ដើមកំណើតដំបូងរបស់រថយន្ត Ford Pickup

(ភ្នំពេញ) ៖ ក្រុមហ៊ុន Ford នៅថ្ងៃទី២៧ កក្កដា ១៩១៧ រយៈកាល១០០ ឆ្នាំមុន ក្រុមហ៊ុនFord បានបង្កើតនូវការច្នៃប្រឌិតថ្មីមួយ និងបានផ្លាស់ប្ដូរមុខមាត់ថ្មីទាំងស្រុងនៅក្នុងវិស័យរថយន្តតាំងពីពេលនោះមក។ គ្រប់យ៉ាងបានចាប់ផ្ដើមពីរថយន្តម៉ូដែល TT ដែលជាម៉ូដែលរថយន្តដែលកើតចេញពីម៉ូដែល T ទទួលបានភាពជោគជ័យអស់រយៈពេលជាងមួយសតវត្សមកហើយ និងបានក្លាយជាម៉ាករថយន្តលក់ដាច់បំផុតនៅលើពិភពលោកផងដែរ។

ប៉ុន្មានឆ្នាំមកនេះរថយន្ត Ford trucks ត្រូវបានប្រើប្រាស់ដោយអ្នកចម្ការ ទាហាន អ្នកធ្វើការសំណង់ និងអ្នកបើកបរប្រណាំងជាដើម។ ដោយសារតែសមត្ថភាពនិងភាពជឿជាក់ បានជំរុញឱ្យការលក់របស់ក្រុមហ៊ុនរថយន្ត Ford ឈរមុខគេជានិច្ច។

ប៉ុន្តែសមិទ្ធផលទាំងនេះមិនមែនកើតឡើងក្នុងពេលតែមួយយប់នោះទេ។ ភាពជោគជ័យនេះគឺបានមកពីការចំណាយពេលវេលាយ៉ាងស្វិតស្វាញធ្វើយ៉ាងណាដើម្បីប្រែក្លាយទស្សនៈវិស័យដែលគេមានឲ្យទៅជាសមិទ្ធផលនៃការច្នៃប្រឌិតថ្មី រួមជាមួយនឹងការខិតខំប្រឹងប្រែងដើម្បីផលិតនូវរថយន្តមួយដែលមានសម្ថតភាពលើសពីអ្វីដែលអ្នកបានរំពឹងទុក។

លោក Robert Kreipke អ្នកប្រវត្តិវិទូនៃរថយន្ត Ford បានមានប្រសាសន៍ថា៖ ក្រោយពីបានឃើញរថយន្តប្រភេទ Utes និងប្រភេទ Pickups ក្រុមហ៊ុនរថយន្ត Ford បានធ្វើការផ្លាស់ប្តូរទស្សនៈរបស់ខ្លួនចំពោះរថយន្តប្រភេទ Truck ដោយកាលពីមុនរថយន្តប្រភេទនេះប្រើប្រាស់ក្នុងការងារធ្ងន់ៗ ប៉ុន្តែក្រោយមក ក្រុមហ៊ុន Ford បានធ្វើការកែច្នៃ និងប្រែក្លាយរថយន្តប្រភេទ Truck សម្រាប់បម្រើការងារធ្ងន់ផង និងជារថយន្តគ្រួសារផង។

លោកបានបន្តទៀតថា ម៉្យាងវិញទៀត រថយន្តនេះបានបំផុសគំនិតឈានទៅដល់ការវិវត្តន៍នៃរថយន្តប្រភេទ F-Series និង Ford Ranger ជាដើម ដែលទទួលបានជោគជ័យយ៉ាងខ្លាំងនៅទីផ្សារទូទាំងពិភពលោក។”

កាលឆ្នាំ ១៩៧៦ អ្នកនិពន្ធ របស់ទស្សនាវដ្ដី Ford Truck បានសរសេរពាក្យសាមញ្ញបីម៉ាត់ “Built Ford Tough” ដែលបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Ford ក្នុងការបង្កើតរថយន្តដែលរឹងមាំប្រកបដោយថាមពល និងមានប្រព័ន្ធសុវត្ថិភាពខ្ពស់។

បន្ទាប់មកទៀតក៏ឈានដល់ការចាប់កំណើតនៃរថយន្ត Ford Ranger ដែលជារថយន្ត ភីកអាប់ (Pickup) ជំនាន់ដំបូងដែលបានដាក់បង្ហាញនៅអាមេរិចខាងជើងក្នុងឆ្នាំ១៩៨២។

រថយន្ត Ford Ranger ជារថយន្តដែលមានដើមកំណើតនៅប្រទេសអាមេរិច និងមានកេរ្តិ៍ឈ្មោះល្បីល្បាញជារថយន្ត Pickup ដែលមានភាពរឹងមាំ និងមានភាពឆ្លាតវៃលើសគេ និងលក់ដាច់បំផុតទូទាំងពិភពលោក។ បច្ចុប្បន្នរថយន្តនេះគឺលក់ដាច់បំផុតនៅទ្វីបអឺរ៉ុបអាហ្វ្រិកខាងត្បូង ប្រទេសនូវែលសេឡង់និងទីផ្សារអាស៊ានមួយចំនួនដូចជាវៀតណាម កម្ពុជានិងមីយ៉ាន់ម៉ា។

ប៉ុន្មានឆ្នាំក្រោយមកទៀត ក្រុមហ៊ុន Ford បានបន្តការច្នៃប្រឌិតនិងសិក្សាទៅលើរថយន្តប្រភេទ Truck កាន់តែស៊ីជម្រៅ និងបានបង្កើតឡើងនូវរថយន្ត F-១៥០ SVT Raptor ក្នុងឆ្នាំ ២០០៩។ រថយន្តប្រភេទនេះ ក៏បានក្លាយជារថយន្តដែលលក់ដាច់ជាងគេនៅក្នុងទីផ្សារប្រទេសចិន ជាពិសេសគឺរថយន្ត F-១៥០ Raptor ជំនាន់ថ្មីឆ្នាំ២០១៧ ដែលទើបតែសម្ពោទដាក់លក់នៅក្នុងទីផ្សារនាពេលថ្មីៗនេះ។

ក្រៅពីនេះ ក្រុមហ៊ុន Ford ក៏បានបញ្ជាក់ផងដែរថារថយន្ត Ford Ranger នឹងត្រូវដាក់លក់នៅក្នុងទីផ្សាររថយន្តធំបំផុតរបស់ពិភពលោក ក្នុងឆ្នាំក្រោយនេះ។

យើងឃើញថាការរចនា អនុភាព និងសមត្ថភាពរបស់រថយន្ត Ford Trucks បានផ្លាស់ប្តូរទាំងស្រុងបើប្រៀបធៀបទៅនឹងរថយន្ត Ford Model TT កាលពី១០០ ឆ្នាំមុន ក៏ប៉ុន្តែការប្ដេជ្ញាចិត្តនិងគោលដៅរបស់ក្រុមហ៊ុន Ford មិនបានផ្លាស់ប្ដូរឡើយ ពួកគេនៅតែបន្តសិក្សានិងផលិតនូវរថយន្តដែលមានសម្ថតភាពលើសពីការរំពឹងទុករបស់អ្នកជានិច្ច៕(SN- ជុំសុធន)

 

ford 1

ford

ford2

ford4

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង