មន្ត្រីរដ្ឋបាលព្រៃឈើព្រែកប្រសព្វ ខេត្តក្រចេះ ចាប់ទូកដឹកឈើខុសច្បាប់

 

(ក្រចេះ)៖ ទូកដឹកឈើល្មើសច្បាប់មួយគ្រឿង ដែលមានផ្ទុកឈើប្រភេទលេខ១ សុក្រមផែជាសន្លឹកជិត៤០០ដុំត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើផ្នែកព្រែកប្រសព្វ សហការជាមួយកម្លាំងនគរបាល ក្រោមការដឹកនាំផ្ទាល់ពីលោក ជា សុភក្រ័ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានចាប់ឃាត់នៅចំណុចតាមដងទន្លេមេគង្គ ស្ថិតក្នុងភូមិសោបក្រោម ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ កាលពីវេលាម៉ោង៩នឹង៤០នាទីយប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ។

ប្រភពបានឲ្យដឹងថា ឈើទាំងអស់ខាងលើ គឺក្រុមឈ្មួញបានលួចទិញពីតំបន់ព្រៃឡង់ហើយយកមកដាក់លាក់ក្នុងទូកដ៏ធំដើម្បីត្រៀមដឹកយកទៅលក់នៅខេត្តកំពង់ចាម ប៉ុន្តែត្រូវបានសមត្ថកិច្វស្រាវជ្រាចាប់ឃាត់បានតែម្តងកាលពីយប់មិញនេះ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងការចាប់ឃាត់ទូកឈើខាងលើ គឺកម្លាំងចម្រះុបានឃាត់ខ្លួនម្ចាស់ទូកដឹកឈើពីរនាក់ ដើម្បីយកមកសាកសួរ ដែលមានឈ្មោះ ចែថេន ភេទស្រី អាយុ៤៩ឆ្នាំ រស់នៅភូមិកំពង់ស្តី ឃុំថ្មរាប ស្រុកកោះសូទិន ខេត្តកំពង់ចាម និងម្នាក់ទៀតឈ្មោះ ង៉ុយ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិ ឃុំដូចអ្នកទី១ដែរ ។

លោក អុឹង សុីណាង នាយផ្នែករដ្ឋបាលព្រៃឈើព្រែកប្រសព្វបានឲ្យដឹងថា ពេលនេះវត្ថុតាងឈើល្មើសច្បាប់ខាងលើត្រូវបានកម្លាំងជំនាញកំពុងរើយកចេញពីទូក ដឹកយកទៅរក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើជ្រោយបន្ទាយ ដើម្បីរាប់ចំនួនជាក់លាក់ និងធ្វើការវាស់វែង៕ (SN-ព្រាប សរ)
Screen Shot 2017-07-13 at 3.44.45 PM Screen Shot 2017-07-13 at 3.58.51 PM WhatsApp Image 2017-07-13 at 12.04.30 PM

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com