រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ការនាំចេញផលិតផលកាត់ដេរ សម្លៀកបំពាក់ និងវាយនភ័ណ្ឌរបស់កម្ពុជាទៅកាន់សហគមន៍អឺរ៉ុប កំពុងតែបន្តកើនឡើងក្រោមប្រព័ន្ធអនុគ្រោះ

(ប៉ារីស) ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ចូលរួមសន្និសីទព័ត៌មាន ដែលរៀបចំឡើងនៅក្នុងពិធីតាំងពិព័រណ៍សម្លៀកបំពាក់ “APPAREL SOURCING PARIS 2017” ដែលប្រព្រឹត្តធ្វើចាប់ពីថ្ងៃទី១៨-២១ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ថ្លែងសុន្ទរកថានាឱកាសនោះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មការរៀបចំ ដែលបានជ្រើសរើសកម្ពុជា ជាប្រទេសកិត្តិយស ក្នុងការចូលរួមក្នុងពិព័រណ៍នេះ។ លោករដ្ឋមន្រ្តី បានជម្រាបជូន វាគ្មិន អ្នកសារព័ត៌មាន និងពាណិជ្ជករដែលមកពីប្រទេសផ្សេងៗថា ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសតូចមួយក៏ពិតមែន ប៉ុន្តែកម្ពុជាជាប្រទេសដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងបន្តអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ សំដៅបង្កបរិយាកាសធុរកិច្ចដ៏ល្អប្រសើរ ប្រែក្លាយកម្ពុជាឱ្យទៅជាគោលដៅដ៏ទាក់ទាញមួយសម្រាប់វិនិយោគ និងធ្វើធុរកិច្ច។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា វិស័យពាណិជ្ជកម្មកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ច។ ការនាំចេញរបស់កម្ពុជា មានការកើនឡើងជាលំដាប់ ជាពិសេស ការនាំចេញក្រោមប្រព័ន្ធអនុគ្រោះ “Everything But Arms (EBA)” ដែលប្រព័ន្ធនេះ បានអនុញ្ញាតឱ្យកម្ពុជាអាចនាំចេញទំនិញគ្រប់ប្រភេទ (លើកលែងតែអាវុធ) ទៅកាន់សហគមន៍អឺរ៉ុប ដោយគ្មានបង់ពន្ធ និងជាប់កាតព្វកិច្ចផ្សេងៗនោះទេ ។

លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ក្រោមប្រព័ន្ធអនុគ្រោះ GSP/MFN ផងដែរ ប្រទេសកម្ពុជាបាននាំចេញទៅទីផ្សារសហគមន៍អឺរ៉ុបធំជាងគេ បន្ទាប់មកគឺសហរដ្ឋអាមេរិក និងកាណាដា ហើយទំនិញដែលនាំចេញ ច្រើនជាងគេ គឺសម្លៀកបំពាក់ និងវាយនភ័ណ្ឌតែម្តង។ ក្រៅពីនោះ មានស្បែកជើង អង្ករ ស្ករត្នោត ម្រេច និងផលិតផលផ្សេងៗទៀត។

លោករដ្ឋមន្រ្តី បានបន្ថែមទៀតថា ពិព័រណ៍សម្លៀកបំពាក់ “APPAREL SOURCING PARIS 2017” នេះជាព្រឹត្តិការណ៍អន្តរជាតិដ៏ល្បីល្បាញ និងធំជាងគេបង្អស់នៅក្នុងតំបន់អឺរ៉ុប ដូច្នោះហើយការចូលរួមរបស់កម្ពុជាក្នុងពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់។ គណៈប្រតិភូពាណិជ្ជកម្មកម្ពុជា និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានដឹកនាំពាណិជ្ជករកម្ពុជាចំនួន ០៩ ក្រុមហ៊ុនមកចូលរួមព្រឹត្តិការណ៍នេះ ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-បារាំង ក៏ដូចជាដើម្បីស្វែងរកទីផ្សារអឺរ៉ុប និងជំរុញឱ្យមានការកើនឡើងបន្ថែមទៀតនូវការវិនិយោគនៅកម្ពុជា លើវិស័យកាត់ដេរសម្លៀកបំពាក់ និងវាយនភ័ណ្ឌ។

ជាចុងក្រោយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យភ្ញៀវទាំងអស់ដែលមានវត្តមាននៅទីនោះ យកឱកាសដ៏សំខាន់នេះ ធ្វើការជជែកពិភាក្សាគ្នាជាមួយកម្ពុជា ដើម្បីបង្កើតទំនាក់ទំនងធ្វើពាណិជ្ជកម្មជាមួយគ្នា ព្រោះកម្ពុជាមានកម្លាំងការងារគ្រប់គ្រាន់ ហើយតម្លៃឈ្នួលពលកម្មក៏ទាបផងដែរ។

សូមជំរាបថា បន្ទាប់ពីបានចូលរួមក្នុងសន្និសីទព័ត៌មានរួចមក លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏បានបន្តដំណើរទៅទស្សនាស្ដង់កម្ពុជាទាំង ០៩ក្រុមហ៊ុន ដែលក្នុងឱកាសនោះលោករដ្ឋមន្រ្តី បានមានមតិសំណេះសំណាល និងជូនពរដល់ពាណិជ្ជករខ្មែរទាំងអស់ ឱ្យជួបប្រទះតែសុខភាពល្អក្នុងការស្នាក់អាស្រ័យនៅក្នុងប្រទេសបារាំង និងជូនពរឱ្យទទួលជោគជ័យក្នុងការចូលរួមក្នុងពិព័រណ៍ដ៏មានសារៈសំខាន់នេះ៕(SN-ពុទ្ធិរៈ)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com