បញ្ហាចម្រោងចម្រាស់រវាងអាជីវករ និងម្ចាស់ផ្សារ៉ាថ្មីនៅតែគ្មានដំណោះស្រាយល្អប្រសើរ

(បន្ទាយមានជ័យ)៖ ក្រោយការបើកិច្ចប្រជុំសម្របសម្រួលលើសំណើរ សុំអន្តរាគមន៍របស់អាជីវករផ្សាររ៉ាថ្មីមកអាជ្ញាធរក្រុងប៉ោយប៉ែត ដែលសូមឲ្យម្ចាស់ផ្សារកុំដំឡើងតម្លៃតូបក្នុងអាណត្តថ្មីនោះ នៅតែគ្មានដំណោះស្រាយណាមួយល្អប្រសើរឡើយ ។

កិច្ចប្រជុំសម្របសម្រួលនេះ ធ្វើឡើងកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នៅមូលដ្ឋានក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងក្រុងប៉ោយប៉ែត រួមទាំងអាជ្ញាមូលដ្ឋាន និងម្ចាស់ផ្សារ អាជីវកជាង៨០នាក់ ។

ក្នុងកិច្ចប្រជុំនេះ ក្រុមអាជីវករបានលើកឡើង និងទទូចសុំឲ្យអាជ្ញាធរមេត្តាជួយអន្តរាគមន៍ដល់ពួកគាត់ ដើម្បីឲ្យម្ចាស់ផ្សារយល់ព្រមតាមការទាមទាររបស់ពួកគាត់ ដូចជាសុំឲ្យជាម្ចាស់ផ្សាររ៉ាថ្មី ក្នុងអាណត្តថ្មីនេះ កុំដំឡើងតម្លៃតូប ដោយរក្សាតម្លៃដូចក្នុងអាណត្តិចាស់ គឺ៥ឆ្នាំ, សុំឲ្យម្ចាស់ផ្សាររៀបចំសន្តិសុខផ្សារឲ្យបានគ្រប់ពេលវេលា, សុំឲ្យម្ចាស់ផ្សារបង្កើនការប្រមូលសម្រាមព្រោះពួកគាត់បង់ផាស៊ីមិនដែលខាន និងសុំរុះរើសម្ភារៈសំណង់តូបដូចជាទ្វារ រនាំង ជញ្ជាំង ពិដាន កុងទ័រភ្លើង ដែលជាថវិកាផ្ទាល់ខ្លួនរបស់ពួកគាត់ ក្នុងករណីពួកគាត់មិនបន្តកុងត្រា ។

ក្រោយការលើកឡើងពីការទាមទារ និងផលវិបាកមួយចំនួនរបស់អាជីវកផ្សារ៉ាថ្មី លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត ក្នុងនាមអាជ្ញាធរក្រុង បានទទួលយកសំណើរ និងបានស្នើទៅខាងម្ចាស់ផ្សារ មេត្តាមានការយោគយល់ចំពោះក្រុមអាជីវករ ព្រោះអាជីវករក៏ជាផ្នែកមួយយ៉ាងសំខាន់របស់ផ្សារ ហើយម្យ៉ាងវិញទៀមួយរយៈនេះអាជីវករ ក៏លក់មិនសូវដាច់ដែរ ។

ម្យ៉ាងទៀតសោធលោកមិនចង់ឲ្យភាគីទាំងសងខាងមានការខាតបង់អ្វីឡើយ ហើយក៏មិនអាចអនុញ្ញាតឲ្យអ្នកវិនិយោគណាម្នាក់ កេងចំណេញហួសពីសៀវភៅបន្ទុករបស់រដ្ឋដែរ ។

បើទោះបីជាមានការ សម្របសម្រួលពីលោកអភិបាលក្រុងយ៉ាងណានេះក្តី ក៏ខាងម្ចាស់ផ្សាររ៉ាថ្មី នៅតែមិនព្រម ទទួលយកសំណើរនេះដែរ ដោយរក្សាជំហរយកថ្លៃតូប តម្លៃជួលដាច់មួយអាណត្តិរយៈពេល៥ឆ្នាំ ក្នុងតម្លៃ២៥០០ដុល្លារ។ តម្លៃជួល បង់ប្រចាំខែមួយអាណត្តិ ត្រូវបង់មុន១២០០ដុល្លារ ហើយត្រូវបង់ប្រចាំខែ១០ម៉ឺនរៀលបន្ថែមទៀតរហូតដល់ចប់អាណត្តិ ។

ដោយឡែកបញ្ហាមួយចំនួនទៀត នឹងបន្តអនុវត្តន៍តាមកិច្ចសន្យា ដែលខាងភាគីម្ចាស់ផ្សារ បានចុះជាមួយអាជីវករ ។

គួររំលឹកថា បញ្ហាមិនសុខចិត្តរបស់អាជីវករផ្សារ៉ាថ្មី ដែលស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះ កាលពីកន្លងមក ធ្លាប់ត្រូវបានក្រុមអាជីវករសម្តែងការមិនពេញចិត្ត និងបានតវ៉ាពីរដង់រួចទៅហើយ ដោយមានទាំងការមកជុំគ្នានៅសាលាក្រុង ហើយដាក់ពាក្យសុំការអន្តរាគមន៍ពីអាជ្ញាធរនិងនាំគ្នាឈរត្រៀបត្រានៅមុខទីតាំងផ្សារ៕ (SN- ពៅ)

photo_2017-07-18_07-47-44 photo_2017-07-18_07-47-45 photo_2017-07-18_07-47-46 photo_2017-07-18_07-47-47 (2) photo_2017-07-18_07-47-47

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com