ប្រជានេសាទក្នុងខេត្តកំពង់ធំ ទាមទារឲ្យដក នាយរងខណ្ទរដ្ឋបាលជលផលពាមបាង ព្រោះខូចពេក

(កំពង់ធំ)៖ នៅក្នុងអង្គប្រជុំបូកសរុបការងារនៅក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០១៧ ប្រជាពលរដ្ឋជាច្រើននាក់បានផ្តិតមេដៃសំណូមពរ ឲ្យអភិបាលខេត្តកំពង់ធំ ក៏ដូចជាថ្នាក់ដឹកនាំដទៃទៀត សម្រេចដកតំណែងនាយរងខណ្ទរដ្ឋបាលជលផលកំពង់ធំ ដោយសារពួកគាត់ចាត់ទុកថា មន្ត្រីរូបនេះតែងតែកៀបសង្កត់ប្រជាពលដ្ឋរឿងនេសាទត្រី និងបង្ខំឲ្យមានការបង់លុយ ដែលធ្វើឲ្យពួកគាត់មិនសប្បាយចិត្ត។

លោក ជល ថាច នាយរងខណ្ទរដ្ឋបាលជលផលកំពង់ធំ ត្រូវបានលោក ប៉ែន វណ្ណរិទ្ធ នាយខណ្ទរដ្ឋបាលជលផលកំពង់ធំ តែងតាំងឲ្យទទួលខុសត្រូវក្នុងការបង្រ្កាបបទល្មើសនេសាទ ប៉ុន្តែលោកពុំបានយកសិទ្ធិ និងអំណាច មកបង្រ្កាបបទល្មើសនោះទេ បែរជាមកប្រមូលលុយពីបទល្មើស និងកៀបសង្កត់ប្រជានេសាទឲ្យបង់លុយទៅវិញ។

សកម្មភាពប្រមូលលុយពីបទល្មើសនេសាទខុសច្បាប់នេះ លោក ជល ថាច បានប្រើឲ្យលោក គុំ ខុម ជាសមាជិកគណបក្សសង្រ្គោះជាតិ ជាអ្នកដើរប្រមូលលុយឲ្យខ្លួន។ រីឯបទល្មើសជលផលនេសាទច្រើនត្រៀបត្រាពេញផ្ទៃទឹក ស្ថិតនៅក្នុងភូមិបាឡត ភូមិដូនស្តើង ភូមិពៅវើយ និងភូមិពាមបាង ក្នុងឃុំពាមបាង ស្រុកស្ទោង ត្រូវបានគេប្រទះឃើញមិនតិចពីជាង៥០០កន្លែងទេ ដែលសុទ្ធសឹងតែជាបទល្មើសដាក់បរ ស្បែមុង និងទ្រូមុខមួយរយ ដែលត្រូវបានគេដឹងថា មានឈ្មោះ លោក ជា និងអ្នកស្រី ស្រកា ជាអ្នកបណ្តាក់ទុនឲ្យក្រុមប្រព្រឹត្តបទល្មើសនេសាទទាំងនេះធ្វើ ហើយប្តីប្រពន្ឋមួយគូនេះហាមមិនឲ្យប្រជាពលរដ្ឋធ្វើនេសាទជាលក្ខណៈគ្រួសារនោះទេ។

តាមប្រពភព័ត៌មានច្បាស់ការណ៍បានឲ្យដឹងថា ប្តីប្រពន្ឋទាំងពីរនាក់នេះ ត្រូវបានអ្នកភូមិក្នុងតំបន់នេះ ឲ្យរហស្សនាមថា «ជា ស្រកា» គឺជាអ្នកទិញត្រីប៉ាវផ្តាច់ នៅភូមិបាឡត ហើយថែមទាំងនាំអ្នកជីក្រែងមកប្រព្រឹត្តបទល្មើសនេសាទ ហើយនៅពេលអ្នកសារព័ត៌មាន សុំសម្ភាសបែរជាជេរគំរាម ដោយសារតែមានភ្លើងខៀវពីសំណាក់សមត្ថកិច្ចរដ្ឋបាលជលផល ទើបបានជាឈ្មួញជើងមិនជាប់ដី មានអំណាចដល់ថ្នាក់នេះ។

លោក យ៉ាន វិសាក់ នាយផ្នែករដ្ឋបាលជលផលផាត់សណ្តាយ បានឲ្យដឹងតាមទូរស័ព្ទថា ចំពោះបទល្មើសដែលកំពុងតែកើតមាននៅតាមភូមិសាស្រ្តឃុំពាមបាង គឺលោកនាយខណ្ទបានឲ្យលោក ជល ថាច នាយរងខណ្ទរដ្ឋបាលជលផលកំពង់ធំ ជាអ្នកចុះអនុវត្តបង្រ្កាប ចំណែកការបង្រ្កាប ឬមិនបង្រ្កាបនោះ លោកពុំបានដឹងនោះទេ៕ (SN-សុផាត)

photo_2017-07-16_18-15-40photo_2017-07-16_18-15-47photo_2017-07-16_18-15-54photo_2017-07-16_18-16-01photo_2017-07-16_18-16-09photo_2017-07-16_18-16-15photo_2017-07-16_18-16-21photo_2017-07-16_18-16-27

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com