មេគយច្រកព្រំដែន ក្នុងស្រុកមេមត់នៅតែបើកដៃឲ្យឈ្មួញដឹកឈើខុសច្បាប់ទៅវៀតណាម

(ត្បូងឃ្មុំ)៖ សព្វថ្ងៃនេះឈ្មួញរកសុីឈើខុសច្បាប់មួយចំនួន កំពុងតែកាក់កបនឹងការប្រមូលទិញឈើប្រណីតខុសច្បាប់គ្រប់ប្រភេទ ដែលដឹកជញ្ជូនមកពីខេត្តផ្សេងៗ មានដូចជាឈើសុក្រំ បេង នាងនួន ធ្នង់ និងឈើប្រណីតក្រញូងជាដើម ដើម្បីយកទៅលក់ឲ្យឈ្មួញវៀតណាម តាមចក្រព្រំដែន ដូនរ័ត្ន និងចាន់មូលស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលគ្រប់គ្រងដោយមេគយ ចាន់ សុផាត ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះឈ្មួញឈើប្រណីតខុសច្បាប់ ឈ្មោះ ហាប់ បានដឹកជញ្ជូនឈើដោយរថយន្តយីឌុប និងរថយន្តកែឆ្នៃ ចេញទៅលក់នៅប្រទេសវៀតណាម តាមច្រកព្រំដែនតំបន់ ដូនរត្ន័ បានក្រឡាប់ក្អួតចេញសុទ្ធតែឈើប្រណីត សង្កត់លើផ្ទះប្រជាពលរដ្ឋ។

បើទោះបីត្រូវចំណាយពេលរាប់សិបម៉ោង ដើម្បីរើឈើខុសច្បាប់ទាំងនោះដាក់រថយន្តវិញក៏ដោយ ក៏មិនឃើញមានសមត្ថកិច្ចពាក់ព័ន្ធណាចុះទៅពិនិត្យ ឬចាត់វិធានការផ្លូវច្បាប់ឡើយ។

ការមិនចាត់វិធានការបែបនេះ អាចជាការត្រូវដងត្រូវផ្លែរបស់សមត្ថកិច្ចពាក់ព័ន្ធនៅទីនោះជាមួយនឹងឈ្មួញឈើប្រណីត ឈ្មោះ ហាប់ ក៏ថាបាន ជាពិសេសបំផុត គឺលោកមេគយស្រុកមេមត់ ឈ្មោះ ចាន់ សុផាត ដែលមានតួនាទីជាប្រធានច្រកព្រំដែននៅទីនោះតែម្តង។

ជុំវិញបញ្ហានេះ Swift News មិនទាក់ទងសុំការបំភ្លឺពី លោក ចាន់ សុផាត បាននៅឡើយទេ ដោយទូរស័ព្ទជាច្រើនខ្សែមិនអាចហៅចូល។

ជាមួយគ្នានេះដែរ លោក គឹម ឈុនលី នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តត្បូងឃ្មុំ បានប្រាប់ Swift News ឲ្យដឹងថា សកម្មភាពរបស់ឈ្មួញឈើប្រណីតខុសច្បាប់ តែងតែដឹកឆ្លងចូលទៅទឹកដីប្រទេសវៀតណាមនេះ លោកមិនទាន់បានដឹងសោះតែម្តង៕ (SN- ត្បូងឃ្មុំ)

photo_2017-07-14_10-01-21 photo_2017-07-14_10-01-28 photo_2017-07-14_10-01-35

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com