​​អភិបាលខេត្តត្បូងឃ្មុំ និងអភិបាលក្រុងសួង ​​​រកមុខអ្នកទារភាស៊ីចំណតឡានផ្សារសួងមិនឃើញ

(ត្បូងឃ្មុំ)៖ ផ្សារសួងនៅតែបន្តជាផ្សារ អនាធិបតេយ្យរញ៉េរញ៉ៃ គ្មានសណ្ដាប់ធ្នាប់ ខណៈអភិបាលខេត្តត្បូងឃ្មុំ លោក លី ឡេង និងលោក ជា ណារ៉ុន អភិបាលក្រុងសួង បានសម្តែងការខកចិត្តចំពោះអ្នកម៉ៅការទារភាស៊ីផ្សារសួង មិនដែលមកចូលរួមប្រជុំរកដំណោះស្រាយជាមួយអាជ្ញាធរ ដែលសូម្បីតែម្តងក៏គ្មានដែរ។

ការលើកឡើងបែបនេះរបស់លោកអភិបាលខេត្ត និងលោកអភិបាលក្រុង ធ្វើឡើងក្នុងកិច្ចប្រជុំគ្រោងទុកមួយ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅសាលាក្រុងសួង ដើម្បីពិភាក្សាគ្នារវាងអាជ្ញាធរមូលដ្ឋាន ជាមួយអ្នកម៉ៅការទារភាស៊ីចំណតរថយន្តផ្សារសួង ឈ្មោះកញ្ញា អ៊ុយ បូវី។

លោក លី ឡេង បានមានប្រសាសន៍នៅក្នុងអង្គប្រជុំថា បញ្ហាមួយចំនួននៅក្នុងផ្សារសួងនៅតែជាបញ្ហាចោទ ដែលគ្រប់ភាគីត្រូវជួបប្រជុំគ្នារកដំណោះស្រាយ តែគួរឲ្យស្តាយ ដែលអ្នកម៉ៅការឈ្មោះកញ្ញា អ៊ុយ បូវី មិនដែលមកចូលរួមប្រជុំសូម្បីតែម្តង ខណៈគ្រប់ការប្រជុំតែងតែបញ្ជូនអ្នកតំណាងឲ្យមកចូលរួមជំនួស។

ចំណែកលោក ជា ណារ៉ុន បានមានប្រសាសន៍លើកឡើងនៅក្នុងអង្គប្រជុំនេះដែរថា លោកតែងតែអញ្ជើញគ្រប់ភាគីឲ្យមកចូលរួមប្រជុំឲ្យបានញឹកញាប់ ដើម្បីរកដំណោះស្រាយ ដែលអាចទទួលយកបានទាំងអស់គ្នា ប៉ុន្តែគួរឲ្យស្តាយកញ្ញា អ៊ុយ បូវី អ្នកម៉ៅការទារភាស៊ីចំណតរថយន្តផ្សារសួង មិនដែលចូលរួមប្រជុំទេ ហើយរូបលោកផ្ទាល់ក៏មិនស្គាល់កញ្ញា អ៊ុយ បូវី ថាជានរណាមួយពិតប្រាកដដែរ ដ្បិតតាំងពីលោកឡើងកាន់តំណែងជាអភិបាលក្រុងសួងតាំងពីខែធ្នូ ឆ្នាំ២០១៦មក មិនដែលបានជួបមុខអ្នកវិនិយោគវ័យក្មេងនេះសោះ។

វាជាការហួសចិត្តមួយ ដែលថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ និងថ្នាក់ដឹកនាំក្រុងសួង មិនអាចស្គាល់មុខអ្នកទារថ្លៃភាស៊ីចំណតរថយន្តនៅផ្សារសួង ដែលជាអ្នករកមុខរបរមួយក៏កាក់កប និងមិនបាច់ចំណាយច្រើន ព្រោះថា អ្នកវិនិយោគទារថ្លៃភាស៊ីផ្សារ ភាស៊ីចំណតរថតយន្ត និងទារភាស៊ីសត្តឃាតដ្ឋាន មិនចាំបាច់ចំណាយច្រើនលើការសាងសង់ ឬអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអ្វីឡើយ ក្រៅតែប្រមូលលុយដាក់ហោប៉ៅ ក្រោយពីបង់សួយសារតិចតួចចូលវថិកាជាតិ។

នៅពេលទាក់ទងសុំបញ្ជាក់ព័ត៌មានបន្ថែមអំពីការវិនិយោគនៅផ្សារសួងនេះ លោក ជា ណារ៉ុន បានមានប្រសាសន៍ប្រាប់ Swift News តាមទូរស័ព្ទនៅថ្ងៃនេះថា តាំងពីលោកឡើងជាអភិបាល នៃគណៈអភិបាលក្រុងសួង ដែលមានរយៈពេលជិតពីរឆ្នាំហើយ លោកបានកោះប្រជុំជាហូរហែ ដើម្បីរកដំណោះស្រាយបញ្ហាខ្វះសណ្ដាប់ធ្នាប់នៅតាមចំណតរថយន្ត ដែលកញ្ញា អ៊ុយ បូវី ទទួលបានសិទ្ធិវិនិយោគរយៈពេល២០ឆ្នាំ គឺចាប់ផ្តើមពីឆ្នាំ២០០៨ ដើម្បីប្រមូលថ្លៃភាស៊ីចំណតរថយន្តផ្សារសួង ប៉ុន្តែអ្នកវិនិយោគរូបនេះមិនដែលមកចូលរួមប្រជុំ ដើម្បីរកដោះស្រាយបញ្ហាទេ ដោយបញ្ជូនត្រឹមតែតំណាងមកពីទីរួមខេត្តកំពង់ចាម ដែលជាអ្នកមិនមានសិទ្ធិ ឬអំណាចសម្រេចតាមការស្នើសុំរបស់អាជ្ញាធរ។

