SEA GAMES 2017: ប៉េតង់​កម្ពុជា​រំពឹង​ខ្ពស់​ក្នុងការ​ដណ្តើមបាន​មេដាយ តែ​ថៃ​នៅតែ​ ជាឧបសគ្គសម្រាប់យើង

ភ្នំពេញៈ លោក អ៊ឹម ផាត គ្រូបង្វឹក​កីឡាករ​ជម្រើសជាតិ​ប៉េតង់​ផ្នែក​បុរស​បាន​ចាត់ទុកថា ប្រទេស​ថៃ​ដែលជា​ជើង​ខ្លាំង​នៅ​តំបន់​អាស៊ាន​នឹង​ក្លាយជា​ឧបសគ្គ​ដ៏​ធំ​សម្រាប់​កម្ពុជា​ក្នុងការ​ប្រជែង​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ម៉ាឡេស៊ី​លើ​វិញ្ញាសា​ប៉េតង់​។ ការចាត់ទុក​បែបនេះ ដោ​ស​សារ ថៃ សម្បូរ​ធនធាន​កីឡាករ​មាន​សមត្ថភាព​ច្រើន និង​មាន​កម្រិត​ខ្ពស់ជាង​កម្ពុជា​។ ម្យ៉ាងទៀត ប្រទេស​នេះ ជា​ម្ចាស់​ជើងឯក​ផ្នែក​កីឡា​ប៉េតង់​ប្រចាំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៥ ដែល​សិង្ហ​បុរី​ធ្វើជា​ម្ចាស់ផ្ទះ​។ 

ក្នុងចំណោម​ប្រទេស​ទាំង​១១ គឺមាន​តែ ថៃ នោះទេ​ដែលមាន​សមត្ថភាព​ខ្ពស់ និង​ជា​ក្តីកង្វល់​សម្រាប់​យើង​ក្នុង​ស្វែងរក​មេដាយ​ពី​ការប្រកួត​នេះ​។ ក្រៅពីនេះ យើង​មិនមាន​ក្តីកង្វល់​ចាញ់​នោះឡើយ តែ​កីឡាករ​នៅ​ប្រទេស​ទាំងនេះ​ក៏មាន​សមត្ថភាព​រីកចម្រើន​ផងដែរ​។ ខ្ញុំ​គិតថា មិនមែន​តែ​កម្ពុជា​នោះទេ​ដែលមាន​ក្តីកង្វល់ ប្រទេស​ទាំងអស់​ព្រមទាំង​ថៃ​ផងដែរ ពេល​ប៉ះ​កម្ពុជា​ក៏មាន​ក្តីកង្វល់​ដូចគ្នា​»​។

 

​សម្រាប់​ការប្រកួត​លើក​នេះ ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​មិន​ដាក់​វិញ្ញាសា​វាយយក​ពិន្ទុ​ដែលជា​សក្តានុពល​របស់​កម្ពុជា​នោះទេ លើសពីនេះ​ម៉ាឡេស៊ី​ថែមទាំង​កំណត់​មនុស្ស​ម្នាក់​អាច​លេង​បាន​តែមួយ​វិញ្ញាសា​ទៀតផង​។

 

​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​​បញ្ជូន​អត្ត​ព​លិ​ក​ចំនួន​១៦​នាក់​(​ស្រី​៨​នាក់​) គ្រូ​៤​នាក់ និង​ថ្នាក់ដឹកនាំ​១​នាក់​​ចូលរួម​កីឡា​ស៊ី​ហ្គេម​នៅ​ម៉ាឡេស៊ី​ដែល​គ្រោង​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​៣១ ខែសីហា ខាងមុខ​។ ប្រតិភូ​កីឡា​ប៉េតង់​ដែល​ដឹកនាំ​ដោយ​លោក អ៊ិន គឹម​ស្រ៊ុន នឹង​ចាក​ចេញពី​កម្ពុជា​នៅ​ថ្ងៃទី​១៩ សីហា ខាងមុខនេះ​។ ការប្រកួត​នេះ​មាន​១១​ប្រទេស​ចូលរួម​។ 
អត្ត​ព​លិ​ក​ទាំង​១៦​នាក់​នោះ​រួមមាន សុខ ចាន់​មាន​, យឹម សុ​ភ័​ណ្ឌ​, ម៉ី សុភ័ក្ត្រ​, ថោង ឈឿន​, យ៉ា ច័ន្ទដារ៉ា​រិ​ទ្ធ​, ហេង ថា​, ញ៉ែម បូរ៉ា​, សៅ សុភា​រ៉ា​ន់​, កីឡាការិនី កែ ឡេង​, អ៊ុន ស្រី​យ៉ា​, ដួង ឌី​ណា​, ឃួន យ៉ា​រី​, ស្រ៊ាង សុរ៉ា​ឃីម​, ស៊ុន គ​ន្ធា​, វង ចន្ថា និង​កីឡាការិនី អ៊ុក ស្រីមុំ​។ ចំណែក​គ្រូបង្វឹក​ទាំង​៤​រួមមាន លោក អ៊ឹម ផាត គ្រូបង្វឹក​ជម្រើសជាតិ​ផ្នែក​បុរស និង​គ្រូ​ជំនួយ​លោក អ៊ុក យ៉ា​រី​, លោក សុខ ម៉ុង គ្រូបង្វឹក​ជម្រើសជាតិ​ផ្នែក​នារី និង​គ្រូ​ជំនួយ​អ្នកស្រី អ៊ុក លក្ខិណា​។ កីឡាករ​ទាំងនេះ​ប្រកួត​លើ​៨​ប្រភេទ​វិញ្ញាសា​ម្នាក់​ទល់​ម្នាក់​បុរស​នាទី​, ២​នាក់​ទល់​២​នាក់​បុរស​នារី​, ៣​នាក់​ទល់​៣​នាក់​បុរស​នារី និង Mixed ទាំង​បុរស​-​នារី​។ 
​គួររំលឹកថា ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​សិង្ហ​បុរី​កាលពី​ឆ្នាំ​២០១៥ ប៉េតង់​កម្ពុជា​ដណ្តើមបាន​មេដាយប្រាក់​៤ និង​សំរឹទ្ធ​៥ ដោយ​ឈរ​លេខ​រៀង​ទី​៤ ខណៈ ថៃ ឈរ​លេខ​រៀង​ទី​១​ក្រោយ​ឈ្នះ​មេដាយមាស​៨​។ ឯ​ម៉ាឡេស៊ី​ឈរ​លេខ​រៀង​ទី​២​ក្រោយ​ឈ្នះ​មេដាយមាស​១ ប្រាក់​៣ និង​សំរឹទ្ធ លើ​វៀតណាម​ដែល​ឈរ​លេខ​រៀង​ទី​៣​ក្រោយ​ឈ្នះ​មាស​១ ប្រាក់​២ និង​សំរឹទ្ធ​៤៕     

 

ប្រភពៈ NOCC.ORG.KH

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង