រណ្តៅដីមួយកន្លែងនៅស្រុកអង្គស្នួលកំពុងផ្គើនបញ្ជារបស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល

(កណ្តាល)៖ រណ្តៅដីមួយកន្លែងស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល នៅតែបន្តសកម្មភាពជីកកាយយកអាចម៍ដីលក់ ថ្វីដ្បិត លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាឲ្យសកម្មភាពជាបណ្ដោះអាសន្នតាមពាក្យបណ្ដឹងរបស់ប្រជាជននៅក្បែរនេះ។

រណ្ដៅដី ដែលរងពាក្យបណ្ដឹងនេះ គឺជាកម្មសិទ្ធិរបស់ឈ្មោះ រស់ ចិត្ត្រា ស្ថិតនៅភូមិត្រពាំងខ្នា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានចេញលិខិតមួយ បញ្ជាឲ្យម្ចាស់ដីនេះផ្អាកសកម្មភាពអាជីវកម្មកាយយកអាចម៍ដីជាបណ្ដោះសិន ដោយយោងតាមពាក្យបណ្តឹងចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ របស់ការិយាលយ័មេធាវីខ្មែរ និងសហការី ដែលប្តឹងចោទប្រកាន់ថា រណ្ដៅដីនេះកំពុងបង្កផលប៉ះពាល់ដល់ដីអ្នកជិតខាង។  

ការិយាលយ័មេធាវីខ្មែរ និងសហការី តំណាងឲ្យលោក ទ្រី យូអេង បានអះអាងថា ម្ចាស់អាជីវកម្មជីកយកអាចម៍ដីរបស់លោកស្រី កែម សុធារី ដែលត្រូវជាភរិយា របស់លោក រស់ ចិន្រ្តា កាន់អាជ្ញាបណ្ណ័សិប្បកម្មធនធានរ៉ែ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ របស់មន្ទីររ៉ែ និងថាមពល ខេត្តកណ្តាល បានបង្កឲ្យមានផលប៉ះពាល់ដល់ដីកម្មសិទ្ធិរបស់កូនក្តីខ្លួន ដែលមានព្រំប្រទល់ជាប់គ្នា ស្ថិតនៅភូមិត្រពាំងខ្នារ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

ចំពោះករណីនេះ លោក ទ្រី យូអេង ធ្លាប់សំណូមពរដល់មន្ត្រីជំនាញឲ្យជួយចាត់វិធានការផ្អាកអាជីវកម្មរបស់លោកស្រី កែម សុធារី ជាបណ្តោះអាសន្នសិន ដើម្បីស្វែងដំណោះស្រាយឲ្យបានចប់សព្វគ្រប់។ ប៉ុន្តែម្ចាស់រណ្តៅដីនៅតែបន្តសកម្មភាព ដោយលើកហេតុផលថា ប៉ះពាល់ដីស្រែរបស់ភាគីដើមបណ្ដឹងមិនមានព្រំជាប់ជាមួយគ្នាឡើង ហើយក៏មិនមានផលប៉ះពាល់ដែរ។ 

ចំណែកឯលោក រស់ ចិន្រ្តា បានបកស្រាយថា បណ្តឹងរបស់លោក ទ្រី យូអេង មិនមានការពិតនោះទេ ដោយលោកចាត់ទុកថា ជាការបំផ្លើស ព្រោះប្តឹងអំពីរណ្ដៅដីរបស់លោកមួយទៀត ដែលមានទីតាំងផ្សេង និងផ្អាកសកម្មភាពរួចទៅហើយ។

នៅថ្ងៃទី៨ ខែសីហា ខាងមុខនេះ តុលាការខេត្តកណ្តាលនឹងលើកយកបណ្ដឹងសុំរក្សាការពាររបស់លោក ទ្រី យូអេង ប្តឹងលោក រស់ ចិត្រា មកដោះស្រាយ។

ចំណែកលោក ស៊ុម សុធន់ ប្រធានការិយាល័យ័រ៉ែ និងថាមពល ខេត្តកណ្តាល បានបកស្រាយផ្ទុយពីនេះទៅវិញថា រណ្តៅដីរបស់លោក រស់ ចិត្រា ត្រូវក្រសួងចេញលិខិតឲ្យផ្អាកអាជីវកម្ម ដោយសារកន្លងមកអាជីវកម្មរណ្ដៅដីនេះ មិនបានបង់សួយសារអាករជូនរដ្ឋឲ្យបានត្រឹមត្រូវ។

លោក ស៊ុម សុធន់ បានបន្តថា ចំពោះពាក្យបណ្ដឹងរបស់លោក ទ្រី យូអេង ប្តឹងអំពីបញ្ហាព្រំដី

ជាប់ជាមួយលោក រស់ ចិត្ត្រា មន្ទីររបស់លោកកំពុងតែរៀបចំឯកសារបន្ថែម ដើម្បីដាក់ជូនលោក ស៊ុយ សែម ដើម្បីពិនិត្យ និងចាត់វិធានការបន្តទៀត៕ (SN- កណ្ដាល)

photo_2017-08-02_09-20-18 photo_2017-08-02_09-20-25 photo_2017-08-02_09-20-37 photo_2017-08-02_09-20-45 photo_2017-08-02_09-20-50 photo_2017-08-02_09-20-55 photo_2017-08-02_09-21-00 photo_2017-08-02_09-21-06

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង