សាលក្រមលោក គុយ សិទ្ធិសក្កិ ជាមួយតារាចម្រៀងកញ្ញា វ៉ាន់ លីឡា នឹឹងប្រកាសនៅថ្ងៃទី១៥​សី​ហា

(ភ្នំពេញ) ៖ ចៅក្រមជំនំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក កោ វណ្ឌី នៅរសៀល ថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០១៧ នេះ បានបើកសវនាការលើអង្គសេចក្តីក្នុងសំណុំរឿង ហិង្សាដោយចេតនា និងចែកចាយរូបអាសអាភាស ដែលមានជនជាប់ចោទឈ្មោះ គុយ សិទ្ធិសក្កិ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ មន្រីពន្ធនាគារ ដែលបានប្រព្រឹត្តទៅនៅ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងមកនេះ។

 

 

ក្នុងសវនាការនេះ អវត្តមានជនជាប់ចោទ ឈ្មោះ គុយ សិទ្ធិសក្កិ ដោយមានមេធាវីការពារសិទ្ធិ តែបានអានចម្លើយរបស់ជនជាប់ចោទនៅដំណាក់ការចៅក្រមស៊ើបសួរ ក្នុងនោះជនជាប់ចោទឆ្លើយថា ខ្លួនបានស្គាល់ ឈ្មោះ សុខ ចិន្តា ហៅ វ៉ាន់ លីឡា តាមហ្វេសប៊ុក កាលពីឆ្នាំ២០១៤ ហើយដល់ ឆ្នាំ២០១៥ ក៏បានស្រលាញ់គ្នាហើយក៏បាននាំទៅលេងផ្ទះ និងជួបប៉ាម៉ាក់។ ចំណែករឿងដែលចោទថា ខ្ញុំបង្ហោះរូបអាសអាភាស ខ្លួនមិនបានដឹងទេ និងសុំឲ្យតុលាការជួយរកយុត្តិធម៌ឲ្យខ្ញុំផង។

 

 

ចំណែកភាគីដើមបណ្តឹងរបស់ កញ្ញា សុខ ចិន្តា ហៅ វ៉ាន់ លីឡា ជាតារាចម្រៀងដ៏ល្បីល្បាញបានស្នើសុំឲ្យតុលាការផ្តន្ទាជនជាប់ចោទទៅតាមផ្លូវច្បាប់។

 

 

មេធាវីការពារសិទ្ធិឲ្យដើមបណ្តឹង លោក នួន បូរ៉ា បាននិយាយក្នុងសវនាការថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ លោក គុយ សិទ្ធិសក្កិ និង ដើមបណ្តឹងឈ្មោះ សុខ ចិន្តា ហៅ វ៉ាន់ លីឡា បានឈ្លួសគ្នា ហើយឈ្មោះ គុយ សិទ្ធិសក្កិ ក៏វាយដើមបណ្តឹង កញ្ញា វ៉ាន់ លីឡា  ពេលនោះជនរងគ្រោះក៏បានបើកទ្វារឡានរត់ចេញឲ្យគេជួយ ហើយពេលនោះ គុយ សិទ្ធិសក្កិ ក៏បានបើកឡាន របស់ជនរងគ្រោះចេញទៅ បាត់នៅក្នុងឡាននោះក៏មានកាបូបទូរស័ព្ទរបស់ជនរងគ្រោះផងដែរ។ លុះរយ:ពេលជិត១០ថ្ងៃក្រោយមកទើបប្រគល់ឲ្យវិញ។

 

 

ចំណែករូបដែលបានបង្ហោះនោះ គឺដោយសារតែការស្រលាញ់គ្នា និងគិតថា បានគ្នាជាប្តីប្រពន្ធទើបមានការថតផ្ញើឲ្យគ្នាមើល ព្រោះឈ្មោះ គុយ សិទ្ធិសក្កិ នៅរៀនឯបរទេស។ លោកមេធាវីក៏បានបញ្ជាក់ថា ដើមបណ្តឹង កញ្ញា សុខ ចិន្តា បានទាមទារជំងឺចិត្តចំនួន៥០ម៉ឺនដុល្លារ។

 

 

តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង ធ្វើសេចក្តីសន្និដ្ឋានតាមការអានចម្លើយរបស់ជនជាប់ចោទ និងជនរងគ្រោះពិតជាមានអំពើហិង្សាដោយចេតនា ព្រមទាំងចែកចាយរូបអាសអាភាសពិតមែន តំណាងអយ្យការនៅតែតម្កល់បទចោទនៅដ៏ដែល។

 

 

សូមជម្រាបថា ទោះជាយ៉ាងណាសំណុំរឿងក្តីខាងលើនេះត្រូវបានលោកចៅក្រម កោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកំណត់ពេលប្រកាសសាលក្រម នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ៕ (SN-តុលា)

photo_2017-07-24_18-33-39 photo_2017-07-24_18-33-47 photo_2017-07-24_18-33-56

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង