សង្ស័យស្នេហាត្រីកោណក្លាយជាឃាតកម្មសម្លាប់មនុស្សនៅខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ) ៖ ករណីឃាតកម្មសម្លាប់មនុស្សយកទៅដុតនៅបច្ឆា ក្នុងវត្តពង្រ ស្ថិតក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាចោមរោមមើល កាលពីថ្ងៃទ២៣ ខែកក្កដា ឆ្នាំ២០១៧ ត្រូវបានសមត្ថកិច្ចដាក់សង្ស័យថា ជាករណីស្នេហាត្រីកោណ ។ 

តាមការឲ្យដឹងពីឪពុកជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវបានគេសម្លាប់ហើយយកមកដុតនៅក្នុងបច្ឆាវត្តពង្រនេះ មានឈ្មោះ ជា រ័ត្នថុល ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរជាអ្នករត់តាក់ស៊ី ពីខេត្តបន្ទាយមានជ័យ ទៅខេត្តបាត់ដំបង មានទីលំនៅក្បែររង្វង់មូលស្រីគ្រប់លក្ខណ៍ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះរូបនេះ បានបាត់ខ្លួនតាំងពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ រហូតដល់ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ទើបទទួលបានដំណឹងថា មានមនុស្សប្រុសពីរនាក់ យកសាកសពមនុស្សប្រុសម្នាក់ ទៅដុតនៅវត្តពង្រ ដោយមិនមានការហែរក្បួនអ្វីឡើយ លោកក៏នាំកូនៗប៉ុន្មាននាក់ទៅមើល តែសាកសពនោះត្រូវបានដុតខ្ទេចអស់ទៅហើយ នៅសល់តែខ្នើយ និងភួយរំសព ដែលគាត់ស្គាល់ថា ជារបស់ជនរងគ្រោះតែងដាក់តាមរថយន្តទើបឪពុកម្តាយសន្និដ្ឋានថា ជាកូនរបស់ខ្លួន។ 

ដោយឡែក បើតាមការឲ្យដឹងពីលោកអាចារ្យភ្លុក បានឲ្យដឹងថា ករណីដុតសពជនរងគ្រោះខាងលើនេះ មានគេមកទាក់ទងគាត់ឲ្យត្រៀម មឈូស ធ្យូង និងប្រេងសម្រាប់ដុតសព តាំងពីប៉ុន្មានថ្ងៃមុនមកម្លះ ដោយគេប្រាប់គាត់ថា ជនរងគ្រោះគាំបេះដូងស្លាប់នៅភ្នំពេញកំពុងដឹកមក តែក៏ត្រូវផ្អាកវិញ ព្រោះជនរងគ្រោះត្រូវបានពេទ្យសង្គ្រោះជីវិតបានវិញហើយ រហូតមកទល់រសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ នេះ ក៏មានមនុស្សប្រុសពីរនាក់បានដឹកសពជនរងគ្រោះឲ្យគាត់ដុតតែម្តងដោយប្រាប់ថា ជាអ្នកទាក់ទង់ថ្ងៃមុន។

ចំពោះករណីខាងលើនេះលោក ភឿង ម៉ាន់សិង្ហ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នេះ ជាករណីឃាតកម្មគិតទុកជាមុន ដោយបច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួនក្រុមជនសង្ស័យចំនួនបួននាក់ហើយ និងកំពុងតាមចាប់បក្ខពួកបីនាក់ផ្សេងទៀត។

នគរបាលសង្ស័យថា អំពើឃាតកម្មនេះ ផ្តើមចេញពីស្នេហាត្រីកោណ ៕ (SN- ចេស្តា)







appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង