ទីតាំងភ្នាល់បាល់អនឡាញ ក្នុងខណ្ឌចំការមន បន្តបើកយ៉ាងរលូន មិនរំខានដល់សមត្ថកិច្ច

(ភ្នំពេញ) ៖ ទីតាំងបើកល្បែងភ្នាល់បាល់តាមអនឡាញ ដែលប្រើយីហោឈ្មោះ ក្រុមហ៊ុន ផ្លាស ថេក (Flash Tech Co, Ltd. Branch) ដែលមានទីតាំងផ្ទះលេខ២០ ផ្លូវលេខ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ដោយបើកបានជិត១០ឆ្នាំ នៅតែបន្តយ៉ាងរលូន ដោយមិនបានរំខានដល់សមត្ថកិច្ចណាឡើយ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាស់ន៍ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំឆមាសទី១និងទិសដៅឆមាសទី២ ឆ្នាំ២០១៧ ថា ត្រូវបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់ទាំងឡាយ, ក្មេងទំនើង និងជាពិសេសបញ្ហាគ្រឿងញៀន។

ទោះបីជាលោកអភិបាលរាជធានីភ្នំពេញ មានប្រសាស់ន៍យ៉ាងនេះក្តី ក៏មិនមានកម្លាំងសមត្ថកិច្ចណាចុះបង្ក្រាបទីតាំងល្បែងដ៏ធំមហិមានេះឡើយ ដោយបណ្ដោយឲ្យក្រុមហ៊ុន នៅតែបន្តយ៉ាងរលូនជារៀងរាល់ថ្ងៃ។

ចំពោះបញ្ហានេះសារព័ត៌មាន Swift News យើងបានចុះផ្សាយជាច្រើនលើកមកហើយ ហើយក៏រងចាំមើលចំណាត់ការរបស់សមត្ថកិច្ចជំនាញថា តើបានអនុវត្តតាមបញ្ជារបស់លោកអភិបាលរាជធានីភ្នំពេញដែរឬទេ?។

ប្រជាពលរដ្ឋបានឲ្យសារព័ត៌មាន Swift News ដឹងថា ទីតាំងខាងl;នេះ គឺមានថៅកែឈ្មោះ ហ៊ា សេង ហៅតាត្រងោល ដែលជាល្បែងមេអនឡាញធំបំផុត ដែលមានភាគហ៊ុន នៅកាស៊ីណូ ណាហ្គាវើល ហើយក្រុមហ៊ុនេះមានសាខា ជាច្រើនប្រទេសដូចជា ម៉ាឡេស៊ី វៀតណាម ថៃ និងឥណ្ឌូនេស៊ី។

បុគ្គលិកធ្វើការនៅក្នុងផ្ទះល្បែងអនឡាញនេះ មានបីវេន គឺព្រឹក រសៀល និងយប់ ដោយសារបនល្បែងនេះបើក២៤ម៉ោង លើ២៤ម៉ោង ដោយមិនគិតពីថ្ងៃបុណ្យជាតិ-អន្តរជាតិឡើង។

ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាននៅក្បែរទីតាំងខាងលើ ពិតជាមានការពិបាករស់នៅខ្លាំងណាស់ ដោយមានសំឡេងរំខានពីទីតាំងខាងលើនេះ ជាពិសេស ពេលយប់តែម្តង។

បនល្បែងនេះ កាលពីប៉ុន្មានឆ្នាំមុន ត្រូវបានកម្លាំងនគរបាលសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃចុះមកបង្ក្រាបម្តងដែរ គឺបានឃាត់ខ្លួនជនជាតិចិនមួយចំនួន និងចុងភៅប៉ុន្មានម្នាក់ដែរ ប៉ុន្តែបិទទ្វារបានតែមួយថ្ងៃប៉ុណ្ណោះ ត្រូវបានបើកដំណើការធម្មតាវិញដូចដើម។

កន្លងមកសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សារឿន អគ្គស្នងការនគរបាលជាតិ បានដាក់បញ្ជាយ៉ាងម៉ឹងម៉ាត់ដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវបង្ក្រាបដាច់ខាតរាល់ល្បែងស៊ីសងខុសច្បាប់។

ចុះហេតុអ្វីបានជាទីតាំងខាងលើនេះ អាចបើកជាលក្ខណៈក្រុមហ៊ុន យ៉ាងធំមិនមានសមត្ថកិច្ចណាបង្ក្រាប?។

ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងក្រុមហ៊ុន ផ្លាស ថេក (Flash Tech Co, Ltd Branch) បានសំណូមពរដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាពិសេស លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជួយមើលផង ព្រោះពួកគាត់រកពេលសម្រាកមិនបានស្រួលទេ ដោយសារមានការរំខានពីក្រុមហ៊ុននេះ ដែល ជាក្រុមហ៊ុនបើកល្បែងខុសច្បាប់៕ (SN- 09)





appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង