ហែម​ថុ​ន វិ​ទិ​នី ឈរលើ​១៩​ប្រទេស​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​ពិភពលោក​នៅ​ប្រទេសហុងគ្រី

កីឡាការិនី​ហែល​ទឹក​ជម្រើសជាតិ​កម្ពុជា ហែម​ថុ​ន វិ​ទិ​នី បាន​ប្រើ​ថេរវេលា​២៩.៦៩​វិនាទី​លើ​វិញ្ញាសា​ហែល​សេរី​ចម្ងាយ​៥០​ម៉ែត្រ​នា​ការប្រកួត​ជើងឯក​ពិភពលោក World Aquatics Championships 2017 នៅ​ទីក្រុង​ប៊ុ​យ​ដា​ប៉ែស​ប្រទេស​ហុង​គ្រី​។ ថេរ​វ​លា​នេះ​បាន​ជួយ​ឲ្យ វិ​ទិ​នី ឈរ​ចំណាត់​ថ្នាក់លើ​១៩​ប្រទេស ក្នុងនោះ​ក៏មាន​ប្រទេស​ឡាវ​ផងដែរ​។ តែ​យ៉ាងណា វា​មិន​អាចជួយ​ឲ្យ វិ​ទិ​នី ឡើងទៅ​កាន់​វគ្គ​បន្ត​នោះឡើយ​។​

 

កីឡាការិនី​ហែល​ទឹក​ជម្រើសជាតិ ហែម​ថុ​ន វិ​ទិ​នី បានបញ្ចប់​ក្នុង​លទ្ធផល​មួយ​យ៉ាង​ល្អ​នា​ការប្រកួត​កីឡាហែលទឹក​ជ្រើសរើស​ឯក​ពិភពលោក World Aquatics Championships 2017 នៅ​ទីក្រុង​ប៊ុ​យ​ដា​ប៉ែស​ប្រទេស​ហុង​គ្រី​កាលពី​ខែកក្កដា កន្លងទៅនេះ​។ វិ​ទិ​នី ទទួលបាន​ចំណាត់ថ្នាក់​លេខ​៦៨​ក្នុងចំណោម​៨៧​ប្រទេស​ចូលរួម ពោលគឺ​ឈរលើ​១៩​ប្រទេស ក្រោយ​ប្រើ​ថេរវេលា​២៩.៦៩​វិនាទី​លើ​វិញ្ញាសា​ហែល​សេរី​ចម្ងាយ​៥០​ម៉ែត្រ​។
​ថេរវេលា​២៩.៦៩​វិនាទី​បាន​ជួយ​ឲ្យ វិ​ទិ​នី អាច​បំ​ណ​ត់​ត្រា​ចាស់​លើ​វិញ្ញាសា​នេះ​ក្នុង​ស៊ី​ហ្គេម​នៅ​ប្រទេស​សិង្ហ​បុរី​ឆ្នាំ​២០១៥ ផងដែរ ខណៈ​កាលណោះ​នាង​ប្រើ​ថេរវេលា​៣០.៦០​វិនាទី​។ តែបើ​ប្រៀបធៀប​នឹង​កំណត់ត្រា​នៅ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ទីក្រុង​រី​យ៉ូ​ប្រទេស​ប្រេ​ស៊ី​ល​កាលពី​ឆ្នាំ​២០១៦ គឺ​សមត្ថភាព​មានការ​ធ្លាក់ចុះ ដោយពេល​នោះ នាង ប្រើ​២៩.៣៧​វិនាទី​តែប៉ុណ្ណោះ​។
​ប្រទេស​ទាំង​១៩​ដែល វិ​ទិ​នី ឈរលើ​រួមមាន នេ​ប៉ាល់​, អ៊ូ​ហ្គ​ង់​ដា​, ម៉ូ​សំ​ប៊ិក​, ម៉ា​ល់​ឌី​វ​, ម៉ាឡាវី​, បង់​ក្លា​ដែ​ស​, ប៉ា​ឡេ​ស្ទី​ន​, តា​ហ្ស៊ី​គី​ស្ថាន​, បា​រ៉ែ​ន​, ឡាវ​, រដ្ឋ​សហព័ន្ធ​មីក្រូ​ណេ​ស៊ី​, តូ​ហ្គោ​, បេ​ណាំង​, ទី​ម័​រ​ខាងកើត​, សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​, ប៊ូ​រុន​ឌី​, នី​ហ្សេ​រ​, ជី​ប៊ូ​ទី និង​សៀ​រ៉ា​ឡេ​អូន​៕

ប្រភពៈ NOCC.ORG.KH

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង