វីដេអូថ្មីៗ BEST TV
វីដេអូថ្មីៗ SWIFT NEWS
ព័ត៌មានជាតិ
សិក្ខាកាម ៧១៧នាក់ទៀត បញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញរដ្ឋបាលកុំព្យូទ័រ កាត់តវីដេអូ និងទូរសព្ទដៃ នៅខេត្តព្រៃវែង!
ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦

សិក្ខាកាមចំនួន ៧១៧នាក់ បានបញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញរដ្ឋបាលកុំព្យូទ័រ កាត់តវីដេអូ និងទូរស័ព្ទដៃ ក្រោយពីទទួលបានការបណ្ដុះបណ្ដាលយ៉ាងយកចិត្តទុកដាក់ក្នុងរយៈពេល ៣ខែ។ វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានបញ្ចប់ទៅប្រកបដោយជោគជ័យតាមផែនការដែលបានគ្រោងទុក ក្រោមការដឹកនាំ និងរៀបចំដោយរដ្ឋបាលខេត្តព្រៃវែង និងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា។ ពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាន់ទី៤ ត្រូវបានធ្វើឡើងទន្ទឹមគ្នានឹងពិធីបើកវគ្គថ្មីជំនាន់ទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តព្រៃវែង។ បើតាមរបាយការណ៍ ស្ដីពីដំណើរការរៀន និងការប្រឡងបញ្ចប់ ការបណ្ដុះបណ្ដាលរយៈពេល ៣ខែកន្លងមកនេះ រដ្ឋបាលខេត្តបានដាក់ចេញនូវគោលការណ៍ដែលផ្ដោតសំខាន់ទៅលើ «គុណភាព និងវិន័យ» ជាកត្តាកំណត់ ដោយមានការធ្វើតេស្តកម្រិតយល់ដឹងរបស់សិស្សមុននឹងចូលរៀន និងការរៀបចំឱ្យមានការប្រឡងប្រជែងជម្រើសយកសិស្សឆ្នើមនៅតាមថ្នាក់នីមួយៗ ចំនួន៥នាក់ សម្រាប់ការប្រឡងជុំទី១ និងបន្តធ្វើការប្រឡងជម្រុះសម្រាប់ជុំទី២ ដើម្បីជ្រើសរើសយកសិស្សពូកែចំណាត់ថ្នាក់ពីលេខ ១ ដល់ ៥ សម្រាប់ជំនាញកុំព្យូទ័រទាំងពីរ។ ដោយសារភាពជោគជ័យក្នុងដំណើរការបណ្ដុះបណ្ដាលជំនាន់ទី៤នេះ បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវជន ព្រះសង្ឃ អាជីវករ និងមន្ត្រីរាជការ បានមកដាក់ពាក្យសុំចូលរៀនក្នុងជំនាន់ទី៥ បន្តទៀត ដែលមានចំនួនរហូតដល់ ៧៨០នាក់។ សម្រាប់ជំនាន់ថ្មីនេះ មានថ្នាក់សិក្សាចំនួន ១៦ថ្នាក់ ស្មើនឹង ១៦ម៉ោងក្នុងមួយថ្ងៃ (សម្រាប់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ) និង ២ថ្នាក់សិក្សា ស្មើនឹង ៤ម៉ោងក្នុងមួយថ្ងៃ (សម្រាប់ថ្ងៃសៅរ៍ និងអាទិត្យ) ដោយប្រើប្រាស់រយៈពេលបណ្ដុះបណ្ដាលចំនួន៣ខែដូចគ្នា ក្នុងន័យពង្រីក និងពង្រឹងចំណេះដឹងផ្នែកឌីជីថលឱ្យកាន់តែប្រសើរឡើង។ មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានកោតសរសើរចំពោះរដ្ឋបាលខេត្តព្រៃវែង ដែលបានគិតគូរអំពីថ្នាលបន្តវេនសម្រាប់យុវជន និងការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ តាមរយៈការបង្កបរិយាកាសឱ្យសិស្សានុសិស្ស និងមន្ត្រីបានទទួលបាននូវមូលដ្ឋានគ្រឹះ និងឈានទៅពង្រីកចំណេះដឹងក្នុងការប្រើប្រាស់កុំព្យូទ័រឱ្យកាន់តែទូលំទូលាយ។ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការបណ្ដុះបណ្ដាលជំនាញបច្ចេកវិទ្យានេះ គឺស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលបានកំណត់យកអាទិភាព "បច្ចេកវិទ្យា" ជាគន្លឹះសំខាន់ ដែលជំនាញទាំងអស់នេះ នឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ក្មួយៗប្រែក្លាយជាធនធានមនុស្សប្រកបដោយសក្តានុពល ដើម្បីបន្តចាប់យកជំនាញថ្មីៗ ដូចជាបញ្ញាសិប្បនិម្មិត (AI) ដែលជាការវិវត្តរបស់សកលលោក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ផ្ដាំផ្ញើដល់សិក្ខាកាមជំនាន់ថ្មី ឱ្យខិតខំរៀនសូត្រដោយមានវិន័យ ទៀងទាត់ និងអភិវឌ្ឍគំនិតច្នៃប្រឌិតផ្ទាល់ខ្លួនដោយមិនត្រូវចម្លងតែគំរូពីគេឡើយ។ ជាពិសេស ប្រមុខក្រសួងមហាផ្ទៃ ក៏បានដាស់តឿនឱ្យសិក្ខាកាមទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈ កុំឱ្យចេះតែជំនាញផលិតមាតិកា ឬកាត់តវីដេអូបាន តែខ្វះក្រមសីលធម៌ ឬមិនគិតពីច្បាប់ ព្រោះវាអាចបង្កផលប៉ះពាល់ដល់វប្បធម៌ និងអត្តសញ្ញាណជាតិ។ សូមបញ្ជាក់ថា សិក្ខាកាមដែលបញ្ចប់វគ្គបណ្តុះបណ្តាលក្នុងការប្រឡង ទទួលបានរង្វាន់លើទឹកចិត្ត ពីឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ក្នុងនោះរួមមាន ចំណាត់ថ្នាក់លើជំនាញរដ្ឋបាលលើកុំព្យូទ័រ លេខ១ ទទួលបានកុំព្យូទ័រយួរដៃ ០១គ្រឿង និងថវិកា ៥០ម៉ឺនរៀល លេខ២ ទទួលបានថវិកា ៥០ម៉ឺនរៀល លេខ៣ ទទួលបានថវិកា ៤០ម៉ឺនរៀល លេខ៤ ទទួលបានថវិកា ៣០ម៉ឺនរៀល និងលេខ៥ ទទួលបានថវិកា ២០ម៉ឺនរៀល។ សម្រាប់ជំនាញកាត់តវីដេអូ ចំណាត់ថ្នាក់លេខ១ ទទួលបានកុំព្យូទ័រយួរដៃ ០១គ្រឿង និងថវិកា ៥០ម៉ឺនរៀល លេខ២ ទទួលបានថវិកា ៥០ម៉ឺនរៀល លេខ៣ ទទួលបានថវិកា ៤០ម៉ឺនរៀល លេខ៤ ទទួលបានថវិកា ៣០ម៉ឺនរៀល និងលេខ៥ ទទួលបានថវិកា ២០ម៉ឺនរៀល និងបានផ្ដល់ជូនយុវជន មន្ត្រីរាជការ ព្រះសង្ឃ អាជីវករ ក្មួយៗកុមារ ទទួលបាននូវការសិក្សាដោយមិនគិតថ្លៃ៕

គណៈកម្មការវាយតម្លៃ និងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកកិច្ចប្រជុំពិនិត្យ វាយតម្លៃ និងជ្រើសរើស «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» សម្រាប់ឆ្នាំ២០២៦
ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នាទីស្តីការក្រសួង ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការវាយតម្លៃ និងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ (គ.ស.ស.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារ រៀបចំយន្តការវាយតម្លៃនិងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការវាយតម្លៃ និងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយសម្រាប់ឆ្នាំ២០២៦។ ជាមួយនឹងការវាយតម្លៃខ្ពស់ចំពោះការចូលរួមពីតំណាងយន្តការត្រីភាគី ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា កម្មវិធីនេះគឺជាអនុសាសន៍ មួយក្នុងចំណោមអនុសាសន៍ទាំង១០ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពេលជួបសំណេះសំណាលជាមួយបងប្អូនកម្មករនាពេលកន្លងមក។ ការដាក់ឱ្យដំណើរការចលនាប្រឡងប្រណាំង «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» សម្រាប់ឆ្នាំ២០២៦ នេះ មានគោលបំណងលើកកម្ពស់សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ សំដៅបង្កើតនូវវប្បធម៌អនុលោមភាពការងារ ព្រមទាំងពង្រឹងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ រួមទាំងការពង្រឹងការអនុវត្តរបបសន្តិសុខសង្គម និងបង្កើនផលិតភាពការងារឱ្យកាន់តែមានប្រសិទ្ធភាព។សូមបញ្ជាក់ថា ក្នុងឆ្នាំទី២នេះ មានសហគ្រាស ក្រុមហ៊ុន រោងចក្រចំនួន៥៥ ដែលត្រូវបានវាយតម្លៃ និងជ្រើសរើសក្នុងចំណោមសហគ្រាស ក្រុមហ៊ុន រោងចក្រចំនួន ១៨២ ដែលបានដាក់ពាក្យប្រកួតប្រជែងសម្រាប់ឆ្នាំ២០២៦។ ចំនួននេះមានការកើនឡើងជាងឆ្នាំ២០២៥ ដែលមានសហគ្រាស ក្រុមហ៊ុន រោងចក្រចំនួន ៣៦ ដែលបានជ្រើសរើស។ ការវាយតម្លៃជ្រើសរើសជ័យលាភី សហគ្រាសជាសហគមន៍សុខសាន្ត គឺធ្វើឡើងតាមគោលការណ៍កំណត់ និងប្រកបដោយតម្លាភាពដោយផ្អែកលើលក្ខខណ្ឌអនុលោមភាពទាំង៨ រួមមានអនុលោមភាពនៃលក្ខខណ្ឌការងារ អនុលោមភាពនៃការប្រើប្រាស់កម្មករនិយោជិតវ័យក្មេង អនុលោមភាពនៃទំនាក់ទំនងវិជ្ជាជីវៈ អនុលោមភាពនៃលក្ខខណ្ឌស្តីពីសុវត្ថិភាពនិងសុខភាពការងារ អនុលោមភាពនៃរបបសន្តិសុខសង្គម អនុលោមភាពនៃការប្រើប្រាស់កម្មករនិយោជិតមានពិការភាព អនុលោមភាពនៃការអនុវត្តកម្មវិធីលើកកម្ពស់ផលិតភាពការងារ និងអនុលោមភាពនៃការអនុវត្តកម្មវិធីទទួលខុសត្រូវសង្គម។សហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលជាប់ការវាយតម្លៃ នឹងទទួលបានពានរង្វាន់មាស ឬពានរង្វាន់ប្រាក់ ឬពានរង្វាន់សំរឹទ្ធ និងការលើកលែងការចុះធ្វើអធិការកិច្ចការងារសាមញ្ញទៅតាមកម្រិតពានរង្វាន់។ ជាទីបញ្ចប់ ឯកឧត្តមប្រធានគណៈកម្មការ បានអំពាវនាវដល់តំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងនិយោជកជួយផ្សព្វផ្សាយ និងជំរុញសហគ្រាស ក្រុមហ៊ុន រោងចក្រចូលរួមកម្មវិធីប្រឡងប្រណាំងឱ្យបានច្រើនថែមទៀតសម្រាប់ឆ្នាំបន្ទាប់ ដើម្បីចូលរួមទាំងអស់គ្នាលើកកម្ពស់វប្បធម៌អនុលោមភាពការងារ៕

ព្រលានយន្តហោះពោធិ៍ចិនតុង នឹងបើកឱ្យចូលកម្សាន្ត រយៈពេល៩ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦

(ភ្នំពេញ)៖ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញពោធិ៍ចិនតុង នឹងបើកដំណើរការសាកល្បងជាសួនសាធារណៈ រយៈពេល៩ថ្ងៃ ពីថ្ងៃទី១១-១៩ ខែមេសា ចាប់ពីម៉ោង៥ព្រឹក ដល់ម៉ោង៩យប់ សាធារណជនអាចចូលទស្សនា កម្សាន្ត ហាត់ប្រាណ និងលេងកីឡា ដោយមិនគិតថ្លៃ។ ពលរដ្ឋក៏អាចចូលទស្សនាជុំវិញតំបន់ និងអគារជាច្រើន ក្នុងនោះរួមមាន អគារផ្ចិត និងប៉ម បញ្ជា ហោះហើរ (Tower) ដែលត្រូវបានកសាងឡើងនៅអំឡុងទសវត្សរ៍ឆ្នាំ ១៩៥០, តំបន់ ជុំវិញ បរិវេណអគារចេញ-ចូលអ្នកដំណើរវីអាយភី (VIP), ចំណតយន្ត ហោះស៊ីវិល និងតំបន់ ផ្លូវ រត់របស់យន្តហោះ (Runway) ជាដើម។ យ៉ាងណា ដើម្បីឱ្យដំណើរការបើកសាកល្បងនេះ ប្រព្រឹត្តទៅដោយជោគជ័យ រក្សាបាននូវសន្តិសុខ, និងសណ្តាប់ធ្នាប់នោះ ក.ស.អ. បានហាមមិនឱ្យមានការលក់ដូរ និងយកគ្រឿងស្រវឹងចូលនោះទេ។ «ហាម ដាច់ខាតមិនឱ្យមានការលក់ដូរ, មិនឱ្យមានការយកចូលនិងពិសាគ្រឿងស្រវឹង និងមិនឱ្យមានការយកចូល និងប្រើប្រាស់កាំជ្រួច និងគ្រឿងផ្ទុះនានា នៅក្នុងបរិវេណ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។»។ ក្រៅពីបំរាមនេះ ក.ស.អ. ក៏រំឭកប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន ទៅតាម ស្លាកសញ្ញា និងការណែនាំ សម្រាប់គ្រប់បរិវេណដែលហាមឃាត់។ នៅក្នុងសេចក្តីជូនដំនឹងដដែល ក.ស.អ. ក៏ស្នើឱ្យពលរដ្ឋចូលរួមរក្សាអនាម័យ និងសណ្តាប់ធ្នាប់ ដោយ ប្រើ ប្រាស់បន្ទប់ទឹកចល័ត និង ធុងសំរាមឱ្យបានត្រឹមត្រូវនិងមានរបៀបរៀបរយ ( ចំណុចលេខ ៦, ៧, ៨និង៩ នៅក្នុងប្លង់)។បើតាម ក.ស.អ. សម្រាប់ពលរដ្ឋដែលចូលកម្សាន្តក្នុងព្រលានយន្តហោះពោធិ៍ចិនតុង ដោយថ្មើរជើង ត្រូវចេញ-ចូល តាមច្រកវីអាយភី (VIP)។ ចំណែក ពលរដ្ឋដេលចូលកម្សាន្ត ដោយជិះកង់ ម៉ូតូ ឡាន ត្រូវចូលតាមច្រកអគារTerminal (ចំណុចលេខ ៣ក្នុងប្លង់) និងចេញវិញ តាមច្រកអគារ Terminal (ចំណុចលេខ ២ក្នុងប្លង់)។ ចំពោះតម្លៃយានយន្ត គឺ១ ០០០ រៀលសម្រាប់ម៉ូតូ និង២ ០០០រៀលសម្រាប់ ឡាន។ ចំណែក កង់ គឺមិនគិតថ្លៃផ្ញើឡើយ ចាប់ពីម៉ោង ៥:០០ព្រឹក រហូតដល់ម៉ោង ៩:០០យប់៕

ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំជាមួយក្រុមហ៊ុននិងសមាគមអ្នកសាងសង់កម្ពុជា ដើម្បីត្រៀមអនុវត្តកម្មវិធីវាយតម្លៃទទួលស្គាល់ជំនាញពីមុន (RPL) របស់អតីតពលករមកពីថៃឱ្យមានប្រសិទ្ធភាពខ្ពស់
ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជាមួយក្រុមហ៊ុនសំណង់ និងសមាគមអ្នកសាងសង់កម្ពុជាប្រមាណ ៣០ ស្តីពី «ការត្រៀមរៀបចំអនុវត្តកម្មវិធីវាយតម្លៃទទួលស្គាល់ជំនាញពីមុន» នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីពិភាក្សានិងធ្វើជាសាក្សីលើការអនុវត្តកម្មវិធីវាយតម្លៃការទទួលស្គាល់ជំនាញពីមុន (RPL) ឱ្យមានប្រសិទ្ធភាព និងពង្រីកការអនុវត្តឱ្យបានទូលំទូលាយស្របតាមតម្រូវការទីផ្សារការងារ និងទិសដៅអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាដើម្បីទស្សនា និងអង្កេតការដាក់ឱ្យអនុវត្តសាកល្បងនូវកម្មវិធី RPL នៅទីតាំងផ្ទាល់នៅក្នុងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន សមាគមអ្នកសាងសង់កម្ពុជា តំណាងអ្នកអភិវឌ្ឍន៍វិស័យសំណង់ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងកម្មវិធីនេះ ដោយឯកឧត្តមបានគូសបញ្ជាក់ពីគោលដៅកម្មវិធី RPL គឺដើម្បីអភិវឌ្ឍធនធានមនុស្ស បង្កើនផលិតភាពនិងភាពប្រកួតប្រជែង និងបំប្លែងបទពិសោធការងារទៅជាវិញ្ញាបនបត្រផ្លូវការ ជាពិសេសសម្រាប់វាយតម្លៃអតីតពលករមកពីប្រទេសថៃក្នុងជំហានទី១ ចំនួន ១ ម៉ឺននាក់។ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ការរៀបចំការធ្វើតេស្ត RPL ជូនដល់បងប្អូនអតីតពលករមកពីថៃដោយឥតគិតថ្លៃនេះធ្វើឡើងទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការជំរុញការអភិវឌ្ឍនិងទទួលស្គាល់លើមុខជំនាញចំនួន ៨ ក្នុងវិស័យសំណង់ ដែលបងប្អូនអាចយកទៅប្រើប្រាស់ដើម្បីទទួលបានឱកាសការងារល្អនិងប្រាក់ចំណូលខ្ពស់ជាងមុន។ ការធ្វើតេស្តក្នុងជំហានទី១ នេះគឺនឹងធ្វើឡើងជារៀងរាល់ចុងសប្តាហ៍ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅតាមរាជធានី-ខេត្ដគោលដៅចំនួន ៦ រួមមាន រាជធានីភ្នំពេញ ខេត្ដបាត់ដំបង បន្ទាយមានជ័យ សៀមរាប តាកែវ និងខេត្តស្វាយរៀង ដោយឯកឧត្តមសង្កត់ធ្ងន់ថា បើជំហានទី ១នេះទទួលជោគជ័យ ក្រសួងនឹងបន្តកម្មវិធីនេះទៅជំហានទី ២ទៀត ដែលក៏នឹងផ្តោតលើកម្លាំងកម្មករក្នុងស្រុកផងដែរ។  ជាមួយនឹងការគាំទ្រគំនិតផ្តួចផ្តើម និងបន្ទាប់ពីបានទស្សនាការដាក់ឱ្យអនុវត្តកម្មវិធី RPL សាកល្បងនេះ អង្គប្រជុំបានពិភាក្សានិងផ្ដល់មតិយោបល់យ៉ាងផុសផុលលើការអនុវត្តកម្មវិធីនេះ ដោយឯកឧត្តមរដ្ឋមន្រ្តីបានសង្ឃឹមយ៉ាងមុតមាំថា ធាតុចូលដ៏មានតម្លៃទាំងនេះនឹងជួយធ្វើឱ្យការអនុវត្តកម្មវិធីនេះមានប្រសិទ្ធភាព និងជួយពង្រឹងកិច្ចសហការរវាងរាជរដ្ឋាភិបាល និងវិស័យឯកជនលើការអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែប្រសើរ ដែលធ្វើឱ្យមានការជឿជាក់ថា ការធ្វើតេស្តនេះ «ពិតជាត្រឹមត្រូវ និងអាចជ្រើសរើសបេក្ខជនប្រកបដោយសមត្ថភាពពិតប្រាកដមែន»។  ដើម្បីឱ្យការអនុវត្តទទួលជោគជ័យ ស្របតាមផែនការប្រកបដោយគុណភាព និងប្រសិទ្ធភាព ឯកឧត្តម ហេង សួរ បានណែនាំឱ្យអង្គភាពគ្រប់គ្រងគម្រោងបន្តតាមដានផែនការ និងជំរុញការអនុវត្តឱ្យស្របតាមយន្តការដែលបានកំណត់ ដោយណែនាំឱ្យក្រុមហ៊ុន រោងចក្រ សហគ្រាសទទួលស្គាល់ និងប្រើ RPL ជាមូលដ្ឋានក្នុងការជ្រើសរើស និងកំណត់ប្រាក់ឈ្នួល បើកឱកាសការងារដល់អតីតពលករពីថៃ និងអនុញ្ញាតឱ្យវិស្វករ និងបុគ្គលិកបច្ចេកទេសចូលរួមបណ្តុះបណ្តាលដើម្បីក្លាយទៅជាអ្នកវាយតម្លៃ (Assessor) ។ ចំពោះគ្រឹះស្ថាន និងមន្ត្រីអនុវត្ត ត្រូវវាយតម្លៃតាមស្តង់ដាបច្ចេកទេស និងថែរក្សាតម្លៃ RPL, ពង្រីកការផ្សព្វផ្សាយ RPL ទៅតំបន់ជនបទ និងព្រំដែន។ការធ្វើតេស្ត RPL ផ្តល់នូវឱកាសដល់បុគ្គលដែលកំពុងបម្រើការងារ និងអ្នកមានជំនាញដែលមិនទាន់មានការងារឱ្យទទួលបានការទទួលស្គាល់ជំនាញជាផ្លូវការ ឬគុណវុឌ្ឍិរបស់ពួកគាត់។ សម្រាប់អតីតពលករមកពីប្រទេសថៃ នឹងទទួលបានការស្គាល់សមត្ថភាព ឱកាសការងារ ចំណេញពេលវេលា និងថវិកា ក្លាយជាពលករក្នុងប្រព័ន្ធ ដែលនឹងទទួលបានអត្ថប្រយោជន៍ពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងបង្កើនជំនឿចិត្តលើខ្លួនឯង ក៏ដូចជាជំរុញការសិក្សាពេញមួយជីវិត។ រីឯ អ្នកវិនិយោគវិញនឹងបានយល់ដឹងពីកម្រិតជំនាញបុគ្គលិកភ្លាមៗ កាត់បន្ថយចំណាយលើការបណ្តុះបណ្តាល ធានាស្តង់ដា និងគុណភាព និងបង្កើនទំនុកចិត្តវិនិយោគ ជាពិសេសអាចបង្ហាញដៃគូពីកម្លាំងកម្មករដែលមានជំនាញស្តង់ដា។សូមបញ្ជាក់ថា ជំនាញទាំង ៨នោះរួមមាន៖ (១) ការងារកំបោរ (រៀបឥដ្ឋនិងបូក), (២) ការងារការ៉ូ, (៣) ការដំឡើងពុម្ព, (៤) ការដំឡើងបណ្តាញបំពង់ទឹក, (៥) ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, (៦) ការងាររន្ទា, (៧) ការដំឡើងសរសៃដែក និង (៨) ការផ្សារអគ្គិសនី៕

ថៃលេខ១ កម្ពុជាលេខ៣ មានអ្នកផ្ទុកជំងឺអេដស៍ច្រើនជាងគេក្នុងតំបន់អាស៊ី
ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦

(សុខភាព)៖ យោងតាមទិន្នន័យឆ្នាំ២០២៣ ដែលចេញផ្សាយដោយកម្មវិធីរួមរបស់អង្គការសហប្រជាជាតិស្តីពី ជំងឺអេដស៍ (UNAIDS) និងទិន្នន័យប្រជាជនឆ្នាំ ២០២៣ ដែលចេញផ្សាយដោយធនាគារពិភពលោក ប្រទេសកំពូលៗដែលមានអត្រាឆ្លងមេរោគអេដស៍ខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍នោះគឺ ប្រទេសថៃ ជាប់លេខ១ មានប្រជាជនរស់នៅជាមួយមេរោគអេដស៍ច្រើនជាង គេទាំងចំនួនសរុប និងចំនួនប្រជាជនក្នុង១០០០នាក់, មីយ៉ាន់ម៉ាជាប់លេខ២ កម្ពុជាជាប់លេខ៣ ហើយទីម័រខាងកើតមានអត្រាទាបបំផុត សម្រាប់ប្រទេសឡាវ និងប្រ៊ុយណេគឺមិនមានទិន្នន័យនោះទេ។មេរោគអេដស៍ (HIV) វាយប្រហារប្រព័ន្ធភាពស៊ាំ ដែលធ្វើឱ្យសមត្ថភាពរបស់រាងកាយក្នុងការប្រយុទ្ធប្រឆាំង នឹងការឆ្លងមេរោគចុះខ្សោយ។ វារីករាលដាលតាមរយៈឈាម ទឹកកាម សារធាតុរាវទ្វារមាស និងទឹកដោះម្តាយ ជារឿយៗតាមរយៈការរួមភេទដោយមិនបានការពារ ឬការប្រើប្រាស់ម្ជុលរួមគ្នា។ ប្រសិនបើមិនបានព្យាបាលទេ វាអាចនាំឱ្យមានជំងឺអេដស៍។ ខណៈពេលដែលមិនមានវិធីព្យាបាល ការព្យាបាលដោយថ្នាំប្រឆាំងមេរោគអេដស៍ ជួយគ្រប់គ្រងមេរោគ និងការពារការចម្លង។ ទោះជាយ៉ាងណា ប្រទេសអាស៊ីអាគ្នេយ៍ប្រយុទ្ធប្រឆាំង នឹងមេរោគអេដស៍តាមរយៈកម្មវិធីបង្ការ ព្យាបាល និងបង្កើនការយល់ដឹង។ ប្រទេសជាច្រើនផ្តល់ការព្យាបាលដោយថ្នាំប្រឆាំងមេរោគអេដស៍ (ART) ដោយឥតគិតថ្លៃ ឬឧបត្ថម្ភធនដល់អ្នកដែលរស់នៅជាមួយមេរោគអេដស៍ និងលើកកម្ពស់ការរួមភេទដោយសុវត្ថិភាព តាមរយៈការចែកចាយស្រោមអនាម័យ និងយុទ្ធនាការអប់រំ។ កម្មវិធីផ្លាស់ប្តូរម្ជុល និងកិច្ចខិតខំប្រឹងប្រែង កាត់បន្ថយគ្រោះថ្នាក់ជួយកាត់បន្ថយការចម្លងក្នុង ចំណោមអ្នកប្រើប្រាស់គ្រឿងញៀន។ ប្រទេសមួយចំនួន ដូចជាប្រទេសថៃ និងកម្ពុជា មានកម្មវិធីផ្សព្វផ្សាយដ៏រឹងមាំ សម្រាប់ក្រុមដែលមានហានិភ័យ។

នេះមូលហេតុដ៏ធំដែលអាមេរិកវាយអ៊ីរ៉ង់មិនបែក ទោះបីជាវាយសង្គ្រុបខ្លាំងយ៉ាងណា!
ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦

(អន្តរជាតិ)៖ ក្នុងសង្គ្រាមបច្ចេកវិទ្យាទំនេីបរបស់មហាអំណាចអាមេរិក​ និងអុីស្រាអែល​រួមដៃគ្នាបេីកការវាយប្រហារយ៉ាងសន្ធប់មកលេីអុីរ៉ង់​ រហូតមកដល់ពេលនេះហេីយនៅតែវាយអុីរ៉ង់មិនបែក​ បានក្លាយជាប្រធានបទមួយដ៏គួរអោយចាប់អារម្មណ៍លេីពិភពលោក។ កាសែត New York Times ដោយដកស្រង់របាយការណ៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បាននិយាយថា អ៊ីរ៉ង់អាចស្ដារឡើងវិញនូវឃ្លាំងមីស៊ីលក្រោមដីយ៉ាងឆាប់រហ័សត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពី ការវាយប្រហារសង្គ្រប់យ៉ាងខ្លាំងលើទីក្រុងតេអេរ៉ង់។ មន្ទីរបញ្ចកោណបាននិយាយនៅសប្តាហ៍នេះថា យោធាសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារជាង ១១.០០០ ដងលើគោលដៅនៅក្នុងប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេលប្រាំសប្តាហ៍កន្លងមកនេះ ដោយសង្កត់ធ្ងន់លើវឌ្ឍនភាពគួរ ឱ្យកត់សម្គាល់ក្នុងការធ្វើឱ្យសមត្ថភាពយោធា របស់ប្រទេសនេះចុះខ្សោយ។ រដ្ឋមន្ត្រីក្រសួងការពារជាតិ Pete Hegseth បានទទួលស្គាល់ថា អ៊ីរ៉ង់នៅតែមានសមត្ថភាពបាញ់មីស៊ីល ប៉ុន្តែចំនួននេះបានថយចុះគួរឱ្យកត់សម្គាល់ ហើយនៅតែស្ថិតក្នុងសមត្ថភាពស្ទាក់ចាប់របស់សហរដ្ឋអាមេរិក។យោងតាមសេតវិមាន ការវាយប្រហារដោយមីស៊ីលបាលីស្ទិក និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ បានថយចុះរហូតដល់ 90% បើប្រៀបធៀបទៅនឹងការចាប់ផ្តើមនៃជម្លោះ ខណៈដែលកន្លែងផលិត និងសមត្ថភាពកងទ័ពជើងទឹកជាច្រើនរបស់ខ្លួនត្រូវបានបំផ្លាញ ឬចុះខ្សោយ។ មន្ត្រីអាមេរិកកត់សម្គាល់ថា អ៊ីរ៉ង់បាញ់មីស៊ីលបាលីស្ទិកប្រហែល 15-30 គ្រាប់ និងយន្តហោះគ្មានមនុស្សបើក 50-100 គ្រាប់ក្នុងមួយថ្ងៃ ជាធម្មតាបាញ់ជាគ្រាប់តូចៗ។ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ដែលត្រូវបានចូលមើលដោយ កាសែត NY Times បង្ហាញពីការសង្ស័យអំពីប្រសិទ្ធភាពនៃយុទ្ធនាការក្នុងការបំផ្លាញ សមត្ថភាពមីស៊ីលរបស់អ៊ីរ៉ង់ទាំងស្រុង ដែលជាគោលដៅចម្បងមួយនៃជម្លោះ។ទោះបីជាមិនមានការប៉ាន់ស្មានច្បាស់លាស់ក៏ដោយ មន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិកជឿថា អ៊ីរ៉ង់នៅតែមានមីស៊ីល និងជើងទម្របាញ់មីស៊ីលក្នុងបរិមាណច្រើន គ្រប់គ្រាន់ដើម្បីបន្តវាយប្រហារអ៊ីស្រាអែល និងគោលដៅផ្សេង ទៀតនៅក្នុងតំបន់ ប្រសិនបើជម្លោះនៅតែបន្ត។ អ៊ីរ៉ង់ក៏អាចកំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រផងដែរ ដោយរក្សាទុកផ្នែកធំនៃឧបករណ៍បាញ់មីស៊ីលរបស់ខ្លួននៅក្នុងលេណដ្ឋានក្រោមដី និងរូងភ្នំ ដើម្បីជៀសវាងការរកឃើញ។ ចារកម្មអាមេរិកវាយតម្លៃថា កងកម្លាំងអ៊ីរ៉ង់មានសមត្ថភាពសម្អាតបន្ទាយក្រោមដី និងឃ្លាំងមីស៊ីលដែលកប់ ដោយគ្រាប់បែកអាមេរិក និងអ៊ីស្រាអែលបានយ៉ាងឆាប់រហ័ស។របាយការណ៍បានបញ្ជាក់ថា ប្រព័ន្ធមីស៊ីលទាំងនេះអាចត្រូវបានដាក់ឲ្យប្រយុទ្ធឡើងវិញត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីការវាយប្រហារដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ តាមពិតទៅ ការវាយតម្លៃសមត្ថភាពយោធាដែលនៅសេសសល់របស់អ៊ីរ៉ង់ឲ្យបានត្រឹមត្រូវ គឺជាកិច្ចការដ៏លំបាកមួយ ដោយសារតែការដាក់ពង្រាយគោលដៅ "បញ្ឆោត" ជាច្រើន សហរដ្ឋអាមេរិកក៏មិនអាចកំណត់បានច្បាស់លាស់ថា តើគោលដៅចំនួន ១១.០០០ ដែលពួកគេបានបំផ្លាញក្នុងខែមុន ជាគោលដៅពិតប្រាកដប៉ុន្មាន។ ទូរទស្សន៍ CNN បានរាយការណ៍ នៅថ្ងៃទី 2 ខែមេសា ដោយដកស្រង់ប្រភពបីដែលស្គាល់ស្ថានភាពនេះថា ការវាយតម្លៃចារកម្មរបស់សហរដ្ឋអាមេរិកថ្មីៗនេះបង្ហាញថា ប្រទេសអ៊ីរ៉ង់នៅតែរក្សាសមត្ថភាពសំខាន់ៗ ប្រហែលពាក់កណ្តាលនៃឧបករណ៍បាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើករាប់ពាន់គ្រឿងរបស់ខ្លួន ដែលស្មើនឹងប្រហែល 50% នៃយន្តហោះគ្មានមនុស្សបើកដែលខ្លួនមាននៅតែដំណើរការ។ មីស៊ីលប្រឆាំងកប៉ាល់មួយចំនួនធំរបស់អ៊ីរ៉ង់នៅតែដដែល ត្រូវបានចាត់ទុកថាជាអាវុធសំខាន់ៗដែលជួយអ៊ីរ៉ង់គ្រប់គ្រងសកម្មភាពសមុទ្រនៅក្នុងច្រកសមុទ្រហ័រមូស។ គោលដៅរបស់ទីក្រុងតេអេរ៉ង់គឺរក្សាសមត្ថភាពទប់ស្កាត់ក្នុងករណីមានជម្លោះអូសបន្លាយ ខណៈពេលដែលរក្សាសមត្ថភាពក្នុងការដាក់សម្ពាធបន្ទាប់ពីការប្រយុទ្ធគ្នាបានបញ្ចប់។ គួររំលឹកថា ការប្រយុទ្ធគ្នាឥឡូវនេះបានចូលដល់សប្តាហ៍ទីប្រាំមួយហើយ ដោយបានឆក់យកជីវិតមនុស្សជាង ៣.០០០ នាក់ដោយគ្មានសញ្ញានៃការថមថយឡើយ។

ប្រយ័ត្នឈឺតម្រងនោម អំឡុងពេលអាកាសធាតុក្ដៅខ្លាំងក្នុងឆ្នាំនេះ!
ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦

(សុខភាព)៖ ការទទួលទានទឹកមិនត្រឹមត្រូវ ឬការប្រែប្រួលសីតុណ្ហភាពភ្លាមៗអាចនាំឱ្យមានគ្រួសក្នុងតម្រងនោម និងអតុល្យភាពអេឡិចត្រូលីត សូម្បីតែចំពោះបុគ្គលដែលមានសុខភាពល្អក៏ដោយ។ យោងតាមលោកវេជ្ជបណ្ឌិត ង៉ូ វ៉ាន់ តាន់ មកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រសាកលវិទ្យាល័យហូជីមិញសាខាទី 3 បានឱ្យដឹងថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រលកកំដៅខ្លាំងដែលមានសីតុណ្ហភាពលើសពី 37-38 អង្សាសេ បានកើតឡើងញឹកញាប់ជាងមុន។ នៅក្នុងបរិបទនេះ គំនិតដែលថា "ការផឹកទឹកឱ្យបានច្រើនគឺគ្រប់គ្រាន់" មិនឆ្លុះបញ្ចាំងយ៉ាងពេញលេញអំពីភាពស្មុគស្មាញ នៃការការពារសុខភាព ជាពិសេសមុខងារតម្រងនោមនោះទេ។ ហានិភ័យនៃគ្រួសក្នុងតម្រងនោមពីអាកាសធាតុអាក្រក់៖ តម្រងនោមដើរតួនាទីក្នុងការច្រោះឈាម កម្ចាត់កាកសំណល់ និងធ្វើឱ្យមានតុល្យភាពអេឡិចត្រូលីត។ ក្នុងអាកាសធាតុក្តៅ រាងកាយបាត់បង់ទឹកជាចម្បងតាមរយៈញើស។ បើគ្មានជាតិទឹកគ្រប់គ្រាន់ទេ ទឹកនោមនឹងកាន់តែប្រមូលផ្តុំ ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់សារធាតុរ៉ែ ដូចជាកាល់ស្យូម អូសាឡាត ឬ អាស៊ីតអ៊ុយរិក ក្នុងការកកកុញទៅជាគ្រួស។ នេះជាមូលហេតុដែលអត្រាកើតគ្រួសក្នុង តម្រងនោម ច្រើនតែកើនឡើងនៅរដូវក្តៅ សូម្បីតែក្នុងចំណោមមនុស្សដែលមិនមានប្រវត្តិជំងឺតម្រងនោមពីមុនក៏ដោយ។ បើតាមមូលនិធិតម្រងនោមជាតិអាមេរិកបានឱ្យដឹងថា ការផឹកទឹកគឺចាំបាច់ ប៉ុន្តែការផឹកវា «ខុសវិធី» អាចបង្កហានិភ័យជាច្រើន៖ ការផឹកទឹកច្រើនក្នុងពេលតែមួយ មនុស្សជាច្រើនមានទម្លាប់ផឹកទឹកច្រើនភ្លាមៗ បន្ទាប់ពីប៉ះពាល់នឹងពន្លឺព្រះអាទិត្យ ឬការហាត់ប្រាណខ្លាំង។ វាធ្វើឱ្យកំហាប់អំបិលក្នុងឈាមថយចុះយ៉ាងឆាប់រហ័ស ដែលបណ្តាលឱ្យមានអតុល្យភាពអេឡិចត្រូលីត ជាមួយនឹងរោគសញ្ញាដូចជាអស់កម្លាំង ឈឺក្បាល និងវិលមុខ។ ការទទួលទានភេសជ្ជៈមានជាតិអាល់កុល និងភេសជ្ជៈប៉ូវកម្លាំងច្រើនពេក ៖ ភេសជ្ជៈមានជាតិកាបូន ដែលមានជាតិស្ករ ឬសារធាតុរ៉ែច្រើនហួសប្រមាណ មិនត្រឹមតែមិនអាចការពារតម្រងនោមបានទេ ប៉ុន្តែវាថែមទាំងបង្កើនបន្ទុកមេតាបូលីស ដែលជំរុញឱ្យមានការកកើតគ្រួសក្នុងតម្រងនោមផងដែរ។ អ្នកត្រូវបែងចែកការទទួលទានទឹករបស់អ្នកជាចំណែកតូចៗ ហើយផឹកទឹកឱ្យបានទៀងទាត់ពេញមួយថ្ងៃ ទោះបីជាអ្នកមិនមានអារម្មណ៍ស្រេកទឹកក៏ដោយ។ ទឹកធម្មតានៅតែជាជម្រើសដ៏ល្អបំផុត អ្នកដែលធ្វើការងារក្រោមកម្ដៅថ្ងៃខ្ពស់អាចបន្ថែមជាមួយនឹងភេសជ្ជៈ អេឡិចត្រូលីតក្នុងកម្រិតមធ្យម។  ការងូតទឹកត្រជាក់ភ្លាមៗបន្ទាប់ពីប៉ះពាល់នឹងពន្លឺព្រះអាទិត្យគឺជាទម្លាប់ធម្មតាមួយ ប៉ុន្តែវាមានផ្ទុកហានិភ័យយ៉ាងច្រើន។ នៅពេលដែលរាងកាយក្តៅ ហើយសរសៃឈាមរីកធំ ការប៉ះពាល់នឹងទឹកត្រជាក់ភ្លាមៗបណ្តាល ឱ្យសរសៃឈាមរួម តូចយ៉ាងឆាប់រហ័ស ដែលនាំឱ្យមានការរំខានដល់ចរន្តឈាមជាបណ្តោះអាសន្ន។ ទោះបីជាវាមិនបង្កជំងឺតម្រងនោម ដោយផ្ទាល់ក៏ដោយស្ថានភាពនេះ នៅពេលដែលកើតឡើងម្តងទៀតជាញឹកញាប់ អាចប៉ះពាល់ដល់ការផ្គត់ផ្គង់ឈាម ទៅកាន់សរីរាង្គ ដែលបង្កហានិភ័យជាពិសេសដល់មនុស្សចាស់ ឬអ្នកដែលមានជំងឺសរសៃឈាមបេះដូង។ សញ្ញាព្រមានដែលបង្ហាញថាតម្រងនោមរបស់អ្នកកំពុង «ស្រែករកជំនួយ» អំឡុងពេលអាកាសធាតុក្តៅ៖-ទឹកនោមពណ៌ខ្មៅ ក្លិនខ្លាំង និងបរិមាណទឹកនោមតិច។-អារម្មណ៍ឆេះស្រាលក្នុងពេលនោម។-ស្រេកទឹកជាប់រហូត អមដោយអស់កម្លាំង។-ឈឺចុកចាប់នៅត្រគាក ឬខ្នងផ្នែកខាងក្រោម។ដើម្បីការពារសុខភាពរបស់អ្នក លោកវេជ្ជបណ្ឌិតជំនាញបានណែនាំ៖ ផឹកទឹកឱ្យបានទៀងទាត់ ល្អបំផុតគឺទឹកធម្មតា និងកំណត់សារធាតុរំញោច និងភេសជ្ជៈមានជាតិស្ករ។ បង្កើនការទទួលទានបន្លែបៃតង និងផ្លែឈើត្រជាក់ ដើម្បីជួយកាត់បន្ថយកំដៅក្នុងរាងកាយ និងជំរុញការផលិតសារធាតុរាវក្នុងរាងកាយ។ ជៀសវាងការងូតទឹកត្រជាក់ភ្លាមៗបន្ទាប់ពីហាត់ប្រាណខ្លាំង ឬបន្ទាប់ពីនៅក្រោមពន្លឺថ្ងៃ។ត្រូវយកចិត្តទុកដាក់ចំពោះការប្រែប្រួលមិនប្រក្រតីណាមួយនៃទឹកនោម និងការឈឺខ្នង។

