សំណង់ខុនដូរបស់ថៅកែ​​​ X2 សង់ខុសច្បាប់ រំលោភយកចិញ្ចើមផ្លូវសាធារណៈ

(ភ្នំពេញ) ៖ សំណង់អគារខុនដូ ដ៏ស្កឹមស្កៃមួយកន្លែងជា ដែលគេរាយការណ៍ថា ជារបស់ថៅកែក្លឹបកម្សាន្ត X2 បានសាងសង់រំលោភយកចិញ្ចើមផ្លូវទាំងបំពានច្បាប់ និងធ្វើឱ្យមហាជនរិះគន់យ៉ាងខ្លាំង។

សំណង់អគារខុនដូ ដែលកំពុងតែសាងសង់ល្មើសច្បាប់នេះ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២២២ កែងនឹងផ្លូវលេខ៥៥ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សំណង់អគារដ៏ធំនេះ ត្រូវបានសាងសង់ស្ទើររួចរាល់ហើយ ដោយមានរៀបចំណតរថយន្តនៅជាន់ក្រោមដី។

តាមការសង្កេតជាក់ស្តែង សំណង់ដ៏ធំ និងមានកម្ពស់១៣ជាន់នេះ ត្រូវបានសាងសង់ឡើងមិនត្រូវតាមច្បាប់ឡើយ ដោយហេតុថា ម្ចាស់សំណង់មិនបានរក្សាទុកទីធ្លាទំនេរនៅជុំវិញឡើយ ជាពិសេស សូម្បីតែដីចំណីផ្លូវ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ក៏ម្ចាស់សំណង់រូបនេះទន្ទ្រានយកដែរ ដើម្បីធ្វើជាច្រកចេញចូលរបស់អគារទៅវិញ។

ផ្ទុយទៅវិញ ច្រកចេញចូលទាំងពីរត្រូវបានសង់ភ្ជាប់ទៅនឹងទ្រូងផ្លូវលេខ២២២ និងផ្លូវលេខ៥៥តែម្តង ដោយរំលោភយកចំណីផ្លូវសម្រាប់ថ្មើរជើង។ ច្រកទាំងពីរនេះ ងាយបង្កគ្រោះថ្នាក់ដល់អ្នកថ្មើរជើងណាស់។

អ្នកដើរតាមចិញ្ចើមផ្លូវទាំងពីរនេះ អាចធ្លាក់ចូលទៅក្នុងច្រកដ៏ជ្រៅ និងចោតខ្លាំងនេះ។ រីឯអ្នកបើកបរម៉ូតូ និងជិះកង់វិញ ងាយនឹងធ្លាក់ចូលក្នុងច្រកនេះដែរ ព្រោះតភ្ជាប់យ៉ាងជ្រៅមកដល់ទ្រូងផ្លូវសាធារណៈ។

ទាំងអ្នកថ្មើរជើង និងអ្នកបើកបរម៉ូតូ ឬជិះកង់ បើធ្លាក់ចូលក្នុងច្រករបស់អគារខុនដូនេះហើយ នឹងមានគ្រោះថ្នាក់ជាក់ជាមិនខាន ព្រោះវាចោតខ្លាំងណាស់ និងជ្រៅថែមទៀតផង។

បើទោះបីដឹងថា សំណង់ខុនដូន សាងសង់ឡើងមិនត្រូវតាមច្បាប់ និងងាយបង្កគ្រោះថ្នាក់ដល់អ្នកដំណើរក៏ដោយ ក៏ការដ្ឋាននេះនៅតែបន្តសាងសង់រហូតដល់កំពស់១៣ជាន់។

យោងតាមមាត្រា១៧ នៃច្បាប់ស្តីពីការរៀបចំទឹកដី នគរូបនីយ៍កម្ម និងសំណង់ ដែលរដ្ឋសភាអនុម័តកាលពីឆ្នាំ១៩៩៥ បានចែងថា «មិនអនុញ្ញាតឲ្យសាងសង់ បើគម្រោងសាងសង់នោះមានការប៉ះពាល់ដល់សន្តិសុខសាធារណៈ ប៉ះពាល់ដល់បរិស្ថាន ប៉ះពាល់ដល់អនាម័យសាធារណៈ»។

លោក អោម វុត្ថា ប្រធានការិយាល័យរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងភូមិបាល ខណ្ឌដូនពេញ បានបញ្ជាក់ប្រាប់ Swift News នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ សំណង់អគារកម្ពស់១៣ជាន់នេះ ពិតជាបានសង់រំលោភយកចិញ្ចើមផ្លូវសាធារណៈមែន ប៉ុន្តែលោកបដិសេធមិនបកស្រាយលម្អិត។

ចំណែកលោក ស៊ឹម សុផល អនុប្រធានការិយាល័យភូមិបាលខណ្ឌដូនពេញ ពេលសួរពាក់ព័ន្ធបញ្ហាសំណង់នេះ លោកឆ្លើយទាំងទើសទាល់ថា សំណង់មួយនេះ លោកបានដឹងរឿងច្បាស់លាស់ ហើយដឹងថា ពិតជាខុសច្បាប់ទៀតផង ប៉ុន្តែលោកបដិសេធមិនបកស្រាយបញ្ជាក់បន្ថែមឡើយ។

យោងតាមប្រភពពីមន្ត្រីមួយចំនួន នៅក្នុងសាលាខណ្ឌដូនពេញ បានបង្ហើយឲ្យថា សំណង់ខុនដូនេះ គឺចាប់សាងសង់ជាយូរមកហើយដោយបានរំលោភយកដីចិញ្ចើមផ្លូវសាធារណៈ។

ប្រភពបន្តច្បាស់ការណ៍បានប្រាប់ថា ម្ចាស់សំណង់នេះ ត្រូវបានអាជ្ញាធរចុះមកពិនិត្យមើលរួចម្តងហើយ ប៉ុន្តែក៏ស្ងាត់ឈឹងរហូតដល់បច្ចុប្បន្ន ចំណែកសំណង់ដំណើរការសាងសង់ធម្មតា។

លោក សេង ឡូត ពេលទាក់ទងបានកាលពីចុងសប្តាហ៍មុន បានបង្វែរសំណួរទៅខាងមន្ត្រីមន្ទីរសុរិយាដីក្រុងភ្នំពេញ ដែលមិនអាចទាក់ទងបាន។

លោកស្រី ទៀង ស៊ីឡេង ចៅសង្កាត់បឹងរាំង បានប្រាប់នៅរសៀល ថ្ងៃទី៣១ ខែកក្កដា នេះថា ពាក់ព័ន្ធនឹងសំណង់ស្ថិតនៅត្រង់ចំណុចកែងផ្លូវលេខ២២២ និងលេខ៥៥ ពិតជាធ្លាប់មានបញ្ហាមែន ប៉ុន្តែអាជ្ញាបានដោះស្រាយរួចរាល់ចប់សព្វគ្រប់។

លោកស្រីចៅសង្កាត់បន្តថា សំណង់ខាងលើមន្ត្រីជំនាញភូមិបាលខណ្ឌដូនពេញធ្លាប់បានផ្អាកម្តងហើយ លុះក្រោយមកស្រាប់តែដំណើរសាងសង់វិញជាធម្មតា។

សារព័ត៌មាន Swift News រងចាំមើលចំណាត់ការរបស់មន្ត្រីមានសមត្ថកិច្ច ពាក់ព័ន្ឋគ្រប់ផ្នែក ទៅលើសំណង់ខាងលើ ដែលបានសាងសង់តួនៃសំណង់ទាំងមូលបាន១០០% នៅសល់តែផ្នែកតុបតែងប៉ុណ្ណោះ៕ (SN-រដ្ឋា)
Screen Shot 2017-08-01 at 11.03.32 AM

Screen Shot 2017-08-01 at 10.52.32 AM

photo_2017-07-31_17-52-02photo_2017-07-31_17-51-54photo_2017-07-31_17-51-49photo_2017-07-31_17-51-37photo_2017-07-31_17-51-31photo_2017-07-31_17-51-26photo_2017-07-31_17-51-20photo_2017-07-31_17-51-12photo_2017-07-31_17-51-05photo_2017-07-28_10-54-18photo_2017-07-28_10-54-12photo_2017-07-28_10-53-56photo_2017-07-28_10-53-48photo_2017-07-28_10-53-42photo_2017-07-28_10-53-36

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង