ក្រសួងការងារ ដឹកនាំប្រជុំក្រុមការងារបច្ចេកទេសត្រីភាគី ស្តីពីការពិភាក្សាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៨

 

(ភ្នំពេញ) ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ បានដឹកនាំប្រជុំក្រុមការងារបច្ចេកទេសត្រីភាគី ស្តីពីការពិភាក្សាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៨។

ក្រោយពីការពិភាក្សាប្រកបដោយភាពចាស់ទុំ កិច្ចប្រជុំទទួលបានលទ្ធផលដូចខាងក្រោម៖ -ភាគីនីមួយៗ បានបញ្ជាក់ពីគោលជំហរផ្លូវការរបស់ខ្លួនចំពោះមុខគ្នា ជាមួយនិងហេតុផលបឋមក្នុងការសម្រេចយកតួលេខរបស់ភាគីនីមួយៗ

ភាគីសហជីពបានអបអរសាទរចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជាអត្ថប្រយោជន៍ ក៏ដូចជាការសម្រួលដល់ជីវភាពរស់នៅរបស់កម្មករនិយោជិត ជាពិសេសចំពោះ៖ (១) ការផ្តល់សេវារថយន្តក្រុងសាធារណៈសម្រាប់ដឹកបងប្អូនកម្មករកម្មការិនីដោយឥតគិតថ្លៃ សម្រាប់ រយៈពេល ២ឆ្នាំ ចាប់ពីខែសីហា ឆ្នាំ២០១៧ ដល់ខែសីហា ឆ្នាំ២០១៩

(២) ការយកចិត្តទុកដាក់ចំពោះកម្មការិនីមានផ្ទៃពោះ ដោយបានសម្រេចផ្តល់ប្រាក់ខែ ១២០% សម្រាប់សម្រួលនៅពេលឆ្លងទន្លេ

(៣) ការផ្តល់អត្ថប្រយោជន៍មួយទៀតពីបេឡាជាតិរបបសន្តិសុខសង្គម ដល់កម្មការិនីមានផ្ទៃពោះ ក្នុងករណីសម្រាលបានកូនចំនួនមួយនាក់ ដោយទទួលបានប្រាក់ឧបត្ថម្ភ ៤០ម៉ឺនរៀល ចំពោះកូនភ្លោះពីរនាក់ទទួលបាន ៨០ម៉ឺនរៀល និងចំពោះកូនភ្លោះបីនាក់ទទួលបាន ១២០ម៉ឺនរៀល ដោយអត្ថប្រយោជន៍នេះនឹងអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ តទៅ ។

(៤) ការអនុញ្ញាតឱ្យកម្មករកម្មការិនីទាំងអស់ ទទួលបានការពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ ចាប់ពីឆ្នាំ២០១៨ តទៅ  ។

(៥)ការយកចិត្តទុកដាក់ចំពោះរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពរបស់កម្មករ ដែលកន្លងមកត្រូវបង់ថ្លៃពាក់កណ្តាល(៥០%) ដោយនិយោជក និងនិយោជិត។ ប៉ុន្តែចាប់ពីខែមករា ឆ្នាំ២០១៨ ទៅ បងប្អូនកម្មករនិយោជិត មិនចាំបាច់បង់តទៅទៀតទេ គឺនិយោជក(ក្រុមហ៊ុន) ទទួលរ៉ាប់រងបង់លើការចំណាយនេះទាំងអស់ (១០០%)។

(៦)ការចិត្តទុកដាក់ចំពោះរបបសន្តិសុខសង្គម ផ្នែកសោធននិវត្តន៍ ដោយចាប់ពីឆ្នាំ២០១៩ ទៅ កម្មករនិយោជិតទាំងអស់ នឹងទទួលបានប្រាក់សោធននិវត្តន៍(ប្រាក់រឺត្រែត) មានន័យថាពេលនៅមានកម្លាំងធ្វើការ ក៏ទទួលប្រាក់ខែ ហើយពេលចាស់ទៅធ្វើការមិនកើតក៏មានប្រាក់សោធននិវត្តន៍ ដូចជាមន្ត្រីរាជការដែរ និង

(៧) ការបន្តមិនយកពន្ធលើអត្ថប្រយោជន៍ផ្សេងៗ ។ជាចុងក្រោយ ភាគីនីមួយៗ បានកំណត់នូវកាលបរិច្ឆេទដើម្បីប្រជុំពិភាក្សានាពេលបន្ទាប់ទៀត៕(SN- ជុំសុធន)

photo_2017-09-25_01-39-19 photo_2017-09-25_01-39-26 photo_2017-09-25_01-39-29 photo_2017-09-25_01-39-32 photo_2017-09-25_01-39-37 photo_2017-09-25_01-39-42 photo_2017-09-25_01-39-45 photo_2017-09-25_01-39-48 photo_2017-09-25_01-39-51 photo_2017-09-25_01-39-54 photo_2017-09-25_01-39-57 photo_2017-09-25_01-40-00

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com