UPDATE: អ្នកបាញ់បោះសេរីនៅក្នុងខណ្ឌដូនពេញ បានទៅដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាធានីភ្នំពេញ យ៉ាងហំហានដូចជាមិនខ្លាចអ្វីឡើយ

(ភ្នំពេញ)៖  អ្នកបាញ់បោះសេរីនៅក្នុងខណ្ឌដូនពេញ នៅព្រឹកនេះ បានចូលខ្លួនទៅដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាធានីភ្នំពេញហើយ រួចឈរថតរូប នៅខាងមុខទីបញ្ជាការដ្ឋាន យ៉ាងហំហាន ដូចជាមិនខ្លាចអ្វីបន្តិចឡើយ។

ជនសង្ស័យរូបនេះ ឈ្មោះ ទូច បូភាព អាយុ៣៥ឆ្នាំ ត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបញ្ជាឲ្យចូលខ្លួន កាលពីម្សិលមិញ។

ជននេះមានទីលំនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករានោះ ពីមុនជាអតីតមន្ដ្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ផ្នែកមជ្ឈឹម២ បន្ទាប់មកជននេះ បានលាឈប់ពីក្របខណ្នគរបាលជាតិ ទៅបម្រើការងារជាមន្ដ្រីយោធាវិញម្ដង ប៉ុន្ដែមិនដឹងថា បម្រើការនៅអង្គភាពណាមួយ។

ជុំវិញករណីជនប្រដាប់អាវុធ បានបាញ់បោះសេរីប្រមាណ១០គ្រប់ កាលពីវេលាម៉ោងជាង២២យប់ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ កន្លងមកនេះ មិនមែនកើតឡើងត្រង់ចំណុចមុខស្នាក់ការសហភាពសព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដូចអ្វីដែលគេហទំព័រ និងកាសែតមួយចំនួនបានចុះផ្សាយនោះទេ ហើយរហូតមកពេលនេះ ត្រូវបានតុលាការចេញដីកាបញ្ជាឱ្យចូលខ្លួន។

 
នៅយប់កើតហេតុ មានជននេះ បានធ្វើសកម្មភាពបាញ់បោះសេរី តាត្រង់ផ្លូវលេខ២៤២ និងផ្លូវលេខ៥៥ ភូមិទី៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រួចជិះរថយន្តគេចខ្លួនបាត់ស្រមោល។

 

បន្ទាប់ពីមានបទបញ្ជាពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ សមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវ តាមរយៈស្លាកលេខរថយន្ត រហូតកំណត់បានមុខសញ្ញាជនសង្ស័យ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយតំណាងអយ្យកាចេញដីកាបញ្ជាឱ្យចូលខ្លួនតែម្តង។

 

យោងតាមដីការលេខ១៧១ អ.យ.ឋ ចុះថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០១៧ នេះ ចេញដោយលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាឲ្យ ឈ្មោះ ទូច បូភាព ភេទប្រុស អាយុ ជាជនសង្ស័យ ចូលបង្ហាញខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ មុនថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ ដាច់ខាត ដើម្បីសាកសួរបំភ្លឺករណីរ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (ផ្ទុះអាវុធច្រើនគ្រាប់ ដោយអនាធិបតេយ្យតាមផ្លូវសាធារណៈ)។

 
សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ ទូច បូភាព មានទីលំនៅបច្ចុប្បន្ន ផ្ឬះលេខ១០០E0 ផ្លូវ២១៤ ក្រុម៧២ សង្កាត់វាលវង់ ខណ្ឌ៧មករា ដែលត្រូវបានគេស្គាល់ងា ជាអតីតមន្ដ្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ផ្នែកមជ្ឈឹម២ ត្រូវបានក្រសួងមហាផ្ទៃកាត់ឈ្មោះចេញពី ក្របខណ្ឌនគរបាលជាតិ៕ (ផាន់ អាណា)

photo_2017-07-12_15-09-02 - Copy

photo_2017-07-13_09-30-57 photo_2017-07-13_10-05-49

 

អត្ថបទដែលជាប់ទាក់ទង