អភិបាលខេត្តកំពង់ធំ ប្រជុំរៀបចំពិធីបួងសួងសុំសេចក្តីសុខ និងអបអរសាទរប្រាសាទសំបូរព្រៃគុកចូលជាបេតិកភណ្ឌពិភពលោក

(កំពង់ធំ)៖ ដើម្បីអបអសាទរការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក និងតាំងនាមជាម្ចាស់ទឹកដីឥសាន្តបុរៈ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ រដ្ឋបាលសាលាខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំគណៈកម្មការរៀបចំត្រៀមប្រារព្ធពិធីសែនព្រេនសុំសេចក្តីសុខ តាមជំនឿប្រពៃណី និងដើម្បីអបអរសាទរការដាក់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក។

កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងមានការអញ្ជើញចូលរួមពីសមាជិតក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ស្រុក កងកម្លាំងទាំងបី និងប្រធានមន្ទីរជុំវិញខេត្តផងដែរ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ លោក សុខ លូ បានលើកឡើងថា នៅក្នុងដំណើរការនៃពិធីសែនព្រេនសុំសេចក្តីសុខតាមជំនឿសាសនា និងតាមប្រពៃណី នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ គឺក្នុងគោលបំណងសម្តែងនូវសេចក្តីសប្បាយរីករាយ និងប្រកាសប្រាប់ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិឲ្យបានដឹងកាន់តែទូលំទូលាយនៃរមនីយដ្ឋានសំបូរព្រៃគុក។

ក្នុងពិធីអបអរសាទរនេះ នឹងមានការប្រគំតន្ត្រី ការសម្តែងរបាំរបស់ជាតិគួយ ការបង្ហាញរបាំប្រជាប្រិយ ការតាំងលក់ផលិតផលកសិកម្ម ពេញមួយថ្ងៃផងដែរ ហើយដើម្បីឲ្យបរិយាកាសនេះកាន់តែសប្បាយរីករាយសម្រាប់ ភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពង់ធំទាំងមូល ជាអាទិ៍ក្នុងនាមជាថ្នាក់ដឹកនាំកម្មវិធី នឹងត្រូវត្រៀមខ្លួនរួចជាស្រេចក្នុងការដោះស្រាយបញ្ហាដែលអាចកើតមានឡើង។

ក្នុងនោះដែរ បញ្ហាចរាចរណ៍ គឺបញ្ហាដ៏សំខាន់នៅក្នុងការធ្វើចរាចរណ៍ចុះឡើងក្នុងទីធ្លាបរិវេណប្រាសាទសំបូរព្រៃគុក ក៏ដូចជាការឆ្លងកាត់ គឺត្រូវមានផ្លូវសម្រាប់ ចៀសគ្នា ត្រូវមានកន្លែងសម្រាប់ចតទុកដាក់យានជំនិះរបស់ភ្ញៀវ ដែលមកទស្សនា។

កងកម្លាំងចម្រុះនឹងជួយសម្រួល និងយាមកាម ពេញមួយថ្ងៃ ដើម្បីរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព ដល់ភ្ញៀវចូលរួមទស្សនា និងលេងល្បែងកម្សាន្ត ដូចជារបាំប្រជាប្រិយ ការសម្តែងសិល្បៈ របាំរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត រួមនឹងការដាក់តាំងលក់ផលិតផលផ្សេងៗ ជាពិសេសផលិតផលកសិកម្ម សិប្បកម្ម និងការលក់ដូររផ្សេងៗផងដែរ៕ (SN- សុផាត)

photo_2017-07-24_16-09-04 photo_2017-07-24_16-09-13 photo_2017-07-24_16-09-20 photo_2017-07-24_16-09-29

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង