វីដេអូថ្មីៗ BEST TV
វីដេអូថ្មីៗ SWIFT NEWS
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី៖ “ក្នុងនាមជាយុវជនជំនាន់ក្រោយសូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគំរូវីរភាព ការលះបង់ ការខិតខំប្រឹងប្រែងរបស់អ្នកដឹកនាំជំនាន់មុន ដែលបានតស៊ូឥតស្រាកស្រាន្តក្នុងការបំពេញបេសកកម្មដើម្បីបុព្វហេតុជាតិ និងប្រជាជន”
ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ គណៈចលនាមហាជន នៃគណបក្សប្រជាជនកម្ពុជា បានរៀបចំបាឋកថាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» នៅវិមាន ៧ មករា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អញ្ជើញធ្វើបាឋកថាក្រោមប្រធានបទ «ដំណើរតស៊ូដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា»។ជាកិច្ចចាប់ផ្ដើមកម្មវិធី ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចកិត្តិសង្គហបណ្ឌិត ដែលបានផ្ដល់កិត្តិយសអញ្ជើញចូលរួមជាវាគ្មិនក្នុងវេទិកាដ៏មានអត្ថន័យនេះ។ឯកឧត្តមបានមានប្រសាសន៍ថា បាឋកថាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតវេទិកាជូនថ្នាក់ដឹកនាំជំនាន់មុន ដែលជាសាក្សីរស់នៃប្រវត្តិសាស្ត្រកម្ពុជា ចែករំលែកបទពិសោធន៍ផ្ទាល់អំពីដំណើរតស៊ូរំដោះជាតិ ការបង្រួបបង្រួមជាតិ និងការកសាងសុខសន្តិភាព។ ទន្ទឹមនឹងនេះ វេទិកានេះក៏មានគោលបំណងលើកកម្ពស់ស្មារតីយុវជនឱ្យយល់ដឹងពីតម្លៃនៃការលះបង់ វីរភាព និងស្នាដៃរបស់ថ្នាក់ដឹកនាំជំនាន់មុន ព្រមទាំងបណ្ដុះស្មារតីដឹងគុណ ការទទួលខុសត្រូវ និងការប្ដេជ្ញាចិត្តបម្រើជាតិមាតុភូមិ។ ជាមួយគ្នានេះ បាឋកថាស៊េរីនេះក៏ដើរតួនាទីជាស្ពានផ្សារភ្ជាប់អន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងជំនាន់ក្រោយ ដើម្បីពង្រឹងស្មារតីឯកភាព សាមគ្គីភាព និងការបន្តវេនក្នុងបុព្វហេតុកសាង និងអភិវឌ្ឍជាតិ។ក្នុងន័យនេះ ឯកឧត្តមបានគូសបញ្ជាក់ថា បទពិសោធន៍ និងការចែករំលែករបស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គឺជាមេរៀនដ៏មានតម្លៃសម្រាប់ថ្នាក់ដឹកនាំ និងយុវជនជំនាន់ក្រោយ ក្នុងការសិក្សា ស្វែងយល់ និងយកជាគំរូសម្រាប់ការដឹកនាំ ការគ្រប់គ្រង និងការបម្រើប្រជាជន។ ឯកឧត្តមបានបន្ថែមថា“សម្តេចកិត្តិសង្គហបណ្ឌិត មិនត្រឹមតែជានិមិត្តរូបនៃភាពឆ្នើម និងសមត្ថភាពរបស់ស្ត្រីខ្មែរប៉ុណ្ណោះទេ ប៉ុន្តែគឺជាសាក្សីរស់នៃប្រវត្តិសាស្ត្រពិត ។ ក្នុងនាមជាសាក្សីរស់នៃដំណាក់កាលប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជា សម្ដេចបានចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុរំដោះជាតិ និងរួមចំណែកក្នុងការកសាង ស្ថិរភាព សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ រហូតទទួលបានវឌ្ឍនភាពដូចសព្វថ្ងៃ។ក្នុងនាមជាយុវជនជំនាន់ក្រោយ ឯកឧត្តមសូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគំរូវីរភាព ការលះបង់ ការខិតខំប្រឹងប្រែងរបស់អ្នកដឹកនាំជំនាន់មុន ដែលបានតស៊ូឥតស្រាកស្រាន្តក្នុងការបំពេញបេសកកម្មដើម្បីបុព្វហេតុជាតិ និងប្រជាជន។ ឯកឧត្តមបានបន្ថែមថា ការគោរពវិន័យ ការប្រកាន់ខ្ជាប់នូវគោលការណ៍ដឹកនាំ និងស្មារតីទទួលខុសត្រូវខ្ពង់ខ្ពស់បំផុតរបស់ពួកគាត់ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលបាននាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិដូចសព្វថ្ងៃ។ បើគ្មានការលះបង់របស់អ្នកជំនាន់មុន ក៏គ្មានយើងនៅក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត៕

បុរី មេគង្គ លែន បានឧបត្ថម្ភរៀបចំកម្មវិធី ពិនិត្យ និងព្យាបាល ត្រចៀក ច្រមុះ បំពង់ក ដោយឥតគិតថ្លៃ ប្រគេនព្រះសង្ឃ តាអាចារ្យ ដូនជី និងជូនប្រជាពលរដ្ឋជាង ១,៥០០អង្គ/នាក់ នៅ «ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា»
ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦

(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការផ្ដួចផ្ដើមរបស់ អ្នកឧកញ៉ា ជាម ឃុនណាត អគ្គនាយក បុរី មេគង្គ លែន (Mekong Land) និងលោកជំទាវ ហេង ចិន្ដា បានឧបត្ថម្ភជូនអង្គការផ្ដល់នូវក្ដីសង្ឃឹម កម្ពុជា (H.O.P.E Cambodia) ដើម្បីរៀបចំកម្មវិធីពិនិត្យ និងព្យាបាល ត្រចៀក ច្រមុះ បំពង់ក ដោយមិនគិតកម្រៃ ប្រគេនព្រះសង្ឃ តាអាចារ្យ ដូនជី និងជូនប្រជាពលរដ្ឋជាង ១,៥០០អង្គ/នាក់ នៅ «ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា» ដែលមានទីតាំងស្ថិតនៅឃុំខាងលិចជាប់ជើងភ្នំព្រះរាជទព្យ ឃុំផ្សារដែក ស្រុកពញាឮ ខេត្ដកណ្ដាល។ ព្រះទេពវិចិត្រ ប៉ាច សុផុន អនុប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា បានមានសង្ឃដីកា៖ «នេះជាចក្ខុវិស័យមួយដ៏ខ្ពង់ខ្ពស់របស់ អ្នកឧកញ៉ា ជាម ឃុនណាត អគ្គនាយក បុរី មេគង្គ លែន និងអង្គការផ្ដល់នូវក្ដីសង្ឃឹមកម្ពុជា ដែលមានសទ្ធាជ្រះថ្លា បានផ្ដល់នូវសេវាកម្មពិនិត្យ និងព្យាបាល ត្រចៀក ច្រមុះ បំពង់ក ដោយមិនគិតកម្រៃ សម្រាប់ព្រះសង្ឃ សីលវ័ន សីលវតី ព្រមទាំងប្រជាពលរដ្ឋទាំងអស់នៅក្នុងឃុំផ្សារដែក។ ជាក់ស្ដែង ព្រះសង្ឃ យោគាវចរ សីលវ័ន សីលវតី ដែលគង់ និងស្នាក់នៅទីនេះ ភាគច្រើនគឺសុទ្ធតែចាស់ជរា ដែលមានបញ្ហា ត្រចៀក ច្រមុះ បំពង់ក ច្រើន ធ្វើឱ្យជំនួយមួយនេះមានតម្លៃខ្ពង់ខ្ពស់ ព្រោះសុខភាពផ្លូវកាយល្អ និងសុខភាពផ្លូវចិត្តល្អ ជាលាភដ៏ឧដុង្គឧត្ដមសម្រាប់មនុស្សជាតិធ្វើឱ្យគ្រប់កិច្ចការងាររមែងប្រព្រឹត្ដទៅបានគ្រប់វិស័យ»។ ថ្លែងសំណេះសំណាលមុនពេលពិនិត្យនិងព្យាបាលប្រគេនព្រះសង្ឃ និងជូនប្រជាពលរដ្ឋ, លោក គឹម ពុទ្ធី អនុប្រធានផ្នែកធនធានមនុស្ស និងរដ្ឋបាល នៃ បុរី មេគង្គ លែន បានសួរសុខទុក្ខព្រះសង្ឃ និងប្រជាពលរដ្ឋ និងបានបង្ហាញពីគោលជំហរស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងការយកចិត្តទុកដាក់លើសុខុមាលភាពសហគមន៍ របស់ បុរី មេគង្គ លែន។ ជាក់ស្ដែង នេះមិនមែនជាលើកទី១ឡើយដែល បុរី មេគង្គ លែន បានសហការឧបត្ថម្ភជូន អង្គការផ្ដល់នូវក្ដីសង្ឃឹម កម្ពុជា ក្នុងការរៀបចំកម្មវិធី ពិនិត្យ និងព្យាបាល ត្រចៀក ច្រមុះ បំពង់ក ដោយឥតគិតថ្លៃ។ ក្នុងនោះផងដែរ លោកស្រី កែប ច័ន្ទសមា នាយិការរង អង្គការផ្តល់នូវក្តីសង្ឃឹមកម្ពុជា បានថ្លែងឱ្យដឹងដែរថា៖ ជារឿយៗ បុរី មេគង្គ លែន ក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា ជាម ឃុនណាត តែងឧបត្ថម្ភមកកាន់ អង្គការផ្ដល់នូវក្ដីសង្ឃឹមកម្ពុជា ទៅលើការពិនិត្យ និងព្យាបាល ត្រចៀក ច្រមុះ បំពង់ក ដោយមិនគិតកម្រៃ។ លោកស្រីបានបន្ដទៀតថា ក្នុងនាមលោកស្រីជាពលរដ្ឋម្នាក់ ជាគ្រូពេទ្យម្នាក់ មានភាពរីករាយជាខ្លាំង ដែលមាន បុរី មេគង្គ លែន ជាដៃគូសហការឧបត្ថម្ភដ៏រឹងមាំផ្ដល់ជូនសេវាពិនិត្យ និងព្យាបាលដល់ព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលកំពុងត្រូវការការពិនិត្យ និងព្យាបាល។ ក្នុងកម្មវិធីនេះដែរ បានប្រព្រឹត្ដទៅក្នុងរយៈពេល១ថ្ងៃពេញ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច ដើម្បីប្រគេន និងផ្ដល់ជូនការពិនិត្យ ពិគ្រោះ និងព្យាបាល ពីក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាយិកាជំនាញៗចំនួន ៣០រូប ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីធានាថាព្រះសង្ឃ និងប្រជាពលរដ្ឋដែលបានមក ទទួលបាននូវសេវាថែទាំសុខភាពប្រកបដោយគុណភាព វីជ្ជាជីវៈ និងទាន់ពេលវេលា។អង្គការផ្ដល់នូវក្ដីសង្ឃឹម កម្ពុជា (H.O.P.E Cambodia)​ គឺជាអង្គការដែលផ្តោតលើការផ្តល់ជំនួយមនុស្សធម៌ ការពិនិត្យសុខភាព និងការគាំទ្រប្រកបដោយនិរន្តរភាពដល់ប្រជាជនដែលងាយរងគ្រោះ សហគមន៍ដាច់ស្រយាល និងស្ថាប័នសាសនានានានៅទូទាំងប្រទេសកម្ពុជា។ហ្វេសប៊ុកផេកផ្លូវការ បុរី មេគង្គ លែន៖ https://www.facebook.com/MekongLandOfficialហ្វេសប៊ុកផេកផ្លូវការ HOPE Cambodia - អង្គការហូប កម្ពុជា៖ https://www.facebook.com/profile.php?id=100064552734928  

ទឹកដីកំណប់ទ្រព្យ វប្បធម៌ និងទេសចរណ៍ដ៏ល្អឯក កំពុងបន្ថែមសក្តានុពលក្នុងរដូវកាលបៃតងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ
ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦ មានគោលបំណងធំៗចំនួន ២៖ ១). ផ្សារភ្ជាប់រវាងវិស័យ កសិកម្មទៅនឹងវិស័យទេសចរណ៍, និង ២). ជំរុញទេសចរណ៍ក្នុងស្រុកនៅក្នុង រដូវកាលបៃតង ស្របតាមយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង ឆ្នាំ២០២៦ (ចាប់ពីខែ ឧសភា ដល់ ខែតុលា)។ព្រឹត្តិការណ៍ដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និងលោក ជំទាវ, ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និង តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, លោកឧកញ៉ាប្រធាន សហព័ន្ធទេសចរណ៍កម្ពុជា, លោកជំទាវឧកញ៉ា ប្រធានសមាគមទេសចរណ៍ កម្ពុជា, ឯកឧត្តមនាយកប្រតិបត្តិ CTB និងបងប្អូនផ្នែកឯកជននៅក្នុងឧស្សាហកម្មទេសចរណ៍, ប្អូនៗអ្នកផលិតមាតិកា, Influencers, KoLs និងលោកយាយ លោកតា ពុក ម៉ែ បងប្អូន ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត ជូន ឯកឧត្តម លោកជំទាវ គណៈអធិបតី, ជាពិសេស លោកយាយ លោកតា ពុក ម៉ែ បងប្អូន អ្នកខេត្តបាត់ដំបងទាំងអស់គ្នា។ឯកឧត្តមរដ្ឋមន្ត្រី ក៏បានយកឱកាសដ៏ថ្លៃថ្លានេះ គោរពថ្លែងអំណរគុណ គោរពជូន សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង, ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ខ្ពស់ និងផ្តល់អនុសាសន៍ណែនាំតម្រង់ទិសជាប់ជាប្រចាំ ក្នុងការអភិវឌ្ឍខេត្តបាត់ដំបង ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ, ជាពិសេសការអភិវឌ្ឍ និងការលើកកម្ពស់វិស័យទេសចរណ៍។នាឱកាសប្រកបដោយមោទនភាព ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទីក្រុងបាត់ដំបង នៃខេត្តបាត់ដំបង គឺជាទីក្រុងទី១ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានក្លាយជាទីក្រុងច្នៃប្រឌិត ផ្នែកម្ហូបអាហារ (Gastronomy) របស់អង្គការយូណេស្កូ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ដែលនេះពិតជាបានបង្ហាញយ៉ាងច្បាស់ដល់ពិភពលោកថា បណ្តាទីក្រុងនានា នៃព្រះរាជាណាចក្រកម្ពុជា ពិតជាមានសក្តានុពលដ៏សម្បូរបែប និងភាពប្រកួតប្រជែងនៅក្នុងកម្រិតតំបន់ និង កម្រិតសកល។ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ផ្តើមចេញពីគំរូដ៏ល្អរបស់ទីក្រុងបាត់ដំបង, កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ, ក្រសួងទេសចរណ៍ ទើបរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំឯកសារស្នើដាក់បេក្ខភាពខេត្តកំពត ដើម្បីចូលជាសមាជិកបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ ផ្នែកម្ហូបអាហារបន្ថែមទៀត ហើយ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា ទីក្រុង កំពត នឹងក្លាយជាទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូទី២ បន្ទាប់ ពីទីក្រុងបាត់ដំបង។ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦, ក្រសួងទេសចរណ៍ ក៏បានរៀបចំសិក្ខាសាលាស្តីពី ការងារការទូតទេសចរណ៍ និងទេសចរណ៍ ម្ហូបអាហារ ដោយផ្សារភ្ជាប់ជាមួយការទូតម្ហូបអាហារ ដែលមានគោលបំណងប្រមូលធាតុចូលពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីរៀបចំយុទ្ធសាស្ត្រថ្មី សម្រាប់ជំរុញទេសចរណ៍ម្ហូបអាហារ ដែលក្រសួងចាត់ទុកថាជាឧបករណ៍អំណាចទន់ (Soft Power) ដ៏មានប្រសិទ្ធភាពក្នុងការលើកកម្ពស់កិត្តិនាមកម្ពុជា និង ផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក៕

កម្ពុជា បានត្រៀមខ្លួនរួចរាល់ក្នុងការទទួលស្វាគមន៍ទេសចរមូស្លីម ដែលជាទីផ្សារដ៏មានសក្តានុពល
ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុង វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៦ ក្រោមមូលបទ៖ «ទឹកដីពោរពេញដោយភាពស្រស់ត្រកាល និងជាផ្ទះដែលផ្ដល់ទំនុកចិត្តសម្រាប់ការធ្វើដំណើរ»។វេទិកានេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន៖ (១) ការស្វាគមន៍ភ្ញៀវទេសចរគ្រប់ជាតិសាសន៍មកកាន់កម្ពុជា ដែលជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងទំនុកចិត្ត, (២) ការបង្ហាញពីសក្តានុពល និងភាពសម្បូរបែបនៃផលិតផលទេសចរណ៍កម្ពុជា ព្រមទាំងការលើកកម្ពស់សេវាកម្មប្រកបដោយគុណភាព និងស្តង់ដា, និង (៣) ការត្រៀមខ្លួនឱ្យបានរួចជាស្រេចក្នុងការទទួលបដិសណ្ឋារកិច្ចទេសចរមូស្លីម ស្របតាមនិន្នាការ និងតម្រូវការទីផ្សារអន្តរជាតិ។ព្រឹត្តិការណ៍ដ៏អធិកអធមនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូតបរទេស ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ តំណាងសហគមន៍សាសនាឥស្លាម សមាគមនៅក្នុងឧស្សាហកម្មទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនដឹកជញ្ជូន វិស័យឯកជន បណ្តាញសារព័ត៌មាន អ្នកផលិតមាតិកាព័ត៌មាន អាជីវករ និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ សរុបចំនួន ៥១៣នាក់។ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រសួងទេសចរណ៍បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សៀវភៅស្តង់ដាមូស្លីមហ្វ្រែនលីកម្ពុជា ដែលជាឯកសារគោលសម្រាប់អភិវឌ្ឍគោលដៅទេសចរណ៍ មូលដ្ឋានអាជីវកម្ម និងការផ្តល់បដិសណ្ឋារកិច្ចប្រកបដោយគុណភាព សុវត្ថិភាព និងទំនុកចិត្ត ជូនភ្ញៀវទេសចរមូស្លីម។ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា វេទិកានេះ គឺជាការបន្តភាពជោគជ័យពីវេទិកាទេសចរណ៍មូស្លីមលើកទី១ (ឆ្នាំ២០២៤) និងលើកទី២ (ឆ្នាំ២០២៥) ព្រមទាំងជាការបោះជំហានថ្មីមួយទៀតនៅក្នុងការអភិវឌ្ឍទេសចរណ៍មូស្លីមនៅកម្ពុជា។ សូមបញ្ជាក់ជូនថា វេទិកាលើកទី៣នេះ មានលក្ខណៈកាន់តែធំជាងមុន និងពិសេសជាងមុន ដោយប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ (១០-១២ ខែកក្កដា) ដែលមានការរៀបចំជាកិច្ចពិភាក្សាតុមូលលើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងទេសចរណ៍មូស្លីម, មានស្តង់ពិព័រណ៍ប្រមាណ ១៥០ស្តង់ ជាមួយការរំពឹងទុកថាមានអ្នកចូលរួមយ៉ាងច្រើនកុះករ។ បន្ថែមលើនេះ, ក្រសួងក៏បានរៀបចំទស្សនកិច្ចសិក្សា (Fam Trip) របស់គណៈប្រតិភូធុរជនមូស្លីម មកពីប្រទេសម៉ាឡេស៊ី, ឥណ្ឌូនេស៊ី និងសិង្ហបុរី ដើម្បីមកទស្សនាតំបន់គោលដៅទេសចរណ៍សំខាន់ៗនៅព្រះរាជាណាចក្រកម្ពុជា និងពិនិត្យលទ្ធភាពរៀបចំកញ្ចប់ទស្សនកិច្ចជូនទេសចរមូស្លីមពីក្នុងតំបន់ និង ជុំវិញពិភពលោក មកទស្សនាកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៦ នឹងរួមចំណែកជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយបណ្តាប្រទេសនានា ព្រមទាំងបញ្ជាក់ឱ្យពិភពលោកបានឃើញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព មានភាពកក់ក្តៅ និងទំនុកចិត្ត ដែលអាចទទួលស្វាគមន៍ភ្ញៀវទេសចរពីគ្រប់ទិសទីនៅក្នុងតំបន់ និងនៅលើពិភពលលោក៕

វិស័យឯកជនទទួលស្គាល់ RPL ជាយន្តការដ៏សំខាន់ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញ
ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦

(ភ្នំពេញ)៖ វិស័យឯកជនទទួលស្គាល់កម្មវិធីវាយតម្លៃទទួលស្គាល់ជំនាញពីមុន ហៅកាត់ថា RPL ជាយន្តការដ៏សំខាន់ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញ និងធានាបាននូវកម្លាំងពលកម្មដែលមានស្តង់ដារ កាត់បន្ថយកំហុសបច្ចេកទេស និងគ្រោះថ្នាក់ការងារ។លោក ឆេង ចំរើន អ្នកវាយតម្លៃមកពីវិស័យឯកជន លើ​ការងារដំឡើងសរសៃដែក នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ(PPI) បាននិយាយថា លោកបានទទួលស្គាល់ការវាយតម្លៃ RPL នេះគឺជួយឱ្យម្ចាស់អាជីវកម្មស្វែងយល់ពីកម្រិតជំនាញពិតប្រាកដរបស់បុគ្គលិកបានភ្លាមៗ ដើម្បីដាក់ការងារឱ្យចំគោលដៅបច្ចេកទេស។លោកបានបញ្ជាក់ថា៖«ទាក់ទងនឹងការងារវាយតម្លៃលើមុខជំនាញដំឡើងសរសៃដែកនេះ ត្រូវការត្រួតពិនិត្យយ៉ាងល្អិតល្អន់ ដើម្បីស្វែងរកធនធានមនុស្សដែលមានសមត្ថភាពពិតប្រាកដ ហើយអ្នកមានមច្ចេកទេសជាក់ស្ដែងលើមុខជំនាញនេះ គឺមានន័យថា ពួកគាត់ត្រូវតែចេះរៀបចំពីដើម រហូតដល់ចប់តួនាទីជាអ្នកដំឡើងសរសៃដែក»។លោកបានបន្ថែមថា ពួកគាត់ពិតជាមានជំនាញ និងបទពិសោធន៍ជាក់លាក់ហើយ ប៉ុន្ដែនៅត្រូវវគ្គតម្រង់ទិសបន្ដិចបន្ដួច ដើម្បីស្វែង​យល់ពីស្ដង់ដានៅក្នុងកន្លែងការដ្ឋាននីមួយៗ។ ក្រោយពេលពួកគាត់ឆ្លងកាត់តេស្ដ RPLនេះ គឺពួកគាត់ទទួល​បានចំណេះដឹង​វគ្គតម្រង់ទិស​ពីស្ដង់​ដា និងយកទៅវិញនូវវិញ្ញាបនប័ត្រដ៏មានតម្លៃសម្រាប់ប្រើប្រាស់ក្នុងអាជីពរបស់ពួកគាត់។លោកស្រី រី នីតា អ្នកវាយតម្លៃមកពីវិស័យឯកជន លើមុខជំនាញនៃការងារការ៉ូ និងកំបោរ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស(NTTI) បានថ្លែងថា RPL ជួយដល់ការកាត់បន្ថយថ្លៃបណ្តុះបណ្តាលបុគ្គលិក គឺមានន័យថា ចំណេញថវិកាលើការបណ្តុះបណ្តាលជំនាញមូលដ្ឋាន ដោយគ្រាន់តែផ្តោតលើការបង្រៀនបច្ចេកវិទ្យាជាក់លាក់របស់ក្រុមហ៊ុនប៉ុណ្ណោះ។លោកស្រីបានបញ្ជាក់ថា៖«ឆ្លងកាត់វាយតម្លៃកន្លងមកនេះ គឺបេក្ខជនរបស់យើងម្នាក់ៗ គឺពិតជាមានជំនាញច្បាស់លាស់ប្រាកដមែន ដោយគ្រាន់​តែណែនាំពួកគាត់ពីនីតិវិធីនៃការធ្វើតេស្ដប៉ុណ្ណោះ។ RPL ពិតសំខាន់សម្រាប់វិស័យឯកជន នៅពេលដែលវិស័យឯកជនត្រូវការជាងជំនាញ ឬបុគ្គលិក​មានបទពិសោធន៍ ដើម្បីចូលធ្វើការងារនៅក្នុងក្រុមហ៊ុនរបស់ពួកគាត់»។លើសពីនេះ លោកស្រីថា RPL អាចបង្កើនទំនុកចិត្តវិនិយោគ​ក្នុងប្រទេស ដែលជាមូលដ្ឋានគ្រឹះជួយឱ្យអ្នកវិនិយោគ​សម្រេចចិត្តបោះទុន​បានឆាប់រហ័ស ហើយអាចជួយឱ្យខ្សែសង្វាក់ផលិតកម្មដំណើរការបានលឿន និងមានប្រសិទ្ធភាពខ្ពស់ ដែលនាំមកនូវ​ផលចំណេញ​ត្រឡប់មកវិញច្រើន និងចំណេញពេលវេលា។បើតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា ចំពោះអ្នកវាយតម្លៃសមត្ថភាពបេក្ខជន ក៏មាន​កេរ្តិ៍ឈ្មោះ​វិជ្ជាជីវៈល្អ ដែល​បានទទួលស្គាល់ជាអ្នកជំនាញផ្លូវការ និងមានភាពជឿជាក់ខ្ពស់ក្នុងវិស័យការងារនេះ។ ពួកគាត់ ត្រូវបានពង្រឹង​ជំនាញ​បច្ចេកទេស ការវិនិច្ឆ័យ បានធ្វើបច្ចុប្បន្នភាពចំណេះដឹងតាមស្តង់ដាទីផ្សារការងារថ្មីៗជាប្រចាំ។លោកបានបញ្ជាក់ថា៖«ក្នុងន័យនេះ ខ្ញុំនៅតែអំពាវនាវដល់បងប្អូនអតីតពលករដែលត្រឡប់មកវិញ រួសរាន់មកចុះ​ឈ្មោះវាយ​តម្លៃជំនាញ​ដោយឥតគិតថ្លៃ ដើម្បីទទួលបានវិញ្ញាបនបត្រផ្លូវការ ក្នុងការប្រលូកចូលក្នុងទីផ្សារការងារក្នុងស្រុកប្រកបដោយភាពជឿជាក់ និងប្រើ​ប្រាស់​លទ្ធ​ផលនៃការវាយតម្លៃនេះយ៉ាងពេញលេញ»៕

ចំណេញដេគ័រដ៏អស្ចារ្យសម្រាប់ខែកក្កដានេះពី បុរី មេគង្គ លែន!
ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦

(ភ្នំពេញ)៖​ ​​កុំឱ្យឱកាសដ៏កម្រនេះកន្លងហួសទៅឱ្យសោះ! ក្នុងខែកក្កដា ឆ្នាំ២០២៦នេះ បុរី មេគង្គ លែន កំពុងតែមានការផ្ដល់ជូនដ៏ពិសេសបំផុតសម្រាប់អតិថិជនតាមរយៈការថែមជូនកញ្ចប់ ដេគ័រ រាល់ការទិញ «វីឡាឃ្វីន B» និង «វីឡាភ្លោះ» ក្នុងគម្រោង «មេគង្គ​ ស៊ីធី» ជាមួយចំនួនមានកំណត់បំផុត។ការថែមជូនកញ្ចប់រចនាដេគ័រផ្នែកខាងក្នុងរួមមាន៖·       វីឡាឃ្វីន B (ផ្តល់ជូនសម្រាប់តែ ២ផ្ទះ ប៉ុណ្ណោះ)៖ អតិថិជនដែលទិញនឹងទទួលបានការថែមជូនកញ្ចប់ដេគ័ ផ្នែកខាងក្នុងយ៉ាងប្រណិតនៅជាន់ផ្ទាល់ដី និងបន្ទប់គេងមេគ្រួសារទាំងមូល (សូមពិនិត្យរូបភាពតំណាងនៅខាងក្រោម)។·       វីឡាភ្លោះ (ផ្តល់ជូនសម្រាប់តែ ២ផ្ទះ ប៉ុណ្ណោះ)៖ អតិថិជននឹងទទួលបានកញ្ចប់ដេគ័រពិសេស ដែលរួមបញ្ចូល ដោយការផ្ដល់ជូនទូតាំងមួយ​ ទូស្រា២ និង​ជញ្ជាំងដេគ័រទូរទស្សន៍យ៉ាងស្រស់ស្អាត (សូមពិនិត្យរូបភាពតំណាងនៅខាងក្រោម)។*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ដបន្ថែមពីលើនេះផងដែរ រាល់ការអញ្ជើញមកទស្សនាគម្រោង និងគេហដ្ឋានក្នុងគម្រោង «មេគង្គ ស៊ីធី» ផ្ទាល់ អតិថិជននឹងបានចូលរួមលេងក្នុងយុទ្ធនាការ «VISIT & WIN» ទទួលបាន Voucher របស់ WingShop-Mekong Land ៦A ដែលមានទឹកប្រាក់រហូតដល់ ១០០ដុល្លារ ភ្លាមៗ តែម្តង! សូមប្រញាប់រួសរាន់ឡើង​​ ចំនួនមានកំណត់!គួរបញ្ជាក់ផងដែរថា បុរី មេគង្គ លែន ជាក្រុមហ៊ុនអភិវឌ្ឍលំនៅឋា​នដែលពោរពេញដោយបទពិសោធ និងជាក្រុមហ៊ុនដែលឈានមុខគេមួយក្នុងប្រទេសកម្ពុជាក្នុងការសាងសង់គេហដ្ឋានរចនាបថម៉ូដក្លាស៊ីកបែបអឺរ៉ុប និងគេហដ្ឋានរចនាបថម៉ូដទាន់សម័យដែលមាន ៣ គម្រោងដូចជា៖ ១. «ឌឹ មេគង្គ រ៉ូយ៉ាល់» ជាគម្រោងគេហដ្ឋានម៉ូដក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A, ២. «ហ្គោលឌិន អាវិននូ» ជាគម្រោងគេហដ្ឋានរចនាបថម៉ូតទាន់សម័យ ស្ថិតនៅផ្លូវ ២០១១ និង ៣. «មេគង្គ ស៊ីធី» ជាគម្រោងគេហដ្ឋានម៉ូដក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A។ គ្រប់គម្រោងរបស់ បុរី មេគង្គ លែន ត្រូវបានសាងសង់ដោយការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងពីក្រុមវិស្វករជំនាញរបស់បុរីដោយផ្ដោតលើគុណភាព និងប្រណិតភាពជាចំបង។ ការផ្ចិតផ្ចង់នៃស្ថាបត្យកម្ម សំណង់ និងទឹកដៃល្អ សម្រិតសម្រាំងបាននូវគេហដ្ឋានប្រណិតទាន់សម័យ ផ្ដល់នូវផាសុកភាព សុវត្ថិភាព ភាពស៊ីវិល័យ និងការរស់នៅទាន់សម័យ ជូនដល់គ្រប់អតិថិជន។បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ! ហ្វេសប៊ុកផេកផ្លូវការ បុរី មេគង្គ លែន៖ https://www.facebook.com/MekongLandOfficial សម្រាប់ព័ត៌មានលម្អិតបន្ថែម៖ 061 955 999, Telegram: https://t.me/mekongland  ឆាតសួរព័ត៌មាន: https://t.me/MekongLand_Hotline ផែនទីការិយាល័យផ្នែកលក់កណ្តាល៖ https://maps.app.goo.gl/ce51Q5RZBjeASF4D7 ផែនទីការិយាល័យផ្នែកលក់របស់គម្រោង មេគង្គ ស៊ីធី៖ https://maps.app.goo.gl/wjN9iapG6JXNtrUA7ផែនទីការិយាល័យផ្នែកលក់របស់គម្រោង ហ្គោលឌិន អាវិននូ៖ https://maps.app.goo.gl/S2LuoZmVBbMziVm29

ទន្លេជិត 80 ភាគរយនៃពិភពលោកកំពុងជួបប្រទះនឹងការបាត់បង់អុកស៊ីសែនយ៉ាងឆាប់រហ័ស
ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦

(អន្តរជាតិ)៖ ការសិក្សាសកលថ្មីៗនេះបានបង្ហាញពីនិន្នាការគួរឱ្យព្រួយបារម្ភ នៅក្នុងប្រព័ន្ធអេកូឡូស៊ី ទឹកសាប ទូទាំងពិភពលោក ដោយបង្ហាញថាទន្លេជិត 80 ភាគរយនៃពិភពលោកកំពុងជួបប្រទះនឹងការ បាត់បង់អុកស៊ីសែនយ៉ាងឆាប់រហ័ស។អ្នកស្រាវជ្រាវបានវិភាគទិន្នន័យពីប្រព័ន្ធទន្លេជាង 21000 ដែលមានរយៈពេលជិតបួនទសវត្សរ៍ចាប់ពីឆ្នាំ 1985 ដល់ឆ្នាំ 2023 ដោយប្រើប្រាស់បច្ចេកទេសរៀនម៉ាស៊ីនទំនើប និងការសង្កេតផ្កាយរណប យ៉ាងទូលំទូលាយ។ពួកគេបានរកឃើញថាកម្រិតអុកស៊ីសែនរលាយបានធ្លាក់ចុះក្នុងអត្រាជាមធ្យម 0.045 មីលីក្រាមក្នុងមួយលីត្រក្នុងមួយទសវត្សរ៍ ដោយទន្លេដែលត្រូវបានត្រួតពិនិត្យ 78.8 ភាគរយបង្ហាញសញ្ញា ច្បាស់លាស់នៃការបាត់បង់អុកស៊ីសែន។បាតុភូតនេះបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ជីវិតក្នុងទឹក ដោយសារត្រី និងសត្វ ដទៃទៀត ពឹងផ្អែកលើ អុកស៊ីសែនរលាយគ្រប់គ្រាន់ដើម្បីរស់។ការបាត់បង់អុកស៊ីសែនអាចនាំឱ្យមានស្ថានភាពកង្វះអុកស៊ីសែន បណ្តាលឱ្យមានការស្លាប់យ៉ាងច្រើន ជីវចម្រុះថយចុះ និងការរំខានដល់ខ្សែសង្វាក់អាហារ។សីតុណ្ហភាពទឹកក្តៅដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុកាត់បន្ថយភាពរលាយអុកស៊ីសែន ដែលជាផ្នែកសំខាន់មួយនៃការធ្លាក់ចុះ ខណៈពេលដែលការបំពុល ផ្កាសារាយ និងលំហូរសារធាតុចិញ្ចឹម ធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើងដោយការកើនឡើងនៃតម្រូវការអុកស៊ីសែនជីវសាស្រ្ត។ទន្លេមួយចំនួន ដូចជាទន្លេគង្គា កំពុងបាត់បង់អុកស៊ីសែនក្នុងអត្រាលើសពីមធ្យមភាគសកល។ ផលវិបាកលាតសន្ធឹងហួសពីប្រព័ន្ធអេកូឡូស៊ី ដែលប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ មនុស្សរាប់ពាន់លាននាក់ និងអាចបញ្ចេញឧស្ម័នផ្ទះកញ្ចក់បន្ថែមទៀតពីដីល្បាប់។សកម្មភាពបន្ទាន់លើការកាត់បន្ថយអាកាសធាតុ ការគ្រប់គ្រងការបំពុល និងការស្តារប្រព័ន្ធអេកូឡូស៊ី ឡើងវិញ គឺមានសារៈសំខាន់ណាស់ក្នុងការបញ្ច្រាសនិន្នាការទាំងនេះ និងការពារប្រព័ន្ធទន្លេសំខាន់ៗ៕

តារាសម្តែងចិនម្នាក់ ធ្លាក់ខ្លួនលក់បន្លែ ដោយសារតែមូលហេតុមួយនេះ
ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦

(អន្តរជាតិ)៖ លោក Xu Peng ដែលជាតារាសម្តែងរឿងខ្លីចិនដ៏លេចធ្លោម្នាក់ បានផ្អាកអាជីពសម្ដែង របស់គាត់ ហើយបានត្រឡប់ទៅស្រុកកំណើតរបស់គាត់វិញដើម្បីលក់បន្លែ ដោយនិយាយថារឿងភាគ ដែលបង្កើត ដោយ AI បានកាត់បន្ថយឱកាសសម្ដែងយ៉ាងខ្លាំង។លោក Peng អាយុ 30 ឆ្នាំ បានបញ្ចប់ការសិក្សាពី Central Academy of Drama ហើយបានចាប់ផ្តើមអាជីព របស់គាត់នៅក្នុងទូរទស្សន៍ មុនពេលផ្លាស់ប្តូរទៅជារឿងភាគខ្លីក្នុងអំឡុងពេលការរីកចម្រើន នៃរឿងភាគ ខ្នាតតូចរបស់ប្រទេសចិនឆ្នាំ 2025 តាមការស្នើសុំរបស់អ្នកគាំទ្រ។គាត់ត្រូវបានគេស្គាល់ថាដើរតួជាតួអង្គ CEO ដែលមានឥទ្ធិពល ហើយនៅកំពូលនៃអាជីពរបស់គាត់ ជារឿយៗថត 15 ទៅ 16 ម៉ោងក្នុងមួយថ្ងៃ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយហុងកុង HK01។ការទទួលយក AI យ៉ាងឆាប់រហ័សរបស់ឧស្សាហកម្មនេះបានផ្លាស់ប្តូរអាជីវកម្មចាប់តាំងពីពេលនោះមក។ របាយការណ៍បាននិយាយថា រឿងភាគខ្នាតតូចប្រហែល 122,000 ក្នុងចំណោម 128,000 រឿងដែលចេញ ផ្សាយនៅក្នុងប្រទេសចិនក្នុងអំឡុងត្រីមាសទីមួយនៃឆ្នាំ 2026 ត្រូវបានផលិតដោយប្រើ AI ដែលមានចំនួន ជាង 95% នៃការចេញផ្សាយថ្មីទាំងអស់។លោក Xu បាននិយាយថា ការកើនឡើងនៃផលិតកម្មដែលបង្កើតដោយ AI បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ អាជីពរបស់គាត់។ បន្ទាប់ពីបញ្ចប់រឿងភាគចុងក្រោយរបស់គាត់នៅក្នុងខែមីនា ការផ្តល់ជូនការសម្តែង ភាគច្រើនបានបាត់ទៅវិញ ដែលជំរុញឱ្យគាត់ត្រឡប់ទៅស្រុកកំណើតរបស់គាត់វិញ ដើម្បីជួយអាជីវកម្ម បន្លែរបស់គ្រួសារ៕

អ្នកចូលចិត្តស៊ុបចិនប្រយ័ត្ន! ស្ត្រីម្នាក់បាត់បង់ជីវិត ក្រោយញ៉ាំហតផត
ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦

(អន្តរជាតិ)៖ ស្ត្រីអាយុ 26 ឆ្នាំម្នាក់នៅខេត្តហឺណាន ប្រទេសចិនបានស្លាប់ត្រឹមតែ 10 នាទីបន្ទាប់ពីមកដល់ មន្ទីរពេទ្យ បន្ទាប់ពីអ្វីដែលដំបូងឡើយហាក់ដូចជាឈឺបំពង់កធម្មតាបន្ទាប់ពីញ៉ាំស៊ុបហឹរ។យោងតាមប្រព័ន្ធផ្សព្វផ្សាយពីប្រទេសចិន ស្ត្រីដែលមានសុខភាពល្អពីមុនរូបនេះ បានឈឺបំពង់ក បន្ទាប់ពីញ៉ាំអាហារជាមួយមិត្តភក្តិ។ ដោយជឿថាវាបណ្តាលមកពីអាហារហឹរ នាងបានលេបថ្នាំ ប្រឆាំងការរលាក និងថ្នាំបំបាត់ការឈឺចាប់មុនពេលចូលគេង។ នៅព្រឹកបន្ទាប់ ការឈឺចាប់កាន់តែធ្ងន់ធ្ង រឡើង ប៉ុន្តែនាងនៅតែទៅធ្វើការ។នៅពេលដែលថ្ងៃកន្លងផុតទៅ នាងចាប់ផ្តើមមានអាការៈឈឺបំពង់កធ្ងន់ធ្ងរ ពិបាកលេបទឹកមាត់ និងដង្ហើម ខ្លី។ មិត្តរួមការងារដែលមានការភ្ញាក់ផ្អើលបានប្រញាប់ប្រញាល់ នាងទៅកាន់ផ្នែកសង្គ្រោះបន្ទាន់ តាមតាក់ស៊ី។ ពេលទៅដល់ពេទ្យ នាងមានអារម្មណ៍ច្របូកច្របល់ ហត់ដង្ហើម ហើយដួលសន្លប់។ ទោះបីជាមាន CPR ភ្លាមៗក៏ដោយ ក៏គ្រូពេទ្យមិនអាចជួយសង្គ្រោះនាងបានទេ ហើយនាងត្រូវបាន ប្រកាសថាស្លាប់ប្រហែល 10 នាទីបន្ទាប់ពីទៅដល់មន្ទីរពេទ្យ។គ្រូពេទ្យជឿថានាងទំនងជាបានរងទុក្ខដោយសារជំងឺរលាកបំពង់កស្រួចស្រាវ ដែលជាការឆ្លងមេរោគ ដែលវិវត្តយ៉ាងឆាប់រហ័ស ដែលបណ្តាលឱ្យភ្នាសរំអិលនៃអណ្តាតហើម និងស្ទះផ្លូវដង្ហើម។អ្នកជំនាញផ្នែកវេជ្ជសាស្ត្រព្រមានថា ជំងឺរលាកបំពង់កស្រួចស្រាវ គឺជាគ្រាអាសន្នដែលគំរាមកំហែង ដល់អាយុជីវិត។ រោគសញ្ញាដូចជាឈឺបំពង់កធ្ងន់ធ្ងរ ពិបាកលេប សំឡេងស្រពិចស្រពិល ទឹកមាត់ហូរ ឬពិបាកដកដង្ហើម ត្រូវការការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រជាបន្ទាន់ ព្រោះស្ថានភាពនេះអាចបណ្តាលឱ្យ ស្ទះផ្លូវដង្ហើមធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានម៉ោង ប្រសិនបើមិនបានព្យាបាល៕

ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន សន្យាជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់កម្ពុជាដែលឯកឧត្តមបានទទួលបទពិសោធដោយផ្ទាល់ពីការធ្វើដំណើរគ្រប់ខេត្តក្រុងនៃកម្ពុជាដល់ប្រជាជនជប៉ុន និងបានលើកជាសំណើពិនិត្យលទ្ធភាពផ្តល់ការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរជប៉ុន
ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជំរាបលា ក្នុងឱកាសដែលឯកឧត្តមបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា នាទីស្ដីការក្រសួងទេសចរណ៍។ឆ្លៀតក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងទេសចរណ៍កន្លងមក ព្រមទាំងបានបញ្ជាក់ពីការបន្តគាំទ្រការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស ការផ្សព្វផ្សាយទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ ឯកឧត្តមឯកអគ្គរាជទូត ក៏បានលើកជាសំណើស្នើសុំពិនិត្យលទ្ធភាពសិក្សាលើការលើកលែងទិដ្ឋាការជូនដល់ភ្ញៀវទេសចរជប៉ុនដែលអញ្ជើញមកទស្សនាកម្ពុជា។ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ប្រជាជន និងស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលបានគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា និងវិស័យទេសចរណ៍ជាបន្តបន្ទាប់ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែកដ៏សកម្មរបស់ឯកឧត្តមឯកអគ្គរាជទូត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន ឱ្យកាន់តែរឹងមាំ និងប្រកបដោយផ្លែផ្កា ជាពិសេសក្នុងវិស័យទេសចរណ៍ ក្នុងអាណត្តិបេសកកម្មទូតរបស់ឯកឧត្តមឯកអគ្គរាជទូត។ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថាកម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលត្រៀមខ្លួនជាស្រេចក្នុងការស្វាគមន៍ភ្ញៀវទេសចរជប៉ុន និងអន្តរជាតិ ព្រមទាំងបានស្នើឱ្យភាគីជប៉ុនបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា សម្របសម្រួលឱ្យការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ បន្តពង្រីកការតភ្ជាប់ជើងហោះហើររវាងជប៉ុន និងកម្ពុជា គាំទ្រការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ការរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់ក្រុមហ៊ុនទេសចរណ៍ ប្រព័ន្ធផ្សព្វផ្សាយ អ្នកបង្កើតមាតិកា និងវិនិយោគិនជប៉ុនមកស្វែងយល់ពីសក្តានុពលទេសចរណ៍កម្ពុជា។ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណសារជាថ្មីចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែជាដៃគូដ៏សំខាន់របស់កម្ពុជា និងបានបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដ៏ល្អ និងប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន និងជ្រាលជ្រៅបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន មានទំនាក់ទំនងការទូតជាមួយគ្នាតាំងពីឆ្នាំ១៩៥៣ ហើយបច្ចុប្បន្នទំនាក់ទំនងប្រទេសទាំងពីរត្រូវបានដំឡើងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ត្រូវបានពង្រឹងជាបន្តបន្ទាប់ តាមរយៈ ASEAN-Japan Centre (AJC) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) លើការអភិវឌ្ឍធនធានមនុស្ស ការផ្សព្វផ្សាយទេសចរណ៍ និងទេសចរណ៍ប្រកបដោយនិរន្តរភាព៕

ព្រះសង្ឃមួយអង្គមិនពេញចិត្តនឹងជីវិតបួស សម្រេចចិត្តដុតវត្តអាយុកាល៦៥០ឆ្នាំចោល
ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦

(អន្តរជាតិ)៖ ដោយមិនពេញចិត្តនឹងជីវិតបួសរបស់ខ្លួន ព្រះសង្ឃមួយអង្គព្រះជន្ម ២៨ ព្រះវស្សាបានដុតបំផ្លាញវត្តមួយ ដែលមានអាយុកាល ៦៥០ ឆ្នាំទំហំជាង ១.០០០ ម៉ែត្រការ៉េ នៅក្នុងខេត្តសាហ្គា ប្រទេសជប៉ុន ។នៅថ្ងៃទី 6 ខែកក្កដា ប៉ូលីសខេត្តសាហ្គាបានចាប់ខ្លួនលោក Morinaga Kichi អាយុ 28 ឆ្នាំមកពីទីក្រុង Imari។ នៅម៉ោងប្រហែល 3:30 ព្រឹក ថ្ងៃទី 30 ខែមិថុនា លោក Morinaga បានដុតបំផ្លាញវត្ត Entsuji ហើយបន្ទាប់មកបានទូរស័ព្ទទៅលេខសង្គ្រោះបន្ទាន់ 119 ដើម្បីរាយការណ៍ពីអគ្គីភ័យ។ អគ្គីភ័យនេះមានរយៈពេលជិតប្រាំពីរម៉ោង ដោយបានបំផ្លាញផ្ទៃដីជាង 1,000 ម៉ែត្រការ៉េនៃវត្ត រួមទាំងសាលធំ ទីសក្ការៈបូជារបស់ព្រះសង្ឃ ការសិក្សា និងអាស្រម។នៅពេលមានអគ្គីភ័យនោះ មានមនុស្សពីរនាក់នៅក្នុងវត្តគឺ ព្រះមរណាហ្គា និងព្រះសមណៈមួយអង្គទៀត។ ព្រះចៅអធិការមិននៅទេ ហើយព្រះសមណៈមួយអង្គទៀតត្រូវបានព្រះមរណាហ្គាជូនដំណឹង ហើយបានរត់គេចខ្លួន។ ហេតុការណ៍នេះមិនបណ្តាលឱ្យមានអ្នករងរបួសទេ។នៅប៉ុស្តិ៍នគរបាល ជនសង្ស័យបានសារភាពថាខ្លួនបានប្រព្រឹត្តបទល្មើសនេះ។លោក Morinaga បាននិយាយថា លោកបានចាប់ផ្តើមអនុវត្តព្រះពុទ្ធសាសនានៅវត្ត Entsuji ក្នុងខែមេសា ឆ្នាំ២០២៥ ប៉ុន្តែមិនពេញចិត្តនឹងបរិមាណនៃការអនុវត្ត និងរបៀបដែលលោកត្រូវបានបង្រៀននោះទេ។ លោក Morinaga បាននិយាយថា “ខ្ញុំស្អប់អ្វីៗទាំងអស់ក្នុងជីវិត ដូច្នេះខ្ញុំបានដុតវាចោល”។លោក Morinaga កំពុងត្រូវបានស៊ើបអង្កេតពីបទដុតបំផ្លាញអគារលំនៅដ្ឋានមួយកន្លែង ក្រោមក្រមព្រហ្មទណ្ឌជប៉ុន។ អ្នកដែលដុតបំផ្លាញអគារ រថភ្លើង រថភ្លើងអគ្គិសនី កប៉ាល់ ឬយន្តហោះ ដែលកំពុងត្រូវបានប្រើប្រាស់ជាលំនៅដ្ឋាន ឬកន្លែងដែលមានមនុស្សរស់នៅ អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ ឬច្រើនជាងនេះ ជាប់ពន្ធនាគារអស់មួយជីវិត និងទោសប្រហារជីវិត។ ស្ថិតនៅក្នុងទីក្រុងអ៊ីម៉ារី វត្តអេនតស៊ូជីត្រូវបានសាងសង់ឡើងនៅប្រហែលទសវត្សរ៍ឆ្នាំ ១៣៧០ ហើយជាវត្តមួយដែលមានប្រវត្តិយូរអង្វែងនៅក្នុងតំបន់នោះ។ ចាប់តាំងពីអគ្គីភ័យបានឆាបឆេះនៅពេលយប់ជ្រៅ ហើយអគារសំខាន់ៗទាំងអស់ធ្វើពីឈើ អគ្គីភ័យបានរាលដាលយ៉ាងខ្លាំង។ ជាសំណាងល្អ ព្រះចៅអធិការបានចេញទៅក្រៅនៅពេលនោះ ហើយព្រះសង្ឃមួយអង្គទៀតបានរត់គេចខ្លួន ដូច្នេះមិនមានអ្នកស្លាប់ និងរបួសឡើយ ទោះជាយ៉ាងណា អគ្គីភ័យបានបំផ្លាញកន្លែងបណ្តុះបណ្តាលហ្សេនដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រ។

ល្បិចកលបោកប្រាស់ ៣ ទម្រង់ ដែលជនខិលខូចនិយមប្រើប្រាស់លួចTelegram
ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦

(ភ្នំពេញ)៖ បច្ចុប្បន្ន Telegram បានក្លាយជាមធ្យោបាយដ៏សំខាន់ ក្នុងកិច្ចការងាររដ្ឋបាល អាជីវកម្ម និងទំនាក់ទំនងប្រចាំថ្ងៃ។ ទន្ទឹមនឹងការកើនឡើងនៃការប្រើប្រាស់នេះ ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាក៏បានបង្កើន សកម្មភាពបោកបញ្ឆោត ដើម្បីលួចគ្រប់គ្រងគណនី Telegram របស់អ្នកប្រើប្រាស់ផងដែរ។ យោងតាមអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានបង្ហាញល្បិចកលបោកប្រាស់ ៣ ទម្រង់ ដែលជនខិលខូចនិយមប្រើប្រាស់៖ ១. បន្លំសុំលេខកូដ OTP៖ បន្លំខ្លួនជាមិត្តភក្តិ សាច់ញាតិ ឬបុគ្គលិកក្រុមហ៊ុន រួចស្នើសុំលេខកូដ OTP ៥ ឬ ៦ ខ្ទង់។ ២. តំណភ្ជាប់បោកបញ្ឆោត (Phishing)៖ ផ្ញើលីងក្លែងក្លាយអូសទាញឱ្យបំពេញលេខទូរសព្ទ និងលេខកូដសម្ងាត់។ ៣. ការលួចទិន្នន័យតាមរយៈ Session Hijacking៖ បញ្ឆោតឱ្យដំឡើងកម្មវិធី ឬហ្គេមដែលមានបង្កប់មេរោគ ដើម្បីលួចយក Login Sessions។ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល សូមណែនាំនូវ "៤ វិធានការគន្លឹះ" ដើម្បីការពារគណនីរបស់លោកអ្នក៖ ១. បើកមុខងារ Two-Step Verification ដោយចូលទៅកាន់ Settings > Privacy and Security > Two-Step Verification។ ២. ពិនិត្យ និងផ្តាច់ឧបករណ៍ដែលមិនស្គាល់ (Active Sessions) ដោយចូលទៅកាន់ Settings > Devices > Terminate all other sessions។ ៣. លាក់លេខទូរសព្ទជាសាធារណៈ (Hide Phone Number) ដោយចូលទៅកាន់ Settings > Privacy and Security > Phone Number > "Nobody"។ ៤. កុំចុចលើតំណភ្ជាប់គួរឱ្យសង្ស័យ ប្រសិនបើមានសារសុំលេខកូដផ្សេងៗ ត្រូវខលទូរសព្ទទៅសួរនាំសាមីខ្លួនផ្ទាល់ភ្លាមៗដើម្បីផ្ទៀងផ្ទាត់៕ 

ពិភពលោកនឹងបន្តកើតគ្រោះធម្មជាតិអាក្រក់ជាច្រើន ជីវិតសត្វសមុទ្ររងការគំរាមកំហែងដោយសារបញ្ហាដ៏ធំមួយនេះ
ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦

(អន្តរជាតិ)៖ សីតុណ្ហភាពមហាសមុទ្រនៅលើផែនដីបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុនមកនៅក្នុងខែមិថុនា ដោយមានផលប៉ះពាល់គួរឱ្យព្រួយបារម្ភទៅលើអាកាសធាតុពិភពលោក និងជីវិតសត្វសមុទ្រ។យោងតាម CNN នៅថ្ងៃទី 21 ខែមិថុនា ទិន្នន័យរួមបញ្ចូលគ្នាពីការវាស់វែងផ្កាយរណប កប៉ាល់ និងប៊ូយដោយសេវាកម្មប្រែប្រួលអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុបបានបង្ហាញថា សីតុណ្ហភាពផ្ទៃសមុទ្រជាមធ្យមទូទាំងពិភពលោកបានឡើងដល់ 20.86 អង្សាសេ ដែលខ្ពស់ជាងកំណត់ត្រាដែលបានកំណត់នៅឆ្នាំ 2024 (20.83 អង្សាសេ)។ ទិន្នន័យពីសេវាកម្មមហាសមុទ្រ Copernicus ដែលដំណើរការដោយអង្គការមិនស្វែងរកប្រាក់ចំណេញ Mercator Ocean International ក៏បានកត់ត្រាសីតុណ្ហភាពផ្ទៃសមុទ្រឡើងដល់ 21 អង្សាសេនៅថ្ងៃទី 21 ខែមិថុនា ដែលលើសពីកំណត់ត្រាមុន 0.17 អង្សាសេ។ការបង្កើតអែលនីញ៉ូ គឺជាកត្តាមួយដែលជំរុញឱ្យសីតុណ្ហភាពផ្ទៃទឹកសមុទ្រខ្ពស់ខុសពីធម្មតា។ យោងតាម Gizmodo បន្ទាប់ពីតាមដានសីតុណ្ហភាពមហាសមុទ្រប៉ាស៊ីហ្វិកអស់រយៈពេលជាច្រើនខែ រដ្ឋបាលជាតិមហាសមុទ្រ និងបរិយាកាស (NOAA) បានប្រកាសពីការលេចចេញនូវអែលនីញ៉ូ នៅថ្ងៃទី១១ ខែមិថុនា។ នេះគឺជាដំណាក់កាលក្តៅនៃអែលនីញ៉ូ-លំយោលភាគខាងត្បូង (ENSO) ដែលជាវដ្តអាកាសធាតុធម្មជាតិដែលជំរុញដោយការប្រែប្រួលសីតុណ្ហភាពមហាសមុទ្រ និងសម្ពាធបរិយាកាសនៅតំបន់ត្រូពិចកណ្តាល និងខាងកើតប៉ាស៊ីហ្វិក។ ក្នុងអំឡុងពេលអែលនីញ៉ូ សីតុណ្ហភាពផ្ទៃទឹកសមុទ្រប៉ាស៊ីហ្វិកតាមបណ្តោយខ្សែអេក្វាទ័រកើនឡើងលើសពីមធ្យមភាគ បណ្តាលឱ្យសីតុណ្ហភាពពិភពលោកកើនឡើង និងផ្លាស់ប្តូរគំរូអាកាសធាតុ។ អែលនីញ៉ូឆ្នាំនេះកំពុងស្ថិតនៅលើផ្លូវក្លាយជាព្រឹត្តិការណ៍ដ៏ខ្លាំងបំផុតមួយក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយសីតុណ្ហភាពផ្ទៃទឹកសមុទ្រត្រូវបានគេរំពឹងថានឹងកើនឡើង ៣,៨ អង្សាសេលើសពីមធ្យមភាគនៅក្នុងខែធ្នូ។ ដោយសារស្ថានភាពនេះ អ្នកជំនាញ Copernicus មិនមានការភ្ញាក់ផ្អើលទេដែលសីតុណ្ហភាពផ្ទៃទឹកសមុទ្រសកល បានឈានដល់កំណត់ត្រាថ្មីនៅក្នុងខែមិថុនាការប្រែប្រួលអាកាសធាតុដែលបណ្តាលមកពីសកម្មភាពរបស់មនុស្សក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការកើនឡើងនៃសីតុណ្ហភាពមហាសមុទ្រផងដែរ។ យោងតាម កាសែត The Guardian សីតុណ្ហភាពផ្ទៃសមុទ្រត្រូវបានជះឥទ្ធិពលដោយវិទ្យុសកម្មព្រះអាទិត្យ ចរន្តមហាសមុទ្រ និងការប្រមូលផ្តុំកំដៅនៅ ក្នុងទឹកជ្រៅ។ មហាសមុទ្រដើរតួជាអាងកំដៅសំខាន់របស់ផែនដី ដោយស្រូបយកកំដៅលើស 90% ពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលដូចជាប្រេង ធ្យូងថ្ម និងឧស្ម័នធម្មជាតិ។ក្រុមអ្នកស្រាវជ្រាវមិនប្រាកដថាតើសីតុណ្ហភាពផ្ទៃទឹកសមុទ្រខ្ពស់បំផុតក្នុងខែមិថុនាគឺជាបណ្តោះអាសន្ន ឬជាសញ្ញានៃស្ថានភាពធ្ងន់ធ្ងរជាងនេះទេ។ លោក Carlo Buontempo នាយកសេវាកម្មប្រែប្រួលអាកាសធាតុ Copernicus បាននិយាយថា "ស្ថានភាពបច្ចុប្បន្នអាចកំពុងប្រកាសពីដំណាក់កាលថ្មីដែលមិនធ្លាប់មានពីមុនមក។ ដោយសារសីតុណ្ហភាពមហាសមុទ្រខ្ពស់បែបនេះ និងបាតុភូត El Niño ខិតជិតមកដល់ វាទំនងជាយើងនឹងឃើញកំណត់ត្រាកាន់តែច្រើននៅក្នុងខែខាងមុខ"។ មហាសមុទ្រកាន់តែក្តៅនាំមកនូវខ្យល់កាន់តែក្តៅ ដែលជំរុញឱ្យមានរលកកំដៅ និងព្យុះកាន់តែខ្លាំង ព្រមទាំងបង្កើនការហួតដែលនាំឱ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់។ ការកើនឡើងនៃសីតុណ្ហភាពមហាសមុទ្រក៏អាចបណ្តាលឱ្យផ្កាថ្មប្រែពណ៌យ៉ាងច្រើន ការធ្លាក់ចុះនៃជីវិតសមុទ្រ និងការកើនឡើងនៃកម្រិតទឹកសមុទ្រ។

វិធីសាស្ត្រថ្មីជួយកម្ចាត់មូសឱ្យផុតពូជ! យកមូសឈ្មោលគ្មានមេជីវិតជាង៦០ម៉ឺនក្បាលបង្កាត់ពូជជាមួយមូសញីធ្វើឱ្យពួកវាគ្មានកូន
ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦

(អន្តរជាតិ)៖ ក្រុមហ៊ុនអាមេរិកមួយនឹងលែងមូសឈ្មោលដែលផ្ទុកបាក់តេរី Wolbachia ចំនួន ៦០០,០០០ ក្បាល ដើម្បីលុបបំបាត់មូសដែលផ្ទុកជំងឺចូលទៅក្នុងតំបន់ទីប្រជុំជនវ៉ាស៊ីនតោនឌីស៊ីនៅរដូវក្តៅនេះ ដើម្បីគ្រប់គ្រងចំនួនមូសកុំឱ្យកើតមានច្រើន។យោងតាម គេហទំព័រ Gizmodo ក្រុមហ៊ុន Bee Safe Mosquito Control ដែលជាក្រុមហ៊ុនមួយដែលមានមូលដ្ឋាននៅរដ្ឋ Maryland នឹងលែងមូសឈ្មោលដែលឆ្លងបាក់តេរី Wolbachia នៅជុំវិញទីក្រុងវ៉ាស៊ីនតោនឌីស៊ីនៅរដូវក្តៅនេះ។ មូសឈ្មោលនឹងរួមរ័កជាមួយមូសញីដែលមិនឆ្លងមេរោគ ដែលធ្វើឱ្យពួកវាគ្មានកូន និងកាត់បន្ថយចំនួនមូសរបស់វាបន្តិចម្តងៗតាមពេលវេលា។ កម្មវិធីស្រដៀងគ្នានេះត្រូវបាន អនុវត្តនៅក្នុងប្រទេសជាច្រើនទៀតដើម្បីគ្រប់គ្រងមូស និងជំងឺឆ្លងដែលទាក់ទងនឹងមូសទាំងនោះ។បាក់តេរិ វ៉ូលបាឆៀ គឺជាក្រុមបាក់តេរីមួយប្រភេទដែលកើតមានជាទូទៅនៅក្នុងសត្វល្អិតភាគច្រើន រួមទាំងមូសផងដែរ។ បាក់តេរីនេះមានទំនាក់ទំនងស្មុគស្មាញជាមួយសត្វល្អិតម្ចាស់ផ្ទះរបស់វា។ ចំពោះសត្វល្អិតមួយចំនួន ដូចជាមូស វ៉ូលបាឆៀ ថែមទាំងអាចប៉ះពាល់ដល់ការបន្តពូជតាមរយៈភាពមិនឆបគ្នានៃស៊ីតូប្លាស្មិក។ វ៉ូលបាឆៀ ផ្លាស់ប្តូរទាំងមេជីវិតឈ្មោល និងស៊ុតរបស់មូសដែលឆ្លងមេរោគ។ នៅពេលដែលមូសឈ្មោលដែលឆ្លងមេរោគវ៉ូលបាឆៀ រួមរ័កជាមួយមូសញីដែលមិនឆ្លងមេរោគ ឬមូសដែលផ្ទុកបាក់តេរីប្រភេទផ្សេងៗគ្នា មេជីវិតឈ្មោលដែលបានផ្លាស់ប្តូរអាចបំផ្លាញស៊ុតភ្លាមៗបន្ទាប់ពីការបង្កកំណើត ដែលរារាំងពួកវាពីការញាស់។អ្នកវិទ្យាសាស្ត្រកំពុងទាញយកប្រយោជន៍ពីភាពមិនឆបគ្នានេះជាទម្រង់នៃថ្នាំសម្លាប់សត្វល្អិតជីវសាស្រ្ត។ ពួកគេបញ្ចូលពូជ Wolbachia ជាក់លាក់មួយ (ខុសពីពូជដែលមាននៅក្នុងធម្មជាតិ) ទៅក្នុងខ្លួនរបស់មូសឈ្មោលដែល បង្កាត់ពូជនៅក្នុងមន្ទីរពិសោធន៍ បន្ទាប់មកលែងមូសមួយចំនួនធំចូលទៅក្នុងព្រៃ។ ដោយសារតែមូសញីរួមរ័កតែម្តង មូសដែលបានរួមរ័កជាមួយមូសឈ្មោលដែលបង្កាត់ពូជនៅក្នុងមន្ទីរពិសោធន៍នឹងមិនដែលពងកូនដែលអាចញាស់បានទេ។ប្រទេសជាច្រើនដូចជា ប្រេស៊ីល សិង្ហបុរី និងថៃ បានសាកល្បង ឬផ្តល់អាជ្ញាប័ណ្ណប្រើប្រាស់មូសឈ្មោលដែលឆ្លងមេរោគ Wolbachia ដើម្បីកាត់បន្ថយចំនួនមូស។ នៅចុងឆ្នាំ ២០២៣ ទីភ្នាក់ងារការពារបរិស្ថាន (EPA) បានអនុញ្ញាតឱ្យអនុវត្តបច្ចេកទេសនេះយ៉ាងទូលំទូលាយនៅសហរដ្ឋអាមេរិក ដោយប្រើមូស Aedes albopictus ដែលបានកែប្រែហៅថា ZAP ឈ្មោលពី MosquitoMate ដែលជាក្រុមហ៊ុនពាណិជ្ជកម្មដែលបង្កើតឡើងដោយ ក្រុមស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Kentucky។ នេះក៏ជាប្រភេទមូសដែល Bee Safe នឹងដាក់ពង្រាយនៅរដូវក្តៅនេះផងដែរ។យោងតាម កាសែត Independent ក្រុមហ៊ុន Bee Safe នឹងលែងមូសឈ្មោល ZAP សរុបប្រមាណ ៦០០,០០០ ក្បាលនៅក្នុងតំបន់ទីប្រជុំជន Washington DC ចាប់ពីខែមិថុនាដល់ខែកញ្ញា។ កាលពីដើមខែមិថុនា កាសែត The Guardian បានរាយការណ៍ថា Google កំពុងស្វែងរកការអនុញ្ញាតពីរដ្ឋាភិបាល អាមេរិក ដើម្បីលែងមូសឈ្មោលគ្មានកូនចំនួន 32 លានក្បាលនៅរដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋផ្លរីដា។ ក្នុងនាមជាផ្នែកមួយ នៃកម្មវិធី "Debug" របស់ខ្លួន Google កំពុងទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យា ដើម្បីដាំដុះចំនួនមូសគ្មានកូន ដើម្បីកាត់បន្ថយចំនួនសត្វល្អិតដែលផ្ទុកជំងឺ។ ទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក (EPA) កំពុងពិនិត្យមើលសំណើរបស់ Google ក្នុងការបញ្ចេញមូសចំនួន 16 លានក្បាលជារៀងរាល់ឆ្នាំនៅក្នុងរដ្ឋទាំង ពីររយៈពេលពីរឆ្នាំ។ មិនដូច Bee Safe ទេ Google ផ្តោតលើការប្រើប្រាស់មូស Aedes aegypti ឈ្មោលដែលផ្ទុកបាក់តេរី Wolbachia។ បច្ចេកទេសនៃការប្រើប្រាស់មូសដើម្បីសម្លាប់មូសត្រូវការពេលវេលា ដើម្បីវាយតម្លៃប្រសិទ្ធភាពរបស់វា ប៉ុន្តែប្រសិនបើទទួលបានជោគជ័យ វានឹងផ្តល់នូវអាវុធដែលមិនប៉ះពាល់ ដល់បរិស្ថានក្នុងការប្រយុទ្ធប្រឆាំងនឹងសត្វល្អិតដែលផ្ទុកជំងឺដ៏គ្រោះថ្នាក់នេះ។

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ
ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦

(ភ្នំពេញ)៖ អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង ជំនាញ និងបទពិសោធការងារដែល​មានស្រាប់ ​ជាពិសេសវាក៏ជាកូនសោបើកទ្វារទៅកាន់ទីផ្សារការងារ​ និងបង្កើនប្រាក់ចំណូលកាន់តែប្រសើរថែមទៀត។លោក ទុយ វិទូ អតីតពលករខ្មែរ ដែលបានមកចុះឈ្មោះធ្វើតេស្ត RPL លើមុខជំនាញរៀបចំប្រព័ន្ធទឹក និងអគ្គិសនីបាននិយាយថា លោកបានទទួលដំណឹងនេះពីមិត្តភក្ដិដែលបានមកធ្វើតេស្ត និងទទួលបានវិញ្ញាបនប័ត្ររួចហើយ។ ដូច្នេះលោកមានការចាប់អារម្មណ៍ និងបន្តការរៀនជំនាញថែមទៀត ដើម្បីបង្កើនចំណេះដឹងផង និងចង់បានការងារសមរម្យផងដែរ។លោកបញ្ជាក់ថា៖«ខ្ញុំមានអារម្មណ៍សប្បាយរីករាយដែលបានមកចូលរួមធ្វើតេស្ត RPL ដើម្បីទទួលបានការបញ្ជាក់ពីជំនាញរបស់ខ្ញុំ ព្រោះកម្មវិធីនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកខ្ញុំជាពលករ ហើយមិនបានសិក្សាជំនាញនៅសាលាទូទៅ។ ខ្ញុំសូមអំពាវនាវដល់បងប្អូនយើងដែលមិនទាន់បានមកចុះឈ្មោះធ្វើតេស្ត គួតែប្រញាប់មកចុះឈ្មោះ ដើម្បីទទួលបានវិញ្ញាបនប័ត្របញ្ជាក់ជំនាញយកទៅប្រើប្រាស់ជាផ្លូវការ»។អតីតពលករខ្មែរម្នាក់ទៀត លោក​ សួន វណ្ណា បាននិយាយថា លោកបានមកធ្វើតេស្តជំនាញរៀបចំបណ្ដាញអគ្គិសនី ព្រោះលោកបានធ្លាប់ធ្វើការងារទាក់ទងការរៀបចំបណ្ដាញអគ្គិសនីនៅក្នុងប្រទេសថៃ ហើយលោកក៏មានបទពិសោធន៍រយៈពេល ៦ឆ្នាំមកហើយ ប៉ុន្ដែមិនទាន់មានវិញ្ញាបនប័ត្រសម្រាប់បញ្ជាក់ជំនាញរបស់លោកទេ។លោកបញ្ជាក់ថា៖«ថ្ងៃនេះ ខ្ញុំសប្បាយចិត្តណាស់ ព្រោះខ្ញុំក៏មានវិញ្ញាបនប័ត្របញ្ជាក់ពីជំនាញរបស់ខ្ញុំដែរ គឺធ្វើឱ្យខ្ញុំមានភាពងាយស្រួលក្នុងការស្វែងរកការងារធ្វើ។ ក​ន្លងមក ពេលខ្ញុំទៅរកការងារធ្វើខាងក្រុមហ៊ុនតែងតែសួរនាំពីសញ្ញាប័ត្រ ឬវិញ្ញាបនប័ត្របញ្ជាក់ពីជំនាញរបស់ខ្ញុំ តែពេលហ្នឹងខ្ញុំអត់មានទេ ចឹងក្រុមហ៊ុនគេមិនទទួលយកខ្ញុំឱ្យចូលធ្វើការងារទេ»។លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា អតីតពលករខ្មែរ ដែលបានត្រឡប់មកពីប្រទេសថៃ អាចចុះឈ្មោះធ្វើតេស្ត​ RPL បានតាម ៤ វិធី ដើម្បីទទួលបានលិខិតបញ្ជាក់ជំនាញផ្លូវការ ដែលអាចប្រើប្រាស់ក្នុងការស្វែងរកការងារល្អប្រសើរ និងបង្កើនប្រាក់ចំណូល​ខ្ពស់។លោកបន្តថា វិធីទាំង៤នោះរួមមាន ទី១. ចុះឈ្មោះដោយផ្ទាល់នៅមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពទាំង ៩កន្លែងក្នុងម៉ោងធ្វើការ, ទី២. ចុះឈ្មោះតាមប្រព័ន្ធអនឡាញតាមអាសយ​ដ្ឋាន https://erpl.mlvt.gov.kh, ទី៣. ទំនាក់ទំនងតាមប្រព័ន្ធឆ្លើយតបបន្ទាន់(Hotline) លេខ ១២៩៧ និងទី៤. ការស្គែនឃ្យូរកូដ(QR Code)៕

បណ្តាញសង្គម