
(អន្តរជាតិ)៖ យោធាកាណាដាកំពុងរៀបចំដាក់ពង្រាយយន្តហោះដើម្បីជម្លៀសមនុស្សប្រហែល ៦០០ នាក់នៅតំបន់ដាច់ស្រយាលដែលរងការគំរាមកំហែងពីភ្លើងឆេះព្រៃ។រដ្ឋមន្ត្រីក្រសួងឆ្លើយតបបន្ទាន់ និងការស្តារសហគមន៍កាណាដា លោកស្រី Eleanor Olszewski បានប្រកាសនៅថ្ងៃទី១៧ ខែកក្កដា អំពីការសម្រេចចិត្តជម្លៀសប្រជាជននៅក្នុងតំបន់ Fort Hope ភាគខាងត្បូងនៃរដ្ឋ Ontario។តំបន់ដែលមានប្រជាជនរស់នៅតិចតួចនេះ ដែលមានផ្លូវចូលផ្លូវថ្នល់តិចតួច និងការពឹងផ្អែកយ៉ាងខ្លាំងលើការដឹកជញ្ជូនតាមផ្លូវអាកាស ក៏ជាកន្លែងដែលភ្លើងឆេះព្រៃដ៏ខ្លាំងក្លាបំផុតមួយចំនួនកំពុងកើតឡើងផងដែរ។ នេះបើយោងតាម Reuters។ អាជ្ញាធរកាណាដាពីមុនបានជម្លៀសមនុស្សរាប់ពាន់នាក់ចេញពីតំបន់ដែលរងផលប៉ះពាល់ទៅកាន់ទីក្រុងនានានៅភាគខាងត្បូងនៃរដ្ឋ Ontario ។ភ្លើងឆេះព្រៃទ្រង់ទ្រាយធំកើតឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសកាណាដា ដែលជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានតំបន់ព្រៃឈើច្រើនជាងគេបំផុតនៅលើពិភពលោក។ អ្នកជំនាញអាកាសធាតុជឿថា សីតុណ្ហភាពកើនឡើងកំពុងធ្វើឱ្យឈើស្ងួត ដែលបង្កើនហានិភ័យនៃភ្លើងឆេះព្រៃ។ក្រសួងថាមពល និងធនធានធម្មជាតិរបស់ប្រទេសកាណាដា បានរាយការណ៍ពីភ្លើងឆេះព្រៃថ្មីចំនួន 69 ករណី នៅថ្ងៃទី 18 ខែកក្កដា ដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ 955 ករណី។ ផ្ទៃដីសរុបដែលត្រូវបានដុតបំផ្លាញរហូតមកដល់ពេលនេះ គឺប្រហែល 28,500 គីឡូម៉ែត្រការ៉េ ដែលទាបជាងមធ្យមភាគប្រាំឆ្នាំយ៉ាងខ្លាំង។ទោះជាយ៉ាងណាក៏ដោយ ខ្យល់បានបក់ផ្សែងឆ្លងកាត់ព្រំដែនចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក ដែលជំរុញឱ្យមានការព្រមានអំពីសុខភាព និងគុណភាពខ្យល់នៅក្នុងតំបន់ជាច្រើន។ ប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា ភ្លើងឆេះព្រៃនៅប្រទេសកាណាដាបានធ្វើឱ្យសហរដ្ឋអាមេរិកខាតបង់រាប់ពាន់លានដុល្លារ និងគំរាមកំហែងបង្កើនពន្ធលើប្រទេសជិតខាង។បន្ទាប់ពីការអត្ថាធិប្បាយរបស់លោក Trump រដ្ឋមន្ត្រី Olszewski បាននិយាយថា ប្រទេសកាណាដាបានវិនិយោគជិត ៨,៦ ពាន់លានដុល្លារក្នុងការអភិរក្សព្រៃឈើ និងការបង្ការភ្លើងឆេះព្រៃចាប់តាំងពីឆ្នាំ ២០២០ ខណៈដែលប្រទេសនេះកំពុងប្រឈមមុខនឹងអាកាសធាតុស្ងួត និងក្តៅជាងមុន។ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney កាលពីថ្ងៃទី១៦ ខែកក្កដា បានឆ្លើយតបដោយប្រយោលចំពោះការរិះគន់ចំពោះការឆ្លើយតបរបស់ប្រទេសលោកចំពោះគ្រោះមហន្តរាយធម្មជាតិ ហើយក៏បានលើកឡើងពីជំហររបស់សហរដ្ឋអាមេរិកលើគោលនយោបាយអាកាសធាតុ ដោយកត់សម្គាល់ថាខ្លួន «បន្តរក្សាវិធីសាស្ត្រផលិតដែលផ្ទុយនឹងគោលដៅថាមពលស្អាត» និងកំពុងបង្រួមតួនាទីរបស់ខ្លួននៅលើឆាកអន្តរជាតិ។

(ភ្នំពេញ)៖ កម្ពុជាមានឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែងនៅតាមរាជធានី-ខេត្តទូទាំងប្រទេសកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ មានឱកាសការងារចំនួន ៩២,៨២៣ កន្លែងនៅតាមណ្ដារាជធានី-ខេត្តនៅទូទាំងប្រទេស កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យសំខាន់ៗ ដូចជា៖ វិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម។ ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបានតាមរយៈខិត្តប័ណ្ណការងាររបស់ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្អិត។ ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស អ្នកស្វែងរកការងារទាំងអស់ ជាពិសេសបងប្អូនអតីតពលករ ក៏អាចទាក់ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ។ នេះបើតាមក្រសួងការងារដដែល៕

(បាត់ដំបង)៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាសេដ្ឋកិច្ច-សង្គម ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារចំនួន ៤ ៧០០ កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយជូនប្រជាពលរដ្ឋដល់មូលដ្ឋានជាង ៤០០នាក់ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ នៅបរិវេណសាលាស្រុកឯកភ្នំ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ នេះ។ថ្លែងក្នុងវេទិកាក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ឯកឧត្តម សាន គីមហុង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា ឱកាសការងារទាំងជាង ៤ពាន់កន្លែងនេះ គឺស្ថិតក្នុងចំណោមឱកាសការងារជាង ៩២ ០០០កន្លែងនៅទូទាំងប្រទេស ដែលក្រសួងការងារបានប្រមូលពីសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ហើយនាំយកមកផ្សព្វផ្សាយដល់មូលដ្ឋានសម្រាប់បងប្អូនអាចចុះឈ្មោះ សម្ភាស និងទទួលបានការងារភ្លាមៗ។ រាជរដ្ឋាភិបាល ក្រសួងការងារ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ពិតជាសប្បាយរីករាយនៅពេលបងប្អូនមានការងារធ្វើ ដែលជួយសម្រាលបន្ទុកគ្រួសារ និងលើកកម្ពស់សេដ្ឋកិច្ច-សង្គមផងដែរ។ឯកឧត្តមបានគូសបញ្ជាក់ថា ការងារគ្រប់ប្រភេទសុទ្ធតែមានតម្លៃដូចគ្នាៗ ហើយការងារក្នុងស្រុកនៅតាមសហគ្រាស ក្រុមហ៊ុននិងរោងចក្រ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជួយកសាងសេដ្ឋកិច្ចជាតិដោយផ្ទាល់ និងផ្តល់សុភមង្គលក្នុងគ្រួសារ។ ក្រៅពីប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន បងប្អូនក៏ទទួលបានអត្ថប្រយោជន៍ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)ផងដែរ ដូចជា៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធន ដូចមន្រ្តីរាជការដែរ ចាប់ពីអាយុ ៦០ឆ្នាំឡើង។ ផ្ទុយទៅវិញ ការងារចំណាកស្រុកនៅប្រទេសថៃ គឺប្រឈមនឹងហានិភ័យសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព អំពើហិង្សា ការរើសអើង និងមិនអាចរស់នៅជួបជុំក្រុមគ្រួសារ។ក្នុងករណីដែលចង់ទៅធ្វើការនៅក្រៅប្រទេស ឯកឧត្តមបានលើកទឹកចិត្តឱ្យអតីតពលករចុះឈ្មោះទៅធ្វើការនៅប្រទេសផ្សេងៗ ដែលផ្តល់ប្រាក់ខែ និងមានសុវត្ថិភាពខ្ពស់ជាងប្រទេសថៃ។ ទន្ទឹមនឹងនេះ បងប្អូនដែលមានជំនាញស្រាប់ផ្នែកសំណង់ ប៉ុន្តែមិនទាន់មានវិញ្ញាបនបត្របញ្ជាក់ ក្រសួងក៏បានដាក់ឱ្យអនុវត្តការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន ដើម្បីឱ្យបងប្អូនទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញជាផ្លូវការផងដែរ។ លើសពីនេះ ទាំងអតីតពលករ និងយុវជនក៏អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃនូវវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស តាមរយៈកម្មវិធី TVET ១,៥លានជាមួយនឹងជម្រើសពេលសិក្សាជាច្រើន ដូចជា៖ ផ្នែកសំណង់ ជួសជុលគ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី ម៉ាស៊ីនត្រជាក់ ដុតនំ ឆុងកាហ្វេ និងផ្នែកសាឡនជាដើម។ ក្រោយបញ្ចប់ការសិក្សា បងប្អូនអាចយកជំនាញទាំងនេះបង្កើតមុខរបរដោយខ្លួនឯងបានថែមទៀតផងដែរ។ ទន្ទឹមនេះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យបងប្អូនជួយបន្តផ្សព្វផ្សាយពីឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ជូនដល់សមាជិកគ្រួសារ សាច់ញាតិ និងមិត្តភក្តិបន្តទៀត ជាពិសេសតាមរយៈបណ្តាញសង្គម ហើយបើចង់សាកសួរព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ Hotline ១២៩៧ សម្រាប់ព័ត៌មានពីឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស.។សូមបញ្ជាក់ថា វេទិកាការងារនេះ មានការចូលរួមដោយផ្ទាល់ពីសហគ្រាស ក្រុមហ៊ុននិងរោងចក្រ ដូចជា រោងចក្រ វេនធូរ៉ា លេឌើវែរ, រោងចក្រ សាន ហ្វេង (ខេមបូឌា) ខមភេនី, ក្រុមហ៊ុន ថាកូ អាហ្រ្គី, វិទ្យាស្ថានបណ្តុះបណ្តាលកាត់ដេរកម្ពុជា(CGTI) ព្រមទាំងក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មទៅបម្រើការងារនៅក្រៅប្រទេស រួមមាន ក្រុមហ៊ុន មង្គល អេចអ និង អ៊ែកស៊ល អេស៊ា យូមេន រីសសស៍ ដែលបានផ្តល់ព័ត៌មាន សេវាផ្គូផ្គងការងារ និងការប្រឹក្សាយោបល់ដោយផ្ទាល់ ដើម្បីបំពេញតម្រូវទីផ្សារការងារនាពេលពេលបច្ចុប្បន្ន៕



















































#6, Street 272, 120409, Phnom Penh, Cambodia.
(+855) 89 383 888
info@swiftnewsdaily.com | info.swiftnews@gmail.com 
