺមានភាពអស្ចារ្យខ្លាំងណាស់។ រាជរដ្ឋាភិបាលមានការយកចិត្តទុកដាក់ខ្ពស់លើកម្មវិធីបណ្តុះបណ្តាលមួយនេះ ដូច្នេះសូមឱ្យយុវជន ក៏ដូចជាពលរដ្ឋទាំងអស់សូមមកទទួលយកការបណ្តុះបណ្តាលជំនាញដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភពីសំណាក់រាជរដ្ឋាភិបាលចំពោះយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យរហូតដល់រៀនចប់នេះកុំបីអាក់ខាន។ ទន្ទឹមនឹងនេះក្នុងនាមជាអ្នកសារព័ត៌មានដែលមានតួនាទីផ្សព្វផ្សាយដំណឹងជូនពលរដ្ឋកម្ពុជា ពួកគេនឹងចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ក្នុងការផលិតនូវមាតិកាល្អៗ និងទាក់ទាញ ដើម្បីធ្វើការផ្សព្វផ្សាយនៅតាមបណ្តាញសារព័ត៌មាន និងបណ្តាញអ៊ីនធើណេតឱ្យបានផុសផុល ធ្វើយ៉ាងណាឱ្យកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសដ៏មានសារសំខាន់នេះទៅដល់ដៃពលរដ្ឋនៅទូទាំងប្រទេស ដើម្បីឱ្យពួកគេមកចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភរហូតដល់រៀនចប់ ប្រសិនបើពួកគេជាយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ៕
(សៀមរាប)៖ ក្រុមអ្នកបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងចាប់ផ្ដើមជួសជុលរានហាល និងបង្កាន់ដៃនាគ នៅប៉ែកខាងកើតនៃជ្រុងខាងលិចឆៀងខាងជើងរបស់ប្រាសាទបន្ទាយសំរ៉ែ នេះបើយោងតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា។ គម្រោងជួសជុលនេះ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយនិងស្ថាប័នGIZ នៃប្រទេសអាល្លឺម៉ង់។អ្នកជំនាញអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា លោក ឡុង ណារី ឱ្យដឹងថា បច្ចុប្បន្នរានហាល នៅប៉ែកខាងកើត នៃជ្រុងខាងលិចឆៀងខាងជើងរបស់ប្រាសាទបន្ទាយសំរ៉ែ ចាំបាច់ត្រូវពង្រឹងគ្រឹះ និងរចនាសម្ពន្ធឱ្យរឹងមាំឡើងវិញ ពីព្រោះ គ្រឹះរបស់រានហាលនេះ កន្លែងខ្លះទ្រុឌទ្រោមខ្លាំង កន្លែងខ្លះប្រេះបែកថ្មធ្វើឱ្យរចនាសម្ពន្ធមិនរឹងមាំ។ចំណែកឯ បង្កាន់ដៃនាគនៅផ្នែកខាងលើរបស់រានហាលវិញ ក្រុមអ្នកបច្ចេកទេសកំពុងជួសជុលឡើងវិញទៅតាមអ្វីដែលអាចធ្វើទៅបាន។លោក ឡុង ណារី មានបញ្ជាក់ទៀតថា បច្ចុប្បន្នក្រុមការងារបានរើថ្ម បង្កាន់ដៃនាគខ្លះ ដែលបានរលំ និងផ្ទាំងថ្មខ្លះ បានក្រៀកញែកចេញពីគ្នា រួចហើយ ព្យាយាមរុញចូលគ្នាឡើងវិញ។ ក្នុងការជួសជុលបង្កាន់ដៃនាគនេះដែរ គឺបានប្រើកាវប្រភេទFiber Glass ដើម្បីបិទភ្ជាប់ថ្មដែលបែកឡើងវិញ ព្រមទាំងប្រើសរសៃដែកថែប ដើម្បីតភ្ជាប់តំណថ្ម និងជួយទ្រទម្ងន់ថ្មខ្លះផង។ ចំពោះបង្កាន់ដៃចាស់ខ្លះ ដែលបែករកបំណែកមិនឃើញ គឺក្រុមការងារបានប្រើថ្មថ្មីមកបិទបំពេញ ចំណែកកន្លែងខ្លះដែលបាត់ថ្ម គឺត្រូវយកថ្មថ្មីមកឆ្លាក់ហើយដាក់ជំនួស។បច្ចុប្បន្ននេះ រានហាល និងបង្កាន់ដៃនាគ នៅប៉ែកខាងកើតនៃជ្រុងខាងលិចឆៀងខាងជើងរបស់ប្រាសាទបន្ទាយសំរ៉ែ មានថ្មខូចខាតជាច្រើនប្រភេទ ដោយកន្លែងខ្លះថ្មបានបែកពីលើ កន្លែងខ្លះបែកពីក្រោម កន្លែងខ្លះបែកពីចំហៀង និងកន្លែងខ្លះទៀតថ្ម មានសភាពពុកផុយ ដែលទាមទារឱ្យអ្នកបច្ចេកទេសត្រូវធ្វើ់ការព្យាបាល និងដកជាតិអំបិលចេញពីថ្ម មុននឹងយកដាក់ទៅតាមកន្លែងដើមឡើងវិញ៕
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំ វាំងដល់ បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ ឱ្យបានជ្រាបថា គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា នឹងរៀប ចំព្រះរាជពិធី បដិបត្តិសមាធិ និងមហាបង្សុកូល ឧទ្ទិសព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេស បណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជា ណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅខាងមុខវត្តឧណ្ណា លោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបញ្ចៀសបាននូវ ការកកស្ទះចរាចរក្នុងព្រះរាជពិធីខាងលើ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបញ្ចៀសចរាចរ ជាបណ្តោះ អាសន្ន នូវយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់តាមទីតាំងប្រារព្ធព្រះរាជពិធី នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។ចាប់ពីម៉ោង ១២:០០នាទី រហូតដល់បញ្ចប់ព្រះរាជពិធី តាមតម្រាយផ្លូវដូចខាងក្រោម៖ -បង្វែរទិសចរាចរកំណាត់តីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីខេមរៈភូមិន្ទ (ផ្លូវលេខ១៣០) កែងតីរវិថី ព្រះស៊ីសុវត្ថិ រហូតដល់វិថីឧកញ៉ាឈុន (ផ្លូវលេខ២៤០) កែងតីរវិថីព្រះស៊ីសុវត្ថិ-បង្វែរទិសចរាចរកំណាត់មហាវិថីសម្តេចសុធារស ចាប់ពីវិថីតេជោដំឌិន (ផ្លូវលេខ១៥៤) កែងមហាវិថី សម្តេចសុធារស រហូតដល់ផ្លូវលេខ១៧៨ កែងមហាវិថីសម្តេចសុធារស-បង្វែរទិសចរាចរកំណាត់វិថីតេជោដំឌិន (ផ្លូវលេខ១៥៤) ចាប់ពីតីរវិថីព្រះស៊ីសុវត្ថិ កែងវិថីតេជោ ដំឌិន រហូតដល់ផ្លូវលេខ១៣ កែងវិថីតេជោដំឌិន-បង្វែរទិសចរាចរកំណាត់ផ្លូវលេខ១៣ ចាប់ពីវិថីតេជោដំឌិន (ផ្លូវលេខ១៥៤) កែងផ្លូវលេខ១៣ រហូតដល់ផ្លូវលេខ១៧៨ កែងផ្លូវលេខ១៣។អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវខាងលើ មេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធព្រះរាជពិធីខាងលើ ដោយក្តីអនុគ្រោះ។ ក្រោយបញ្ចប់ព្រះរាជពិធីបុណ្យ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ៕