មេខ្លោងបំផ្លាញឈើខ្មែរដ៏ល្បីល្បាញ ឈ្មោះ ង្វៀង ធីម៉ាយ ជាប់អន្ទាក់តុលាការខេត្តកំពង់ធំ

(កំពង់ធំ)៖ មុននេះបន្តិច មេក្លោងបំផ្លាញឈើខ្មែរ ដ៏ល្បីល្បាញ ឈ្មោះ ង្វៀង ធីម៉ាយ ហៅយាយម៉ៃអន្លង់វែង ត្រូវបាននគរបាលខេត្តកំពង់ធំ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ចាប់ខ្លួនបានហើយនៅក្នុងហាងផ្កាយមាស នៅក្នុងភូមិបល្ល័ង្ក ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ការចាប់ខ្លួននេះ ធ្វើឡើងតាមដិកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ឃន សុកល ចៅក្រមសាលាដំបូងខេត្តកំពង់ធំ ចុះថ្ងៃទី១៧ ខែកក្កដានេះ ក្រោមការសម្របសម្រួលពីរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ដោយបានដឹកនាំកម្លាំងចុះឃាត់ខ្លួនស្ត្រីវៀតណាម ល្បីខាងបំផ្លាញ និងដឹកឈើក្រញូងខុសច្បាប់ នៅពេលស្ត្រីរូបនេះ និងអ្នកបើកបរម្នាក់ កំពុងឈប់សម្រាក ដើម្បីពិសាបាយ។

ង្វៀង ធីម៉ាយ និងអ្នកបើកបរ នៅពេលនេះត្រូវបានព្រះរាជអាជ្ញាសាកសួរ ដើម្បីកសាងសំណុំរឿងបន្ថែម។

ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ធ្លាប់បានចេញដិកា ឲ្យចាប់ខ្លួនស្ត្រីវៀតណាមម្នាក់នេះ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ ប៉ុន្តែជននេះគេចខ្លួនរហូត។

លោក វ៉ាន់ វិបុល អធិការរងក្រុងស្ទឹងសែន បានឲ្យដឹងថា សមត្ថកិច្ចរបស់លោកបានចាប់ខ្លួនជនសង្ស័យទាំងពីរនាក់នេះ ដោយផ្នែកតាមដិកាបញ្ជាឲ្យចាប់ខ្លួនរបស់លោក ឃន សុកល ប្រធានសាលាដំបូងខេត្តកំពង់ធំ លេខ១៦២៨/២០១៧ ចុះថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០១៧ ពីបទប្រមូល និងដឹកជញ្ជូនផល អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ដែលជាបទល្មើសមានចែងក្នុងមាត្រា៩៦ មាត្រា៩៨ នៃច្បាប់ព្រៃឈើ និងប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា៦៣០នៃក្រមព្រហ្មទណ្ឌ។

បន្ទាប់មកនៅរសៀលថ្ងៃទី៧ ខែកក្តដានេះ សមត្ថកិច្ចបានឆែកឆេរឃើញរថយន្តលុចសីស៤៧០ពណ៌ខ្មៅ ពាក់ស្លាកលេខក្លែងក្លាយផងដែរ។

លោកបានបន្តថា បរុសជាអ្នកបើកបរឈ្មោះ ម៉ុន ធី អាយុ៤៥ឆ្នាំ រស់នៅភូមិគោកដូង ឃុំទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ដែលពេលនេះ នគរបាលស្នងការខេត្តកំពុងតែសួរនាំបន្ថែម។

ង្វៀង ធីម៉ាយ ហៅយាយ ម៉ាយ អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួល ស្ថិតនៅក្នុងភូមិអភិវឌ្ឍន៍ ឃុំអន្លែង ស្រុកអន្លង់វែង ខេត្តឧត្តមមានជ័យ ដែលជាឈ្មួញដឹកឈើគ្រញូងយ៉ាងសកម្ម ឆ្លងកាត់ខេត្តសៀមរាប និងខេត្តកំពង់ធំ  ប៉ុន្តែនៅថ្ងៃនេះត្រូវអស់ឥទ្ធិ ទើបជាប់អន្ទាក់សមត្ថកិច្ចតែម្តង៕ (ផាន់ អាណា)

photo_2017-07-17_21-11-44 photo_2017-07-17_21-11-52 photo_2017-07-17_21-12-00 photo_2017-07-17_21-12-04

photo_2017-07-17_17-28-41 photo_2017-07-17_17-39-52

photo_2017-07-17_18-04-59

 

 

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com