រថយន្តដឹកឈើខុសច្បាប់ក្រឡាប់នៅក្រចេះ ព្រោះផ្ទុកលើសទម្ងន់

(ក្រចេះ)៖ រថយន្តយីឌុបប្រភេទយក្សដឹកឈើខុសច្បាប់មួយគ្រឿង ដែលកំពុងព្យាយាមលោតឆ័ត្រចូលទៅក្នុងប្រទេសវៀតណាម បានក្រឡាប់នៅលើកំណាត់ផ្លូវជាតិលេខ៧៤ កាលយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នៅត្រង់ចំណុចភូមិ២ធ្នូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ក្បែរច្រកព្រំដែនកម្ពុជា-វៀតណាម។

រថយន្តប្រភេទយីឌុបសណ្តោងរុឺម៉កខ្នាតយក្សមួយគ្រឿង នេះ ផ្ទុកឈើពេញណែនជ្រុល ទើបបណ្ដាលឲ្យក្រឡាប់កណ្តាលទ្រូងផ្លូវ បង្កឲ្យអ្នករស់នៅតំបន់នេះផ្អើលឆោឡោទាំងកណ្តាលអាធ្រាត្រ បន្ទាប់ពីរថយន្តនេះក្រឡាប់ចេញសុទ្ធតែឈើ ប៉ុន្តែមិនបានរំខានដល់ស្ថាប័នជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធប្រចាំការនៅតំបន់នេះឡើយ។

ករណីក្រឡាប់រថយន្តយីឌុបដឹកឈើខាងលើនេះ គេឃើញវត្តមានបុរសម្នាក់ឈ្មោះ ស្រេង ឬលោកតា ស្រេង ដែលគេស្គាល់តៗគ្នាថា ជាមេការរបស់លោកឧកញ៉ា ជ័យ ដ៏មានឥទ្ធិពលប្រចាំច្រកព្រំដែនស្រុកស្នួលនេះ បានចេញមុខមកអន្តរាគមន៍ដោះស្រាយ មិនឲ្យមានការផ្សព្វផ្សាយព័ត៌មាន អំពីឡានក្រឡាប់ ព្រោះខ្លាចគេដឹងពីទង្វើខុសច្បាប់របស់ក្រុមខ្លួន ដែលកំពុងតែធ្វើសកម្មដឹកជញ្ជូនឈើអត់អាជ្ញាប័ណ្ណ។

សកម្មភាពដឹកឈើខុសច្បាប់របស់លោកឧកញ៉ា ជ័យ គឺធ្វើឡើងដោយបន្លំជាមួយរថយន្តរបស់ក្រុមហ៊ុនលោកឧកញ៉ា ល័ក្ខ ដែលមានអាជ្ញាប័ណ្ណនាំចេញឈើលេខ១ និងឈើក្រហមទៅកាន់ប្រទេសវៀតណាម តាមច្រកព្រំដែនក្បែរតំបន់ដេញថ្លៃឈើរបស់គណៈកម្មការបង្រ្កាបបទល្មើសព្រៃឈើថ្នាក់ជាតិ។

ខណៈពេលលោក តា ស្រេង ចេញមុខមកសម្របសម្រួលកិច្ចការក្នុងហេតុការណ៍ឡានដឹកឈើក្រឡាប់កណ្តាលផ្លូវទាំងកណ្តាលយប់នេះ ក្រុមកម្មករឡានរបស់ឧកញ៉ា ជ័យ បាននាំគ្នាប្រឹងជញ្ជូនឈើដូចស្រមោច និងយ៉ាងតក់ក្រហល់បំផុត ដើម្បីយកចេញពីឡានក្រឡាប់ផ្ទេរដាក់ឡានផ្សេងទៀត ព្រោះខ្លាចគេដឹងថា ឈើខុសច្បាប់បម្រុងឆ្លងដែនទៅប្រទេសវៀតណាម ដោយគ្មានអាជ្ញាប័ណ្ណស្របច្បាប់អ្វីបន្តិចសោះ។

ចំពោះសកម្មភាពឆ្លេឆ្លារត់ការបិទមាត់របស់លោក តា ស្រេង និងសកម្មភាពស្លន់ស្លោរក្នុងចំណោមមេការ របស់លោកឧកញ៉ា ជ័យ ត្រូវបានប្រភពផ្សេងៗអះអាងថា ប្រសិនបើគ្មានការអនុញ្ញាតពីចៅហ្វាយនាយ ក៏កូនចៅក៏មិនហ៊ានធ្វើនោះដែរ។

ប៉ុន្តែការលើកឡើងបែបនេះត្រូវបានអ្នករកស៊ីឈើល្បីឈ្មោះនៅក្នុងតំបន់នេះ គឺលោកឧកញ៉ា គង់ ក្រឹង បដិសេធច្រានចោល ដោយអះអាងថា លោកមិនមានការពាក់ព័ន្ធជាមួយក្រុមឡានដឹកឈើរបស់លោកឧកញ៉ា ជ័យ ឡើយ ហើយក៏មិនបានប្រើ តា ស្រេង ឲ្យទៅរត់ការអន្តរាគមន៍រឿងឡានដឹកឈើក្រឡាប់នេះដែរ។

ទាក់ទងនឹងបញ្ហាខាងលើនេះ Swift News មិនអាចសុំការបំភ្លឺពីលោកឱកញ៉ា ជ័យ និងលោក តា ស្រេង បានឡើយនៅថ្ងៃនេះ៕ (SN- ព្រាប សរ)
WhatsApp Image 2017-07-18 at 11.12.33 AM WhatsApp Image 2017-07-18 at 11.12.35 AM WhatsApp Image 2017-07-18 at 11.13.55 AM WhatsApp Image 2017-07-18 at 11.27.45 AM WhatsApp Image 2017-07-18 at 11.27.47 AM

WhatsApp Image 2017-07-18 at 11.13.55 AMWhatsApp Image 2017-07-18 at 11.29.37 AM

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com