រថយន្ដដឹកឈើ៦គ្រឿងចេញពីខេត្តមណ្ឌលគីរីត្រូវ សមត្តកិច្ចខេត្តក្រចេះឃាត់២គ្រឿងសង្ស័យល្មើសច្បាប់

(ក្រចេះ)៖ សមត្ថកិច្ចជំនាញនៅខេត្តក្រចេះ កាលពីម្សិលមិញ បានសម្រេចចាប់ឃាត់រថយន្តដឹកឈើពីរគ្រឿង ដែលបានដឹកជញ្ជូនចេញពី ស្រុកកោះញែក ខេត្តមណ្ឌលគីរី ដើម្បីយកមកធ្វើការផ្ទៀងផ្ទាត់លើចំនួនឈើពិតប្រាកដ បន្ទាប់ពីសង្ស័យថា ការដឹកជញ្ជូននេះ គឺផ្ទុកលើសច្បាប់អនុញ្ញាតដល់ទៅជាង២០ម៉ែត្រគូប។

រថយន្តធុនយក្សពីរគ្រឿងដែលមានផ្ទុកឈើពេញទ្រុងត្រូវបានកម្លាំងជំនាញរដ្ឋបាលព្រៃឈើស្រុកស្នួលក្រោមការដឹកនាំដោយលោក ធុច បញ្ចសន្តិភាព ព្រះរាជអាជ្ញាររងខេត្តអមសាលាដំបូងខេត្តក្រចេះ បានសម្រេចចាប់ឃាត់នៅក្នុងភូមិសាស្រ្ត ឃុំក៣ ស្រុកស្នួល ខេត្តក្រចេះ។

រថយន្តពីរគ្រឿងនេះកំពុងតែដឹកឈើចេញពីព្រៃចូលមកដល់ទឹកដីខេត្តក្រចេះ និងមានចំនួនបួនគ្រឿងទៀត កំពុងតែសម្ងំលាក់ខ្លួននៅលើដងផ្លូវជាតិ ក្នុងទឹកដីនៃខេត្តមណ្ឌលគីរី។

ប្រភពច្បាស់ការណ៍បានឲ្យដឹងថា រថយន្តទាំងនេះបានដឹកជញ្ជូនឈើចេញពីរោងម៉ាស៊ីនកែច្នៃរបស់ក្រុមហ៊ុនយូនីហ្រ្គីនរីសស៍ ខូអិលធីឌី មានមូលដ្ឋាននៅស្រុកកោះញែក ខេត្តមណ្ឌលគីរី នាំឆ្ពោះទៅកាន់ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ចំណែកឯការដឹកជញ្ជូន គឺមានច្បាប់អនុញ្ញាត្រឹមតែ១៦មែត្រគូប ក្នុងមួយរថយន្ត ហើយឈើដែលត្រូវដឹក គឺជាប្រភេទឈើអារលេខ១។

ប្រភពដដែលនេះបានឲ្យដឹងថា កន្លងមកមានការដឹកជញ្ជូនឈើគ្រប់ប្រភេទ ចេញពីតំបន់ព្រៃអភិរក្ស ក្នុងខេត្តមណ្ឌលគីរី ហើយយកនាំចូលក្នុងបរិវេណក្រុមហ៊ុនយូនីហ្រ្គីន ដើម្បីធ្វើជាឈើស្របច្បាប់។

ការដឹកជញ្ជូនឈើនេះ គឺបានធ្វើឡើងស្ទើររៀងរាល់ថ្ងៃដោយមានឈើរាប់រយម៉ែត្រគូបត្រូវបាន បានដឹកជញ្ជូននាំចេញ ឆ្ពោះចូលទៅព្រំដែនវៀតណាម តាមច្រករបៀងទន្លេចាម ក្នុងស្រុក មេមត់ ខេត្តត្បូងឃ្មុំ ក្រោមរូបភាពជាឈើមានច្បាប់ ប៉ុន្តែមិនបានដឹកជញ្ជូនយកទៅតាមគោលដៅដែលកំណត់នោះទេ។

ចំពោះការចាប់ឃាត់ចាប់រថយន្តពីរគ្រឿងពីសំណាក់អាជ្ញាធរខេត្តក្រចេះនេះ គេនៅមិនទាន់ដឹងថា រថយន្តទាំងពីរគ្រឿងនេះ មានផ្ទុកលើសច្បាប់អនុញ្ញាចំនួនប៉ុន្មានម៉ែត្រគូបនៅឡើយទេ ដោយគ្រាន់តែសន្និដ្ឋានថា អាចផ្ទុកលើសជាង២០មែត្រគូប។

ជុំវិញការចាប់បង្រ្កាបនេះ ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្ត គឺលោក ធុច បញ្ចៈសន្តិភាព ដែលបានដឹកនាំកម្លាំងចុះចាប់ឃាត់ បានប្រាប់ឲ្យដឹងថា សមត្ថកិច្ចនិងនាំយករថយន្តទាំងពីរគ្រឿងនេះ ទៅសង្កាត់រដ្ឋបាលព្រៃឈើ ដើម្បីវាស់វែងរកចំនួន ឈើទៅតាមច្បាប់ដែលអនុញ្ញាតឲ្យដឹងជញ្ជូន។

លោកបញ្ជាក់ថា សមត្ថកិច្ចនឹងមានចំណាត់ការលើចំនួនឈើ ដែលលើសច្បាប់តាមនីតិវិធីរដ្ឋបាលព្រៃឈើ៕ (SN- ព្រាបសរ)

IMG_1999IMG_2002IMG_2001

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង