មន្ត្រីកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំសិក្សាបង្កើនសមត្ថភាពផ្នែកច្បាប់ និងផ្នែកបច្ចេកវិទ្យា

(ត្បូងឃ្មុំ)៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ នៅព្រឹកមិញនេះ បានបើកវគ្គបណ្តុះបណ្តាលជំនាញយុត្តិធម៌ និងបច្ចេកវិទ្យាដល់មន្ត្រីរបស់ខ្លួន ដើម្បីបង្កើនសមត្ថភាពការងារបម្រើប្រជាជន និងប្រទេសជាតិ។

នៅក្នុងពិធីនេះ លោក អ៊ាង ភារៈ មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានថ្លែងណែនាំដល់សិក្ខាកាមឲ្យត្រូវត្រៀមខ្លួនជានិច្ចសម្រាប់ជួយអន្តរាគមន៍ភ្លាមៗដល់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ពិសេសកម្លាំង ដែលឈរជើងនៅតាមបណ្ដាស្រុកជាប់មាត់ទន្លេមេគង្គដូចជា ស្រុកក្រូចឆ្នារ ត្បូងឃ្មុំ និងស្រុកអូរាំងឪ ពីព្រោះកម្ពស់ទឹកទន្លេមានសន្ទុះឡើងខ្លាំងជាងបណ្តាឆ្នាំមុនៗ ដែលអាចធ្វើឲ្យពលរដ្ឋរស់នៅតាមដងទន្លេងាយរងគ្រោះ។

លោកបានណែនាំទៀតថា ក្នុងនោះក៏ត្រូវសិក្សាស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបរាល់ការប៉ុនប៉ងរបស់ជនខិលខូច ដែលមានបំណងប្រព្រឹត្តបទល្មើសផ្សេងៗ បង្កភាពភ័យខ្លាចដល់ប្រជាជន។

 

ការលើកឡើងបែបនេះរបស់លោក អ៊ាង ភារៈ បានធ្វើឡើងក្នុងពិធីបើកវគ្គបំប៉នជំនាញយុត្តិធម៌ និងសន្តិសុខ ដល់មន្ត្រីកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ កាលពីព្រឹកមិញនេះ។

វគ្គបណ្ដុះបណ្ដាលជំនាញនេះ ផ្តោតសំខាន់លើមុខវិជ្ជាមួយចំនួន ដូចជាផ្នែកបណ្តាញទំនាក់ទំនងសង្គម វិធានការស្រាវជ្រាវ និងរបៀបអនុវត្តដីការបស់តុលាការ និតិវិធីនៃការកសាងសំនុំរឿង ព័ត៌មានសន្តិសុខ អំណាច និងករណីកិច្ចរបស់មន្ត្រីយុត្តិធម៌ និងធាតុផ្សំនៃបទល្មើស។

លោកមានប្រសាសន៍លើកឡើងថា មន្ត្រីកងរាជអាវុធហត្ថ ត្រូវចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រទេសជាតិ និងប្រជាជន ដោយត្រូវយកជំនាញទាំងនេះទៅអនុវត្ត ដើម្បីបម្រើប្រជាជនប្រកបដោយការទទួលខុសត្រូវ។

លោកបន្តថា ដោយសារតែការរីកចម្រើនផ្នែកបច្ចេកវិទ្យា ធ្វើមនុស្សគ្រប់រូបអាចមើល និងអាចតាមដានព័ត៌មានបានយ៉ាងងាយ តាមរយៈទូរស័ព្ទដៃ ហើយមនុស្សមួយចំនួនក៏កំពុងបំផុស បំភ្លៃការពិតតាមរយៈទូរស័ព្ទនេះដែរ ហើយទម្លាក់កំហុសមកលើសមត្ថកិច្ច និងរាជរដ្ឋាភិបាល។

ដូច្នេះក្នុងនាមមន្ត្រីមានសមត្ថកិច្ចត្រូវសិក្សរៀនសូត្រដើម្បីបង្កើនចំណេះដឹងឲ្យស្របតាមការរីចម្រើននេះ ហើយក្នុងនោះក៏ត្រូវចេះថ្លឹងថ្លែង និងបែងចែកឲ្យបានច្បាស់រវាងពត៌មានមានប្រយោជន៍ដល់សង្គម និងព័ត៌មានបង្កបញ្ហាដល់សង្គម។

ក្រៅពីបញ្ហានេះ លោក អ៊ាង ភារៈ ក៏បានលើកឡើងផងដែរ ពីព្រឹត្តិការណ៍ថ្មីៗ ដែលកំពុងកើតឡើងទាំងជាតិ និងអន្តរជាតិ ហើយលោកបានក្រើនរំឭកដល់កងកម្លាំងដែលចូលរួមសិក្សារៀនសូត្រនេះ ត្រូវខិតខំក្រេបយកចំណេះដឹង ដើម្បីយកទៅបម្រើប្រជាជន និងប្រទេសជាតិ ពីព្រោះថា គ្មានបរទេសណាស្រឡាញ់ខ្មែរជាងខ្មែរខ្លួនឯងនោះទេ។ ផ្ទុយទៅវិញ មានបរទេសមួយចំនួនចាំតែទាញយកប្រយោជន៍ពីប្រជាជន និងប្រទេសកម្ពុជាតែប៉ុណ្ណោះ៕ (SN- ត្បូងឃ្មុំ)

photo_2017-07-24_20-38-05 photo_2017-07-24_20-38-11 photo_2017-07-24_20-38-17

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង