ជ្រូកនាំចូលពីវៀតណាមត្រូវបានឃាត់រកឯកសារ ជ្រូកខ្លះទៀតមានជំងឺ

(កណ្តាល)៖ មន្ត្រីបុសុសត្វខេត្តកណ្ដាល បាននិយាយថា ការនាំសត្វចូលដោយគ្មានឯកសារត្រឹមត្រូវ និងមានការលួចបន្លំ មិនត្រឹមតែធ្វើឱ្យបាត់បង់ចំណូលជាតិទេ វាថែមទាំងជាប្រភពចម្លងមេរោគថែមទៀតផង។

លោក អុល ដូរិន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រ
មាញ់ និងនេសាទ ខេត្តកណ្តាល បានឱ្យដឹងថា ក្រោយពីមានការលើកឡើងរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក៏ដូចជាប្រជាកសិករចិញ្ចឹមសត្វថា ដោយសារតែការនាំចូលសត្វពីប្រទេសជិតខាង មិនមានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនោះ ទើបបានជាធ្វើឱ្យតម្លៃជ្រូកក្នុងស្រុកធ្លាក់ចុះ ចំណែកកសិករចាប់ផ្តើមបោះបង់ចោលការចិញ្ចឹមសត្វ ដែលជាមុខរបរដ៏សំខាន់សម្រាប់ពង្រឹងសេដ្ខកិច្ច។

អគ្គនាយកដ្ឋានផលិតកម្ម និងបសុព្យាបាល បានដាក់បទបញ្ជាឱ្យការិយាល័យតាមបណ្តារខេត្ត រាជធានី យកចិត្តទុកដាក់រឹតបន្តឹងក្នុងការត្រួតពិនិត្យការចរាចរណ៍សត្វ ជាពិសេសការនាំចូលពីប្រទេសជិតខាងតែម្តង។ ដើម្បីធ្វើកុំឱ្យបាត់បង់ចំណូលថវិកាជាតិ និងការពារការចម្លងមេរោគតាមរយៈការលួចនាំចូលដោយខុសច្បាប់ និងលួចបន្លំជាដើម។

លោកប្រធានការិយាល័យបានបន្តថា ក្រោយពីលោកទទួលសេចក្តីរាយការណ៍អំពីការលួចនាំជ្រូកចូលតាមច្រកព្រំដែនក្នុងខេត្តតាកែវ ដោយពុំមានលិខិតអនុញ្ញាត និងការលួចបន្លំចំនួនសត្វនោះ អគ្គនាយកដ្ឋាន ក៏បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកណ្តាល ដើម្បីពួនស្ទាក់នៅតាមដងផ្លូវជាតិលេខ២ រហូតដល់ពីវេលាម៉ោង១រំលងអធ្រាត ឆ្លងចូលព្រឹកថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០១៧ ក៏ស្ទាក់ចាប់បានរថយន្តដឹកជ្រូកមួយគ្រឿង នៅក្នុងភូមិភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ចំណែកពីរគ្រឿងទៀត បានបើករត់ ប៉ុន្តែត្រូវបានអគ្គនាយកដ្ឋានឃាត់ចាប់បានមួយរថយន្តមកវិញ នៅក្នុងទឹកដីខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកបានបន្ថែមថា ក្នុងពេលឃាត់ គឺមិនមានឯកសារអ្វីទាំងអស់ លុះវេលាម៉ោង៦ព្រឹក ទើបម្ចាស់យកលិខិតអនុញ្ញាតមកប្រគល់ឱ្យ ហើយក្នុងលិខិតនោះគឺអនុញ្ញាតឱ្យនាំចូលតែជ្រូកចំនួន៤០ក្បាលប៉ុណ្ណោះ តែដឹកដល់ទៅ៥០ក្បាល គឺលើស១០ក្បាល។

លោក អុល ដូរិន បានមានប្រសាសន៍ថា ជ្រូកដែលឃាត់ចាប់នេះ ជារបស់ក្រុមហ៊ុន ហេង សុខេង ហើយក៏បានបញ្ជាក់ដែរថា ការនាំចូលសត្វពីបរទេស ដាច់ខាត់ត្រូវតែមានលិខិតបញ្ជាក់អំពីគុណភាព ដែលចេញដោយអាជ្ញាធររបស់ប្រទេសដើម ដោយមានការអនុញ្ញាតត្រឹមត្រូវពីជំនាញ។

លោកបានបន្តថា ករណីជ្រូកលើស១០ក្បាល ក្រុមហ៊ុនអាចលួចទិញពីកសិដ្ឋានផ្សេង ដែលមិនបានត្រួតពិនិត្យត្រឹមត្រូវ ហើយវាអាចបង្កប់នូវជំងឺផ្សេងៗ ដែលអាចឆ្លងដល់ជ្រូកដទៃទៀត និងមនុស្សដែលបរិភោគសាច់ជ្រូកទាំងនោះទៀតផង ដូច្នេះមន្ត្រីរបស់លោកត្រូវតែឃាត់ទុក ដើម្បីពិនិត្យសុខភាពសត្វទាំងនេះសិន៕ (SN- កណ្ដាល)

WhatsApp Image 2017-07-26 at 1.39.18 PM

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង