
(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការគណបក្សឃុំស្តុក និងប្រកាសបញ្ចូលសមាជិកគណបក្សថ្មីរបស់គណបក្សប្រជាជនកម្ពុជានៃឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមប្រធាន អនុប្រធាន គណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគងពិសី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១២ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្តុក និងក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជាជាច្រើនរូប។ជាកិច្ចចាប់ផ្ដើម លោក អ៊ុ ចាំ ប្រធានគណៈកម្មាធិការគណៈបក្សឃុំស្ដុក បានធ្វើរបាយការណ៍ស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងបានរាយការណ៍ពីលទ្ធផលការងារសម្រេចបានកន្លងមករបស់គណបក្សប្រជាជនកម្ពុជានៅក្នុងឃុំស្ដុក។បន្ទាប់ពីបានស្ដាប់របាយការណ៍រួចមក ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងរួមកម្លាំងសាមគ្គីគ្នា លះបង់ទាំងពេលវេលា កម្លាំងកាយចិត្ត សម្ភារៈ និងថវិកាផ្ទាល់ខ្លួន ដើម្បីសាងសង់អគារស្នាក់ការគណបក្សថ្មីនេះឡើង និងជំរុញការអភិវឌ្ឍនៅក្នុងមូលដ្ឋានឃុំនេះកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តម បានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មីចំនួន ៣៣៨នាក់ ដែលបានសម្រេចចិត្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាការបង្ហាញពីការជឿជាក់ និងការគាំទ្រចំពោះបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ ឯកឧត្តម បានបន្ថែមថាគណបក្សប្រជាជនកម្ពុជាមិនល្អឥតខ្ចោះនោះទេ ប៉ុន្តែសូមបងប្អូនទុកចិត្តថា គ្រប់កាលៈទេសៈ គឺគណបក្សប្រជាជនកម្ពុជាមិនទៅណាចោលបងប្អូនឡើយ។ ឯកឧត្តម ក៏បានស្នើដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ត្រូវក្តាប់ឱ្យជាប់នូវកម្មវិធីនយោបាយរបស់គណបក្ស គោលការណ៍ដឹកនាំរបស់គណបក្ស ដើម្បីបង្កើនសមត្ថភាពចំណេះដឹង និងបង្កើតការជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងត្រូវទៅចុះឈ្មោះបោះឆ្នោត ត្រៀមខ្លួនទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២៧-២០២៨ខាងមុខនេះ៕

(អន្តរជាតិ)៖ លោកគីម ជុងអ៊ុន បានត្រួតពិនិត្យរោងចក្រថ្មីមួយដែលផលិតសម្ភារៈនុយក្លេអ៊ែរកម្រិត អាវុធ ហើយបាននិយាយថា ទីក្រុងព្យុងយ៉ាងមានគម្រោង «ពង្រឹងកម្លាំងនុយក្លេអ៊ែររបស់រដ្ឋយើង ក្នុងអត្រាអិច ស្ប៉ូណង់ស្យែល» នេះបើយោងតាមរបាយការណ៍មួយពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។មេដឹកនាំកូរ៉េខាងជើងរូបនេះបាននិយាយថា ប្រទេសរបស់លោកបានបង្កើនសមត្ថភាពផលិតសម្ភារៈ នុយក្លេអ៊ែរ កម្រិតអាវុធជាងទ្វេដងក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ ហើយរោងចក្រថ្មីនេះនឹងជួយពង្រឹង ការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែររបស់ខ្លួន ។លោកគីម បានបង្កើតការជំរុញឱ្យមានអាវុធនុយក្លេអ៊ែរបន្ថែមទៀត ក្រោមផែនការប្រាំឆ្នាំដែលត្រូវបានអនុវត្ត បន្ទាប់ពីការចរចាលុបបំបាត់អាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក រួមទាំងកិច្ចប្រជុំចំនួនបីជាមួយ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងអាណត្តិដំបូងរបស់លោក បានបញ្ចប់ដោយបរាជ័យ។ព័ត៌មានអំពីរោងចក្រនុយក្លេអ៊ែរថ្មីរបស់កូរ៉េខាងជើងបានកើតឡើងនៅពេលដែលទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមអាមេរិក-អ៊ីស្រាអែលរយៈពេលជា ច្រើនខែ ជាមួយអ៊ីរ៉ង់ និងធ្វើឱ្យទីក្រុងតេអេរ៉ង់បោះបង់ចោលសម្ភារៈនុយក្លេអ៊ែរដែលវា អាចអភិវឌ្ឍទៅជាអាវុធ នុយក្លេអ៊ែរ៕

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាគណៈអធិបតី និងថ្លែងសុន្ទរកថាអបអរសាទរក្នុងកម្មវិធី “Green Season Networking និងសម្ពោធកម្មវិធី Tourism Augmented Reality App” ដោយមានវត្តមានចូលរួមពីឯកឧត្តម Shaharuddin Onn ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពម៉ាឡេស៊ីប្រចាំកម្ពុជា លោក Eric Lim នាយកប្រតិបត្តិនៃក្រុមហ៊ុន Advantage by Universal Alliance Co., Ltd. ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំពីក្រសួង-ស្ថាប័នរដ្ឋ តំណាងស្ថានទូត សមាគមពាណិជ្ជកម្ម វិនិយោគិន និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណ ១០០រូប នៅសណ្ឋាគារ Novotel។ក្នុងឱកាសដ៏សំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ក្រុមហ៊ុន Advantage by Universal Alliance Co., Ltd. ក្រសួង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការយ៉ាងសកម្មរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះដែលបានបង្កើតវេទិកាសំខាន់សម្រាប់ភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស ព្រមទាំងសម្តែងការអបអរសាទរដល់ ចំពោះការច្នៃប្រឌិតបង្កើតកម្មវិធី Tourism Augmented Reality App ដែលជាកម្មវិធី (App) ដ៏ល្អជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលក្រោមការដឺកនាំប្រកបដោយគតិបណ្ឌិតរបស់សមេ្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញបម្លែងឌីជីថល និងកសាងវិស័យទេសចរណ៍ទំនើប មានភាពធន់ និងប្រកួតប្រជែងខ្ពស់។ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំភ្ជាប់ជាមួយកម្មវិធី Green Season Tourism & Travel Exhibition និង Family Chefs Competition និង Made in Cambodia Exhibition ដែលមានគោលបំណងបង្ហាញសក្តានុពលវិស័យទេសចរណ៍ ការធ្វើដំណើរ និងផលិតផលជាតិ ព្រមទាំងលើកស្ទួយវប្បធម៌ម្ហូបអាហារខ្មែរ និងស្នាដៃសហគ្រិនក្នុងស្រុក។ បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញការជឿជាក់ថា ព្រឹត្តិការណ៍នេះ នឹងជួយបង្កើតឱកាសថ្មីៗ សម្រាប់ការវិនិយោគ ការចែករំលែកបទពិសោធន៍ និងការចាប់ដៃគូរវាងអាជីវកម្មក្នុងស្រុក និងអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែរីកចម្រើន និងមានចីរភាព ជាពិសេសគឺការជំរុញទេសចរណ៍ក្នុងស្រុកនារដូវកាលបៃតង។គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល៤ខែឆ្នាំ២០២៦ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិច្រើនជាង១,៣ លាននាក់ ដែលបង្ហាញពីកំណើនវិជ្ជមាន និងភាពធន់នៃវិស័យទេសចរណ៍។ ភ្ញៀវទេសចរ ចង់មកទស្សនាកម្ពុជា និងស្វែងយល់ពីបទពិសោធនៃការលាយបញ្ចូលគ្នារវាងវប្បធម៌បុរាណដ៏អស្ចារ្យ និងធម្មជាតិដ៏ស្រស់ស្អាត បដិសណ្ឋារកិច្ចកក់ក្តៅដែលល្បីថា «ស្នាមញញឹមកម្ពុជា» និងម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់របស់កម្ពុជា ជាពិសេសការផ្តល់ជូនដ៏ពិសេសនារដូវកាលបៃតងដែលត្រូវបានគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា៕



















































#6, Street 272, 120409, Phnom Penh, Cambodia.
(+855) 89 383 888
info@swiftnewsdaily.com | info.swiftnews@gmail.com 