លោកបានសម្តែងការសង្ស័យថា កញ្ញា អ៊ុយ បូវី ដែលអះអាងថា មានទីលំនៅក្នុងរាជធានីភ្នំពេញ អាចគ្រាន់ជាមនុស្សឈរឈ្មោះឲ្យគេ ឬគ្រាន់តែមានត្រឹមឈ្មោះប៉ុណ្ណោះ ព្រោះរាល់ការទាក់ទងរវាងអ្នកម៉ៅការរូបនេះ និងអាជ្ញាធរមូលដ្ឋានតែងតែជួបការលំបាករហូត។

លោក ជា ណារ៉ុន បានមានប្រសាសន៍ត្អូញត្អែរប្រាប់ Swift News ថា «ខាងខ្ញុំហៅមកប្រជុំច្រើនដងហើយ មិនដែលឃើញមុខមកចូលរួមទេ ឃើញតែឲ្យតំណាងមក។ ខ្ញុំកំពុងសង្ស័យថា គាត់គ្រាន់តែឈរឈ្មោះឲ្យបងប្អូន។ ផ្ទះគាត់នៅភ្នំពេញ ហើយតែងតែឲ្យតំណាងមករហូត»។

លោកអភិបាកក្រុងសួងរូបនេះ បានរៀបរាប់ថា នៅផ្សារសួង មានអ្នកវិនិយោគទារភាស៊ីបីក្រុមខុសៗគ្នា គឺអ្នកវិនិយោគទារថ្លៃភាស៊ីក្នុងផ្សារមួយក្រុម មានរយៈពេល១៨ឆ្នាំ ដោយចាប់ពីឆ្នាំ២០០៩ និងអ្នកវិនិយោគទារភាស៊ីសត្តឃាតដ្ឋានមួួយក្រុមទៀត មានរយៈពេល១៨ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០១៥។ ចំណែក កញ្ញា អ៊ុយ បូវី គឺជាអ្នកវិនិយោគទារថ្លៃភាស៊ីចំណតរថយន្ត ដែលមានរយៈពេល២០ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០០៨រហូតមក។

លោកបានបន្តថា ការវិនិយោគទារថ្លៃភាស៊ីក្នុងផ្សារសួង ហាក់ដូចជាមិនបានវិនិយោគសាងសង់អ្វីជាដុំកំភួនទេ ក្រៅតែរក្សាទម្រង់ដើមរបស់ផ្សារ ដែលត្រូវបានសាងសង់តាំងពីឆ្នាំ១៩៨៥ម្ល៉េះ គឺមានន័យថា ដំបូលផ្សារប្រក់ស័ង្គសី នៅតែច្រែះចាប់ដដែល។

ចំពោះករណីមិនច្បាស់លាស់អំពីវត្តមានពិតប្រាកដរបស់ឈ្មោះ អ៊ុយ បូវី លោកអភិបាលក្រុងសួង បានមានប្រសាសន៍ថា គណៈបញ្ជាការខេត្តត្បូងឃ្មុំ និងគណៈការក្រុងបានកំណត់យកថ្ងៃទី១៧ ខែកក្កដានេះ ដើម្បីជួប្រជុំជាមួយអ្នកម៉ៅការទារភាស៊ីតាមផ្សារសួងម្តងទៀត ប្រសិនបើនៅតែគ្មានដំណោះស្រាយ គណៈកម្មការនឹងកំណត់ឱសានវាទដល់អ្នកម៉ៅការទាំងនេះ ដែលអាចកំណត់បានថា ពួកគេអាចបាត់បងសិទ្ធិវិនិយោគទារថ្លៃភាស៊ី ក្នុងករណីមិនព្រមអនុវត្តតាមសៀវភៅបន្ទុក និងកិច្ចព្រមព្រៀងវិនិយោគ។

ការបដិសេធមិនចូលរួមប្រជុំរកដំណោះស្រាយ ក្នុងចំណោមអ្នកហៅថា «វិនិយោគ» នេះហើយ ទើបផ្សារសួងនៅតែមានភាពរញ៉េរញ៉ៃ អាជីវករលក់ដូរគ្មានសណ្តាប់ធ្នាប់ អ្នកយកថ្លៃភាស៊ីយកតាមតែអំពើចិត្ត គឺយកលើសសៀវភៅបន្ទុក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានកំណត់។

ជាក់ស្តែងដូចជាភាស៊ីផ្ញើកង់ ម៉ូតូ យកថ្លៃដល់១០០០ រៀល ខណៈក្នុងសៀវភៅបន្ទុកតម្រូវឲ្យយកតែ៣០០ ឬ៥០០រៀលប៉ុណ្ណោះ។ 

កញ្ញា អ៊ុយ បូវី អ្នកម៉ៅការទារថ្លៃភាស៊ីចំណតរថយន្តផ្សារសួង ដែលអភិបាលខេត្ត និងអភិបាលក្រុងមិនដែលឃើញមុខ Swift News មិនអាចទាក់ទងបានទេ៕ (SN-ត្បូងឃ្មុំ)

photo_2017-07-14_10-22-15 photo_2017-07-14_10-22-20 photo_2017-07-14_10-22-25 photo_2017-07-14_10-22-31 photo_2017-07-14_10-22-36 photo_2017-07-14_10-22-41 photo_2017-07-14_10-22-46

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com