អង្គការសហប្រជាជាតិប្រចាំកម្ពុជា (UN) សហការជាមួយក្រសួងទេសចរណ៍ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ឈានទៅដល់ការសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព
ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍។ក្នុងជំនួបនេះ លោកជំទាវ Vladanka Andreeva បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានកោតសរសើរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ដែលមានការរីកចម្រើនគួរឲ្យកត់សម្គាល់ បើធៀបនឹងរយៈពេល១០ឆ្នាំមុន។ ទន្ទឹមនឹងនេះ លោកជំទាវ ក៏បានលើកឡើងពីដំណើរទស្សនកិច្ចថ្មីៗទៅកាន់ប្រាសាទបន្ទាយឆ្មារ ដោយបានកោតសរសើរថា ប្រាសាទនេះមានសម្រស់ស្រស់ស្អាតល្អប្រណិត និងបង្ហាញពីតម្លៃប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់បេតិកភណ្ឌខ្មែរ។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្ដៅ និងសម្តែងការអបអរសាទរដល់លោកជំទាវ ចំពោះការតែងតាំងជាអ្នកសម្របសម្រួលថ្មីរបស់ប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា ហើយបានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការចូលរួមយ៉ាងសកម្មរបស់អង្គការសហប្រជាជាតិ ក្នុងការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងមនុស្សធម៌នៅកម្ពុជា កន្លងមក។ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានផ្តោតលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការសហប្រជាជាតិ ជាពិសេសក្នុងវិស័យទេសចរណ៍ ដោយផ្តោតលើការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការកែលម្អគោលនយោបាយ និងក្របខណ្ឌអនុវត្ត ការលើកកម្ពស់ស្តង់ដារទេសចរណ៍បៃតង ការពង្រឹងសមត្ថភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅតំបន់ទេសចរណ៍ និងការជំរុញទេសចរណ៍ផ្អែកលើសហគមន៍ ព្រមទាំងការលើកកម្ពស់ជីវភាពសហគមន៍ ការលើកទឹកចិត្តការចូលរួមរបស់យុវជន និងស្ត្រី និងការផ្តល់ការគាំទ្រផ្នែកបច្ចេកទេសក្នុងការកសាងសមត្ថភាពធនធានមនុស្ស រួមមានជំនាញបដិសណ្ឋារកិច្ច ជំនាញឌីជីថល និងជំនាញបៃតង ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារទេសចរណ៍សម័យថ្មី។ឆ្លៀតក្នុងឱកាសនេះ ភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព ដូចជា ការអភិវឌ្ឍទេសចរណ៍ផ្អែកលើសហគមន៍ ការកែលម្អប្រព័ន្ធទិន្នន័យទេសចរណ៍ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងវិស័យទេសចរណ៍ និងពន្លឿនការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា ព្រមទាំងបន្តគាំទ្រយ៉ាងសកម្មដល់កម្ពុជា ក្នុងការជំរុញវិស័យទេសចរណ៍ឱ្យមានលក្ខណៈបរិយាបន្ន និងនិរន្តរភាព ដើម្បីធានាថាកំណើនវិស័យនេះនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់សហគមន៍មូលដ្ឋាន និងស្របតាមគោលដៅអភិវឌ្ឍន៍សកល។ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អង្គការសហប្រជាជាតិ ក្នុងការគាំទ្រកម្ពុជាលើវិស័យសង្គម និងសេដ្ឋកិច្ច ជាពិសេសការចូលរួមលើកកម្ពស់វិស័យទេសចរណ៍ឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព និងភាពរឹងមាំ។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនសេដ្ឋកិច្ច ដែលជាមូលដ្ឋានសំខាន់សម្រាប់ទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនអន្តរជាតិ ព្រមទាំងបង្កើតឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព។ជាកិច្ចបញ្ចប់ ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តរួម ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា ឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងមានភាពប្រកួតប្រជែងខ្ពស់ ស្របតាមទិសដៅអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ។គួរបញ្ជាក់ផងដែរថា កម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ នៅឆ្នាំ១៩៥៥ ហើយអង្គការសហប្រជាជាតិបានចូលរួមជួយគាំទ្រកម្ពុជាសំខាន់មួយនៅឆ្នាំ១៩៩១ តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលជាគន្លឹះសម្រាប់ការស្តារឡើងវិញនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសកម្ពុជា៕

អាកាសធាតុអាចឡើងដល់៤០អង្សា មកដឹងពីវិធីការពារជំងឺដាច់សសៃឈាមខួរក្បាល
ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦

(សុខភាព)៖ បច្ចុប្បន្នកម្ពុជា កំពុងជួបប្រទះនឹងអាកាសធាតុក្តៅខ្លាំង កំឡុងខែចែត្រ ដែលអាចបង្កផល ប៉ះពាល់ជាខ្លាំង ដល់សុខភាព។ ការពារ heatstroke (ជំងឺក្តៅខ្លាំង) គឺសំខាន់ណាស់ ពិសេសនៅប្រទេសក្តៅៗដូចជា ប្រទេសយើងសព្វថ្ងៃ ។ ខាងក្រោមជាវិធីសាមញ្ញៗដែលអ្នកអាចអនុវត្តបាន ដែលដកស្រង់ចេញពីគណនីហ្វេសប៊ុក គ្រូពេទ្យ និងសុខភាព៖ 1. ផឹកទឹកឱ្យគ្រប់គ្រាន់៖ ផឹកទឹកញឹកញាប់ ទោះបីមិនទាន់ស្រេកក៏ដោយ ជៀសវាងភេសជ្ជៈមានអាល់កុល ឬកាហ្វេអ៊ីនច្រើន2. ពាក់សម្លៀកបំពាក់សមរម្យ៖  ពាក់អាវធំទូលាយ ពណ៌ស្រាល ពាក់មួក ឬកាន់ឆ័ត្រ ពេលចេញក្រៅថ្ងៃក្តៅ3. ជៀសវាងថ្ងៃក្តៅខ្លាំង៖ ព្យាយាមនៅក្នុងម្លប់ ឬក្នុងបន្ទប់ត្រជាក់ជៀសវាងសកម្មភាពខ្លាំងៗ ពេលម៉ោង 11 ព្រឹក ដល់ 3 ល្ងាច4. ធ្វើឱ្យខ្លួនត្រជាក់៖ ងូតទឹក ឬជូតខ្លួនដោយកន្សែងត្រជាក់ ប្រើកង្ហារ ឬម៉ាស៊ីនត្រជាក់ថែរក្សាមនុស្សងាយរងគ្រោះ ដូចជាកុមារ មនុស្សចាស់ និងអ្នកមានជំងឺ គួរត្រូវបានយកចិត្តទុកដាក់ជាពិសេស។ សញ្ញាដែលត្រូវប្រុងប្រយ័ត្នវិលមុខ ឈឺក្បាលខ្លួនក្តៅខ្លាំង មិនញើសសន្លប់ ឬច្របូកច្របល់។ ប្រសិនបើមានសញ្ញាទាំងនេះ ត្រូវនាំអ្នកជំងឺទៅកន្លែងត្រជាក់ និងទៅមន្ទីរពេទ្យភ្លាមៗ៕

នាឡិកាដៃមួយគ្រឿងតម្លៃ ១០ លានដុល្លារ មានតែ៧៥គ្រឿងប៉ុណ្ណោះលើពិភពលោក
ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦

(អន្តរជាតិ)៖ លោក Anant Ambani ដែលជាកូនប្រុសពៅរបស់មហាសេដ្ឋី Mukesh Ambani បានទាក់ទាញ ចំណាប់អារម្មណ៍របស់អ្នកចូលចិត្តនាឡិកាប្រណីត បន្ទាប់ពីត្រូវបានគេឃើញពាក់នាឡិកា Richard Mille ដ៏កម្រមួយដែលមានតម្លៃប្រហែល ១០ លានដុល្លារអាមេរិក។បុរសអាយុ ៣១ ឆ្នាំរូបនេះបានពាក់នាឡិកា Richard Mille RM 47 Samurai Tourbillon ខណៈពេល កំពុងចូលរួមពិធីខួបកំណើតឯកជនមួយនៅថ្ងៃទី ២៨ ខែមីនា ជាមួយម្តាយ Nita Ambani និងភរិយា Radhika Merchant នេះបើយោងតាមការចេញផ្សាយរបស់ Luxury Launches។នាឡិកា RM 47 ដើម ដែលត្រូវបានគេស្គាល់ថាជា "ពេលវេលារបស់សាមូរ៉ៃ" ត្រូវបានបង្កើតឡើង តាមរយៈការសហការរវាងលោក Richard Mille និងអ្នកបើកបររថយន្ត Formula One គឺលោក Fernando Alonso។នាឡិកានេះផលិតឡើងត្រឹមតែ ៧៥ គ្រឿងប៉ុណ្ណោះ ត្រូវបានផលិតពីសេរ៉ាមិច TZP និងមាសលឿង 3N។ វាមានរូបចម្លាក់សាមូរ៉ៃឆ្លាក់ដោយដៃនៅចំកណ្តាល។ ចលនា Tourbillon ដែលរុំដោយដៃរបស់វាមាន ថាមពលបម្រុង ៧២ ម៉ោង និងត្រូវបានសាងសង់នៅលើរចនាសម្ព័ន្ធទីតានីញ៉ូមថ្នាក់ទី ៥។ នាឡិកា​ពណ៌ខៀវ​របស់ Anant ខុសពី​នាឡិកា​ដើម​ដែលមាន​ពណ៌​ងងឹត​ជាង។ ស្រោម​ថ្លា​របស់​វា​អនុញ្ញាត​ឱ្យ​ពន្លឺ​ឆ្លងកាត់​បាន ដែល​ធ្វើ​ឱ្យ​ព័ត៌មាន​លម្អិត​ខាងក្នុង​មើលទៅ​ដូច​ព្យួរ​នៅ​លើ​អាកាស។Anant គឺជា​អ្នកប្រមូល​នាឡិកា​ប្រណីត​ដ៏​ល្បី​ម្នាក់ ដែល​មាន​ការប្រមូល​ផ្ដុំ​ជាច្រើន​ម៉ូដែល​ដ៏កម្រ។ នាឡិកា Richard Mille RM 52-04 Skull Blue Sapphire គឺជា​ម៉ូដែល​ដ៏​លេចធ្លោ​មួយទៀត​នៅក្នុង​ការប្រមូល​របស់គាត់។ នាឡិកា​នេះ​ត្រូវ​បាន​ផលិត​ចេញពី​ប្លុក​ត្បូង​កណ្តៀង​តែមួយ ហើយ​មាន​កំណត់​ត្រឹមតែ​បី​គ្រឿង​ប៉ុណ្ណោះ ដោយ​មាន​តម្លៃ​ទីផ្សារ​ប៉ាន់ស្មាន​រហូតដល់ 3.5 លាន​ដុល្លារ។យោងតាម​​ Forbes លោក Mukesh Ambani គឺជា​អ្នកមាន​បំផុត​នៅ​អាស៊ី និង​ជាប់​ចំណាត់ថ្នាក់​ទី 20 នៅ​ទូទាំង​ពិភពលោក ដោយ​មាន​ទ្រព្យសម្បត្តិ​សុទ្ធ​ប៉ាន់ស្មាន​ចំនួន 92.3 ពាន់​លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ថ្ងៃទី 3 ខែមេសា៕

ផ្លែឈើប៉ុន្មានមុខនេះ ជួយដល់សុខភាព កំឡុងអាកាសធាតុក្តៅខ្លាំង
ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦

(អន្តរជាតិ)៖ ដោយសារសីតុណ្ហភាពនៅតែបន្តកើនឡើងទូទាំងប្រទេសកម្ពុជា ការរក្សាភាពត្រជាក់ និងផ្តល់ ជាតិទឹកដល់រាងកាយបានក្លាយជាអាទិភាពចម្បងសម្រាប់អ្នកស្រុកជាច្រើន។ អ្នកជំនាញសុខភាពឥឡូវនេះកំពុងលើកទឹកចិត្តមនុស្សឱ្យងាកទៅរកដំណោះស្រាយធម្មជាតិ និងមាន តម្លៃសមរម្យ គឺផ្លែឈើស្រស់ៗ។នៅក្នុងប្រទេសមួយដែលត្រូវបានគេស្គាល់ថាមានផលិតផលត្រូពិចជាច្រើនប្រភេទ ផ្លែឈើមិន ត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសុខភាពរាងកាយ អំឡុងពេលមានកំដៅខ្លាំងផងដែរ។ឪឡឹក ដែលជាផ្លែឈើដ៏ពេញនិយមក្នុងស្រុក សម្បូរទៅដោយទឹក និងជួយការពារការខ្សោះជាតិទឹក។ រសជាតិស្រស់ស្រាយរបស់វាធ្វើឱ្យវាក្លាយជាជម្រើសដ៏ពេញនិយមនៅក្នុងទីផ្សារ និងតូបលក់ដូរតាមដង ផ្លូវទូទាំងប្រទេស។ផ្លែឈើមួយទៀតដែលមានលក់យ៉ាងទូលំទូលាយគឺដូង។ ទឹកដូងស្រស់ត្រូវបានគេពិពណ៌នាជាញឹកញាប់ថា ជាភេសជ្ជៈផ្តល់ថាមពលធម្មជាតិ ដែលពោរពេញទៅដោយអេឡិចត្រូលីតសំខាន់ៗដែលជួយឱ្យរាង កាយមានតុល្យភាពនៅក្រោមព្រះអាទិត្យក្តៅ។ផ្លែស្វាយ ជាពិសេសក្នុងរដូវ​នេះ ក៏មានតម្រូវការខ្ពស់ផងដែរ។ ខណៈពេលដែលវាផ្តល់ប្រភពថាមពលរហ័ស និងវីតាមីនសំខាន់ៗ អ្នកជំនាញណែនាំឱ្យបរិភោគក្នុងកម្រិតមធ្យម ដោយសារវាមានជាតិស្ករខ្ពស់។ម្នាស់ និងផ្លែល្ហុងក៏ត្រូវបានណែនាំសម្រាប់អត្ថប្រយោជន៍រំលាយអាហាររបស់វាផងដែរ។ ផ្លែឈើទាំងនេះអាចជួយរាងកាយឱ្យដំណើរការអាហារកាន់តែមានប្រសិទ្ធភាព ដែលមានសារៈសំខាន់ជាពិសេសក្នុងអំឡុងពេលអាកាសធាតុក្តៅ នៅពេលដែលចំណង់អាហារអាច ថយចុះ។ ផ្លែឈើ​ក្រូចឆ្មារ​ដូចជា​ក្រូច និង​ក្រូច​ថ្លុង សម្បូរ​ទៅដោយ​វីតាមីន C និង​ជួយ​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ ព្រមទាំង​ផ្តល់​នូវ​វិធី​ដ៏​ស្រស់ស្រាយ​មួយ​ដើម្បី​បន្ធូរ​អារម្មណ៍​ផងដែរ។មន្ត្រី​សុខាភិបាល​ក៏​រំលឹក​សាធារណជន​ឲ្យ​លាង​ផ្លែឈើ​ឲ្យ​បាន​ត្រឹមត្រូវ និង​បរិភោគ​វា​ឲ្យ​ស្រស់ៗ​ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ច្រើនបំផុត។ដោយសារ​អាកាសធាតុ​ក្តៅ​របស់​ប្រទេស​កម្ពុជា​មិន​បង្ហាញ​សញ្ញា​នៃ​ការថយចុះ​ទេ ការបន្ថែម​ផ្លែឈើ​បន្ថែម​ទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​អាចជា​វិធី​សាមញ្ញ និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​រក្សា​ភាពត្រជាក់ និង​សុខភាព៕

ក្រុមហ៊ុន ហ្គាន់ ដាវ ត្រូវអាជ្ញាធរ ដកហូតអាជ្ញាបណ្ណ ក្រោយមានសកម្មភាពឆបោកតាមអនឡាញ
ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦

(ព្រះសីហនុ)៖ អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សម្រេចដកហូតអាជ្ញាបណ្ណក្រុមហ៊ុន ហ្គាន់ ដាវ (GANG DAO) ដែលស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ក្រោយឧក្រិដ្ឋជនបានប្រើប្រាស់ទីតាំងនេះ​ប្រព្រឹត្តសកម្មភាព ឆបោកតាមអនឡាញ។គួររំលឹកថា សមត្ថកិច្ចចម្រុះបានចុះបង្ក្រាបករណីបទល្មើស ONLINE SCAMS ​នៅទីតាំងកាស៊ីណូហ្គាន់ ដាវ នេះ កាលពី​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ដោយសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យចំនួន១០៨ និងបានដកហូតវត្ថុតាងជាអាទិ៍កុំព្យូទ័រចំនួនជិត ៥០០គ្រឿង និងទូរសព្ទដៃ​ជាង ១ ០០០គ្រឿងផងដែរ៕

ក្រសួងការងារ ណែនាំម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ឱ្យយកចិត្តទុកដាក់លើបញ្ហាកម្តៅ ការដុតកម្ទេចក្រណាត់ និងអគ្គិភ័យ
ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ជា សុខនី រដ្ឋលេខាធិការ តំណាងដ៏ខ្ពស់ខ្ពង់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពី ភាពតានតឹងដោយកម្តៅ ការដុតកម្ទេចក្រណាត់ និងសុវត្ថិភាពអគ្គិភ័យ នៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ ដោយមានការចូលរួមពីបុគ្គលិកទទួលបន្ទុកផ្នែករដ្ឋបាល ធនធានមនុស្ស គ្រូពេទ្យសហគ្រាស ក្រុមការងារសុវត្ថិភាពនិងសុខភាពការងារ និងតំណាងកម្មករនិយោជិត ប្រមាណជាង ៥០០នាក់។តាមរយៈកម្មវិធីដែលរៀបចំឡើងតាមប្រព័ន្ធនិម្មិត ZOOM លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងពីសារៈសំខាន់ដែលគ្រប់ភាគីពាក់ព័ន្ធត្រូវស្វែងយល់ឱ្យកាន់តែច្បាស់អំពីផលប៉ះពាល់ នៃភាពតានតឹងដោយកម្តៅ (Heat Stress) ការដុតកម្ទេចក្រណាត់ និងសុវត្ថិភាពអគ្គិភ័យនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ ដើម្បីដាក់ចេញជាមធ្យោយបាយ និងវិធានការនានា ក្នុងការគ្រប់គ្រងកម្តៅ ការដុតកម្ទេចក្រណាត់ និងគ្រោះថ្នាក់ដោយអគ្គិភ័យនៅកន្លែងធ្វើការប្រកបដោយប្រសិទ្ធភាព។ក្នុងស្មារតីជំរុញការអនុវត្តផែនការមេ លើកទី៣ លោកជំទាវ សង្កត់ធ្ងន់ពីយុទ្ធសាស្ត្រគន្លឹះចំនួន ៦ ដែលក្រសួងកំពុងយកចិត្តទុកដាក់។ យុទ្ធសាស្ត្រទាំងនោះរួមមាន ការរៀបចំក្របខ័ណ្ឌច្បាប់ និងគោលនយោបាយឱ្យស្របតាមបទដ្ឋានអន្តរជាតិ ការបង្កើតហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងសុវត្ថិភាពនិងសុខភាពការងារ ទាំងថ្នាក់ជាតិ និងសហគ្រាស ការពង្រឹងការអនុវត្តច្បាប់តាមរយៈអធិការកិច្ចការងារ ការបង្កើនកិច្ចសហការរវាងនិយោជកនិងកម្មករនិយោជិត ការលើកកម្ពស់បរិយាកាសការងារក្នុងសហគ្រាសខ្នាតតូចនិងមធ្យម និងការលុបបំបាត់ពលកម្មកុមារព្រមទាំងការបង្ការជំងឺផ្សេងៗនៅកន្លែងធ្វើការ។ លោកជំទាវ បញ្ជាក់ថា ក្រសួងកំពុងពន្លឿនការកសាងសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ ក្រោមការជួយជ្រោមជ្រែងពីជំនាញការនៃសាធារណរដ្ឋកូរ៉េ និងអង្គការ ILO ដើម្បីធានាបាននូវបរិយាកាសការងារល្អ និងបង្កើនផលិតភាពការងារ។ ក្រៅពីការរៀបចំច្បាប់ ក្រសួងក៏បានដាក់ចេញនូវកម្មវិធីគាំទ្រជាក់ស្តែងជាច្រើនដើម្បីដោះស្រាយបញ្ហាឱ្យដល់សហគ្រាស ក្រុមហ៊ុន រោងចក្រផងដែរ។ជាមួយគ្នានេះ លោកជំទាវ បានរំលេចនូវបញ្ហាចំនួន ៣សំខាន់ៗ ដែលត្រូវបានលើកយកមកធ្វើបទបង្ហាញក្នុងពិធីនាពេលនេះរួមមាន៖ ភាពតានតឹងនៃកម្តៅ សុវត្ថិភាពឡចំហាយ និងផលប៉ះពាល់ពីការដុតកម្ទេចក្រណាត់ក្នុងឡចំហាយ និងសុវត្ថិភាពអគ្គិភ័យនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ។ ជារួម បញ្ហាទាំងបីនេះ បង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចសង្គម ដែលធ្វើឱ្យផលិតភាពការងារថយចុះនៅពេលដែលសមត្ថភាពធ្វើការរបស់កម្មករនិយោជិតកាត់បន្ថយដោយសារអាកាសធាតុក្តៅ ឬត្រូវការពេលសម្រាកច្រើន ឬអវត្តមានពីការងារដោយសារបញ្ហាសុខភាព។ ផលប៉ះពាល់ដោយសារកម្តៅនៅកន្លែងធ្វើការងារ ដែលជាបញ្ហាសកល មិនបានបញ្ចប់ត្រឹមកន្លែងធ្វើការទេ ប៉ុន្តែបានបន្តប៉ះពាល់ដល់គ្រួសារ និងសហគមន៍ថែមទៀតផង។សូមបញ្ជាក់ថា បច្ចុប្បន្នក្រសួងបាននិងកំពុងពង្រឹងការអនុវត្តច្បាប់ តាមរយៈយន្តការអធិការកិច្ចការងារ ចុះធ្វើអធិការកិច្ចការងារពិសេស និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះសហគ្រាស ក្រុមហ៊ុន រោងចក្រដែលមិនអនុលោមតាមលក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារ និងបានណែនាំឱ្យធ្វើការកែប្រែដើម្បីកាត់បន្ថយកម្តៅ នៅតាមប៉ុស្តិ៍ការងារដែលមានបញ្ហាកម្តៅ ដោយបានតម្រូវឱ្យនិយោជករៀបចំប្រព័ន្ធបាញ់ទឹកលើដំបូលអគារធ្វើការឱ្យបានត្រឹមត្រូវ បើកដំណើរការប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់១ម៉ោងមុន និងមិនត្រូវមានសម្ភារ ឬវត្ថុបាំងប្រភពខ្យល់ចេញចូល។ ទន្ទឹមនេះ អធិការការងារក៏បានតម្រូវឱ្យនិយោជករៀបចំដោះស្រាយចាត់វិធានការបន្ថយកម្រិតកម្ដៅឱ្យស្របតាមបទដ្ឋានក្រសួង ត្រូវចាត់តាំងបុគ្គលទទួលបន្ទុកត្រួតពិនិត្យឧបករណ៍វាស់ស្ទង់កម្តៅជាប្រចាំនៅកន្លែងធ្វើការ និងត្រូវរៀបចំឱ្យមានឧបករណ៍វាស់ស្ទង់កម្តៅនៅក្នុងអគារផលិតកម្ម ឬកន្លែងធ្វើការឱ្យបានត្រឹមត្រូវផងដែរ៕

ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន ៣មានឱកាសការងារជាង ៦ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦

(ខេត្តកំពង់ចាម-កំពង់ឆ្នាំង-កំពង់ធំ)៖ នៅបណ្ដាខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន ៣រួមមាន ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ មានឱកាសការងារជាង ៦ពាន់កន្លែងសម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំមានឱកាសការងារសរុបចំនួន ៦,៥៤០កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម។ ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបានតាមរយៈខិតបណ្ណការងាររបស់ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្អិត។ ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយរោងចក្រ សហគ្រាស និងរោងចក្រផ្ទាល់ អ្នកស្វែងរកការងារទាំងអស់ ជាពិសេសបងប្អូនអតីតពលករ ក៏អាចទាក់ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ។ នេះបើតាមក្រសួងការងារដដែល៕

ក្រសួងការងារ៖ ខេត្តចំនួន ៤ នៅភូមិភាគឦសាន្ត មានឱកាសការងារជិត ៤ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦

(ភូមិភាគឦសាន្ត)៖ ខេត្តចំនួន ៤ ដែលស្ថិតនៅភូមិភាគឦសាន្ត នៃប្រទេសកម្ពុជា មានឱកាសការងារជិត ៤ពាន់កន្លែង សម្រាប់ផ្ដល់ជូនបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ ខេត្តស្ថិតនៅភូមិភាគឦសាន្តរួមមាន៖ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី មានឱកាសការងារសរុបចំនួន ៣,៧៨០កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតក្នុងវិស័យកសិកម្ម និងវិស័យសេវាកម្ម។ ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបានតាមរយៈខិតបណ្ណការងាររបស់ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្អិត។ ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយរោងចក្រ សហគ្រាស និងរោងចក្រផ្ទាល់ អ្នកស្វែងរកការងារទាំងអស់ ជាពិសេសបងប្អូនអតីតពលករ ក៏អាចទាក់ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ។ នេះបើតាមក្រសួងការងារដដែល៕

បណ្តាញសង្គម