ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តី​ពីយុទ្ធវិ​ធី​ប្រតិបត្តិការ និង​ការប្រើប្រាស់​កាំភ្លើង​គ្រាប់​ពិត​

(ភ្នំពេញ) ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារនីតិជន នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីពីយុទ្ធវិធីប្រតិបត្តិការនិងការប្រើប្រាស់កាំភ្លើងគ្រាប់ពិត នៅនាយកដ្ឋានជួញដូរមនុស្សនិងការពារនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

 

 

 

នាឱកាសនោះដែរលោក អេរិច មេឌ្រីម នាយកផ្នែកស៊ើបអង្កេតនៃអង្គការមេត្រីអន្តរជាតិ(AIM SWAT) បានមានប្រសាសន៍ថា នេះជាលើកទី៦ ហើយសម្រាប់វគ្គនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងអគ្គស្នងការនិងអង្គការមេត្រីអន្តរជាតិ(AIM SWAT)។ ហើយក្នុងវគ្គនេះជួយជម្រុញឲ្យកងកម្លាំងទាំងអស់របស់ដែលជាសិក្ខាកាមទទួលចំណេះជំនាញប្រកបដោយវិជ្ជាជីវៈនិងមានសមត្ថភាពការពារខ្លួននិងមិត្តភ័ក្រដែលចូលរួមប្រតិបត្តិការជាមួយទៀតផង។

 

 

 

ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ បានមានប្រសាសន៍ថា ជំនួសមុខឲ្យឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិនិងក្នុងនាមខ្លួនខ្ញុំផ្ទាល់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការ មេត្រីអន្តរជាតិ ជាពិសេសនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន លើការស៊ើបអង្កេត ប្រមូលព័ត៌មាន ឈានដល់ការបង្ក្រាបទទួលបានលទ្ធផលជាច្រើនគួរកត់សម្គាល់រួមទាំង ការងារពង្រឹងសមត្ថភាពដល់មន្ត្រីនគរបាលយុត្តិធម៌ពិសេសគឺមន្ត្រីជំនាញ នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ក្រៅពីនេះ អង្គការAIM SWAT ក៏បានជួយឧបត្ថម្ភនូវសម្ភារៈមួយចំនួនដល់នគរបាល ជំនាញយើងខ្ញុំផងដែរ។

 

 

 

ឆ្លៀតក្នុងឱកាសនេះខ្ញុំសូមជម្រាបជូនឯកឧត្តម លោកជំទាវ ភ្ញៀវជាតិ អន្តរជាតិព្រមទាំងលោក លោកស្រីទាំងអស់ជ្រាបនូវស្ថានភាពបទល្មើសពាក់ព័ន្ធអំពើជួញដូរមនុស្សនិងអំពើអាជីវកម្មផ្លូវភេទនៅកម្ពុជា។ បុរស-ស្រីពេញវ័យមួយចំនួនត្រូវបានគេនាំទៅធ្វើការងារខុសច្បាប់នៅក្រៅប្រទេស ពិសេសប្រទេសថៃ ហើយមានមួយចំនួនត្រូវគេលក់ឲ្យម្ចាស់ទូកនេសាទសមុទ្រ។ ស្រី្តពេញវ័យមួយចំនួនទៀតត្រូវគេលួងលោម បោកបញ្ឆោតយកទៅរៀបអាពាហ៍ពិពាហ៍ជាមួយបុរសជនជាតិចិនផ្ទុយពីឆន្ទៈ។

 

 
អាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារបានប្តូររូបភាពពីចំហរមកជាការលួចលាក់ ហើយជ្រកក្រោមរូបភាពស្របច្បាប់ដូចជា៖ ហាងម៉ាស្សា, កោសជប់, ខារ៉ាអូខេ, ហាងលក់កាហ្វេ, អ៊ុតសក់, ផ្ទះសំណាក់, និងសណ្ឋាគារ។ និងបានប្តូរពីកន្លែងទីប្រជុំជនទៅតំបន់ជាយរាជធានីភ្នំពេញ និងខេត្តកណ្តាលរួមទាំងបណ្តាខេត្តជាប់ព្រំដែន ដែលមានជីវភាពរីកចម្រើន។ ចំពោះស្ត្រីពេញវ័យមួយចំនួនត្រូវបានកមេខ្យល់នាំយកពីទីក្រុង ដើម្បីរកការងារធ្វើ រួចលួងលោមយកទៅជួញដូរនិងធ្វើអាជីវកម្មផ្លូវភេទ។ ចំណែកកុមារមួយចំនួនត្រូវបានទទួលរងនូវការរំលោភបំពានផ្លូវភេទ ពីអ្នកទេសចរណ៍ អ្នកវិនិយោគទុន និងជាម្បុរសជនមួយចំនួន។ រីឯកុមារមួយចំនួនទៀតទទួលរងនូវការកេងប្រវ័ញ្ចពលកម្មផងដែរ។

 

 
ឯកឧត្តមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការ មេត្រីអន្តរជាតិជានិច្ចកាលតែងតែមានកិច្ចសហប្រតិបត្តិការគ្នាកន្លងមកបានល្អ ជាមួយនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ទាំងការប្រមូលព័ត៌មានស៊ើបអង្កេត ប្រមូលភស្តុតាង ការបង្ក្រាប និងការជួញសង្គ្រោះជនរងគ្រោះ យើយខ្ញុំសង្ឃឹមជឿជាក់ថា អង្គការមេត្រីអន្តរជាតិនៅតែបន្តកិច្ចសហប្រតិបត្តិការលើការងារស៊ើបអង្កេតក៏ដូចជាការជួយគាំទ្រលើការងារពង្រឹងសមត្ថភាពនិងផ្តល់សម្ភារៈដល់នគរបាលជាតិកម្ពុជាបន្តទៀត ៕

B BB BBB BBBB BBBBB BBBBBB BBBBBBB

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង