រថយន្តដឹកដីកំពុងបំផ្លាញផ្លូវក្នុងក្រុងសៀមរាប ធ្វើឲ្យអ្នកភូមិក្តៅក្រហាយ

(សៀមរាប)៖ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប កំពុងតែខឹងក្តៅក្រហាយនឹងអ្នកដឹកអាចម៍ដីលក់នៅក្នុងខេត្តនេះ ដែលបានបំផ្លាញផ្លូវលំមួយខ្សែនៅក្នុងភូមិរបស់គាត់ ដោយសាររថយន្ដដឹកដីបើកបរឆ្លងកាត់រាល់ថ្ងៃ និងធ្វើឲ្យផ្លូវនេះខូចខ្ទេចខ្ទីពិបាកធ្វើដំណើរឆ្លងកាត់ខ្លាំងណាស់។ 
ប្រជាពលរដ្ឋ១២ភូមិ ក្នុងឃុំសង្កាត់ក្របីរៀល ក្រុងសៀមរាប បាននិយាយថា ផ្លូវមួួយខ្សែនេះ កំពុងតែរងការបំផ្លិចបំផ្លាញពីសំណាក់រថយន្តដឹកដីធំៗរបស់បុរសម្នាក់ ដែលពួកគាត់ហៅថា ថៅកេ ម៉ៅ បើកបរឆ្លងកាត់ រហូតធ្វើឲ្យផ្លូវក្រាលក្រួសក្រហមក្នុងភូមិរបស់គាត់ បាក់ស្រុត បែកល្បាប់ និងដក់ទឹកនៅពេលភ្លៀងម្តងៗ។ ចំណែកនៅពេលរាំងស្ងួតវិញ ផ្លូវនេះហុយដីទ្រលោមធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នករស់នៅក្នុងតំបន់នេះ។

ប្រជាពលរដ្ឋក្នុងភូមិទាំងនេះ បានរៀបរាប់ថា ក្បួនរថយន្ដដឹកដីនេះ ចាប់ផ្ដើមធ្វើចរាចរណ៍ដឹកដីរៀងរាល់ថ្ងៃ ពីម៉ោង៥ព្រឹក រហូតដល់ម៉ោង៥ល្ងាច ដោយក្នុងមួយថ្ងៃៗ បើកបរទៅមកមិនតិចជាង១០០ដងឡើយ។

ពួកគាត់បានអះអាងថា ក្បួនរថយន្ដដឹកជញ្ជូនដីរបស់ថែាកែ ម៉ៅ កំពុងតែបំផ្លាញអ្នកដទៃ ហើយពួកគាត់កំពុងសង្ស័យថា ថៅកែដឹកដីលក់រូបនេះ កំពុងធ្វើអាជីវកម្មហួសច្បាប់កំណត់ ព្រោះពួកគាត់បានសង្កេតឃើញរណ្ដៅដីជ្រៅដល់ក្បាលប្រេត និងមានទំហំធំៗ នៅជាប់តំបន់ព្រៃលិចទឹកនាមាត់បឹងទន្លេសាប។

ទាក់ទិននឹងករណីបំផ្លាញផ្លូវនេះ អាជ្ញាធរសង្កាត់ក្របីរៀល បានទទួលស្គាល់ថា ផ្លូវនេះពិតជាខូចខាតដោយសាររថយន្ដដឹកដីររបស់ថៅកែ ម៉ៅ ពិតប្រាកដមែន ហើយវាកំពុងធ្វើឲ្យប្រជាពលរដ្ឋ១២ភូមិ នៅក្នុងសង្កាត់ក្របីរៀលនេះ ពិបាកធ្វើដំណើរខ្លាំងណាស់ ព្រោះមិនមានផ្លូវណាផ្សេងអាចវៀងបានឡើយ។

លោក ឃឹម ប៊ុនសុង អភិបាលខេត្ដសៀមរាប ធ្លាប់មានប្រសាសន៍នៅក្នុងពិធីសម្ពោធបើកការដ្ឋានធ្វើផ្លូវមួយខ្សែប្រវែង១៣០០ម៉ែត្រ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧នេះថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន នៅតែបន្ដសាងសង់ផ្លូវជូនប្រជាពលរដ្ឋ បើទោះបីនៅឃុំ សង្កាត់ខ្លះ មានមេឃុំថ្មីដឹកនាំក៏ដោយ។

ត្រង់ចំណុចនេះ ប្រជាពលរដ្ឋបានសំណូមឲ្យអាជ្ញាធររឹតបណ្តឹងរថយន្តដឹកអាចម៍ឲ្យចេះគោរពច្បាប់ផង បើមិនដូច្នេះទេ ផ្លូវដែលសាងសង់រួចហើយ ងាយនឹងខូចខាតទៅវិញណាស់ ដោយសាររថយន្តដឹកដីបំផ្លាញ៕ (SN- រិទ្ធី)

photo_2017-07-18_07-24-09 photo_2017-07-18_07-24-14 photo_2017-07-18_07-24-19 photo_2017-07-18_07-24-26photo_2017-07-18_07-24-09

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com