ឈ្មួញឈើខុសច្បាប់មិនខ្លាចមេព្រៃខេត្តត្បូងឃ្មុំ​ ព្រោះពួកគេបានបង់លុយរួចហើយ

(ត្បូងឃ្មុំ)៖ សកម្មភាពដឹកឈើខុសច្បាប់តាមរថយន្តកែច្នៃ និងរថយន្តសាមយ៉ុង ឆ្លងកាត់ទឹកដីខេត្តត្បូងឃ្មុំ រាប់សិបគ្រឿងក្នុងមួយថ្ងៃៗ ដោយគ្មានសមត្ថកិច្ចជំនាញណាមួយចេញមុខអន្តរាគមន៍បង្ក្រាបឡើយ។

ការមិនបង្ក្រាបបែបនេះត្រូវបានមន្ត្រីមួយចំនួននៅក្នុងខេត្តត្បូងឃ្មុំបង្ហើបឲ្យដឹងថា ដោយសារក្រុមឈ្មួញឈើ បានបង់លុយឲ្យមន្ត្រីពាក់ព័ន្ធរួចរាល់អស់ហើយ ជាពិសស ពួកគេបង់លុយមន្ត្រីរដ្ឋបាលព្រៃឈើ ដែលមានលោក គឹម ឈុនលី ជាប្រធាន។

មន្ត្រីទាំងនេះ ដែលដឹងហេតុការណ៍ច្បាស់ បានឲ្យដឹងទៀតថា អ្នករកស៊ីឈើខុសច្បាប់ទាំងអស់ មុននឹងដឹកចូល ឬឆ្លងកាត់ទឹកដីខេត្តត្បូងឃ្មុំ ត្រូវតែរាយការណ៍មកលោក គឹម ឈុនលី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ និងកូនចៅជាមុនសិន ប្រសិនបើត្រូវគ្នា ទើបឈ្មួញហ៊ានដឹកឆ្លងកាត់ខេត្តមួយនេះ ចំណែកក្រុមឈ្មួញអាចបង់ប្រាក់តាមប្រព័ន្ធវេរលុយជាដើម។

ចំពោះការដឹកឈើតាមរថយន្តកែច្នៃ ឬរថយន្តសាមយ៉ុង កូនចៅរបស់លោក គឹម ឈុនលី ចាំរាប់ក្បាលឡាន ដើម្បីបង់លុយដាក់ខែតែម្តង ហេតុដូច្នេះហើយ ទើបមិនមានវិធានការបង្ក្រាបទាល់តែសោះ។

ជុំវិញករណីនេះលោក គឹម ឈុនលី នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តត្បូងឃ្មុំ បានបកស្រាយថា សកម្មភាពដឹកឈើនេះ មន្ត្រីរដ្ឋបាលព្រៃឈើរបស់លោក បានចាត់វិធានការទប់ស្កាត់ និងបង្ក្រាបដែរ ប៉ុន្តែជួបការលំបាកដោយសារក្រុមឈ្មួញដឹកឈើមិនខ្លាចសមត្ថកិច្ចទាល់តែសោះ។

ជាការពិតក្រុមឈ្មួញដឹកឈើខុសច្បាប់ទាំងនេះ គឺមិនខ្លាចសមត្ថកិច្ច ដូចការលើកឡើងរបស់លោក គឹម ឈុនលី មែន ដោយសារពួកគេបានបង់ឲ្យជំនាញទាំងអស់នៅតាមផ្លូវ និងជំនាញមិនតាមតាមផ្លូវ ជាពិសេសពួកគេបានលង់លុយឲ្យមន្ត្រីរដ្ឋបាលព្រៃឈើរួចអស់ហើយ។

សូមជម្រាបថា សព្វថ្ងៃសកម្មភាពរកស៊ីឈើខុសច្បាប់ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ បានកម្រើងឡើងវិញ ទាំងប្រភេទឈើក្រហម និងឈើប្រណីត ចំណែកច្រករបៀងតាមព្រំដែនមួយចំនួន នៅតែអនុញ្ញាតឲ្យឈ្មួញដឹកឈើប្រណីតខុសច្បាប់ជាហូរហែចូលទៅលក់ក្នុងទឹកដីវៀតណាម ជាពិសេសតាមច្រកព្រំដែនស្រុកមេមត់ ដែលគ្រប់គ្រងដោយលោកមេគយ ចាន់ សុផាត៕ (SN- ត្បូងឃ្មុំ)

photo_2017-07-16_08-34-42 photo_2017-07-16_08-34-45 photo_2017-07-16_08-35-24 photo_2017-07-16_08-35-25 photo_2017-07-16_09-03-16

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com