អាជ្ញាធរក្រុងភ្នំពេញស្នើ អ្នករត់ម៉ូតូកង់បីឲ្យកែប្រែឥរិយាបថប្រាំពីរចំណុច
(ភ្នំពេញ) ៖ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានស្នើក្រុមអ្នកបើកបរម៉ូតូកង់បី កែប្រែឥរិយាបថ និងភាពមិនប្រក្រតីចំនួនប្រាំពីរចំណុច ដែលកើតមានកន្លងមក ដើម្បីចៀសវាងការរិះគន់ និងប៉ះពាល់ដល់ប្រជាពលរដ្ឋ និងបានបង្កើតផលអវិជ្ជមានដល់ការរៀបចំចរាចរណ៍ សន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញ។
ចំណុចមិនប្រក្រតីដែលអាជ្ញាធរស្នើឲ្យអ្នកបើកបរម៉ូតូកង់បីធ្វើការកែប្រែនោះ មានដូចជា ៖
១-ការចត
២-ការខ្វះការត្រួតពិនិត្យបច្ចេកទេសយាន
៣-ការបើកបរគ្មានប័ណ្ឌបើកបរ(ក២)
៤-ការមិនគោរពច្បាប់ចរាចរណ៍
៥-ការប្រើប្រាស់វិទ្យុទាក់ទង
៦-ការពុំបានចុះបញ្ជីឱ្យបានត្រឹមត្រូវ
៧-បញ្ហាប្រឈមមួយចំនួនទៀត
សូមជំរាបថា ការស្នើរបស់អភិបាលរងរាជធានីភ្នំពេញទៅកាន់សមាគមនិងអ្នករត់ម៉ូតូកង់បីនេះ ធ្វើឡើង នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧នេះ ក្នុងកិច្ចពិភាក្សាការងាររវាងរដ្ឋបាលរាជធានីភ្នំពេញ ជាមួយសមាគមម៉ូតូកង់បី ដើម្បីធានាឱ្យបាននូវកិច្ចសហការក្នុងរៀបចំសណ្ដាប់ធ្នាប់សាធារណៈក្នុងរាជធានីភ្នំពេញឱ្យមានភាពប្រសើរឡើង ដោយមានការចូលរួមពីមន្ដ្រីជំនាញ អាជ្ញាធរខណ្ឌ សមាគមម៉ូតូកង់បី ។
បញ្ជាក់ទៅកាន់អង្គប្រជុំ លោក មាន ចាន់យ៉ាដា បញ្ជាក់ថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ គឺលោកសង្ឃឹមថា អាជ្ញាធរមូលដ្ឋាន និងសមាគមម៉ូតូកង់បី នឹងគោរពស្មារតីអង្គប្រជុំ ដោយត្រូវចូលរួម សហការក្នុងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈឱ្យមានរបៀបរៀបរយដោយកើតចេញពីការគោរពច្បាប់ និងសេចក្ដីជូនដំណឹងរបស់អាជ្ញាធរ៕ (SN-ពុទ្ធិរៈ)

