របាយការណ៍អំពីមន្ត្រីខេត្តមណ្ឌលគិរីខូច គឺប្រូងដូចសម្លកំពឹសមួយឆ្នាំង ចំណែកចំណាត់ការដូចចាប់ពុកមាត់កំពឹសរើសចេញពីឆ្នាំង ម្តងមួយៗ

(មណ្ឌលគិរី)៖ តាមប្រភពច្បាស់ការណ៍ពីខេត្តមណ្ឌលគិរី បានឲ្យដឹងថា នៅថ្ងៃនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានហៅមន្ត្រីជាន់ខ្ពស់ម្នាក់ នៅក្នុងសាលាដំបូងខេត្តមណ្ឌលគិរី ឲ្យចូលមកបំភ្លឺពាក់ព័ន្ធនឹងករណីនាំជនជាតិវៀតណាមមួយក្រុមចូលមកកាប់ឈើខ្មែរដោយខុសច្បាប់នៅក្នុងខេត្តនេះ។

មន្ត្រីជាន់ខ្ពស់មួយចំនួននៅក្នុងខេត្តមណ្ឌលគិរី បានប្រាប់ភ្នាក់ងារ Swift News កាលពីព្រលប់ថ្ងៃព្រហស្បតិ៍ថា មន្ត្រីតុលាការជាន់ខ្ពស់រូបនេះ គឺជាមន្ត្រីធ្វើការផ្នែកអយ្យការអមតុលាការនេះ ដែលជាមន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីជាន់ខ្ពស់១៣រូប ត្រូវមានឈ្មោះក្នុងរបាយការណ៍ពិសេសរបស់ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។

តាមរបាយការណ៍របស់លោកនាយឧត្តមសេនីយ៍ សៅ សុខ ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចុះថ្ងៃទី១៦ ខែឧសភាឆ្នាំ២០១៧នេះ ហើយត្រូវបានផ្ញើជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យដឹងថា មន្ត្រីតុលាការរូបនេះ គឺលោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី។

ពេលទាក់ទងបានតាមទូរស័ព្ទ កាលពីល្ងាចម្សិលមិញ លោក ឡុង ហុកម៉េង បានមានប្រសាសន៍ថា លោកមិនទាន់ទទួលបានដំណឹងពីការកោះហៅទេ ហើយបានបង្វែរសំណួរទៅអ្នកនាំពាក្យរបស់សាលាដំបូងខេត្តវិញ ដែលមិនមានសមត្ថកិច្ចបកស្រាយរឿងផ្ទាល់ខ្លួនរបស់ចៅហ្វាយនាយ។

ពាក់ព័ន្ធនឹងព័ត៌មានអង្គភាពប្រឆាំងអំពើពុករលួយ ហៅព្រះរាជអាជ្ញាមកសាកសួរនេះ លោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរី បានបដិសេធថា លោកមិនដឹង និងមិនបានឃើញលិខិតផ្លូវការណាមួយ អំពីការកោះហៅនេះទេ ព្រោះវាមិនមែនជាចំណាត់របស់កិច្ចការតុលាការខេត្តមណ្ឌលគិរី។ ម្យ៉ាងវិញទៀត វាជារឿងផ្ទាល់ខ្លួនរបស់ថ្នាក់ដឹកនាំរបស់លោក ហើយបានណែនាំអ្នកសារព័ត៌មានឲ្យទាក់ទងអង្គភាពប្រឆាំងអំពីពុករលួយវិញ។

លោក ម៉ម វ៉ាន់ដា បានមានប្រសាសន៍ថា «ខ្ញុំអត់ទាន់ឃើញលិខិតផ្លូវការ ដែលគេបញ្ជូនឲ្យយើងទេ។ បញ្ហាហៅទៅសួរអីនេះ ខ្ញុំអត់ដឹងទេ។ វាជាការងារបស់ស្ថាប័នគេផ្សេង»។

លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមិនអាចទាក់ទងបានទេ ដើម្បីសុំបញ្ជាក់ពីការហៅសាកសួរនេះ។

ចំណែកលោក យ៉ា ណារិន ប្រធានសាលាដំបូងខេត្តមណ្ឌលគិរី ពេលទាក់ទងបានកាលពីរសៀលម្សិលមិញ បានឆ្លើយថា លោកមិនបានដឹងអំពីករណីអង្គភាពប្រឆាំងអំពើពុករលួយ កោះហៅលោក ឡុង ហុកម៉េង នេះទេ ដោយលោកលើកហេតុផលថា សំណុំរឿងករណីកាប់បំផ្លាញធនធានព្រៃឈើនេះ ត្រូវបានផ្ទេរសមត្ថកិច្ចទៅសាលាដំបូងរាជធានីរួចហើយ ដូច្នេះវាផុតសមត្ថកិច្ចរបស់លោកត្រូវបកស្រាយ។

យោងតាមរបាការណ៍របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានឲ្យដឹងថា មន្ត្រីទាំង១៣នាក់ នៅក្នុងខេត្តមណ្ឌលគិរី ដែលលោកចាត់ទុកថា ជា«អ្នកធ្វេសប្រហែសក្នុងការបំពេញតួនាទី» រួមមាន១- លោកវរសេនីយ៍ទោ ឡេង សោភណ្ឌ មេបញ្ជាការវរការពារព្រំដែននគរបាលលេខ៦៣១, ២- លោកវរសេនីយ៍ទោ យិនចាន់ទី មេបញ្ជាការវរការពារព្រំដែនយោធាលេខ១០៣, ៣- លោកឧត្តមសេនីយ៍ត្រី ឃិន ម៉េងស្រេង មេបញ្ជាការប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី, ៤- លោកឧត្តមសេនីយ៍ត្រី តូច យន់ ស្នងការនគរបាលខេត្តមណ្ឌលគិរី, ៥- លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី, ៦- លោកវរសេនីយ៍ទោ ស៊ុន ប៊ុនធឿន អធិការនគរបាលស្រុកកែវសីមា, ៧- លោកវរសេនីយ៍ទោ សាក់ សារុន មេបញ្ជាការកងរាជអាវុធហត្ថស្រុកកែវសីមា, លោកវរសេនីយ៍ត្រី សូរ សំអាត មេបញ្ជាការកងរាជអាវុធហត្ថស្រុកអូររាំង, ៩- លោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី, ១០- លោក ឈាង ណាក់ នាយរងសង្កាត់រដ្ឋបាលព្រៃឈើពូជ្រៃ, ១១- លោក កែវ សុភ័គ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី, ១២- លោក រ័ត្ន សុវណ្ណ អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងទី១៣ គឺលោក គង់ ពុទ្ធិរ៉ា ប្រធានគម្រោងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។

នៅក្នុងរបាយការណ៍នេះដែរ បានរៀបរាប់ថា ជនជាតិវៀតណាម១១នាក់ ដែលបានចូលមកកាប់ឈើខ្មែរ ក្រោមការសម្របសម្រួលពីមន្ត្រីទាំងនេះ ត្រូវបានមន្ត្រីកងរាជអាវុធហត្ថចាប់ខ្លួន ហើយពួកគេកំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារខេត្ត។

នៅចុងបញ្ចប់នៃរបាយការណ៍បួនទំព័រ លោក សៅ សុខា បានលើកជាសំណូមពរដល់សម្តេចតេជោ ហ៊ុន សែន ថា «ស្នើសុំក្រសួង ស្ថាប័ន អង្គភាព ចាត់ការមន្ត្រីក្រោមឱវាទ ដែលធ្វេសប្រហែស និងធ្វេសប្រហែស ក្រោមឥទ្ធិពល ក្នុងការបំពេញតួនាទី ភារកិច្ចតាមច្បាប់លក្ខន្តិកៈ។ អាស្រ័យដូចបានគោរពរាយការណ៍ខាងលើ សូមសម្តេចតេជោ មេត្តាជ្រាប និងសុំការដឹកនាំដ៏ខ្ពង់ខ្ពស់»។

តបនឹងការលើកឡើងក្នុងរបាយការណ៍របស់លោក សៅ សុខា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃ២២ ខែឧសភា ឆ្នាំ២០១៧ បានចារឯកភាពចំពោះសំណូមពរឲ្យសាមីស្ថាប័ន ដែលជាអាណាព្យាបាលរបស់មន្ត្រីពុករលួយទាំងនេះ ជាអ្នកចាត់វិធានការបន្ត។

