សម្តេចតេជោគ្រោងនឹងចុះទៅពិនិត្យនៅតាមរោងចក្រដែលមានកម្មករដួលសន្លប់

21314872_1445068415541651_1400855557478996471_n
(ភ្នំពេញ) ៖ នាព្រឹកថ្ងៃទី ០៣ ខែកញ្ញានេះ ក្នុងឱកាសសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណជាង ៤ ពាន់នាក់ នាសាលមហាស្រពកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ប្រាប់កម្មករ កម្មការិនីថា សម្តេចគ្រោងនឹងទៅពិនិត្យមើលទីតាំងរោងចក្រជាក់ស្តែង តាមលទ្ធភាពដែលអាចធ្វើទៅបាន មិនត្រឹមតែនៅក្នុងពិធីធំៗនោះទេ កម្មវិធីតូចៗដែលមិនបានរៀបចំជាមុន ក៏សម្តេចទៅពិនិត្យដែរ ជាក់ស្តែងដូចជាទីតាំងរោងចក្រ ដែលមានកម្មករដួលសន្លប់ផងដែរ ។

សម្តេចបានអំពាវនាវឲ្យម្ចាស់រោងចក្រ អនុញ្ញាតឲ្យស្ត្រីមានផ្ទៃពោះជាកម្មករ ត្រូវចេញមុនកម្មករដទៃទៀត ចំនួន ១៥ នាទី ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងសុខភាពរបស់ពួកគាត់ ហើយម្ចាស់រោងចក្រ ត្រូវយកចិត្តទុកដាក់ចំពោះក្រុមកម្មករដោយត្រូវចាត់ទុកសុខភាពរបស់កម្មករ ជាសុខភាពរបស់រោងចក្រ ។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានអំពាវនាវ ឲ្យក្រុមកម្មករ កម្មការិនី ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីឲ្យទទួលបាន ប្រាក់បៀវត្សកាន់តែខ្ពស់ ហើយសម្តេចធានាថា ប្រាក់បៀវត្សកម្មករ នឹងមានការឡើង ជារៀងរាល់ឆ្នាំ ខណៈឆ្នាំ ២០១៨ ខាងមុខ ប្រាក់បៀវត្សកម្មករយ៉ាងហោចណាស់ ១៦០ ដុល្លារអាមេរិក ។

សម្តេចតេជោបន្ថែមថា ដើម្បីរក្សាបានការងារ បងប្អូនកម្មករទាំងអស់ ត្រូវខិតខំប្រឹងប្រែងធ្វើការ គោរពទៅតាមលក្ខខណ្ឌការងារ រួមគ្នាថែរក្សា និងបង្កើនការងារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយរាជរដ្ឋាភិបាល នឹងធ្វើការបន្ថែមទៀត ដើម្បីទាក់ទាញ វិនិយោគិន មកវិនិយោគនៅកម្ពុជា ឲ្យបានកាន់តែច្រើន។

នៅក្នុងពិធីដដែលនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវជាថ្មីម្តងទៀត ឲ្យម្ចាស់ផ្ទះជួល ឲ្យក្រុមកម្មករ កម្មការិនី កុំដំឡើងថ្លៃផ្ទះជួល រយៈពេលមួយឆ្នាំ ពោលគឺនៅចម្លោះចាប់ពីខែមករា ឆ្នាំ ២០១៨ រហូតដល់ខែមករា ឆ្នាំ ២០១៩ ដើម្បីជំរុញ វិស័យឧស្សាហកម្មនៅកម្ពុជា មានការអភិវឌ្ឍឈានឡើង ។

សូមជម្រាបថា ក្រៅពីជួបសំណេះសំណាលជាមួយតំណាងកម្មករកម្មការិនី នៅរៀងរាល់ថ្ងៃអាទិត្យ សម្តេចតេជោនាយករដ្ឋមន្ត្រីបានចុះជួបដោយផ្ទាល់ជាមួយកម្មករកម្មារិនីនៅតាមបណ្តារោងចក្រនានា ក្នុងរាជធានីភ្នំពេញ រៀងរាល់ថ្ងៃពុធ ដើម្បីស្វែងយល់ពីលក្ខខណ្ឌការងារនិងទទួលនូវសំណូមពរនានា ដែលកាលពីថ្ងៃពុធសប្តាហ៍មុន សម្តេចតេជោ បានចុះទៅកាន់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងថ្ងៃពុធសប្តាហ៍នេះបានចុះទៅដល់រោងចក្រនានាក្នុងសួន ឧស្សាហកម្មវឌ្ឍនៈ២ ។

គួររំលឹកថា ក្នុងសប្តាសន៍នេះ កម្មការិនីជាច្រើននាក់ក្នុងចំណោមកម្មករជាង ២.៧០០ នាក់បានដួលសន្លប់ខណៈពេលដែលកំពុងធ្វើការនៅក្នុងរោងចក្រ «ប៊ឺរី» ស្ថិតនៅបណ្តោយផ្លូលទំនប់កប់ស្រូវ ភូមជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ បានបន្តដួលសន្លប់ជាប់ៗគ្នាក្នុងរយៈពេល ២ ថ្ងៃតែម្តងគឺទាំងថ្ងៃទី ៣០ និង ៣១ ខែសីហា ៕ (SN-ពុទ្ធិរៈ)

20993096_1434664193248740_5002075743539336025_n 21167637_2013772028857607_7980076383937734887_o 21150383_1523473611078668_6889439845760727725_n 21192311_2013792638855546_5820371024862005070_n 21192120_1523473534412009_1801160122719492691_n21272970_2013772108857599_2994929457715859805_o

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង