
(ភ្នំពេញ)៖ កម្ពុជាមានឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែងនៅតាមរាជធានី-ខេត្តទូទាំងប្រទេសកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ មានឱកាសការងារចំនួន ៩៣,៤៩៣ កន្លែងនៅតាមណ្ដារាជធានី-ខេត្តនៅទូទាំងប្រទេស កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យសំខាន់ៗ ដូចជា៖ វិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម។ ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបានតាមរយៈខិត្តប័ណ្ណការងាររបស់ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្អិត។ ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស អ្នកស្វែងរកការងារទាំងអស់ ជាពិសេសបងប្អូនអតីតពលករ ក៏អាចទាក់ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ។ នេះបើតាមក្រសួងការងារដដែល៕

(អន្តរជាតិ)៖ កូរ៉េខាងជើងនឹងពង្រឹងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន «ទាំងគុណភាព និងបរិមាណ» និងពង្រីក តួនាទីរបស់ទីភ្នាក់ងារចារកម្មយោធារបស់ខ្លួនដែលផ្តោតលើកូរ៉េខាងត្បូង។ទីក្រុងព្យុងយ៉ាងកំពុងស្ថិតនៅក្រោមទណ្ឌកម្មយ៉ាងទូលំទូលាយលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយកូរ៉េ ទាំងពីរនៅតែស្ថិតក្នុងសង្គ្រាម ខណៈដែលជម្លោះឆ្នាំ 1950 ដល់ឆ្នាំ 1953 របស់ពួកគេបានបញ្ចប់ ដោយគ្មានសន្ធិសញ្ញាសន្តិភាព។ការប្រកាសនេះធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបានបដិសេធម្តងហើយម្តងទៀត ចំពោះសំណើរទន់ភ្លន់របស់ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ដោយដាក់ស្លាកទីក្រុងសេអ៊ូលថាជាសត្រូវ «អរិភាពបំផុត» របស់ខ្លួន និងប្រកាសខ្លួនឯងថាជារដ្ឋនុយក្លេអ៊ែរ «ដែលមិនអាចត្រឡប់វិញបាន»។បញ្ហាទាំងនេះត្រូវបានពិភាក្សាក្នុងអំឡុងពេលកិច្ចប្រជុំដ៏ទូលំទូលាយមួយរបស់គណៈកម្មការយោធាកណ្តាលរបស់គណបក្សកាន់អំណាច នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការ របស់ទីក្រុង ព្យុងយ៉ាង៕

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ គណៈចលនាមហាជន នៃគណបក្សប្រជាជនកម្ពុជា បានរៀបចំបាឋកថាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» នៅវិមាន ៧ មករា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អញ្ជើញធ្វើបាឋកថាក្រោមប្រធានបទ «ដំណើរតស៊ូដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា»។ជាកិច្ចចាប់ផ្ដើមកម្មវិធី ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចកិត្តិសង្គហបណ្ឌិត ដែលបានផ្ដល់កិត្តិយសអញ្ជើញចូលរួមជាវាគ្មិនក្នុងវេទិកាដ៏មានអត្ថន័យនេះ។ឯកឧត្តមបានមានប្រសាសន៍ថា បាឋកថាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតវេទិកាជូនថ្នាក់ដឹកនាំជំនាន់មុន ដែលជាសាក្សីរស់នៃប្រវត្តិសាស្ត្រកម្ពុជា ចែករំលែកបទពិសោធន៍ផ្ទាល់អំពីដំណើរតស៊ូរំដោះជាតិ ការបង្រួបបង្រួមជាតិ និងការកសាងសុខសន្តិភាព។ ទន្ទឹមនឹងនេះ វេទិកានេះក៏មានគោលបំណងលើកកម្ពស់ស្មារតីយុវជនឱ្យយល់ដឹងពីតម្លៃនៃការលះបង់ វីរភាព និងស្នាដៃរបស់ថ្នាក់ដឹកនាំជំនាន់មុន ព្រមទាំងបណ្ដុះស្មារតីដឹងគុណ ការទទួលខុសត្រូវ និងការប្ដេជ្ញាចិត្តបម្រើជាតិមាតុភូមិ។ ជាមួយគ្នានេះ បាឋកថាស៊េរីនេះក៏ដើរតួនាទីជាស្ពានផ្សារភ្ជាប់អន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងជំនាន់ក្រោយ ដើម្បីពង្រឹងស្មារតីឯកភាព សាមគ្គីភាព និងការបន្តវេនក្នុងបុព្វហេតុកសាង និងអភិវឌ្ឍជាតិ។ក្នុងន័យនេះ ឯកឧត្តមបានគូសបញ្ជាក់ថា បទពិសោធន៍ និងការចែករំលែករបស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គឺជាមេរៀនដ៏មានតម្លៃសម្រាប់ថ្នាក់ដឹកនាំ និងយុវជនជំនាន់ក្រោយ ក្នុងការសិក្សា ស្វែងយល់ និងយកជាគំរូសម្រាប់ការដឹកនាំ ការគ្រប់គ្រង និងការបម្រើប្រជាជន។ ឯកឧត្តមបានបន្ថែមថា“សម្តេចកិត្តិសង្គហបណ្ឌិត មិនត្រឹមតែជានិមិត្តរូបនៃភាពឆ្នើម និងសមត្ថភាពរបស់ស្ត្រីខ្មែរប៉ុណ្ណោះទេ ប៉ុន្តែគឺជាសាក្សីរស់នៃប្រវត្តិសាស្ត្រពិត ។ ក្នុងនាមជាសាក្សីរស់នៃដំណាក់កាលប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជា សម្ដេចបានចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុរំដោះជាតិ និងរួមចំណែកក្នុងការកសាង ស្ថិរភាព សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ រហូតទទួលបានវឌ្ឍនភាពដូចសព្វថ្ងៃ។ក្នុងនាមជាយុវជនជំនាន់ក្រោយ ឯកឧត្តមសូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគំរូវីរភាព ការលះបង់ ការខិតខំប្រឹងប្រែងរបស់អ្នកដឹកនាំជំនាន់មុន ដែលបានតស៊ូឥតស្រាកស្រាន្តក្នុងការបំពេញបេសកកម្មដើម្បីបុព្វហេតុជាតិ និងប្រជាជន។ ឯកឧត្តមបានបន្ថែមថា ការគោរពវិន័យ ការប្រកាន់ខ្ជាប់នូវគោលការណ៍ដឹកនាំ និងស្មារតីទទួលខុសត្រូវខ្ពង់ខ្ពស់បំផុតរបស់ពួកគាត់ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលបាននាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិដូចសព្វថ្ងៃ។ បើគ្មានការលះបង់របស់អ្នកជំនាន់មុន ក៏គ្មានយើងនៅក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត៕



















































#6, Street 272, 120409, Phnom Penh, Cambodia.
(+855) 89 383 888
info@swiftnewsdaily.com | info.swiftnews@gmail.com 