ប៉ុន្តែរហូតមកដល់ថ្ងៃនេះ មានតែលោកឧត្តមសេនីយ៍ត្រី តូច យន់ ស្នងការនគរបាលខេត្តមណ្ដលគិរី តែម្នាក់ប៉ុណ្ណោះ ដែលត្រូវបានដកចេញពីតំណែង ចំណែកឯមន្ត្រី១២រូបទៀត រាប់ទាំងលោកឧត្តមសេនីយ័ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងជាកូនចៅរបស់លោក សៅ សុខា មិនត្រូវបានដកចេញពីតំណែងនៅឡើយទេ។

លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានព្យាយាមបដិសេធមិនធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ ប៉ុន្តែលោកបានអះអាងថា លោក សាក់ សារ៉ាង នឹងត្រូវប្រឈមមុខនឹងវិធានការពីថ្នាក់លើរបស់ខ្លួន។

ពាក់ព័ន្ធនឹងករណីនេះដែរ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ធ្លាប់បានហៅសមាជិកកងកម្លាំងប្រដាប់អាវុធទាំងបី នៅក្នុងខេត្តមណ្ឌលគិរី មានលោកស្នងការនគរបាល មេបញ្ជារការកងរាជអាវុធហត្ថ មេបញ្ជាការតំបន់ប្រតិការសឹករង និងមេវរការពារព្រំដែនខេត្តមណ្ឌលគិរី ដើម្បីសាកសួរក្នុងករណីពាក់ព័ន្ធបទល្មើសព្រៃឈើ ដោយនាំឈ្មួញឈើវៀតណាមមកកាប់បំផ្លាញព្រៃឈើខ្មែរ នៅជាប់ព្រំដែនកម្ពុជា-វៀតណាម នាពេលកន្លងមក។

បន្ទាប់មកទៀត គណៈកម្មការដដែលនេះ បានហៅលោក យ៉ា ណារិន ប្រធានសាលាដំបូងខេត្ត និងលោក ឡុង ហុកម៉េង ព្រះរាជាអាជ្ញាអមសាលាដំបូងខេត្ត មកពិភាក្សាគ្នា ដើម្បីផ្ទៀងផ្ទាត់ព័ត៌មាន អំពីបណ្ដាញក្រុមមន្ត្រីពុករលួយ កាប់បំផ្លាញព្រៃឈើ នៅឯទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងរាជធានីភ្នំពេញ ប៉ុន្តែព័ត៌មានអំពីលទ្ធផលនៃការងារស៊ើបអង្កេតនេះ មិនត្រូវបានបង្ហាញជាសាធារណៈឡើយ។

អ្នកឃ្លាំមើលបទល្មើសព្រៃឈើកម្ពុជា ជាពិសេស ពាក់ព័ន្ធនឹងករណីមន្ត្រីជាន់ខ្ពស់ក្នុងខេត្តមណ្ឌលគិរី កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ ព្រោះថា ឈ្មោះដែលលោក សៅ សុខា រាយការណ៍ជូនទៅប្រមុខដឹកនាំកម្ពុជា គឺបង្ហាញពីការឃុបឃិត រួមគំនិតគ្នាជាប្រព័ន្ធ ឬអាចហៅថា ដូចសម្លកំពឹស ក្នុងការនាំឈ្មួញឈើវៀតណាម មកកាប់បំផ្លាញធនធានព្រៃឈើខ្មែរ ដែលកំពុងតែហិនហោចទៅៗ។

ពួកគេកំពុងសង្កេតមើលថា តើវិធានការផ្លូវច្បាប់ ដែលអនុវត្តច្បោលៗ មិនចំពោះអ្នកជាប់ពាក់ព័ន្ធគ្រប់ៗគ្នា ត្រូវបានពួកគេចាត់ថា ជាការចាប់ពុកមាត់កំពឹស រើសចេញពីសម្លមួយឆ្នាំ ម្តងមួយៗ ហើយរើសយកតែកំពឹសណា ដែលធាត់ទៀតផង៕ (ផាន់ អាណា)

WhatsApp Image 2017-07-27 at 6.11.42 PM WhatsApp Image 2017-07-27 at 6.15.08 PM WhatsApp Image 2017-07-27 at 6.15.09 PM WhatsApp Image 2017-07-27 at 6.15.10 PM WhatsApp Image 2017-07-27 at 6.15.29 PM WhatsApp Image 2017-07-28 at 7.46.46 AM

WhatsApp Image 2017-07-27 at 4.04.50 PM

WhatsApp Image 2017-07-27 at 4.04.46 PM

 

 

 

 

 

 

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង