វីដេអូថ្មីៗ BEST TV
វីដេអូថ្មីៗ SWIFT NEWS
ព័ត៌មានជាតិ
ទណ្ឌកម្មថ្មីរបស់អាមេរិក ផ្តោតលើហិរញ្ញវត្ថុយោធាកូរ៉េខាងជើង
ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤

(អន្តរជាតិ)៖ សហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៦ និងអង្គភាពចំនួន ២ ដែល មានមូលដ្ឋាននៅក្នុងប្រទេសរុស្ស៊ី ចិន និងអារ៉ាប់រួម ដោយចោទប្រកាន់ពួកគេពីបទផ្តល់មូលនិធិ ដល់កម្មវិធីអាវុធ របស់កូរ៉េខាងជើង។ប្រទេសកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ក៏បានដាក់ទណ្ឌកម្មលើបុគ្គលចំនួន 4 ក្នុងចំណោមបុគ្គល 6 នាក់ដូចគ្នា និងអង្គភាពទាំងពីរផងដែរ។សេចក្តីថ្លែងការណ៍របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក និងក្រសួងការបរទេសកូរ៉េខាងត្បូង បាន និយាយថា សកម្មភាពនេះត្រូវបានធ្វើឡើងនៅ ក្នុងការសម្របសម្រួលរវាងប្រទេសទាំងពីរ។អាមេរិក​បាន​ដាក់​ឈ្មោះ​បុគ្គល​ទាំង​ប្រាំមួយ​នាក់​នោះ​មាន​ដូចជា Yu Pu Ung, Ri Tong Hyok, Han Chol Man, O In Chun, Jong Song Ho និង Jon Yon Gun។អង្គភាពដែលត្រូវទទួលទណ្ឌកម្មគឺ Alis LLC ដែលមានមូលដ្ឋាននៅទីក្រុង Vladivostok ប្រទេសរុស្ស៊ី និងក្រុមហ៊ុន Pioneer Bencont Star Real Estate ដែលមានមូលដ្ឋាននៅអារ៉ាប់រួម។សេចក្តីថ្លែងការណ៍បាននិយាយថា ក្រុមហ៊ុនទាំងពីរគឺជាអ្នកក្រោមបង្គាប់របស់ក្រុមហ៊ុន Chinyong Information Technology Cooperation Co ដែលជាអង្គភាពមួយដែលត្រូវបានផ្សារភ្ជាប់ជាមួយ នឹងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសកូរ៉េខាងជើង។ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូលបាននិយាយថា ការដាក់ទណ្ឌកម្មនេះមិនត្រឹមតែផ្តោតទៅ លើបុគ្គល ដែលពាក់ព័ន្ធដោយផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងអ្នកដែលជួយដល់សកម្មភាពហិរញ្ញវត្ថុ ខុសច្បាប់ របស់ប្រទេសកូរ៉េខាងជើង ជាពិសេសអ្នកដែលរកបានរូបិយប័ណ្ណបរទេសនៅក្នុង វិស័យបច្ចេកវិទ្យាព័ត៌មាននៅបរទេស៕

ម្ចាស់ឡានប៊ូសស្រ្តងទី៤នៃប្រវត្តិសាស្រ្តងគុនខ្មែរ បានទៅលើកីឡាករគុនខ្មែរ ចាន់ ប៊ុនហឿន
ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤

(ស្វាយរៀង)៖ គុនខ្មែរខ្លាំងអស្ចារ្យ ប៊ូសស្រ្តងចិត្តល្អ ជួយគុនខ្មែរ ចាន់ ប៊ុនហឿន ខ្លាំងពូកែ ប៊ូសស្រ្តងឱ្យឡាន១គ្រឿង ចារជាប្រវត្តិសាស្រ្តគុនខ្មែរជាលើកទី៤ ក្នុងមហាព្រឹត្តិការណ៍ “ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឱ្យឡាន” កាលពីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅរង្វង់មូលវ៉ៃគោ ទីរួមខេត្តស្វាយរៀង។“ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឱ្យឡាន” ជាមហាព្រឹត្តិការណ៍តែ១គត់ចារជាប្រវត្តិសាស្រ្តគុនខ្មែរដំបូងគេបង្អស់ប្រកួតដណ្ដើមឡាន ក្នុងទិសដៅលើកស្ទួយវិស័យគុនខ្មែរឈានដល់លំដាប់ពិភពលោក និងជំរុញលើកទឹកចិត្តកីឡាករគុនខ្មែរគ្រប់រូបឱ្យកាន់តែខិតខំហ្វឹកហាត់ក្បាច់គុនខ្មែរឱ្យខ្លាំងក្លា និងស្ទាត់ជំនាញបន្ថែមទៀត។ គួរបញ្ជាក់ផងដែរថា នេះជាលើកទី៤ ដែលប៊ូសស្រ្តងបានបើកការប្រកួតដណ្ដើមឡានដល់កីឡាករគុនខ្មែរ ចាន់ ប​៊ុនហឿន, មឿន សុខហ៊ុច, ធន់ ចាន់តាក់ និង សូត្រ វាសនា។ បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះជាមួយបរទេស ឃើញថាកីឡាករគុនខ្មែរ ចាន់ ប៊ុនហឿន និង មឿន សុខហ៊ុច បានផ្ដួលដៃគូបរទេសលឿនជាងគេស្របតាមលក្ខខណ្ឌដែលក្រុមហ៊ុនកំណត់ ដែលត្រូវប្រកួតគ្នាផ្ដាច់ព្រ័ត្រដណ្ដើមឡានពីប៊ូសស្រ្តង។ ជាលទ្ធផលចប់ការប្រកួត ប៊ូសស្រ្តងបានរកឃើញអ្នកខ្លាំងគុនខ្មែរ ដែលក្លាយជាម្ចាស់ឡានខ្លាញ់គោទី៤ គឺកីឡាករគុនខ្មែរ ចាន់ ប៊ុនហឿន។ រីឯកីឡាករគុនខ្មែរ មឿន សុខហ៊ុច ក្រោយប្រកួតចាញ់ពិន្ទុ ចាន់ ប៊ុនហឿន ប៊ូសស្រ្តងចិត្តល្អឧបត្ថម្ភទឹកប្រាក់ ២លានរៀលជាការលើកទឹកចិត្ត។ ប៊ូសស្រ្តងជួយគុនខ្មែរ! ស្រលាញ់គុនខ្មែរ ញុំាប៊ូសស្រ្តង!

កម្មករនៃរោងចក្រ អ.ជី សប្បាយចិត្តឥតឧបមាចំពោះការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗលឿនជាងការកំណត់
ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤

(ភ្នំពេញ)៖ កម្មករនៃរោងចក្រស្បែកជើង អ.ជី ហ្វ៊ូតវែរទាំងអស់ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ សប្បាយចិត្ត ជាខ្លាំងដែលទទួលបានប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗលឿនជាងការកំណត់ក្រោមការសម្របសម្រួលពីរាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះកម្មកររោងចក្រ អ.ជី ហ្វ៊ូតវែរ (ខេមបូឌា)ទាំងអស់ បានអរគុណរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលតែងតែខិតខំបំពេញការងារ និងគិតគូពីសុខទុក្ខរបស់កម្មកររហូតដល់ដោះស្រាយបញ្ហាជូនកម្មករដោយជោគជ័យនៅថ្ងៃនេះ។ លោកស្រី ទី សុភ័ណ្ឌ ដែលជាកម្មកររោងចក្រ អ.ជី ហ្វ៊ូតវែរ លើកឡើងថា៖«ខ្ញុំសូមអរគុណរាជរដ្ឋាភិបាលដែលបានខិតខំបំពេញការងាររហូតដល់កម្មករអាចមកបើកប្រាក់ឈ្នួលបាននៅថ្ងៃនេះ។ ដំបូងឡើយខ្ញុំមិនរំពឹងថាទទួលបានសំណងនេះទេ ពីព្រោះរោងចក្រត្រូវបានឆេះទាំងស្រុង ហើយទទួលរងការខូចខាតធ្ងន់ធ្ងររួចស្រេចទៅហើយ»។ លោកស្រីបន្តថា ការផ្តល់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករនិយោជិតនៃរោងចក្រអ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ទាំងអស់នៅថ្ងៃនេះគឺបានបង្ហាញឱ្យឃើញពីការយកចិត្តទុក្ខដាក់របស់ថ្នាក់ដឹកនាំមកលើកម្មករនិយោជិតទាំងអស់គ្នា ជាពិសេសកម្មករទាំងអស់ទទួលបានប្រាក់ឈ្នួលលឿនជាងពេលកំណត់។ កញ្ញា លី លីម៉េង ដែលជាកម្មកររោងចក្រ អ.ជី ហ្វ៊ូតវែរ លើកឡើងថា៖«ខ្ញុំសប្បាយចិត្តណាស់ ដែលបានមកទទួលប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗនៅថ្ងៃនេះ។ ខ្ញុំសូមអរគុណដល់ សម្តេចធីបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្រ្តីថ្មីដែលបានខិតខំបំពេញការងារក្នុងការដោះស្រាយ រហូតកម្មករនិយោជិតទាំងអស់បានមកទទួលប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករគ្រប់គ្នា។ ខ្ញុំរីករាយណាស់ដែលបានមកទទួលប្រាក់នៅថ្ងៃនេះ»។ អ្នកស្រី ប៉ិច ពីន ដែលជាកម្មករនៃរោងចក្រ អ.ជី ហ្វ៊ូតវែរ មកពីខេត្តពោធិ៍សាត់ លើកឡើងដែរថា៖«ខ្ញុំសប្បាយចិត្តណាស់ បន្ទាប់ពីរាជរដ្ឋាភិបាលបានបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនខ្ញុំ ក៏ដូចជាកម្មករនៅថ្ងៃនេះ។ ខ្ញុំអរគុណទៅដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានខិតខំដោះស្រាយជូនកម្មករទាំងអស់នៅពេលនេះ»។ ទន្ទឹមនឹងនេះ កម្មករនៃរោងចក្រ ទាំងអស់បានអំពាវនាវឱ្យកម្មករនិយោជិតបន្តស្វែងរកការងារថ្មីតាមរយៈយន្តការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ ហើយជឿទុកចិត្តមកលើដំណោះស្រាយរបស់រាជរដ្ឋាភិបាល។ គួរឱ្យកត់សម្គាល់ថានៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នេះកម្មករនៃរោង អ.ជី ហ្វ៊ូតវែរ ភាគច្រើនលើសលុបបាននិងកំពុងមកទទួលប្រាក់អត្ថប្រយោជន៍ទាំងបីចំណុចរបស់រាជរដ្ឋាភិបាល៕

កម្មករ និងសហជីពនៃរោងចក្រ អ.ជី ពេញចិត្ត និងគាំទ្រដំណោះស្រាយទាំងបីចំណុចក្រោយរោងចក្រក្ស័យធន
ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤

(ភ្នំពេញ)៖ កម្មករ និងសហជីពនៃរោងចក្រស្បែកជើង អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក (R.G FOOTWEAR (CAMBODIA) CO., LTD.) នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ ពេញចិត្ត និងគាំទ្រដំណោះស្រាយទាំង៣ចំណុចដែលបានដាក់ចេញដើម្បីដោះស្រាយ ការពារអត្ថប្រយោជន៍ជូនកម្មករ បន្ទាប់ពីរោងចក្រនេះត្រូវបានអគ្គីភ័យឆេះខូចខាតទាំងស្រុងកាលពីពេលថ្មីៗនេះ។ លោក សួន សុភាព ដែលជាកម្មកររោងចក្រអ.ជី ហ្វ៊ូតវែរ មកពីខេត្តកំពត បានលើកឡើងថា៖«ខ្ញុំរីករាយ និងសប្បាយចិត្ត លើដំណោះស្រាយទាំងបីចំណុចនេះ។ ពួកខ្ញុំជាកម្មករអាចទទួលយកបានហើយ។ ខ្ញុំមិននឹកស្មានថាទទួលបានចំណុចទាំងនេះទេ ពីព្រោះដំបូងឡើងខ្ញុំបារម្មណ៍ថាមិនទទួលបានសូម្បីប្រាក់ខែចុងក្រោយផងពីព្រោះរោងចក្រឆេះខូចខាតអស់ហើយ យើងមើលឃើញទាំងអស់គ្នា»។ លោកបានគូសបញ្ជាក់បន្ថែមថា ដំណោះស្រាយទាំងនេះលោក និងកម្មករផ្សេងទៀតពេញចិត្ត និងទទួលយកបានដោយក្តីរីករាយ ពីព្រោះបងប្អូនកម្មករទាំងអស់បានមើលឃើញពីការខូចខាតមានសភាពធ្ងន់ធ្ងរ និងមិនអាចស្រោចស្រង់បាននោះទេ ជាពិសេសនោះបងប្អូនកម្មករទាំងអស់នៅរោងចក្រនេះមានក្តីស្រលាញ់ និងអាណិតដល់ថៅកែរោងចក្រដែលតែងស្រលាញ់ និងយកចិត្តទុកដាក់ដល់កម្មកររបស់ខ្លួនកន្លងមក។ លោក នៅ សុផល ដែលជាកម្មករនៃរោងចក្រអ.ជី ហ្វ៊ូតវែរ ម្នាក់ទៀត មកពីខេត្តកណ្តាល ថា៖«ដំណោះស្រាយទាំងបីចំណុចនេះល្អណាស់សម្រាប់ខ្ញុំដែលជាកម្មករ ក៏ដូចជាកម្មករផ្សេងៗទៀតនៅរោងចក្រនេះ»។ លោកបន្ថែមថា ថវិកាដែលបានមកពីការដោះស្រាយលោកនឹងអាចយកមកទ្រទ្រង់ជីវភាពគ្រួសារបានមួយគ្រា ខណៈលោកកំពុងស្វែងរកការងារថ្មីតាមរយៈយន្តការរបស់ក្រសួងការងារដែលបាននិងកំពុងផ្សព្វផ្សាយឱកាសការងារនៅមុខរោងចក្រផ្ទាល់តែម្តង។ អនុប្រធានសហជីពខ្មែរស៊ីយូអេសនៃរោងចក្រ អ.ជី ហ្វ៊ូតវែរ លោកស្រី នៅ ខេន បានសង្កត់ធ្ងន់ថា៖ «ដំណោះស្រាយទាំងបីចំណុចនេះគឺស្របទៅតាមច្បាប់ ហើយបងប្អូនកម្មករទាំង២ពាន់នាក់ទទួលបានអត្ថប្រយោជន៍ពេញលេញ។ កម្មករពេញចិត្តចំពោះដំណោះស្រាយជុំវិញករណីរោងចក្រត្រូវបានឆេះខូចខាតទាំងស្រុកកាលពីពេលថ្មីនេះ»។ លោកស្រីបានគូសបញ្ជាក់ថា ការបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗនៅពេលខាងមុខនេះគឺបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលលើសុខទុក្ខរបស់បងប្អូនកម្មករនៃរោងចក្រអ.ជី ហ្វ៊ូតវែរ ទាំងអស់គ្នា ពីព្រោះចាប់តាំងពីមានករណីអគ្គីសភ័យនេះកើតឡើងរាជរដ្ឋាភិបាលបានខិតខំបំពេញការងារផ្សេងៗ និងរកដំណោះស្រាយទាន់ពេលវេលាជូនកម្មករផងដែរ។ ទន្ទឹមនឹងនេះកម្មករ និងសហជីពទាំងនេះបានអំពាវនាវឱ្យបងប្អូនកម្មករទាំងអស់ដែលបានបម្រើការងារនៅរោង អ.ជី ហ្វ៊ូតវែរ សូមទៅទទួលប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗដែលត្រូវបានប្រកាសដោយរាជរដ្ឋាភិបាលកាលពីពេលថ្មីៗនេះ ហើយសូមជឿជាក់មកលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយ និងការពារអត្ថប្រយោជន៍ជូនបងប្អូនកម្មករទាំងអស់គ្នា។ គូសបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៤ មីនា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសជូនដំណឹង ដល់បងប្អូនកម្មករនិយោជិតនៃរោងចក្រស្បែកជើង អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក (R.G FOOTWEAR (CAMBODIA) CO., LTD.) ឱ្យទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅបរិវេណសាលាស្រុកអង្គស្នួល ខេត្តកណ្តាល ចាប់ពីម៉ោង៨៖៣០នាទីតទៅ៕

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងក្រសួងសន្តិសុខសាធារណៈ កម្ពុជា-ឡាវ-វៀតណាម
ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលម្សិលមិញនេះបានអញ្ជើញដឹកនាំគណៈប្រតិបត្តិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងក្រសួងសន្តិសុខសាធារណៈ កម្ពុជា-ឡាវ-វៀតណាម នៅទីក្រុងដាណាំង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី២៨-៣០ ខែមីនា ឆ្នាំ២០២៤។កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ត្រីភាគី រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម ក្នុងគោលបំណងដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហការលើវិស័យសន្តិសុខ រវាងកងកម្លាំងអនុវត្តច្បាប់នៃ ប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម។ ថ្នាក់ដឹកនាំក្រសួងទាំង៣ នឹងអញ្ជើញទស្សនាសមយុទ្ធកម្លាំងពន្លត់អគ្គិភ័យនិងសង្គ្រោះ ដែលមានការចូលរួមពីកម្លាំងជំនាញរបស់វៀតណាម មកពីប្រទេសកម្ពុជា និងឡាវ ផងដែរ។សូមបញ្ជាក់ថា ការបន្តអនុវត្តយន្តការសហប្រតិបត្តិការត្រីភាគីដែលក្រសួងទាំង៣ បានអនុវត្តចំនួន៣លើក រួចមកហើយ។ ប្រមុខក្រសួងនគរបាលវៀតណាម និងក្រសួងសន្តិសុខសាធារណៈឡាវ ទើបតែបានមកបំពេញទស្សនកិច្ចចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយឯកឧត្តមអភិសន្តិបណ្ឌិត កាលពីខែមករា និងក្នុងខែមីនា ឆ្នាំ២០២៤៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន
ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤

(ចិន)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្ដម ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន នៅសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ សមាជិកគណ:កម្មាធិការអចិន្ត្រៃយ៍ គណ:កម្មាធិការបក្ស
ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤

(ចិន)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជួបពិភាក្សាការងារជាមួយ លោក ឈិន ចុង (Chen Zhong) សមាជិកគណ:កម្មាធិការអចិន្ត្រៃយ៍ គណ:កម្មាធិការបក្ស និងជាប្រធានគ្រប់គ្រង់ទូទៅ នៃក្រុមហ៊ុនសាងសង់ទូរគមនាគមន៍ចិន(CCCC) នៅសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ សមាជិកការិយាល័យនយោបាយមជ្ឍិមបក្ស
ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤

(ចិន)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ហឺ វ័យទុង សមាជិកការិយាល័យនយោបាយមជ្ឍិមបក្ស និងជាអនុប្រធានទី២ នៃគណៈកម្មការយោធាមជ្ឈិមបក្ស នៅសាធារណរដ្ឋប្រជាមានិតចិន៕

សមាគមសារព័ត៌មាន១ត្រូវបានបង្កើតដោយផ្តោតលើ ព័ត៌មានសេដ្ឋកិច្ច
ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤

 (ភ្នំពេញ)៖ ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មានជាង១០ស្ថាប័ន បានរួមគ្នាផ្តួចផ្តើមគំនិត បង្កើតសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA) ដើម្បីរួមចំណែកលើកកំពស់ការផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ចជាតិ និងអន្តរជាតិ ប្រកបដោយស្ដង់ដារវិជ្ជាជីវៈនិងក្រមសីលធម៌។ លោក យិន លាងគង់ ស្ថាបនិក និងអគ្គនាយកគេហទំព័រ Propertyarea.asia& Cambodia Financialtimes.com ជាប្រធានសមាគមសហគ្រិនសារព័ត៌មានកម្ពជា ដែលទើបទទួលបានច្បាប់អនុ ញ្ញាតពីក្រសួងមហាផ្ទៃនាពេលថ្មីៗនេះបានថ្លែងថា សមាគមនេះផ្តោតតែលើការផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ច ហិរញ្ញវត្ថុ ការអភិវឌ្ឍ ​សក្តានុពលវិនិយោគ ទេសចរណ៍ និងអចលនទ្រព្យជាដើម។ល។ លោកបញ្ជាក់ថា «ខ្ញុំគិតថា វាជាការចាំបាច់ណាស់ ក្នុងរួមគ្នាជាក្រុម ដើម្បីជំរុញការផ្សព្វផ្សាយ អំពីសក្តានុពលសេដ្ឋកិច្ចកម្ពុជាអោយស្រមតាមគោលនយោបាយអភិវឌ្ឍសដ្ឋកិច្ចជាតិ ឆ្នាំ២០៣០ប្រែក្លាយជាប្រទេស មានចំណូលធម្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០»។ លោក កៃ គឹមសុង ជាស្ថាបនិក និងជាចាងហ្វាងការផ្សាយនៃសារព័ត៌មានឌីជីថល Amazadia Education (AE) ជាអនុប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជាបានបន្ថែមថា នៅកម្ពុជាបច្ចុប្បន្ន កំពុងប្រឈមនឹងកង្វះខាតព័ត៌មានសេដ្ឋកិច្ច សម្រាប់វិនិយោគិនបរទេស ដែលចង់ស្វែងរកការដាក់ទន់វិនិយោគ ក្នុងប្រទេសមួយ ដែលមានច្បាប់វិនិយោគល្អនិងមានការទាក់ទាញ។លោក កៃ គីមសុង បានថ្លែងថា «ខ្ញុំគិតថា នៅពេលដែលយើងផ្សព្វផ្សាយ ពីសក្តានុពលរបស់ប្រទេសយើង អោយបានកាន់តែច្រើន នោះវិនិយោគិនបរទេស នឹងមានចំណាប់អារម្មណ៍កាន់តែខ្លាំង»។ ស្ថាបនិកសមាគមផ្សេងទៀត រូមមាន លោក លីម ឡាយហ៊ត ស្ថាបនិកសារព័ត៌មាន Asian Properties លោក សយ សុភា និពន្ឋនាយកសារព័ត៌មានដើមអំពិល លោក អាន ចាន់ថ្លា និពន្ឋនាយកសារព័ត៌មានCEN លោក ផ្លុង វិចិត្រ ស្ថាបនិកនាយកសារព័ត៌មានCCTIMES លោកស្រី ហាន ស៊ូជីន ស្ថាបនិកព្រឹត្តបត្រសកល លោក អ៊ុ សារ៉ាវុធ ស្ថាបនិកសារព័ត៌មាន CFN ជាដើម បានយល់ស្របគ្នាថា មកដល់ឆ្នាំ២០២៤នេះ សារព័ត៌មានក្នុងស្រុកភាគច្រើនបាននិងកំពុងផ្តោត លើកត្តាសុខសន្តិភាព នយោបាយ និងសង្គម។ ប៉ុន្តែសមាគមនេះ ត្រូវបំពេញបន្ថែមនូវព័ត៌មានសេដ្ឋកិច្ច គ្រប់ទម្រង់សម្រាប់អ្នកអាន។  «អ្វីៗបានផ្លាស់ប្តូរហើយលើនិន្នាការសង្គម សេដ្ឋកិច្ច ដែលប្រព័ន្ឋផ្សព្វផ្សាយនានា គួរផ្តោតលើព័ត៌មានសេដ្ឋកិច្ច និងព័ត៌មានជាចំណេះដឹង ដែលមានលក្ខណៈវិជ្ជមាន ដល់ប្រជាពលរដ្ឋឲ្យបានដឹង» នេះបើតាប្រធានសមាគម CEMEA លោក យីន លាងគង់។ លោក យិន លាងគង់ បានបន្តថា គោលដៅរបស់សមាគម គឺចង់រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយលើកកំពស់មុខមាត់របស់ជាតិ ទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ក៏ដូចជាចូលរួមជ្រោមជ្រែងដល់សហគ្រិន អ្នកធុរកិច្ច និងអ្នកអភិវឌ្ឍន៍នានា ឲ្យទទួលបានព័ត៌មាន ដែលមានមូលដ្ឋានច្បាស់លាស់ សម្រាប់ពួកគេ ធ្វើការពិចារណា និងសម្រេចចិត្តមកវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ លោកស្រី ហានស៊ូជីន ស្ថាបនិកព្រឹត្តបត្រសកល និងជាអនុប្រធានសមាគម CEMEA បានយល់ស្របថា សារព័ត៌មានធំៗនៅកម្ពុជា បានផ្តោតលើផ្សព្វផ្សាយ រឿងសេដ្ឋកិច្ចតិចតួចណាស់ ព្រោះអ្នកសារព័ត៌មានជំនាញខាងសេដ្ឋកិច្ចនេះ មានចំនួនតិចតួចបំផុត។ ហេតុនេះ ទើបសមាគមនេះ ត្រូវបានបង្កើតឡើង ដោយអ្នកសារព័ត៌មាន ដែលមានជំនាញ និងវិជ្ជាជីវៈច្បាស់លាស់ខាងសេដ្ឋកិច្ច ដើម្បីរួមចំណែកផ្សព្វផ្សាយព័ត៌មាន សេដ្ឋកិច្ច ប្រកបដោយវិជ្ជាជីវៈ គ្រប់ជ្រុងជ្រោយ និងប្រកបដោយពុទ្ឋិ ដល់សាធារណៈជនជាតិ និងអន្តរជាតិអាចជឿ និងទុកចិត្តបាន៕ដោយៈគង់ សូរិយា

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ រាជរដ្ឋាភិបាលតែងតែផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍមូលធនមនុស្ស និងរិតតែជាកិច្ចការអាទិភាពសំខាន់បំផុតក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១
ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍមូលធនមនុស្ស ហើយការអភិវឌ្ឍធនធានមនុស្ស ក៏ជាកិច្ចការអាទិភាពសំខាន់បំផុតក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាផងដែរ។ ក្នុង១ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាប្រមាណជិត ១ពាន់លានដុល្លារអាម៉េរិកលើវិស័យអប់រំ ដើម្បីរួមចំណែកលើកកម្ពស់ការចូលរៀន និងគុណភាពនៃការអប់រំនៅគ្រប់ទិសទីក្នុងប្រទេសកម្ពុជា។ នេះជាការលើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់សភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា និងពិធីលាងសាយភោជន៍សប្បុរសធម៌របស់សភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា កាលពីល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានបញ្ជាក់ថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលត្រូវបានដាក់ឱ្យអនុវត្តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកមនុស្សជាបេះដូងនៃយុទ្ធសាស្ត្រ ដោយក្នុងនោះការអភិវឌ្ឍមូលធនមនុស្សជាចំណែកយ៉ាងសំខាន់នៃស្នូល និងស្ទើរគ្រប់បញ្ចកោណនៃយុទ្ធសាស្ត្រនេះ។ លើសពីនេះ រាជរដ្ឋាភិបាលបានចាត់ទុកមនុស្សជាគោលដៅសំខាន់បំផុតនៃការអភិវឌ្ឍ មានន័យថាពួកគេត្រូវការរស់នៅក្នុងសន្តិភាព ប្រកបដោយសេចក្តីថ្លៃថ្នូរ និងវិបុលភាព ហើយមនុស្ស គឺជាដើមទុនដ៏មានតម្លៃបំផុត ដោយមនុស្សត្រូវមាននូវគុណភាពនៃចំណេះដឹង ជំនាញ សុខភាព និងក្រមសីលធម៌ល្អ ដើម្បីជាទុនក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម វង្សី វិស្សុត។ ដើម្បីបង្ហាញជាទស្សនវិស័យទៅមុខ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ថា ទោះបីជាកន្លងមកវិស័យអប់រំមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ក្តី ដើម្បីឱ្យវិស័យនេះបន្តរីកចម្រើនទៅមុខទៀត ទាមទារឱ្យមានការគិតគូរគ្រប់ជ្រុងជ្រោយពីគ្រប់ទិដ្ឋភាព។ ក្នុងនោះ ក្នុងទិដ្ឋភាពថវិកា វិស័យអប់រំត្រូវទទួលបានការបែងចែកថវិកាសមរម្យ (allocative) និងត្រូវចំណាយថវិកាទាំងនោះប្រកបដោយប្រសិទ្ធភាព (efficiency) និងចំគោលដៅ សំដៅលើកកម្ពស់លទ្ធភាពទទួលបានការអប់រំផង (access) និងគុណភាពនៃការអប់រំផង (quality)។ លើសពីនេះ បន្ថែមលើអភិក្រម«ការអប់រំសម្រាប់ទាំងអស់គ្នា» (Education for all) ក្នុងការអភិវឌ្ឍវិស័យអប់រំ ភាគីពាក់ព័ន្ធត្រូវចាប់យកបន្ថែមនូវអភិក្រម «ទាំងអស់គ្នាដើម្បីការអប់រំ» (All for education) ដើម្បីកៀរគររាល់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងរាជរដ្ឋាភិបាល  វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល លោកគ្រូអ្នកគ្រូ អាណាព្យាបាល ឪពុកម្តាយ និងគ្រប់ភាគីក្នុងសហគមន៍ឱ្យចូលរួមក្នុងបុព្វហេតុលើកកម្ពស់ការអប់រំរបស់សិក្សានុសិស្ស ដែលសុទ្ធសឹងតែជាកត្តាចាំបាច់ ខានពុំបាន។ក្នុងស្មារតីនេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានលើកទឹកចិត្តឱ្យវិស័យឯកជន និងភាគីពាក់ព័ន្ធទាំងអស់ចាប់ដៃគូជាមួយគ្នា និង ជាមួយរាជរដ្ឋាភិបាល ដើម្បីសិក្សាស្វែងយល់អំពីសកម្មភាពការងាររបស់គ្នាទៅវិញទៅមក ឱ្យបានច្បាស់លាស់ និងរួមគ្នាកសាងកម្មវិធី និងគម្រោងអប់រំ និងបណ្តុះបណ្តាល ដែលមានលក្ខណៈបំពេញបន្ថែមឱ្យគ្នា ដើម្បីទាញយកផលជាអតិបរមាពីសហថាមភាព នៃកិច្ចសហប្រតិបត្តិការនេះ។ ជាមួយគ្នានេះ ឯកឧត្តម វង្សី វិស្សុត បានលើកទឹកចិត្តឱ្យភាគីទាំងអស់រួមគ្នាគិតគូរ និងស្វែងរកដំណោះស្រាយថ្មីៗ (creative ways) ដើម្បីរួបរួមអភិវឌ្ឍវិស័យអប់រំ និងជាពិសេសផ្សារភ្ជាប់ការរៀបចំកម្មវិធីអប់រំទាំងអស់ ជាមួយនឹងតម្រូវការជាក់ស្តែងរបស់ទីផ្សារ ដើម្បីធានាចីរភាពនៃការអភិវឌ្ឍវិស័យអប់រំ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានជម្រាបអង្គពិធីទាំងមូលអំពីការផ្តាំផ្ញើថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា ដែលបានកៀរគរមូលនិធិអាហារូបករណ៍រហូតដល់ទៅ១០ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក ហើយប្រសិទ្ធនាមអាហារូបករណ៍នេះជា អាហារូបករណ៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ក្នុងឱកាសនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ជាទឹកប្រាក់ទំហំ ១ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក ដើម្បីជាវិភាគទានបន្ថែមដល់មូលនិធិអាហារូបករណ៍ខាងលើផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម វង្សី វិស្សុត ក៏បានថ្លែងអំណរគុណដល់សភាពាណិជ្ជកកម្មអាមេរិកប្រចាំនៅកម្ពុជា ដែលបានសហការរៀបចំកម្មវិធីនេះឡើង ដើម្បីកៀរគរវិភាគទានជូនអង្គការក្រៅរដ្ឋាភិបាល សម្រាប់បន្តរួមចំណែកក្នុងការលើកកម្ពស់ការអប់រំក្នុងព្រះរាជាណាចក្រកម្ពុជា។ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តាំផ្ញើឱ្យសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា បន្តកិច្ចខិតខំប្រឹងប្រែងទាំងនេះ និងចូលរួមផ្តល់ឱកាសបន្ថែមដល់កុមារាកុមារី យុវជនយុវនារី និងសិស្សានុសិស្សកម្ពុជាឱ្យទទួលបានឱកាសគ្រប់គ្រាន់ និងស្មើៗគ្នាក្នុងការទទួលបានការអប់រំដែលមានគុណភាព។ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានបង្ហាញនូវការគាំទ្រ និងការត្រៀមខ្លួនរួចជាស្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា និងរូបលោកផ្ទាល់ក្នុងការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះ៕

ឯកឧត្តម ហេង សួរ អំពាវនាវឱ្យជ័យលាភីនៃសាលាបច្ចេកទេសដុនបូស្កូ ធ្វើជាអ្នកនាំសារផ្សព្វផ្សាយពីជំនាញបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ
ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤នេះ បានអំពាវនាវឱ្យដល់ជ័យលាភីនៃសាលាបច្ចេកទេសដុនបូស្កូ ឱ្យធ្វើជាអ្នកនាំសារផ្សព្វផ្សាយពីវគ្គជំនាញបច្ចេកទេសវិជ្ជាជីវៈទៅដល់យុវជនកម្ពុជាដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅតាមភូមិស្រុក ឱ្យចូលសិក្សាជំនាញទាំងនេះ ដើម្បីឆាប់ទទួលបានការងារធ្វើ និងទទួលបានការងារសមរម្យសម្រាប់ជួយជ្រោមជ្រែងគ្រួសារ។ការអំពាវនាវបែបនេះ គឺធ្វើឡើងក្នុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់សិស្សនិស្សិត សាលាបច្ចេកទេស ដុនបូស្កូ ភ្នំពេញ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូ ទួលគោក នៃអង្គការមូលនិធិដុនបូស្កូកម្ពុជាអន្តរជាតិ ចំនួន១១២៨នាក់ដែលបានសិក្សាពីឆ្នាំ២០១៣ដល់ឆ្នាំ២០២០។  ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា អតីតសិស្ស និស្សិត ឬសិក្ខាកាមដែលជាអ្នកបញ្ចប់ការសិក្សា និងកំពុងបម្រើការងារឬប្រកបមុខរបរផ្សេងៗ ដោយសារតែជំនាញបច្ចេកទេសវិជ្ជាជីវៈទាំងជាង១១០០នាក់នេះ នឹងអាចក្លាយជាអ្នកនាំសារនិងជាអ្នកផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធិភាពបំផុតដើម្បីបំផុសឱ្យយុវជនមកពីគ្រួសារក្រីក្រ ឬងាយរងគ្រោះ ចាប់អារម្មណ៍សិក្សាជំនាញបច្ចេកទេស។ ជំនាញបច្ចេកទេសដែលជាយន្តការផ្លូវការត់ឱ្យមានជំនាញជាក់លាក់រយៈពេលខ្លី និងឆាប់ទទួលបានការងារធ្វើដើម្បីជួយផ្គត់ផ្គង់ជីវភាពខ្លួនឯង និងក្រុមគ្រួសារ។ សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី ការជួយផ្សព្វផ្សាយ គឺជាកិច្ចការគុណធម៌មួយក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ដែលជួយផ្សព្វផ្សាយឱ្យយុវជនដែលមកពីគ្រួសារក្រីក្រ ឬងាយរងហានិភ័យ មានជំនាញបច្ចេកទេសដែលជាឈ្នាន់ឱ្យមានជីវភាពកាន់តែប្រសើរតាមរយៈជំនាញបច្ចេកទេស បើទោះបីសិក្សានៅសាលាបច្ចេកទេសរបស់រដ្ឋាភិបាល ឬអង្គការនានាក៏ដោយ។ឯកឧត្តមរដ្ឋមន្ត្រី អះអាងប្រាប់អង្គពិធីថា ការសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈ គឺជាជម្រើសត្រឹមត្រូវសម្រាប់យុវជនដែលត្រូវការចំណូលលឿន ហើយមិនបង្កជាបន្ទុកគ្រួសារ ប៉ុន្តែផ្ទុយទៅវិញជួយផ្គត់ផ្គង់គ្រួសារឱ្យកាន់តែធូស្រាលមួយកម្រិតទៅវិញ ហើយក្រោយការសិក្សាបច្ចេកទេសវិជ្ជាជីវៈនេះ សិស្សនិសិ្សតទាំងអស់ នៅតែបន្តសិក្សាទៅមហាវិទ្យាល័យបានដដែល។ភ្ជាប់នឹងការអំពាវនាវនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ដល់ជ័យលាភីទាំងអស់អំពីកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រដែលជាកម្មវិធីថ្នាក់ជាតិដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីឱ្យយុវជនកម្ពុជាដែលជាក្រុមគោលដៅមានជំនាញ និងមានឱកាសទទួលបានការងារសមរម្យឆាប់រហ័ស។ នៅចំពោះមុខជ័យលាភី និងសិស្សនៃសាលាបច្ចេកទេសដុនបូស្កូ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាលាដែលបានបណ្តុះបណ្តាលជំនាញបច្ចេកទេសជាង៣០ឆ្នាំនៅកម្ពុជាដែលធ្វើឱ្យវិស័យឯកជនទទួលស្គាល់ពីគុណភាពនៃការបណ្តុះបណ្តាល៕

ប្រាសាទថៃសាងសង់ចម្លងតាម ប្រាសាទអង្គរវត្តខ្មែរចេញជារូបរាង ហើយបន្តសាងសង់ឥតឈប់ឈរ!
ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤

(សង្គម)៖ រូបភាពជាច្រើនសន្លឹកដែលបង្ហាញអំពី ប្រាសាទថ្ម SIHANAKHON នៅ WAT PHU MAN FAH ស្ថិតនៅខេត្តបូរីរាំ ដែលប្រាសាទរបស់ថៃកំពុងដំណើរការសាងសង់ឥតឈប់ឈរ ហើយពេលនេះការសាងសង់របស់គេក៏បានលេចចេញរូបរាង ធ្វើឱ្យមហាជននិយមលេង បណ្ដាញសង្គមផ្ទុះការចែករំលែកជាថ្មីម្ដងទៀត ក្រោយប្រជាពលរដ្ឋខ្មែរយល់ឃើញថា រូបរាងរបស់ប្រាសាទថ្មដែលថៃ កំពុងសាងសង់ឡើងនេះ មានការរចនាដូចទៅនឹង ប្រាសាទអង្គរវត្តខ្មែរ មិនថាផ្លូវដើរ និងកំពូលមុខ៣របស់ប្រាសាទនោះទេ គឺរចនាបទចម្លងតាមប្រាសាទអង្គរវត្តខ្មែរយើងតែម្ដង។  ជាក់ស្ដែង បើយោងតាមផេក Thai Culture to the World បានធ្វើការបង្ហោះរូបភាព ជាច្រើនសន្លឹកអំពីប្រាសាទថ្មនេះ អមដោយខ្លឹមសារថា «វិវត្តន៍អំពីការសាងសង់ប្រាសាទ SIHANAKHON នៅ WAT PHU MAN FAH Thai Temple (ប្រាសាទថៃ) នាខែមករា ឆ្នាំ 2024 ក្នុងស្រុក Nang Rong ខេត្ត Buriram ដែលបំផុសគំនិត ដោយប្រាសាទថ្មបុរាណ របស់ប្រទេសថៃ ដូចជាប្រាសាទ Hin Phanom Rung, Muang Tam, Phimai, និង Phra Prang Sam Yot»។ ជាងនេះទៅទៀត ផេក Amazings World Culture Club ក៏បានធ្វើការចែករំលែកបន្តអមដោយខ្លឹមសារថា «សូមស្វាគមន៍មកកាន់ប្រទេសថៃ ទឹកដីនៃប្រាសាទថ្មបុរាណ ព្រោះយើងជាជនជាតិថៃ ចូលចិត្តឆ្លាក់ថ្ម ហើយយកមកសាងសង់ប្រាសាទតាំងពីពាន់ឆ្នាំមុនរហូតដល់បច្ចុប្បន្ន រូបភាពនៃប្រាសាទ Maha Prasat Phu Man Fah Thai (កំពុងសាងសង់) Buriram»។ ទោះជាយ៉ាងណាណា តើមហាជននិយមលេងបណ្ដាញសង្គមយល់ឃើញយ៉ាងណាដែរ នៅពេលដែលមើលរូបភាពជាច្រើនអំពីប្រាសាទថ្ម SIHANAKHON ដែលថៃបានសាសង់នាពេលនេះ????

គណៈប្រតិភូរុស្ស៊ីធ្វើដំណើរទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ប្រឆាំងនឹងចារកម្ម
ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤

(អន្តរជាតិ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា គណៈប្រតិភូនៃការិយាល័យចារកម្ម ខាងក្រៅរបស់រុស្ស៊ី បានធ្វើទស្សនកិច្ចនៅរដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើង ហើយបានពិភាក្សា អំពីការជំរុញកិច្ចសហប្រតិបត្តិការប្រឆាំងនឹងការធ្វើចារកម្ម។យោងតាម KCNA បានឱ្យដឹងថា នាយកការិយាល័យលោក Sergei E Naryshkin និងរដ្ឋមន្ត្រីសន្តិសុខរដ្ឋ កូរ៉េខាងជើង Ri Chang Dae បានពន្យល់គ្នាទៅវិញទៅមកអំពីស្ថានភាពអន្តរជាតិ និងតំបន់ទាក់ទងនឹង ឧបទ្វីបកូរ៉េ និងរុស្ស៊ី។KCNA បានបន្ថែមថា ក្នុងអំឡុងពេលទស្សនកិច្ចមន្ត្រីនៃការិយាល័យស៊ើបការណ៍សម្ងាត់ និងក្រសួង ក៏ បានធ្វើការពិភាក្សាកម្រិតការងារផងដែរ។ទីភ្នាក់ងារសារព័ត៌មានរដ្ឋបាននិយាយថា ភាគីទាំងពីរក៏បានពិភាក្សាផងដែរអំពីការជំរុញកិច្ចសហ ប្រតិបត្តិការ បន្ថែមទៀតដើម្បីដោះស្រាយជាមួយនឹង "ការធ្វើចារកម្ម និងផែនការដែលកំពុងកើនឡើង ដោយកងកម្លាំងអរិភាព" ។គណៈប្រតិភូកូរ៉េខាងជើងដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាមដឹកនាំដោយលោក Kim Song Nam ប្រធាននាយកដ្ឋានអន្តរជាតិនៃគណបក្សពលករកូរ៉េខាង ជើងក៏បានជួបប្រជុំគ្នានៅទីក្រុងហាណូយ ជាមួយលោកស្រី Truong Thi Mai សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានបក្សកុម្មុយនិស្តវៀតណាម ដែរ៕

មហាជនជាច្រើន បាននាំគ្នាស្នើរសុំឱ្យយក«នំបញ្ចុក»ជំនួស«ហហ្មុក» ធ្វើជាម្ហូបសម្រាប់តំណាងប្រទេសកម្ពុជាវិញ ព្រោះហេតុផលទាំងអស់នេះ
ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤

(អន្តរជាតិ)៖ នារយៈពេលថ្មីៗនេះ មានការបញ្ចេញមតិយោបល់ជាច្រើនពីសំណាក់មហាជន ការស្នើរសុំ ឱ្យ«នំបញ្ចុក» ធ្វើជាម្ហូបសម្រាប់តំណាងកម្ពុជា វិញជាង ជាង ការ យក «ហហ្មុក» ធ្វើជាម្ហូបសម្រាប់តំណាងកម្ពុជា ដោយពួកគេ បានលើកឡើងនូវហេតុផលសមស្របមួយចំនួន ដែលអាចឱ្យថ្នាក់ដឹកនាំគិតគូរឡើងវិញជុំវិញ ករណីមួយនេះ។ ជាការពិតណាស់ «នំបញ្ចុក»គឺជាមុខម្ហូបមួយប្រភេទ ដែលប្រជាពលរដ្ឋខ្មែរនិយមចូលចិត្តនៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ននេះ ជាងនេះទៅទៀត នំបញ្ចុក មានជីរជាតិសំខាន់ច្រើនយ៉ាង ដោយសារគ្រឿងផ្សំផ្សេងៗដទៃទៀតដូចជា៖ មានទឹកសម្លខ្មែរ និង របោយបន្លែ ទៅតាមចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ និង តាមតំបន់នីមួយៗ ជាពិសេស រសជាតិឈ្ងុយឆ្ងាញ់ ងាយស្រួលក្នុងការចំអិន ហើយទៅដល់ទីកន្លែងណាក៏មាន មានលក់និង មានតម្លៃធូរថ្លៃថែមទៀតផង។ ជាក់ស្តែង យោងតាម ផេក Rainy Sokhonn បានបង្ហោះនូវអត្ថបទមួយដ៏មានអត្ថប្រយោជន៍ទាក់ទងទៅនឹង «នំបញ្ចុក» ហើយ ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើន បង្ហាញការគាំទ្រជាខ្លាំងផងដែរ ។ សម្រាប់ខ្លឹមសារទាំងស្រុងដែលម្ចាស់គណនីខាងលើបានបង្ហោះមានខ្លឹមសារដូចតទៅ៖ «នំបញ្ចុក មិនលើកតម្កើងជាមុខម្ហូបជាតិ គួរតែមានបទល្មើសឈប់រុញគ្រាន់តែអាម៉ុកទៅទេសចរទៅ ៖ ជាចានរាជវង្ស គ្មានអ្នកធម្មតាធ្វើនៅផ្ទះទេ ហើយវចនានុក្រមខ្មែរផ្លូវការ រៀបរាប់ឈ្មោះ ហប ហ ជាពាក្យកម្ចីថៃ។នំបញ្ចុក, នំបញ្ចុក ជាម្ហូបអាហារទូទៅប្លែកពីគេនៅកម្ពុជា អាចរកបានពីទីក្រុងមួយទៅជនបទ មានតម្លៃសមរម្យ បៃតងសុខភាពល្អ និងមានសារៈសំខាន់ពីប្រវត្តិសាស្ត្រ/វប្បធម៌ (បានលើកឡើងក្នុងរឿងនិទានរបស់នេង). យើងគួរតែលើកស្ទួយនេះជាមុខម្ហូបជាតិយើង ដោយមានការប្រែប្រួលខុសៗគ្នាគឺ សំឡរបៃតងខ្មែរ ការីក្រហម សំឡរណាំយ៉ា ទឹកម្ហិច ជាដើម។ពាក្យថាបាញ់ចក់ (ចិញ្ចឹមកូន) ជាពាក្យថ្នមចិត្ត ជាទង្វើរបស់ម្តាយចិញ្ចឹមកូន។ វាជាអាហារជុំគ្រួសារ។ នៅពេលដែលអ្នកឃ្លានចានអ្នកអាចរូបភាពការមើលឃើញរបស់ស្ត្រីម្នាក់ដែលយួរលើស្មារបស់នាងបង្គោលឈើធ្វើឱ្យមានតុល្យភាពនំបញ្ចុកនិងស៊ុប។ នេះអាចជារូបតំណាងនៃវប្បធម៌ម្ហូបអាហាររបស់យើងបានយ៉ាងងាយស្រួល។លើសពីនេះទៅទៀត អាហារតាមផ្លូវដែលពេញនិយមក្នុងចំណោម vloggers ដូចជា បាយស្រូប (បាយសាច់ជ្រូក) ឡុកឡាក់សាច់គោ (ឆាសាច់គោខាប់) លតឆារ (ឃ្មុំបំពងតៃបាក់) និង Beef Skewers ក៏គួរតែត្រូវបានប្រារព្ធបន្ថែមទៀតផងដែរ។ យើងមានម្ហូបប្លែកៗបន្ថែមទៀតដើម្បីបង្ហាញដល់ជនបរទេស ដូចជា សំឡម្ជូរគ្រឿង (សម្លម្ជូរគ្រឿង) សំឡរកកូរ (សម្លកខ្នុរ) ឈៀនជួន (ចៀនន) ត្រីប្រៃ Omelette (ទទទ័រស្វាម) ជាដើម។ សូម្បីតែអាហារពេលព្រឹក គុយទាវយើងក៏ប្លែកដែរ ដល់ថ្នាក់យួនហៅថា H ủ Tiếu Nam Vang ( Cho ,ng / Phnom Penh styled noodled noodle). តោះផ្លាស់ប្តូរទេសចរណ៍ម្ហូបអាហារ។យ៉ាងណាមិញក្រោយ ការបង្ហោះ ពីសំនាក់ម្ចាស់គណនីខាងលើហើយនោះ ឃើញថា មហាជនជាច្រើន បានស៊ែរចែករំលែកព្រោង និង ជាពិសេសស្នើរឱ្យស្ថាប័នដែលពាក់ព័ន្ធ គួរតែគិតគូរឱ្យវិញ ជុំវិញម្ហូបតំណាងកម្ពុជាយើងដែរ ៕

បាតុភូតសូរ្យគ្រាស នឹងកើតឡើងនាដើមខែមេសាខាងមុខ គ្រប់ដណ្ដប់លើតំបន់ និងប្រទេសទាំងនេះ!
ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤

(អន្តរជាតិ)៖ ផ្នែកខ្លះនៃប្រទេសម៉ិកស៊ិក កាណាដា រួមជាមួយសហរដ្ឋអាមេរិក នៅពេលដែល ព្រះច័ន្ទឆ្លងកាត់រវាងព្រះអាទិត្យ និងផែនដី ដោយលេបព្រះអាទិត្យទាំងស្រុងអស់រយៈពេលជាច្រើននាទី។ យោងតាមវេបសាយ FOX Weather បានចេញការព្យាករណ៍ជាផ្លូវការលើកដំបូងរបស់ខ្លួនសម្រាប់ថ្ងៃទី 8 ខែមេសា ដោយបង្ហាញថា អ្នកណាមានឱកាសល្អបំផុតក្នុងការមានផ្ទៃមេឃច្បាស់ ក្នុងអំឡុងពេលព្រឹត្តិការណ៍តារាសាស្ត្រ។ សាលារៀនជាច្រើននៅក្នុងរដ្ឋតិចសាស់ រដ្ឋ Indiana រដ្ឋ Ohio រដ្ឋ Vermont ទីក្រុង New York រដ្ឋ New Jersey និងរដ្ឋ Pennsylvania បានរៀបចំផែនការសាលារៀនជំនួស របាយការណ៍របស់ FOX News ដោយទទួលស្គាល់ថា ភាពងងឹតទាំងស្រុងអាចជាគ្រោះថ្នាក់ ព្រោះវាអាចធ្វើឱ្យរំខានដល់អ្នកបើកបរ និងអ្នកធ្វើដំណើរតាមដងផ្លូវ។ទោះបីជាសាលារៀននៅតាមជនបទមួយចំនួននៅក្នុងផ្លូវនៃចំនួនសរុបបានជ្រើសរើសបិទក៏ដោយ ក៏មណ្ឌលសាលារៀនធំ ៗ ភាគច្រើនបានសម្រេចចិត្តបន្តបើក។ ស្រុកសាលាឯករាជ្យ Dallas រួមជាមួយនឹងសាលា North Texas ធំៗចំនួន 18 ផ្សេងទៀត នឹងបើកឱ្យឃើញបាតុភូតសូរ្យគ្រាស។ លើសពីនេះទៀត តាមតំបន់មួយចំនួននៅអាមេរិក កំពុងផ្តល់ជូនសិស្សានុសិស្សនូវវ៉ែនតា សំខាន់ៗដែលបរិច្ចាគដោយសារមន្ទីរ Perot ដើម្បីធានាសុវត្ថិភាពរបស់ពួកគេ ក្នុងអំឡុងពេលព្រឹត្តិការណ៍សូរ្យគ្រាសកើតឡើង។សូរ្យគ្រាសមួយផ្នែកនៅអាត្លង់តា គ្រោងនឹងចាប់ផ្តើមនៅម៉ោង 1:45 រសៀល។ និងមានរយៈពេលរហូតដល់ ម៉ោង 4:21 រសៀល ដោយភាពងងឹតអតិបរមាកើតឡើងនៅម៉ោង 3:04 រសៀល។ ការសម្រេចចិត្ត របស់ក្នុងរដ្ឋមួយចំនួនក្នុងការបិទសាលារៀន ដោយមានការជូនដំណឹងតិចជាង ពីរសប្តាហ៍ បានធ្វើឱ្យឪពុកម្តាយមួយចំនួនមានការរអាក់រអួលក្នុងការស្វែងរកការថែទាំកុមារដែលបណ្តាលឱ្យមានការខកចិត្តក្នុងចំណោមពួកគេ។ សាលាសាធារណៈ Livingston ក្នុងរដ្ឋ New Jersey នឹងបិទនៅព្រឹកព្រលឹម នៅថ្ងៃនៃសូរ្យគ្រាស ដើម្បីការពារកុមារពីការសម្លឹងមើលព្រះអាទិត្យដោយផ្ទាល់។ អ្នកជំនាញបានលើកឡើងថា ប្រសិនបើសិស្សានុសិស្សទាំងអស់ចង់មើល បាតុភូតសូរ្យគ្រាស ពួកគេត្រូវមានឧបករណ៍ការពារភ្នែក ប្រសិនបើមើលនឹងភ្នែកទទេរនោះ និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ភ្នែក ឬអាចខូចភ្នែកតែម្ដង។ សូរ្យគ្រាសសរុបបន្ទាប់ នឹងមិនឆ្លងកាត់ភាគច្រើននៃសហរដ្ឋអាមេរិក ម្តងទៀតទេរហូតដល់ឆ្នាំ 2044៕

បណ្តាញសង្គម