អាជ្ញាធរខេត្តសៀមរាប គ្រោងបន្ថែមកាមេរ៉ាសុវត្ថិភាពចំនួន ៣០បន្ថែមទៀតជុំវិញតំបន់ផាប់ស្ទ្រីត

(សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាបគ្រោងបន្ថែមដាក់កាមេរ៉ាសុវត្ថិភាព ចំនួន៣០ បន្ថែមទៀតនៅជុំវិញបរិវេណផ្លូវផាប់ស្ទ្រីត និងផ្លូវស៊ីវុត្ថា នៅពេលឆាប់ៗខាងមុខនេះ ដើម្បីការគ្រប់គ្រងសន្តិសុខដល់ភ្ញៀវទេសចេណ៍នៅតាមដងផ្លូវនេះ។

លោក នួន ពុទ្ធារ៉ា នាយករដ្ឋបាលសាលាខេត្តសៀមរាប បានឱ្យដឹងថា អាជ្ញាធរខេត្តសៀមរាបគ្រោងនឹងបង្កើនកាមេរ៉ាសុវត្ថិភាពបន្ថែមទៀត លើកាមេរ៉ាចំនួន២៣ ដែលមានស្រាប់ ដែលត្រូវាបានដាក់នៅតាមទីតាំងសំខាន់ៗជុំវិញតំបន់ផាប់ស្ទ្រីត។

លោកបានបញ្ជាក់ថា ការដាក់បន្ថែមកាមេរ៉ាសុវត្ថិភាពបានកើនសរុបដល់ ៥៣ទីតាំង ដែលរំពឹងថា អាចជួយពង្រឹងការគ្រប់គ្រងសន្ដិសុខ និងសណ្ដាប់ធ្នាប់នៅតំបន់មានភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍ទៅលេងកម្សាន្ដនាពេលរាត្រី។

ចំណែកអ្នកស្រី ដួង ថាវរី ស្នងការរងនគរបាលខេត្តសៀមរាប ទទួលបន្ទុកប្រធានក្រុមទី៧ នៃទីបញ្ជាការស្រាលឈរជើងនៅតំបន់ផាប់ស្ទ្រីត បានឱ្យដឹងថា ការដាក់កាមេរ៉ាសុវត្ថិភាពនៅជុំវិញតំបន់ផាប់ស្ទ្រីតពិតជាមានសារៈសំខាន់សម្រាប់ការងារគ្រប់គ្រងសន្ដិសុខ សណ្ដាប់ធ្នាប់នៅតំបន់នេះ ព្រោះកងកម្លាំងប្រចាំការអាចស្រាវជ្រាវឡើងវិញ នូវរឿងហេតុដែលកើតឡើងដូចជាការបាត់បង់ទ្រព្យសម្បត្តិរបស់ភ្ញៀវទេសចរជាដើម។

លោក នួន ពុទ្ធារ៉ា បានបញ្ជាក់ថា ក្នុងមួយរាត្រីៗ មានភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ ទៅលេងកម្សាន្ដនៅតំបន់ផាប់ស្ទ្រីត ចន្លោះពី៣០០០ទៅ៥០០០នាក់  ហើយប្រសិនបើថ្ងៃបុណ្យទានធំៗចំនួនភ្ញៀវទៅលេងតំបន់ភ្លើងចម្រុះពណ៌នេះនឹងកើនឡើងដល់រាប់ម៉ឺននាក់៕ (SN- រិទ្ធី)





appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង