ប្រជាពលរដ្ឋស្រុកខ្សាច់កណ្តាល ព្រួយបារម្ភពីការបូមខ្សាច់របស់កំពង់ផែភ្នំពេញ

(កណ្តាល)៖  នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ប្រជាពករដ្ឋនៅភូមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល បានធ្វើវេទិការសាធារណ: ដើម្បីពិគ្រោះយោបល់ជាមួយអ្នករស់នៅក្បែរទីតាំងគ្រោងបូមខ្សាច់ស្តារបាតទន្លេ ដើម្បីបង្កើតជាគន្លងនាវាចរណ៍។

ពិធីនេះធ្វើឡើងក្រោមអធិបតីលោក ហុី ប៉ាវី អគ្គនាយកកំពង់ផែស្វយ័ត្នភ្នំពេញ លោក ឃឹម ចាន់គីរី អភិបាលរងខេត្តកណ្តាល និងមន្ត្រីសាលាស្រុកខ្សាច់កណ្ដាល ព្រមទាំងមានវត្តមានប្រធានក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋប្រមាណ៤៥០នាក់។

ក្នុងឪកាសនេះ លោក សាយ ទូច អាចារ្យវត្តព្រែកលួង បានសម្តែងការព្រួយបារម្មណ៍ពីផលប៉ះពាល់ដោយសារការបូមខ្សាច់នេះ ដោយលោកលើកឡើងថា នៅតំបន់នេះធ្លាប់មានក្រុមហ៊ុនមួយចំនួន បានមកបូមខ្សាច់នៅក្បែរកោះនេះដែរ ដែលក្រោយមកបង្កឲ្យបាក់ស្រុតច្រាំងខ្លាំងទន្លេ រហូតធ្វើឲ្យប្រជាពលរដ្ឋនាំគ្នាតវ៉ាឲ្យបញ្ឈប់ការបូមជាបន្ទាន់។

លោកបានលើកឡើងទៀតថា រាល់ពេលធ្វេីអាជីវកម្មបូមយកខ្សាច់ សុទ្ធតែមានកិច្ចសន្យាច្បាស់លាស់ជាមួយអាជ្ញាធរស្រុក និងខេត្ត ដោយសន្យាថា នឹងបូមក្នុងចម្ងាយ១៥០ម៉ែត្រពីច្រាំងទន្លេ ប៉ុន្តែផ្ទុយទៅវិញ បែរជាមកបូមនៅកៀកច្រាំង ខុសពីអ្វីដែលបានសន្យា។ ដូច្នេះ ពេលនេះ ពួកគាត់បាននាំគ្នាមកធ្វេីវេទិការសាធារណៈ ដើម្បីសម្ដែងការព្រួយបារម្ភរបស់ខ្លួន។

នៅក្នុងវេទិការនេះ លោក ហុី ប៉ាវី អគ្គនាយកកំពង់ផែស្វយ័ត្នភ្នំពេញ អភិបាលរងខេត្តកណ្ដាល និងមន្រ្តីសាលាស្រុកខ្សាច់កណ្ដាល បានសន្យាថា នឹងដាក់សាឡង់បូមខ្សាច់ឲ្យស្ថិតនៅចម្ងាយ២៩៥ម៉ែត្រពីច្រាំងទន្លេ។

លោកអាចារ្យរូបនេះបានបន្ថែមទៀតថា ទោះបីជាពួកគាត់យល់ព្រម ក៏ពួកគាត់នៅតែព្រួយបារម្មណ៍ ព្រោះខ្លាចមានការបំពានការសន្យាដូចលើកមុនទៀត។

គួររំលឹកដែរថា ការស្តារបាតទន្លេ គឺជាការស្តារបេីកផ្លូវនាវាចរណ៍ ហេីយជាកាតព្វកិច្ចរបស់កំពង់ផែស្វយ័ត្នភ្នំពេញ ដែលជាសហគ្រាសស្វយ័ត្នមួយរបស់រដ្ឋ។ ក៏ប៉ុន្តែការស្តារបាតទន្លេ ប្រសិនបើក្នុងគោលបំណងបេីកផ្លូវនាវាចរណ៍ និងសម្រួលផ្លូវទឹកពិតប្រាកដមែននោះ គឺមិនចាំបាច់យកខ្សាច់ទៅលក់ធ្វេីអាជីកម្មនោះទេ ផ្ទុយទៅវិញ បេីមានអាជីវកម្មហេីយ  កំពង់ផែនឹងលក់អាជ្ញាប័ណ្ណទៅឲ្យក្រុមហ៊ុនមួយផ្សេងទៀត ដើម្បីធ្វើអាជីកម្មខ្សាច់ទៅវិញ។

ប្រជាពលរដ្ឋបានលើកជាឧទាហរណ៍ថា នាពេលកន្លងមក និងនាពេលថ្មីៗនេះ នៅស្រុកលេីកដែក ខេត្តកណ្ដាល កំពុងតែមានការឈ្លោះប្រកែកគ្នាមិនទាន់ត្រូវបានដោះស្រាយចប់សព្វគ្រប់នៅឡេីយទេ ដោយសារបញ្ហាបង្កឡើងដោយការបូមខ្សាច់នេះ។

ចំណែកបុរសវ័យចំណាស់ម្នាក់ទៀតឈ្មោះ ព្រឿង ស៊ុន បានមានប្រសាសន៍ថា គាត់យល់ព្រមឲ្យមានការបូមស្ដារបាតទន្លេ ប្រសិនបេីការបូមយកខ្សាច់នេះ មិនបង្កផលប៉ះពាល់រហូតបាក់ច្រាំង និងខូចផលដំណាំរបស់គាត់ទេ។ ផ្ទុយទៅវិញ ប្រសិនបើការបូមនេះ បង្កផលប៉ះពាល់ដល់គាត់ និងប្រជាពលរដ្ឋក្នុងតំបន់នេះ នោះពួកគាត់នឹងនាំគ្នាតវ៉ាឲ្យបញ្ឈប់សកម្មភាព។

ចំពោះបញ្ហានេះ លោក ហួត ហាក់ ប្រធានការិយាលយ័រ៉ែ និងថាមពល ស្រុកខ្សាច់កណ្ដាល បានលេីកឡេីងថា ការធ្វេីវេទិការសាធារណៈនេះ គឺផ្តោតទៅលេីការបូមស្តារខ្សាច់បាតទន្លេ ដេីម្បីសម្រួលចរន្តទឹកហូរ និងធ្វើឲ្យបាតទន្លេជ្រៅ អាចឲ្យនាវាធំៗធ្វើដំណើរបាន។

លោកបានលេីកឡេីងទៀតថា ប្រជាពលរដ្ឋគួរសប្បាយចិត្តក្នុងការបូមស្តារយកខ្សាច់ចេញពីបាតទន្លេ ដើម្បីធ្វើឲ្យចរន្តទឹកហូរខ្លាំង ចៀងវាងការបាក់ច្រាំង និងបង្កប៉ះពាល់ដល់ផលដំណាំប្រជាជន ហេីយការបូមយកខ្សាច់នៅពេលនេះ នឹងមានដាក់ពោងសម្គាល់។

លោកបានអះអាងថា ប្រសិនបេីមានប្រការណាមួយខុសឆ្គង ខាងកំពង់ផែស្វយ័ត្នភ្នំពេញ ជាអ្នកទទួលការខុសត្រូវទាំងស្រុង៕ (SN- កណ្ដាល)

WhatsApp Image 2017-07-16 at 6.29.35 PM

WhatsApp Image 2017-07-16 at 6.29.36 PM WhatsApp Image 2017-07-16 at 6.29.39 PM WhatsApp Image 2017-07-16 at 6.29.40 PM

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com