វីដេអូថ្មីៗ BEST TV
វីដេអូថ្មីៗ SWIFT NEWS
ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក ផេង គីមហេង និងប្រតិភូនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្រ្តាលី ចូលជួបសម្តែងការគួរសម
ថ្ងៃទី០៦ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឱ្យ លោក ផេង គីមហេង និងប្រតិភូនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្រ្តាលី ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ១៤ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤៕

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធី “ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ប្រព័ន្ធបញ្ជរតែមួយជាតិ”
ថ្ងៃទី០៦ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤នេះ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ចូលរួមពិធី “ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ប្រព័ន្ធបញ្ជរតែមួយជាតិ” ។ប្រព័ន្ធបញ្ជរតែមួយជាតិ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ច ប្រឹង ប្រែង ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច ជំរុញការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់ កំណើន សេដ្ឋកិច្ចនៅកម្ពុជា។ ក្នុងន័យនេះ ប្រព័ន្ធបញ្ជរតែមួយជាតិ មានតួនាទីសំខាន់ក្នុងការចូលរួមចំណែកលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មអន្តរជាតិ ស្របតាមយុទ្ធសាស្រ្ត និង គោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការផ្តល់និងទទួលអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ លិខិតអនុញ្ញាត និងឯកសារផ្សេងទៀត ក្នុងទម្រង់អេឡិកត្រូនិក សម្រាប់ទំនិញនាំចេញ-នាំចូល ។ បន្ថែមពីនោះ ប្រព័ន្ធបញ្ជរតែមួយជាតិ គឺជាការរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ច និងការវិនិយោគប្រកបដោយសមធម៌ ប្រកួតប្រជែង តម្លាភាព គណនេយ្យភាព និងសុក្រឹតភាពទាំងផ្លូវច្បាប់ និងបច្ចេកទេសសម្រាប់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស ។រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ បានប្រកាសដាក់ឱ្យអនុវត្ត យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដោយបានកំណត់អាទិភាពចំនួន ៥ គឺ ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ។ ក្នុងនោះ បច្ចេកវិទ្យា គឺជាអាទិភាពថ្មីមួយ ដែលបានកំណត់នៅក្នុងបញ្ចកោណទី៥ គឺការកសាងសេដ្ឋកិច្ច និង សង្គមឌីជីថល ហើយការដាក់ឱ្យអនុវត្តជាផ្លូវការ ប្រព័ន្ធបញ្ជរតែមួយជាតិ តាមអនឡាញ នឹងលើកកម្ពស់បរិយាកាសធុរកិច្ច និងការវិនិយោគប្រកបដោយសមធម៌៕

មានសង្ឃឹមទៀតហើយ! ចាប់ពីថ្ងៃទី ៧ ដល់៩ ខែឧសភា កម្ពុជានឹងមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ១៥%ទៅ ២០%
ថ្ងៃទី០៦ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និង ឧតុនិយម នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ​សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប ៖ -សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម៣,៥ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ឆ្នាំង កំពង់ចាម ស្វាយរៀង ព្រៃវែង និងកណ្តាល អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៥%។២.តំបន់ខ្ពង់រាប ៖ -សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។ ខេត្តឧត្តរមានជ័យ ព្រះវិហារ មណ្ឌលគិរី ត្បូងឃ្មុំ ក្រចេះ និងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២០%។៣.តំបន់មាត់សមុទ្រ ៖-សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៥°C។ ខ្យល់បក់មកពីទិសនិរតី មានល្បឿន មធ្យម២,៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី២០%។ -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕

ប្រធានសភាវៀតណាម លាលែងពីតំណែង
ថ្ងៃទី០៦ ខែឩសភា ឆ្នាំ២០២៤

(អន្តរជាតិ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់វៀតណាមនិយាយថា សភាជាតិបានបោះឆ្នោតដកតំណែងប្រធានសភាជាផ្លូវការ។ នីតិវិធីនេះគឺជាផ្នែកមួយនៃសម័យប្រជុំវិសាមញ្ញលើកិច្ចការបុគ្គលិកដែលបានធ្វើឡើងចំពេលមានការលាលែងពីតំណែងជាបន្តបន្ទាប់ពីមន្ត្រីកំពូល។បក្សកុម្មុយនិស្តបានទទួលយកការលាលែងរបស់លោក Vuong Dinh Hue រួចហើយ នៅថ្ងៃទី 26 ខែមេសា។ លោកត្រូវបានគេចោទប្រកាន់ពីបទ "រំលោភបំពាន និងកង្វះខាត" ទោះបីជាគណបក្សនេះ មិនបានបង្ហាញព័ត៌មានលម្អិតណាមួយក៏ដោយ។ តំណែងជាប្រធានរដ្ឋសភា ជាប្រធានទី៤ក្នុងបក្ស។ការលាលែងពីតំណែងនេះ ធ្វើឡើងតាមពីក្រោយការតំណែងរបស់ប្រធានាធិបតីប្រទេសលោក Vo Van Thuong កាលពីខែមីនា ដែលលោកគឺជាសមាជិកលំដាប់ទីពីរនៃគណបក្ស ហើយអ្នកកាន់តំណែងមុនរបស់លោកទើបតែចុះចេញពីខែមករាឆ្នាំមុន។ការលាលែងនេះកើតឡើងនៅពេលដែលអគ្គលេខាបក្សលោក Nguyen Phu Trong ដែលត្រូវបានចាត់ ទុកថាជាឥស្សរជនដ៏មានឥទ្ធិពលបំផុតក្នុងប្រទេស ដឹកនាំយុទ្ធនាការប្រឆាំងអំពើពុករលួយ។ ការបង្រ្កាបនេះបានធ្វើឲ្យមន្ត្រីនយោបាយជាន់ខ្ពស់មួយចំនួនត្រូវបានចោទប្រកាន់ និងផ្ដន្ទាទោស៕

តើបាតុកម្មនៅបរិវេណសាលាដើម្បីគាំទ្រប៉ាឡេស្ទីន ធ្វើឡើងនៅកន្លែងណាខ្លះជុំវិញពិភពលោក?
ថ្ងៃទី០៦ ខែឩសភា ឆ្នាំ២០២៤

(អន្តរជាតិ)៖ បាតុកម្ម ដើម្បីសាមគ្គីភាពជាមួយប៉ាឡេស្ទីន ក្រោមការឡោមព័ទ្ធរបស់អ៊ីស្រាអែល នៅហ្គាហ្សាបាន រីករាលដាលពាសពេញសកលវិទ្យាល័យ និងមហាវិទ្យាល័យ នៅសហរដ្ឋអាមេរិក និងជុំវិញពិភពលោក។ខណៈពេលដែលការប៉ះទង្គិច និងការប្រឈមមុខដាក់គ្នា ជាមួយប៉ូលីសនៅសាកលវិទ្យាល័យ Columbia, Portland State និង UCLA បានទាក់ទាញការចាប់អារម្មណ៍ជាសកល ការតវ៉ាក៏ត្រូវបានធ្វើឡើងនៅតា មបរិវេណសាលានៅអឺរ៉ុប អាស៊ី និងមជ្ឈិមបូព៌ាផងដែរ។ទោះបីជាការទាមទារក្នុងចំណោមអ្នកតវ៉ាមានភាពខុសប្លែកគ្នា នៅតាមសាកលវិទ្យាល័យនីមួយៗ ក៏ដោយ ភាគច្រើនបានអំពាវនាវឱ្យមហាវិទ្យាល័យដកខ្លួនចេញពីក្រុមហ៊ុនដែលគាំទ្រអ៊ីស្រាអែល និងសង្រ្គាមនៅហ្គាហ្សា។នេះជាការតវ៉ានៅបរិវេណសាលាគាំទ្រប៉ាឡេស្ទីនមួយចំនួនជុំវិញពិភពលោក៖អូស្ត្រាលី៖ ការតវ៉ាដែលគាំទ្រប៉ាឡេស្ទីនបានបង្ហាញខ្លួន នៅក្នុងសាលារៀនយ៉ាងហោចណាស់ចំនួន ប្រាំពីរនៅទូទាំងប្រទេស រួមទាំងសាកលវិទ្យាល័យ Queensland និងសាកលវិទ្យាល័យ ស៊ីដនី។ចក្រភពអង់គ្លេស៖ បាតុកម្មគាំទ្រប៉ាឡេស្ទីនត្រូវបានធ្វើឡើងនៅសាកលវិទ្យាល័យនានានៅទូទាំងប្រទេសចាប់តាំងពីថ្ងៃដំបូងនៃសង្រ្គាមអ៊ីស្រាអែលនៅតំបន់ Gaza ដោយមានការបោះជំរំមួយចំនួន។ សិស្សនៅក្នុងទីក្រុងអង់គ្លេស Newcastle, Leeds, Bristol និង Warwick បានបង្កើតតង់នៅខាងក្រៅអគារ សាកលវិទ្យាល័យរបស់ពួកគេ។ប្រទេសបារាំង៖ នៅទីក្រុងប៉ារីស ការតវ៉ាគាំទ្រប៉ាឡេស្ទីនបានផ្ទុះឡើងនៅ Sciences Po ដែលជាសាកល វិទ្យាល័យមួយក្នុងចំនោមសាកលវិទ្យាល័យដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតរបស់ប្រទេសបារាំង និង សាកលវិទ្យាល័យ Sorbonne ។ប្រទេសឥណ្ឌា៖ ការតវ៉ាត្រូវបានធ្វើឡើង នៅសកលវិទ្យាល័យ Jawaharlal Nehru ដ៏មានកិត្យានុភាព ក្នុងទីក្រុង New Delhi ក្នុងសាមគ្គីភាពជាមួយនិស្សិតដែលតវ៉ានៅកូឡុំប៊ី។ប្រទេសកាណាដា៖ ការតវ៉ាប្រឆាំងនឹងសង្រ្គាមរបស់អ៊ីស្រាអែលនៅហ្គាហ្សា បានវាយលុកទូទាំង សកលវិទ្យាល័យ រួមទាំងនៅសាកលវិទ្យាល័យ McGill សាកលវិទ្យាល័យ Toronto និងសាកលវិទ្យាល័យ British Columbia ។លីបង់៖ និស្សិតរាប់រយនាក់បានប្រមូលផ្តុំគ្នានៅបរិវេណសាលាក្នុងប្រទេសលីបង់ ដោយគ្រវីទង់ជាតិ ប៉ាឡេស្ទីន និងទាមទារឱ្យសាកលវិទ្យាល័យរបស់ពួកគេធ្វើពហិការក្រុមហ៊ុន ដែលធ្វើអាជីវកម្មនៅ អ៊ីស្រាអែល៕

ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តសៀមរាប
ថ្ងៃទី០៦ ខែឩសភា ឆ្នាំ២០២៤

ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តសៀមរាប ។ មានវត្តមានក្នុងពិធីខាងលើ រួមមានថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានគណៈមហាជន គណៈកម្មាធិការកណ្តាល សមាជិក សមាជិកាជនបង្គោលគណៈចលនាមហាជន ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ទូទាំងខេត្តសៀមរាប សរុបប្រមាណ ៥៧០ នាក់។ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈចលនាមហាជនគណបក្សខេត្តសៀមរាប បានថ្លែងអំណរគុណ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងបានធ្វើរបាយការណ៍វឌ្ឍនភាពការងាររបស់គណៈចលណាមហាជន ជូនដល់ឯកឧត្តមអគ្គលេខាធិការ និងគណៈប្រតិភូដែលបានផ្តល់កិត្តិយសដល់គណៈកម្មាធិការបក្ស និងគណៈចលនាមហាជនខេត្ត។បន្ទាប់ពីស្តាប់ការរាយការណ៍របស់ឯកឧត្តមប្រធានគណបក្សខេត្ត ឯកឧត្តមអគ្គលេខាធិការ បានធ្វើការកោតសរសើរដល់ក្រុមការងារទាំងអស់ដែលបានខិតខំកសាងនូវសមិទ្ធផលកន្លងមក។ ទន្ទឹមនេះ ឯកឧត្តមក៏បានសំណូមពរដល់ថ្នាក់ដឹកនាំក្រុមការងារមហាជនខេត្តសៀមរាប គ្រប់លំដាប់ថ្នាក់ទាំងអស់ រក្សាឱ្យបាននូវសាមគ្គីផ្ទៃក្នុង និងការអនុវត្តគោលការណ៍ផ្សេងៗដែលបានដាក់ចេញដោយថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងចូលរួមបំផុស និងផ្សព្វផ្សាយ ទៅដល់សមាជិក សមាជិកាគណបក្ស ឱ្យស្វែងយល់ និងគាំទ្រដល់វិធានការនានារបស់រាជរដ្ឋាភិបាល ជាពិសេស ការលើកឡើងពីការប្តេជ្ញាចិត្តចំពោះការអនុវត្តគម្រោងព្រែកជីក ហ្វូណន-តេជោ របស់សម្តេចតេជោ កាលពីថ្ងៃទី២៦ ខែមេសា កន្លងទៅ។ ឯកឧត្តមបានបញ្ជាក់ សូមឱ្យសមាជិកទាំងអស់ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រី។ចុងបញ្ចប់ឯកឧត្តមបានរំឭកឡើងវិញ នូវប្រសាសន៍របស់សម្តេចធិបតី ដែលជាសារដាស់តឿន ដល់សមាជិក សមាជិកាទាំងអស់ថា "ជំនឿទុកចិត្តដែលបានមកពីប្រជាជន ត្រូវការកសាងជាប្រចាំ ហើយត្រូវការពេលវេលាយូរ ដើម្បីទទួលបាន"។ សូមបញ្ជាក់ផងដែរថា ពិធីសំណេះសំណាលខាងលើ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងរចនាសម្ព័ន្ធ និងតួនាទីរបស់ការងារចលនាមហាជនរបស់គណបក្សនៅថ្នាក់មូលដ្ឋានរបស់គណបក្ស ដើម្បីរួមចំណែកដល់ការធានាជ័យជំនះជូនគណបក្សនៅគ្រប់ការបោះឆ្នោតនាពេលខាងមុខ៕

លោក ស៊ី ជិនពីង កំពុងបំពេញទស្សនកិច្ចនៅអឺរ៉ុបជាលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំ
ថ្ងៃទី០៦ ខែឩសភា ឆ្នាំ២០២៤

(អន្តរជាតិ)៖ នៅពេលដែលលោក Xi Jinping បានទៅដល់ប្រទេសអ៊ីតាលីសម្រាប់ដំណើរទស្សន កិច្ចផ្លូវរដ្ឋក្នុងឆ្នាំ 2019 លោកត្រូវបានទទួលស្វាគមន៍យ៉ាងរីករាយ ជាមួយនឹងដំណើរទេសចរណ៍ឯកជន នៃទីតាំងសំខាន់ៗរបស់រ៉ូម៉ាំង និងអាហារពេលល្ងាចដ៏សែនមនោរម្យដោយអ្នកចំរៀងអូប៉េរ៉ា Andrea Bocelli ។ប្រាំឆ្នាំបន្តបន្ទាប់ មេដឹកនាំចិនត្រឡប់ទៅអឺរ៉ុបវិញ។ លោក Xi បានទៅដល់ប្រទេសបារាំង កាលពីថ្ងៃ អាទិត្យ ហើយខណៈពេលដែលភាពរីករាយ និងពិធីអាចនៅតែមានក្នុងអំឡុងពេល ដំណើរទស្សនកិច្ច អឺរ៉ុបរយៈពេលប្រាំមួយថ្ងៃរបស់លោក ទស្សនៈស្តីពីប្រទេសចិននៅទូទាំងទ្វីបនេះ បានផ្លាស់ប្តូរយ៉ាងខ្លាំង ចាប់តាំងពីដំណើរទស្សនកិច្ចចុងក្រោយរបស់លោក។ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ សហភាពអឺរ៉ុបបានបើកការស៊ើបអង្កេតពាណិជ្ជកម្ម ទៅលើ ទួរប៊ីនខ្យល់របស់ប្រទេសចិន និងការទិញឧបករណ៍វេជ្ជសាស្រ្ត ហើយបានវាយឆ្មក់ ការិយាល័យរបស់ ក្រុមហ៊ុនផលិតឧបករណ៍សន្តិសុខចិន Nuctech ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើការឧបត្ថម្ភធន។ ប្រទេសអាល្លឺម៉ង់ និងចក្រភពអង់គ្លេសក្នុងប៉ុន្មានថ្ងៃថ្មីៗនេះក៏បានចាប់ខ្លួន ឬចោទប្រកាន់មនុស្ស យ៉ាងតិចប្រាំមួយនាក់ផងដែរ ពីបទចារកម្ម និងឧក្រិដ្ឋកម្មពាក់ព័ន្ធដែលពាក់ព័ន្ធជាមួយប្រទេសចិន៕

ប្រយ័ត្ន! ប្រសិនបើមានអ្នកឆាតខ្ចីលុយមិនថាជាអ្នកស្គាល់គ្នាឬជាសារសំឡេងក្ដី គួរណាតែខលទៅសួរបញ្ជាក់ជាមុនសិន បើមិនចង់អស់លុយទទេៗឱ្យទៅជនបោកប្រាស់!
ថ្ងៃទី០៦ ខែឩសភា ឆ្នាំ២០២៤

(ចំណេះដឹង)៖ មិនមែនជារឿងប្លែកនិងជារឿងដែលថ្មីនោះទេចំពោះរឿងហេកអខោនហ្វេសប៊ុកពីសំណាក់ពួកឆបោកដើម្បីបោកប្រាស់តាមរយៈការខ្ចីលុយ។ តែអ្វីដែលកាន់តែគួរប្រុងប្រយ័ត្នបន្ថែមជាងនេះទៅទៀតនោះលោកអ្នកគួរណាតែខលសួរបញ្ជាក់ទៅកាន់សមីខ្លួនដែលមានបំណងចង់ខ្ចីលុយជាមុនសិន ការធ្វើបែបនេះមិនមែនមិនទុកចិត្តអ្នកដែលយើងស្គាល់គ្នាឬរាប់អានជិតស្និតនោះទេ តែជាការការពារទៅវិញទេដោយហេតុថាបច្ចេកវិទ្យាកាន់តែជឿនលឿនជនឆបោកទាំងនោះគឺអាចកែសំឡេងតាមរយៈប្រព័ន្ធAI ដែលស្ដាប់ទៅសឹងតែដូចម្ចាស់ដើម៩៩%។យ៉ាងណាមិញយោងតាមការបង្ហោះសារចេញពីគណនីហ្វេសប៊ុកឈ្មោះ Vochlang lim ដែលមានខ្លឹមសារថា « សូមប្រុងប្រយ័ត្ន ប្រសិនមានអ្នកឆាតមកខ្ចីលុយឬ ធ្វើអ្វីពាក់ព័ន្ធជាមួយលុយសូមកុំទាន់ជឿ ត្រូវខលទៅសួរម្ចាស់សាមីខ្លួនផ្ទាល់ជាមុនសិន ព្រោះអាចជាបច្ចេកវិទ្យា AI ធ្វើសំលេងដូចយើង៩៩%បាន»។ ដោយឡែកមិនមែនត្រឹមតែខ្លឹមសារប៉ុន្មានឃ្លាខាងលើនេះទេទើបយើងយកមកបកស្រាយនិងអះអាងដូច្នេះក៏ប៉ុន្ដែសង្គេតឃើញជាក់ស្ដែងតែម្ដង ថាជារឿយៗក្នុងបណ្ដាញសង្គមត្រូវបានជនរងគ្រោះមិននោះទេបានចែករំឡែកទាក់ទងទៅនឹងបញ្ហាខាងលើ ដោយពួកគេបានជឿទៅនឹងសារសំឡេងទាំងនោះគឺជាសំឡេងពិតរបស់ម្ចាស់គណនី តែក្រោយមកបានត្រឹមសោកស្ដាយបន្ទាប់ពីវេលុយហើយនិងខលទៅលេខផ្ទាល់ម្ចាស់គណនីបានតបថាគណនីនោះគឺត្រូវបានគេហេកបាត់ហើយ។ទោះជាយ៉ាងណានេះគឺសារមួយទៅកាន់អ្នកប្រើប្រាស់បណ្ដាញសង្គមគ្រប់រូបគួរបង្កើនការប្រុងប្រយ័ត្ននិងពុំទាន់ងាយក្នុងការជឿលឿនពេក ស៊ូចំណាយពេលបន្តិចបន្តួចក្នុងការទាក់ទងតាមរយៈលេខទូរស័ព្ទដើម្បីបញ្ជាក់បន្ថែមជៀសវាងខាតបង់លុយកាក់ទទេៗឱ្យទៅជនឆបោកទាំងនោះ៕

ល្មមផ្អាកខ្លះ! អ្នកនិយមទទួលទានមីនិងភេជ្ជៈផ្អែមៗជាប្រចាំថ្ងៃ បើអាចគួរណាកាត់បន្ថយខ្លះបើមិនចង់ជួបនូវជំងឺកាចសាហាវមួយនេះ!
ថ្ងៃទី០៦ ខែឩសភា ឆ្នាំ២០២៤

(សុខភាព)៖ ជាការពិតណាស់បច្ចុប្បន្នមីនិងភេជ្ជៈដែលមានរសជាតិផ្អែមខ្លាំងគឺហាក់កំពុងពេញនិយមជាខ្លាំងសម្រាប់យុវវ័យនិងក្មេងៗ ដោយហេតុវាមានរសជាតិឆ្ងាញ់និងថែមទាំងងាយស្រួលក្នុងការទទួលទាន ក៏ប៉ុន្តែបើសិនជាលោកអ្នកយកអាហារបែបនេះមកធ្វើជាអាហារប្រចាំថ្ងៃនោះពុំមែនជារឿងដែលល្អសម្រាប់សុខភាពប៉ុន្នានឡើយហើយថែមទាំងនាំឱ្យអ្នកជួបបញ្ហា ស្អិតពោះវៀនដែលអាចនាំទៅដល់ការបាត់បង់ជីវិតទៀតផង។ជាក់ស្ដែងៗកាលពីពេលថ្មីៗនេះឃើញមានយុវវតីរូបស្រស់ម្នាក់បានបង្ហោះវីដេអូដោយរៀបរាប់អំពីផលប៉ះពាល់ចំពោះការទទួលទានមីកំប៉ុងនិងភេជ្ជៈដែលមានរសជាតិផ្អែមខ្លាំង ដោយរូបខ្លួនបានសង្គេតឃើញជាក់ស្ដែងចំពោះអ្នកជិតខាងម្នាក់ដែលលតែងតែទទួលទានអាហារទាំងនេះរហូតធ្វើឱ្យអ្នកទទួលទាននោះបានរងនូវជំងឺស្អិតពោះវៀន រហូតឈានដល់ការបាត់បង់ជីវិតទៀតផង។ទោះជាយ៉ាងណាក្ដីការចែករំលែកបែបនេះពុំមែនមានន័យថាមិនឱ្យអ្នកទាំងអស់គ្នាឈប់ទទួលទានទាំងស្រុងនោះទេ ក៏ប៉ុន្តែអារហារសម្រន់បែបនេះយូរៗម្ដងឬទទួលទានពេលដោះទាល់គឺសាកសមពេកហើយ មិនគួរណាបរិភោគជារៀងរាល់ថ្ងៃនោះទេ។ លើសពីនេះទៅទៀតវារឹទ្ធតែប៉ះពាល់កាន់តែខ្លាំងចំពោះកុមារតូចៗមិនថាការលូតលាស់នោះទេ វាក៏អាចនាំឱ្យកើតនូវជំងឺផ្សេងៗទៀតផង ដូច្នេះហើយអាណាព្យាបាលគ្រប់រូបគួរណាប្រុងប្រយ័ត្ននឹងយកចិត្តទុកដាក់ចំពោះរបបអាហាររបស់កូនពិសេសកំឡុងពេលកូនៗទៅរៀន៕

លោកគ្រូបង្រៀនម្នាក់បង្ហាញអារម្មណ៍សោកសៅ និងអួលដើមករក្រោយពីសិស្សសុំឈប់រៀនព្រោះហេតុផលមួយនេះ!
ថ្ងៃទី០៦ ខែឩសភា ឆ្នាំ២០២៤

(សង្គម)៖ លោកគ្រូបង្រៀនម្នាក់ហេតុតែទប់អារម្មណ៍សោកសៅមិនចង់បាន ក៏សម្រេចចិត្តបង្ហោះសំណេររៀបរាប់ទាំងអួលដើមករ ក្រោយពីសិស្សរបស់ខ្លួនបានសុំឈប់សិក្សាបន្តទៀតដោយនិយាយបណ្ដើរហូរទឹកភ្នែកបណ្ដើរ ក៏ព្រោះតែឪពុកតម្រូវឱ្យទៅធ្វើការរោងចក្រដើម្បីផ្គង់ផ្គង់ជីវភាពគ្រួសារនិងសងបំណុលធនាគាររហូតជាង១ម៉ឺន$។ ជាក់ស្ដែងយោងតាមគណនីហ្វេសប៊ុកឈ្មោះ អៀង ឈុនលី ដែលជាគ្រូបង្រៀនផ្នែកអក្សរសាស្រ្តខ្មែរ បានបង្ហោះសំណេរអមមកជាមួយEmoji សោកសៅជាច្រើនយ៉ាងដូច្នេះថា «ក្នុងនាមជាគ្រូខ្មែរម្នាក់ នៅពេលសិស្សប្រាប់ទាំងហូរទឹកភ្នែកថា ខ្ញុំឈប់រៀនហើយលោកគ្រូ ថ្ងៃចន្ទម៉ោងលោកគ្រូខ្ញុំលែងបានមករៀនហើយ។ខ្ញុំសួរថា៖ហេតុអ្វីប្អូន? គាត់តបថា៖ ពុកឱ្យឈប់ ទៅធ្វើការរោងចក្រ រកលុយសងធនាគារ ជំពាក់គេជាង1ម៉ឺន$ ព្រោះពុកខ្ញុំឈឺធ្ងន់ ឯម៉ែខ្ញុំមិនមានចំណូល។ គ្រូអួលដើមក ហើយ។ ក្នុងនាមជាគ្រូមិនចង់ឮថាខ្ញុំឈប់រៀនហើយទេ ហើយក៏មិនចង់ឃើញទិដ្ឋភាពបែបនេះនៅក្នុងសង្គមខ្មែរយើងដែរ។  ហេតុអ្វីបង្ខំកុមារអាយុត្រឹម14ឆ្នាំ ឱ្យបោះបង់ការសិក្សា ទាំងគ្នានៅចង់រៀន?  ហេតុអ្វីកូនអ្នកក្រចង់រៀនសូត្រ បែរគ្មានឱកាស? ហេតុអ្វីកូនអ្នកធូរធារខ្លះខ្ជិលរៀន?  ហេតុអីប្អូនខ្លះទៅរៀន បែរជាគេចសាលា រវល់បណ្ដើរគ្នា ជាមួយសង្សារ មិនគិតពីអនាគត? ហេតុអ្វី?»។តាមរយៈការបង្ហោះខាងលើនេះផងដែរបានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមជាច្រើនមានអារម្មណ៍ថាសោកស្ដាយនិងហបានត្រឹមតែអាណិតពីចម្ងាយតែប៉ិណ្នោះដោយហេតុថាបញ្ហាបែបនេះគឺមានស្រដៀងៗគ្នានិង កើតឡើងច្រើនគ្រួសារខ្លាំងណាស់ ដូច្នេះហើយបើទោះបីជាបង្ហោះរកជំនួយក៏ពិបាកផងដែរ។ យ៉ាងណាមិញបញ្ហានេះផងដែរត្រូវបានមហាជនធ្វើការបញ្ចេញមតិយោបល់ដោយវែកញែកថា ពុំអាចរកកំហុសនិងគួរបន្ទោសនរណាបាននោះឡើយព្រោះវាជារឿងដែលពុំមាននរណាម្នាក់ចង់ឱ្យកើតឡើងនោះឡើយ។ ទោះជាយ៉ាងណាក្ដីនេះក៏អាចជាសារមួយផងដែរដែលជំរុញឱ្យអ្នកមានគ្រួសារគ្រប់រូបគឺគួរតែខិតខំប្រឹងប្រែងបន្តទៀតបើទោះបីជាខ្លួនកំពុងតែជួបនូវបញ្ហាសេដ្ឋកិច្ចគ្រួសារក៏ដោយ នោះក៏ព្រោះតែដើម្បីគ្រួសារទាំងមូលជាពិសេសគឺកូនៗដែលគួរណាតែទទួលបាននូវការសិក្សាពេញលេញ៕

ហ្វីលីពីន និងអាមេរិក បាញ់កងកម្លាំងឈ្លានពាន ក្នុងការប្រកួតប្រជែងសង្រ្គាមនៅសមុទ្រចិនខាងត្បូង
ថ្ងៃទី០៦ ខែឩសភា ឆ្នាំ២០២៤

(ហ្វីលីពីន)៖ កងទ័ពសហរដ្ឋអាមេរិក និងហ្វីលីពីនបានបាញ់មីស៊ីល និងកាំភ្លើងធំទៅកាន់កងកម្លាំង លុកលុយ ក្នុងអំឡុងពេលហ្គេមសង្រ្គាម នៅលើឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសហ្វីលីពីន ប៉ុន្មានថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលរបស់ពួកគេបានជំទាស់នឹងសកម្មភាព "គ្រោះថ្នាក់" របស់ចិននៅក្នុងដែនទឹក ក្នុងតំបន់។កងទ័ពរាប់ពាន់នាក់កំពុងធ្វើសមយុទ្ធផ្លូវគោក សមុទ្រ និងផ្លូវអាកាស ប្រឆាំងនឹងផ្ទៃខាងក្រោយនៃការ ប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងរវាងនាវាចិន និងហ្វីលីពីន នៅជុំវិញច្រាំងសមុទ្រក្នុងសមុទ្រចិន ខាងត្បូង ដែលទាមទារដោយទីក្រុងម៉ានីល ក៏ដូចជាការបង្កើនសកម្មភាពទ័ពអាកាស និងជើងទឹករបស់ ចិននៅជុំវិញកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងផងដែរ។ អ្នកកាសែត AFP បានមើលឃើញថា ទាហានអាមេរិកបានប្រមូលផ្តុំគ្នានៅវាលខ្សាច់មួយ នៅលើឆ្នេរ ភាគពាយព្យនៃកោះ Luzon ចម្ងាយប្រហែល 400 គីឡូម៉ែត្រភាគខាងត្បូងនៃកោះតៃវ៉ាន់ បានបាញ់ ចំនួនជាង 50 គ្រាប់ដែលមានទំហំ 155mm នៅគោលដៅចម្ងាយប្រហែល 5 គីឡូម៉ែត្រពីឆ្នេរសមុទ្រ។កងទ័ពហ្វីលីពីនបានតាមដានដោយការបាញ់គ្រាប់រ៉ុក្កែតក្នុងគោលបំណងកាត់បន្ថយអ្នកវាយប្រហារ មុនពេលកងកម្លាំងទាំងពីរបានបញ្ចប់ការងារដោយកាំភ្លើងយន្ត កាំជ្រួច Javelin និងកាំភ្លើងធំជា ច្រើនទៀត៕

ប្លែកៗ! កម្មវិធីប្រកួតយំសម្រាប់ទារក ប្រារព្ធធ្វើឡើងនៅក្នុងប្រទេសជប៉ុន
ថ្ងៃទី០៦ ខែឩសភា ឆ្នាំ២០២៤

(អន្តរជាតិ)៖ ទារកប្រហែល៧០០នាក់បានចូលរួមក្នុងការប្រកួតយំ ប្រចាំឆ្នាំនៅក្នុងខេត្ត Hiroshima ភាគខាងលិចប្រទេសជប៉ុន។ទីសក្ការៈបូជា Hiroshima Gokoku បានក្លាយជាទីតាំងប្រារព្ធពិធីនៅថ្ងៃទិវាកុមារ 5 ឧសភា ដើម្បីសុំឱ្យកុមារ មានសុខភាពល្អ និងសុខុមាលភាព។ទារកដែលមានអាយុពី 6 ទៅ 18 ខែ ស្លៀកពាក់អាវធំបែបប្រពៃណី និងពាក់ខ្សែលើក្បាល។ ទារកពីរនាក់អង្គុយទល់មុខគ្នាក្នុងសង្វៀន ហើយទារកដែលយំមុន គឺជាអ្នកឈ្នះ។ទារកខ្លះស្រក់ទឹកភ្នែក មុនពេលការប្រកួត ហលតការ​ប្រកួត​មួយ​ចំនួន​បាន​បញ្ចប់​ដោយ​លទ្ធផល​ស្មើ ខណៈ​ទារក​ទាំង​ពីរ​ នៅ​តែ​ស្ងប់ស្ងាត់ មិនព្រមយំ។ម្ដាយ​ម្នាក់​បាន​និយាយ​ថា គាត់​គិត​ថា​កូន​ប្រុស​អាយុ ១៦ ខែ​របស់​គាត់​ប្រហែល​ជា​មិន​ងាយ​យំ​នោះ​ទេ  ប៉ុន្តែកូនរបស់គាត់បានយំហើយ ហើយម្តាយ​បាន​បន្ថែម​ថា គាត់​សង្ឃឹម​ថា​ទារក​នឹង​ធំ​ឡើង ​មាន​សុខភាព​ល្អ​៕ 

តុលាការអន្តរជាតិ អាចនឹងចេញដីកាចាប់ខ្លួន មេដឹកនាំអ៊ីស្រាអែល
ថ្ងៃទី០៦ ខែឩសភា ឆ្នាំ២០២៤

(អន្តរជាតិ)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានព្រមានតុលាការឧក្រិដ្ឋកម្មអន្តរ ជាតិប្រឆាំងនឹងការចេញដីកាចាប់ខ្លួនដែលមានសក្តានុពលប្រឆាំងនឹងរូបលោក និងមេបញ្ជាការ អ៊ីស្រាអែល ជាលទ្ធផលនៃការស៊ើបអង្កេតរបស់ខ្លួនលើសង្គ្រាមនៅតំបន់ហ្គាហ្សា ដោយនិយាយថា ការធ្វើដូច្នេះនឹងបន្សល់ទុកនូវ "ស្នាមប្រឡាក់ដែលមិនអាចលុបបាន" លើគោលគំនិតអន្តរជាតិ យុត្តិធម៌ និងច្បាប់។ការអត្ថាធិប្បាយរបស់លោក Netanyahu នៅក្នុងសុន្ទរកថាតាមទូរទស្សន៍សម្រាប់ពិធីបើកទិវាចងចាំ ហាក់ដូចជាសំដៅទៅលើរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែលដែលថា មន្ត្រីរដ្ឋាភិបាល ជាច្រើនរួមទាំងនាយករដ្ឋមន្ត្រី មានការព្រួយបារម្ភថា ដីកាចាប់ខ្លួនបែបនេះអាចនឹងកើតមាន។ខណៈពេលដែលតុលការ ICC ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ បានបដិសេធមិនធ្វើអត្ថាធិប្បាយ អំពីដីកាចាប់ខ្លួនណាមួយ ដែលអាចចេញពីការស៊ើបអង្កេតរបស់ខ្លួនលើសង្គ្រាមនៅហ្គាហ្សា ពាក្យចចាមអារ៉ាមបានរីករាលដាលនៅក្នុងសារព័ត៌មានអ៊ីស្រាអែលក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះថា តុលាការអាចកំណត់គោលដៅលោក Netanyahu និងមន្ត្រីអ៊ីស្រាអែលសំខាន់ៗផ្សេងទៀត។ នៅក្នុងសុន្ទរកថារបស់លោក លោក Netanyahu បានសង្កត់ធ្ងន់ថា ICC ត្រូវបាន "បង្កើតឡើងជា លទ្ធផលនៃអំពើសម្លាប់រង្គាល" ហើយមិនគួរប៉ុនប៉ង "ធ្វើឱ្យខូច" សិទ្ធិជាមូលដ្ឋានរបស់អ៊ីស្រាអែល ក្នុងការការពារខ្លួននោះទេ។លោក​បាន​ប្រកែក​ថា ការ​ចាប់​ខ្លួន​ណា​មួយ​នឹង​ដាក់​កម្រិត​សមត្ថភាព​របស់​អ៊ីស្រាអែល​ក្នុង​ការ​ការពារ​ខ្លួន ដោយ​ហៅ​វា​ថា​ជា «ការ​បំភ្លៃ​យុត្តិធម៌ និង​ប្រវត្តិសាស្ត្រ»។«​ទោះបី​អ៊ីស្រាអែល​ត្រូវ​បង្ខំ​ឱ្យ​ឈរ​តែ​ម្នាក់​ឯង​ក៏​ដោយ ក៏​យើង​នៅ​តែ​ឯង ហើយ​យើង​នឹង​បន្ត​វាយប្រហារ​សត្រូវ​របស់​យើង​យ៉ាង​ខ្លាំងក្លា​រហូត​ដល់​ទទួល​បាន​ជ័យជម្នះ ។ ទោះ​បី​ជា​យើង​ត្រូវ​ឈរ​តែ​ម្នាក់​ឯង​ក៏​ដោយ យើង​នឹង​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​អាក្រក់​របស់​មនុស្ស»។នៅក្នុងការប្រកាសនៅលើ X ក្នុងខែកុម្ភៈ រដ្ឋអាជ្ញា ICC លោក Karim Khan បាននិយាយថា ការិយាល័យ របស់លោកមាន "ការស៊ើបអង្កេតដែលកំពុងបន្ត និងសកម្មលើស្ថានភាពនៅក្នុងរដ្ឋប៉ាឡេស្ទីន" ដោយ បន្ថែមថា ការិយាល័យរបស់លោកកំពុង "ស៊ើបអង្កេតយ៉ាងសកម្មនូវឧក្រិដ្ឋកម្មណាមួយដែល ត្រូវបានចោទប្រកាន់។ អ្នក​ដែល​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ»។គួរបញ្ជាក់ថា អ៊ីស្រាអែលមិនមែនជាសមាជិកនៃ ICC ហើយបដិសេធយុត្តាធិការរបស់តុលាការ ដែល នោះ​មិនបាន​បញ្ឈប់​តុលាការ​ពី​ការ​ស៊ើបអង្កេត​សកម្មភាព​របស់​ខ្លួន​នៅ​ក្នុង​ទឹកដី​ប៉ាឡេស្ទីន​ដែល​កាន់កាប់​នោះ​ទេ៕

ផ្លូវដែកដំបូងគេ តភ្ជាប់ប្រទេសចិន ឡាវ ថៃ ម៉ាឡេស៊ី
ថ្ងៃទី០៦ ខែឩសភា ឆ្នាំ២០២៤

(អន្តរជាតិ)៖ ផ្លូវរថភ្លើងដឹកទំនិញដំបូងរបស់ចិន តភ្ជាប់ជាមួយប្រទេសឡាវ ថៃ ម៉ាឡេស៊ី បានចេញ ដំណើរពីទីក្រុង Chengdu នៃខេត្ត Sichuan ភាគនិរតីនៃប្រទេសចិនកាលពីពេលថ្មីៗនេះ ដែលជា ព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការតភ្ជាប់ក្នុងតំបន់។រថភ្លើងដែលផ្ទុកកុងតឺន័រ 30 នៃម៉ូនីទ័រ LCD និងរថយន្តថាមពលថ្មី ធ្វើដំណើរតាមខ្សែរថភ្លើងចិន-ឡាវ ហើយបន្ទាប់មកបណ្តាញផ្លូវដែកនៃប្រទេសឡាវ និងថៃ មុនពេលទៅដល់ម៉ាឡេស៊ី។រថភ្លើងត្រូវចំណាយពេលប្រាំថ្ងៃ ដើម្បីទៅដល់ប្រទេសថៃ និងប្រាំបីថ្ងៃក្នុងប្រទេសម៉ាឡេស៊ី ដោយ កាត់បន្ថយការចំណាយពេលដឹកជញ្ជូនពាក់កណ្តាល បើប្រៀបធៀបទៅនឹងផ្លូវសមុទ្រប្រពៃណី ពីទីក្រុង Qinzhou នៃតំបន់ស្វយ័ត Guangxi Zhuang របស់ប្រទេសចិន។សារព័ត៌មាន Insiders បាននិយាយថា ផ្លូវរថភ្លើងនេះនឹងពង្រីកបន្ថែមទៀតនូវសេវាផ្លូវដែកឡាវ-ចិន ដូច្នេះការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន ឡាវ ថៃ និងម៉ាឡេស៊ី។ វាក៏នឹងជួយពន្លឿនការអភិវឌ្ឍន៍បណ្តាញផ្លូវដែកក្នុងតំបន់ ដោយផ្តល់នូវការគាំទ្រថ្មីសម្រាប់ អន្តរកម្ម សេដ្ឋកិច្ច និងកំណើនរវាងខេត្តស៊ីឈួន និងតំបន់អាស៊ីអាគ្នេយ៍។គួរបញ្ជាក់ថា ប្រទេសចិន និងថៃ បានតភ្ជាប់បណ្តាញផ្លូវដែករបស់ពួកគេ ដោយខ្សែផ្លូវដែកឡាវ-ចិន ដោយជួយកាត់បន្ថយពេលវេលាដឹកជញ្ជូនពីប្រទេសថៃទៅកាន់ភាគនិរតីនៃប្រទេសចិន មកត្រឹមមួយ ទៅពីរថ្ងៃ ជំនួសឱ្យការដឹកជញ្ជូនតាមសមុទ្រ ប្រើរយះពេលមួយសប្តាហ៍៕

ថៃធ្លាក់ភ្លៀងជាដុំទឹកកកប៉ុនពងមាន់ បណ្តាលឱ្យមនុស្ស៣នាក់បាត់បង់ជីវិត
ថ្ងៃទី០៦ ខែឩសភា ឆ្នាំ២០២៤

(អន្តរជាតិ)៖ ការិយាល័យ​បង្ការ និង​កាត់បន្ថយ​គ្រោះ​មហន្តរាយ​ខេត្ត​បឹង​កាន ​បាន​ឲ្យ​ដឹង​ថា ខេត្ត​នេះ​មាន​ខ្យល់​ព្យុះ​បោកបក់​ពេញ​មួយ​យប់​ថ្ងៃ កាលពី​សុក្រ​រហូត​ដល់​ព្រឹក​ថ្ងៃ​សៅរ៍។ការិយាល័យបាននិយាយថា ខ្យល់ព្យុះនេះបានប៉ះពាល់ដល់ 184 គ្រួសារនៅក្នុង 51 ភូមិ ក្នុង 5 ស្រុក ដូចជាស្រុកមឿង, សេកា, ប៉ាកឃាដ, បឹងខ្លា និងបឹងខុងឡុង។ក្នុង​ស្រុក Muang កម្មករ​បី​នាក់​នៅ​ការដ្ឋាន​សំណង់​មួយ ​នៅ​ផ្លូវ Bueng Kan-Bo Likhamsai បាន​ស្លាប់ បាត់បង់ជីវិត នៅ​​ពេល​ខ្យល់​ព្យុះ​បាន​បោក​បក់​មក​លើ​រថយន្ត​ស្ទូច​ ដែល​ធ្លាក់​មក​លើ​កម្មករ។នៅក្នុងខេត្ត Chaiyaphum មន្ត្រីបាននិយាយថា ព្យុះភ្លៀងបានវាយប្រហារស្រុកចំនួនបួន ដូចជា ស្រុក Muang, Ban Khewa, Chaturus និង Phu Khiew កាលពីល្ងាចថ្ងៃសៅរ៍ ហើយបណ្តាលឱ្យដាច់ភ្លើង ប្រហែលពីរម៉ោង។អ្នក​ភូមិ​បាន​រាយការណ៍​ថា ដុំទឹកកក​ទំហំ​ប៉ុន​ពង​មាន់ ​បាន​ធ្លាក់​មក​លើ​ដំបូល​ផ្ទះរបស់ពួកគេ ហើយ​ដើមឈើ​ជា​ច្រើន​ត្រូវ​បាន​ដួលរលំ​ដោយសារ​ខ្យល់​បក់​ខ្លាំង។ចំណែក នៅក្នុងខេត្ត Uthai Thani លោក Surasak Wongnak នាយកប្រតិបត្តិនៃអង្គការរដ្ឋបាល Tambon Nong Phai បាននិយាយថា ផ្ទះចំនួន 70 ខ្នងបានរងការខូចខាតដោយសារព្យុះភ្លៀងនៅក្នុង tambon របស់គាត់កាលពីយប់ថ្ងៃសៅរ៍។លោក​បាន​បន្ត​ថា ខ្យល់​ព្យុះ​ក៏​បាន​បំផ្លាញ​បង្គោល​ភ្លើង​ផង​ដែរ ដែល​បណ្តាល​ឲ្យ​ដាច់​អស់​រយៈពេល​ជាង ២ ម៉ោង​៕

បណ្តាញសង្គម