អ្នកជិះម៉ូតូស្លាប់ដោយសារខ្សាច់ អ្នកដឹកខ្សាច់មានទោសដោយសារខ្សាច់ អ្នករស់នៅក្បែរដេប៉ូខ្សាច់កើតជំងឺដោយសារខ្សាច់

(ភ្នំពេញ)៖ ម្ចាស់ហាងកាហ្វេឈ្មោះ វរៈធន់ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សី រាជធានីភ្នំពេញ បានចាត់ទុកថា ការហុយធូលីខ្សាច់នៅតាមកំណាត់ផ្លូវជាតិនេះ ចូលទៅក្នុងហាងរបស់លោក គឺជារឿងធម្មតា ព្រោះលោកបានស៊ាំទៅនឹងបរិយាកាសបែបនេះរួចទៅហើយ ចាប់តាំងពីបើកទ្វារលក់កាលពីឆ្នាំ២០១៦។

នាព្រឹកថ្ងៃទី២៥ ខែកក្កដា កៅអី និងតុកាហ្វេរបស់លោក គឺគ្រប់ដណ្ដប់ដោយធូលីខ្សាច់ ដែលប៉ើងពីផ្លូវមក ហើយនៅពេលភ្ញៀវចូលមកដល់ម្តងៗ លោកត្រូវប្រញាប់យកក្រណាត់មកជូតសម្អាត ទើបឲ្យភ្ញៀវអង្គុយ ហើយត្អូញត្អែរប្រាប់ភ្ញៀវថា «ហុយណាស់ ជូតមិនឈ្នះទេ។ ឡានដឹកខ្សាច់ហៀរជ្រុះពេញផ្លូវ ហើយបើកលឿនៗណាស់ ធ្វើឲ្យហុយបើកភ្នែកមិនរួច»។

ក្នុងមួយថ្ងៃៗ រថយន្តធុនធំផ្ទុកខ្សាច់ពេញប្រៀបរាប់សិបគ្រឿង ធ្វើចរាចរណ៍ទៅមកយ៉ាងប្រញាប់ប្រញាល់លើកំណាត់ផ្លូវជាតិលេខ៥នេះ ដើម្បីដឹកជញ្ជូនខ្សាច់សំណង់ និងខ្សាច់សម្រាប់ចាក់បំពេញ ដោយធ្វើដំណើរញឹកញាប់ជាងគេលើដងផ្លូវលេខ៥៩៨ ដែលប្រជាពលរដ្ឋនិយមហៅថា ផ្លូវ ជា សុផារ៉ា ស្ថិតក្នុងខណ្ឌឫស្សីកែវ ដើម្បីឆ្លងចូលទៅកាន់ការដ្ឋានសាងសង់នានាក្នុងរាជធានីភ្នំពេញ។

កំណាត់ផ្លូវលេខ៥៩៨ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងសង្កាត់ច្រាំងចំរេះ២ រហូតដល់រង្វង់មូលកាំកូ ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ ដែលមានចម្ងាយជាងប្រាំមួយគីឡូម៉ែត្រ គឺពោរពេញដោយខ្សាច់ ដែលហៀរជ្រុះពីរថយន្ត ហើយគរក្រាស់ជាងនៅលើកំណាត់ផ្លូវជាតិលេខ៥ទៅទៀត។

រថយន្តដឹកជញ្ជូនខ្សាច់ចូលក្នុងទីក្រុងភ្នំពេញ គឺត្រូវរត់តាមបណ្តោយផ្លូវលេខ៥៩៨នេះ មមាញឹកជាងបណ្ដាផ្លូវផ្សេងៗទៀត ដោយមិនគិតថា ពេលថ្ងៃ ឬយប់ឡើយ ព្រោះការដ្ឋានខ្សាច់ធំៗ ជាង១០កន្លែង ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

លោក សែម សុធា នាយរងផ្នែកការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់ Swift News កាលពីថ្ងៃទី២៥ ខែកក្កដាថា ធូលីខ្សាច់ ដែលហុយដោយសាររថយន្តដឹកដី មិនត្រឹមតែបង្កផលប៉ះពាល់ដល់សុខភាពមនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាងាយបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ណាស់ ជាពិសេស ក្នុងចំណោមអ្នកបើកបរម៉ូតូ ឬកង់តែម្តង ដោយសាររអិលផ្លាតនឹងខ្សាច់ ដែលគរយ៉ាងក្រាសឃ្មឹកលើទ្រូងផ្លូវទាំងនេះ។

លោកវរសេនីយ៍ឯក បានលើកយកករណីជាក់ស្តែងមួយ គឺនៅរសៀលថ្ងៃអាទិត្យ ទី២៤ ខែកក្កដា បុរសជាងឈើម្នាក់ឈ្មោះ ភា សំបូរ អាយុ៣១ឆ្នាំ បានបើកបរម៉ូតូរបស់ខ្លួន តាមបណ្ដោយផ្លូវលេខ៥៩៨នេះ ហើយកង់ម៉ូតូបានរអិលផ្លាតនឹងគំនរខ្សាច់នេះ ទៅបុកបង្គោលភ្លើងដាក់បំភ្លឺទ្រូងផ្លូវ។ ទោះបីពាក់មួកសុវត្ថិភាពយ៉ាងត្រឹមត្រូវក៏ដោយ បុរសរូបនេះ បានបាក់កស្លាប់ភ្លាមមួយរំពេច នៅនឹងកន្លែងកើតហេតុ ក្នុងសង្កាត់ច្រាំងចំរេះ២ គឺនៅក្នុងចម្ងាយមិនដល់មួយគីឡូម៉ែត្រផង ពីការដ្ឋានខ្សាច់ របស់ឧកញ៉ា ញ៉ឹក ផន ហៅ កៅ។

លោក សែម គន្ធា បានមានប្រសាសន៍ថា «គ្រោះថ្នាក់ចរាចរណ៍នេះ គឺអាចបណ្ដាលមកពីខ្សាច់ជ្រុះពីឡានគរលើផ្លូវ។ ព្រោះខ្សាច់អាចធ្វើឲ្យម៉ូតូរអិលផ្លាតណាស់»។

ការសន្និដ្ឋានបែបនេះរបស់មន្ត្រីនគរបាលចរាចរណ៍ គឺធ្វើឡើងក្រោយពេលចុះទៅដល់កន្លែងកើតហេតុ ហើយបានរកឃើញថា ស្នាមកង់ម៉ូតូរបស់ ភា សំបូរ បានសល់ដានរអិលផ្លាតលើខ្សាច់ ដែលគរអមរបាំងបែងចែកទ្រូងផ្លូវលេខ៥៩៨នេះ។

នារសៀលថ្ងៃអាទិត្យ សពបុរសដួលម៉ូតូស្លាប់ ត្រូវបានមន្ត្រីនគរបាលចរាចរណ៍ សែងមកដាក់លើចញ្ចើមផ្លូវ ដើម្បីធ្វើកោលសល្យវិឆ័យ។ខណៈមន្ត្រីនគរបាលមួយក្រុមកំពុងតែត្រួតពិនិត្យសព និងកន្លែងនេះ ស្រាប់តែរថយន្តធុនធំមួយគ្រឿង ដឹកដីពេញប្រៀប ក្នុងបរិមាណប្រហែល២០ម៉ែត្រគីប បានបោះពួយពីទិសខាងជើងមកទិសត្បូង ក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវលេខ៥៩នេះ។ ស្របពេលមកដល់ចំណុចមន្ត្រីនគរបាលកំពងុធ្វើការករណីមនុស្សស្លាប់ដោយផ្លាតម៉ូតូបុកបង្គោលភ្លើង ស្រាប់តែរថយន្តដឹកខ្សាច់មួយគ្រឿងនេះ ក្រឡាប់ជះខ្សាច់ពេញផ្លូវ ធ្វើឲ្យមន្ត្រីនគរបាលទាំងនេះភ័យស្លន់ស្លោ។

យ៉ាងហោចណាស់ រថយន្តមួយគ្រឿង និងម៉ូតូបួនគ្រឿង បានខូចយ៉ាងធ្ងន់ធ្ងរ ដោយសាររថយន្តដឹកដីនេះក្រឡាប់កិន។

លោក សែម គន្ធា បានមានប្រសាសន៍បកស្រាយថា រថយន្តដឹកដីនេះក្រឡាប់ដោយសារបើកបរក្នុងល្បឿនលឿន និងផ្ទុកខ្សាច់ច្រើនពេក ហើយនៅពេលអ្នកបើកបរខំជាន់ហ្វ្រាំង ដើម្បីឈប់បន្ទាន់ ក៏បង្កជាគ្រោះថ្នាក់តែម្តង។

អ្នកបើកបរឈ្មោះ ឃិន ចំណូល អាយុ៣១ឆ្នាំ ដូចបុរសស្លាប់ដោយបុកក្បាលនឹងបង្គោលដែរនេះ បានព្យាយាមរត់គេចពីការទទួលខុសត្រូវ ប៉ុន្តែត្រូវមន្ត្រីនគរបាលចរាចរណ៍ទាំងនេះ រួមជាមួយប្រជាពលរដ្ឋ ព្រួតដេញចាប់ខ្លួនបានវិញ។

បុរសអ្នកបើកបររថយន្តដឹកខ្សាច់នេះ ត្រូវបាននគរបាលរកឃើញថា បើកបរក្នុងស្ថានភាពស្រវឹងស្រា ហើយនៅរសៀលថ្ងៃទី២៥ ខែកក្កដា ត្រូវបានបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទ បើកបរក្រោមឥទ្ធិពលជាតិស្រវឹង តាមមាត្រា៧៦ នៃច្បាប់ចរាចរណ៍ផ្លូវគោក ដែលអាចមានទោសជាប់ពន្ធនាគាររហូតដល់មួយខែ និងពិន័យជាប្រាក់៨០០.០០០រៀល។

ដោយសារសង្កេតឃើញរថយន្តធុនធំដឹកខ្សាច់ និងដឹកដីចេញចូលរាជធានីភ្នំពេញ តែងតែបង្កការកកស្ទះចរាចរណ៍ និងធ្វើឲ្យហៀរធូលីដីតាមដងផ្លូវខ្លាំងពេក ជាពិសេសបង្កគ្រោះថ្នាក់ចរាចរណ៍យ៉ាងញឹកញាប់ ទើបនៅព្រឹកថ្ងៃទី៥ ខែកក្កដា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាថ្មី រឹតបន្តឹងការធ្វើចរាចរណ៍ដ៏ព្រហើនរបស់ឡានដឹកដីនៅក្នុងទីក្រុង ដោយលោកលើកហេតុផលថា បង្កការកកស្ទះចរាចរណ៍ និងបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកធ្វើដំណើរដទៃទៀត។

ខណៈបម្រាមថ្មីនេះ ត្រូវបានទទួលស្វាគមន៍ពីមហាជន នៅថ្ងៃទី៧ ខែកក្កដា រថយន្តដឹកដី ដឹកថ្ម និងដឹកខ្សាច់ នៅតែបន្តធ្វើចរាចរណ៍តាមបណ្តាដងផ្លូវក្នុងរាជធានីភ្នំពេញ។

នាវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី៧ ខែកក្កដា នៅត្រង់ចំណុចបុរីជ័យជំនះ លើបណ្ដោយផ្លូវលេខ១០១៩ ឬហៅថា ផ្លូវ៣០មែត្រ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រថយន្តធុនធំផ្ទុកថ្មពេញមួយគ្រឿងរបស់ក្រុមហ៊ុន ណឹម ម៉េង គ្រុប បានបុកជាមួយម៉ូតូមួយគ្រឿងជិះគ្នាពីរនាក់ ហើយបានកិនបរុសទាំងពីរនាក់នេះស្លាប់ភ្លាមៗ។

រថយន្តបង្ករបស់ឧត្តមសេនីយ៍ ឧកញ៉ា ណឹម ម៉េង ត្រូវបានយកទៅរក្សាទុកនៅការិយាល័យនគរបាចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដែលរហូតមកដល់ថ្ងៃនេះ មិនទាន់បានដោះស្រាយនៅឡើយទេ។

ករណីស្លាប់ និងមានទោសរបស់បរុសពីរនាក់ ដែលសុទ្ធតែមានអាយុ៣១ឆ្នាំដូចគ្នានេះ គឺសុទ្ធតែបណ្ដាលមកពីខ្សាច់ ប៉ុន្តែ ឈ្មោះ ភា សំបូរ ស្លាប់ដោយសារកង់ម៉ូតូរអិលផ្លាតនឹងគំនរខ្សាច់ ដែលហៀរជ្រុះពីបណ្ដាឡានដឹកខ្សាច់ ចំណែកអ្នកបើកបរឡានដឹកខ្សាច់ ឈ្មោះ យិន ចំណូល មានទោសដោយសារគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡាន ដឹកខ្សាច់។

លោក ទីន វណ្ណស៊ី ប្រធានផ្នែកវាស់វែងគ្រោះថ្នាក់ចរាចរណ៍ នៃនគរបាលចរារណ៍ផ្លូវគោក រាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់ Swift News ថា ព្រះរាជអាជ្ញារង ខាំ សុផារី បានចោទប្រកាន់ឈ្មោះ យិន ចំណូល ពីបទបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ស្របតាមមាត្រា៧៦ នៃច្បាប់ចរាចរណ៍ផ្លូវគោក ប៉ុន្តែត្រូវបានដោះលែងឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន នារសៀលថ្ងៃទី២៧ ខែកក្កដា។

ករណីស្លាប់ និងក្រឡាប់ឡានដឹកដីនេះ កើតឡើងពីរថ្ងៃ បន្ទាប់ពីលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ ដែលកាលពីថ្ងៃទី២១ ខែកក្កដា តាមរយៈពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋក្នុងសង្កាត់ស្វាយប៉ាក បានចុះទៅពិនិត្យការដ្ឋានបូមខ្សាច់ និងលក់ខ្សាច់មួយកន្លែង ក្នុងចំណោមការដ្ឋានខ្សាច់ជាច្រើននៅតាមកំណាត់ផ្លូវជាតិលេខ៥។

លោក ប្រាជ្ញ សីហា បានមានប្រសាសន៍ប្រាប់ Swift News កាលពីថ្ងៃទី២៦ ខែកក្កដាថា លោកបានជួបអ្នកស្រី ខៃ ណារិន ម្ចាស់ការដ្ឋានខ្សាច់មួយកន្លែង ដែលប្រជាជនចោទថា បង្កឲ្យខ្សាច់ហៀរជ្រុះគរលើផ្លូវច្រើនជាងគេ និងធ្វើឲ្យប៉ះពាល់សុខភាពពួកគាត់។

លោកអភិបាលរងខណ្ឌបានមានប្រាសាសន៍ថា «យើងមានដាក់វិធានឲ្យការម្ខាស់ការដ្ឋាន គិតគូរលាងខ្សាច់ធ្លាក់គរលើផ្លូវ។ ប្រសិនបើមិនធ្វើតាមទេ ខណ្ឌនឹងមានវិធានការថ្មីទៀត»។

លោក ប្រាជ្ញ សីហា បានបន្តទៀតថា ចំណែកការដ្ឋានខ្សាច់ជាច្រើនទៀត ដូចជាការដ្ឋានខ្សាច់របស់លោកឧកញ៉ា ញឹក ផន ហៅកៅ ក៏ត្រូវធ្វើតាមការណែនាំរបស់សាលាខណ្ឌឫស្សីកែវដែរ ដើម្បីលាងសម្អាតធូលីខ្សាច់ ដែលហៀរជ្រុះគរលើដងផ្លូវជាតិលេខ៥ និងដងផ្លូវឯទៀត ដែលរងផលប៉ះពាល់។

លោកព្រមានថា ប្រសិនបើម្ចាស់ការដ្ឋានណាមួយ មិនព្រមអនុវត្តតាម សាលាខណ្ឌនឹងធ្វើរបាយការណ៍ទៅសាលារាជធានីភ្នំពេញ ដើម្បីបិទអាជីវកម្មបូមខ្សាច់ និងលក់ខ្សាច់ទាំងនេះតែម្តង។

លោកបានអះអាងថា «ចំពោះការដ្ឋានរបស់ឧកញ៉ា កៅ នៅមិនទាន់ចុះពិនិត្យទៀតទេ។ ប៉ុន្តែប្រសិនមិនធ្វើតាមការណែនាំនេះទេ ឲ្យសាលារាជធានីបិទតែម្តង»។

ករណីហៀរជ្រុះខ្សាច់លើដងផ្លូវពីសំណាករថយន្តដឹកខ្សាច់នេះ អាជ្ញាធរមូលដ្ឋានធ្លាប់បានធ្វើការណែនាំជាហូរហែរួចមកហើយ មានដូចជាការបង្គាប់ឲ្យគ្រប់តង់ពីលើខ្សាច់ ដើម្បីការពារកុំឲ្យជ្រុះ ឬហុយ រួមទាំងការព្រមានបិទអាជីវកម្មផងដែរ។

ប៉ុន្តែសម្រាប់ថ្ងៃទី២៥ គឺពីរថ្ងៃក្រោយពីការចុះណែនាំរបស់លោក ប្រាជ្ញ សីហា អ្នកយកព័ត៌មាន Swift News បានសង្កេតឃើញថា រថយន្តធុនធំខ្លះបានកំពុងដឹកខ្សាច់ចេញពីការដ្ឋាន ស្ថិតនៅទាល់មុខវិហារអ៊ីស្លាម ក្នុងសង្កាត់ច្រាំងចំរេះ២ និងរថយន្តដឹកខ្សាច់ចេញពីការដ្ឋានខ្សាច់យ៉ាងហោចណាសប្រាំមួយទៀត នៅក្នុងសង្កាត់ស្វាយប៉ាក គឺភាគច្រើនមិនមានគ្របអ្វឡើយ រីឯខ្សាច់នៅតែបន្តហៀរជ្រុះមកគរលើផ្លូវដដែល។

នៅព្រឹកថ្ងៃនេះ ថ្វីដ្បិតតែប្រជាពលរដ្ឋខ្លះ រស់នៅសងខាងកំណាត់ផ្លូវជាតិលេខ៥ និយាយថា មិនសូវហុយដោយសារមានភ្លៀងធ្លាក់កាលពីរាត្រីកន្លងមកក៏ដោយ នៅពេលរថយន្តទាំងនេះបើកលឿន ខ្សាច់ក៏នៅតែប៉ើងហុយចូលភ្នែក មាត់ ច្រមុះអ្នកធ្វើដំណើរតាមដងផ្លូវដដែល ចំណែក ចានបាយសម្ល និងពែងកាហ្វេ ដែលហាងវរៈធន លក់ឲ្យភ្ញៀវ ក៏ត្រូវគ្រាប់ខ្សាច់ធ្លាក់ចូលដែរ។

ចំណែក សំណូមពររបស់ប្រជាពលរដ្ឋរស់នៅអមដងផ្លូវនេះ ដែលទាមទារឲ្យម្ចាស់ការដ្ឋានលាងសម្អាតខ្សាច់ហៀរជ្រុះលើផ្លូវ ត្រូវបានលោកចាត់ទុកថា ជារឿងអត់ប្រយោជន៍ ព្រោះរាល់សំណូមពរនាពេលកន្លងមក មិនត្រូវបានម្ចាស់ការដ្ឋានទទួលយកទេ ចំណែករថយន្តដឹកខ្សាច់វិញ នៅបន្តហៀរជ្រុះគរលើទ្រូងផ្លូវដដែល។

នៅពេលសួរថា តើអាជ្ញាធរគួរបង្ខំម្ចាស់ការដ្ឋានលក់ខ្សាច់ ឬបង្ខំអ្នកបើកបររថយន្តដឹកខ្សាច់ដោយវិធីណា ដើម្បីកាត់បន្ថយការហុយធូលីខ្សាច់បែបនេះ ម្ចាស់ហាងកាហ្វេវរៈធន់ បានឆ្លើយដោយអស់ជំនឿថា «នរណាក៏ដឹងដែរ តែមិនដឹងធ្វើម៉េច ព្រោះវាហុយអ៊ីចឹងទៅហើយ»៕ (ផាន់ អាណា)

photo_2017-07-23_16-30-54 photo_2017-07-23_17-11-33 photo_2017-07-29_17-57-30 photo_2017-07-29_17-57-41 photo_2017-07-29_17-57-46 photo_2017-07-29_17-57-52 photo_2017-07-29_17-57-58 photo_2017-07-29_17-58-06 photo_2017-07-29_17-58-16 photo_2017-07-29_17-58-23 photo_2017-07-29_17-58-33 photo_2017-07-29_17-59-19 photo_2017-07-29_17-59-25 photo_2017-07-29_17-59-38 photo_2017-07-29_18-00-00 photo_2017-07-29_18-00-29

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង