ផ្សារដើមគ គឺជាពិភពក្លិនស្អុយនិងមហារញ៉េរញ៉ៃ សម្រាប់រាជធានីភ្នំពេញ

(ភ្នំពេញ)៖ ដើមឡើយផ្សារដើមគ គឺស្ថិតនៅតាមដងមហាវិថីម៉ៅសេទុង ក្នុងទឹកដីខណ្ឌទួលគោក ប៉ុន្តែក្រោយពីទន្ទ្រានយកផ្លូវមួយចំនួននៅជុំវិញផ្សារនេះ បានដោយជោគជ័យជាបន្តបន្ទាប់រួចមក សព្វថ្ងៃនេះ ផ្សារបន្លែដ៏ធំមួយនេះ បានពង្រីកខ្លួនវារហូតដល់មហាវិថីព្រះមុនីរ៉េត និងកំពុងតែទន្ទ្រានយកផ្លូវមួយចំនួនទៀត នៅក្នុងទឹកដីខណ្ឌចំការមន។

នៅពេលវិសាលភាពនៃផ្សារនេះកាន់តែធំ វិសាលភាពនៃការសាយភាយក្លិនស្អុយក៏កាន់តែបានធំដែរ ចំណែកអ្នកលក់តាមផ្សារនេះវិញ ក៏កាន់តែមានអំណាចធំដែរ គឺធំជាងចៅហ្វាយក្រុងភ្នំពេញទៅទៀត គឺអំណាចយកផ្លូវសាធារណៈ ធ្វើជាផ្សារលក់ដូរទំនិញ។

ព្រឹកថ្ងៃទី១២ ខែកក្កដានេះ អ្នកយកព័ត៌មាន Swift News បានដើរលុយភក់ល្បាប់កាត់ផ្សារដ៏កខ្វក់នេះ ដើម្បីស្វែងយល់ថា តើព្រំប្រទល់ពិតប្រាកដរបស់ផ្សារនេះ នៅត្រឹមណា និងមានសោភ័ណភាពបែបណា។

តាមការសង្កេត និងសាកសួរអាជីវករទូទៅ ដែលជាម្ចាស់តូប ឬជួលតូប ដើម្បីលក់ដូរនៅក្នុងផ្សារនេះ អាចឲ្យដឹងថា ផ្សារមួយនេះត្រូវបានក្លាយជាកន្លែងផ្ទុកក្លិនសំរាម និងទឹកស្អុយចេញពីប្រឡាយតាំងពីផ្លូវចូល រហូតដល់ក្នុងផ្សារ ធ្វើឲ្យពលរដ្ឋ និងអ្នកលក់នៅក្នុងផ្សារនេះ នាំគ្នារអ៊ូរទាំ និងដាក់ឈ្មោះឲ្យផ្សារនេះ ថាជាផ្សារនរក ពីព្រោះក្នុងផ្សារសុទ្ធតែកាកសំណល់កខ្វក់ ទឹកស្អុយ និងផ្លូវបាក់បែក។

អាជីវករម្ចាស់តូបលក់ដូរនៅក្នុងផ្សាររាប់រយនាក់ បាននាំគ្នារអ៊ូរទាំដាក់ប្រធានផ្សារ ព្រោះប្រធានផ្សារដ៏ស្អុយមួយនេះ បានត្រឹមតែប្រើកូនចៅឲ្យដើរយកលុយដោយមិនរើសអើង ចំណែកក្នុងផ្សារមិនឃើញអភិវឌ្ឍទេ សូម្បីតែអនាម័យក៏មិនគិតដែរ។

នៅជុំវិញផ្សារពោរពេញទៅដោយសំរាមស្អុយរលួយ ទឹកកខ្វក់ពណ៌ខ្មៅហូរតាមផ្លូវដើរមិនចេះរីងស្ងួត និងផ្លូវដើរសុទ្ធតែបាក់បែក។ រីឯអ្នកលក់ សឹងតែរកកន្លែងអង្គុយមិនបាន ដោយសារតែគំនរសំរាមស្អុយ និងជះក្លិនស្មោគគ្រោក មកម្តងៗសឹងតែដកដង្ហើមមិនរួច។

ចំណែកអ្នកមកចូលទិញវិញ ក៏នាំគ្នារអ៊ូរទាំចំពោះក្លិនស្អុយសំរាម និងផ្លូវបាក់បែកនេះដែរ។ នៅពេលចូលទិញម្ហូប ទិញរបស់របរផ្សេង ត្រូវពាក់ស្បែកជើងត្រឹមជង្គុង ទើបអាចចូលទិញបាន បើមិនអ៊ីចឹងទេ ទឹកស្អុយនៅតាមផ្លូវពោរពេញភក់ល្បាប់ ដែលបន្សល់ពីក្បាលត្រី សម្បកផ្លែឈើ និងល្បាប់សំរាម ហូរមកលើជើង ហើយនៅពេលដើរវិញទឹកស្អុយ និងល្បាប់កប់ត្រឹមកជើង។

ចំណែកសកម្មភាពបង្កការកកស្ទះចរាចរណ៍វិញនៅមុខផ្សារ ជុំផ្សារ និងក្បែរផ្សារ គឺលេខមួយសម្រាប់រាជធានីភ្នំពេញតែម្តង កកស្ទះរហូត គ្មានថ្ងៃល្ហែល្ហើយ ដោយសារប្រធានផ្សារបានយកផ្លូវសារធារណៈ ឬចំណីសាធារណៈជួលឲ្យអ្នកលក់ដូរ សម្រាប់ដើរយកលុយទាំងមិនចេះខ្មាសអៀន។

ទោះបីជាមានការកកស្ទះយ៉ាងណាក៏ដោយ ចំណែកអ្នករត់តាក់ស៊ីវិញ ដែលបានយកផ្លូវសាធារណៈនៅជាប់រោងភាពយន្តចេនឡា និងនៅមុខផ្សារដើមគរ សង្កេតឃើញ ការចតឡាន ដើម្បីហៅម៉ូយរបស់ក្រុមម្ចាស់ឡានតាក់ស៊ី ធ្វើឲ្យកកស្ទះចរាចរណ៍រាល់ថ្ងៃ ហើយមិនមានឃើញក្រុមអាជ្ញាធរមកអន្តរាគមន៍ឡើយ។

សកម្មភាពបែបអាត្មានិយមនេះ មិនមែនទើបតែមាននោះទេ ដែលប្រធានផ្សារដើមគឃុបឃិតជាមួយ និងក្រុមឡានតាក់ស៊ី។

អាជីករម្នាក់ ឈ្មោះ នី ចាន់ណា ភេទប្រុស អាយុ៤២ឆ្នាំ ដែលអង្គុយលក់ត្រាវ បានប្រាប់អ្នកយកព័ត៌មាន Swift News ឲ្យដឹងថា «ខ្ញុំបានមកលក់នៅក្នុងផ្សារដើមគរនេះអស់រយៈពេលជាងបីឆ្នាំហើយ ហើយរាល់ថ្ងៃនេះ ចេះតែទ្រាំអង្គុយលក់ ដោយហិតក្លិនស្អូយ អង្គុយលើទឹកស្អុយ ហិតក្លិនសំរាម ជារាងរាល់ថ្ងៃ ព្រោះដើម្បីតែចិញ្ចឹមកូន»។

 

លោកបានប្រាប់ទៀតថា «ចំណែកក្រុមសន្តិសុខផ្សារវិញ មកយកលុយជារាងរាល់ថ្ងៃ ដែលក្នុងមួយថ្ងៃពី១០០០ ដល់២០០០រៀល ហើយពួកខ្ញុំ ដែលជាអ្នកលក់ ក៏បានសំណូមពរដល់ប្រធានផ្សារដែរ សូមឲ្យធ្វើផ្លូវ និងសម្អាតសំរាមផង ប៉ុន្តែសំណូមពរនេះ មិនដែលបានផលនោះទេ ជាច្រើនឆ្នាំមកហើយ បានតែដើរយកលុយទេ។

ចំណែកអាជីវករម្នាក់ទៀត ឈ្មោះ វីរ៉ា ភេទស្រី អាយុ៣២ឆ្នាំ ដែលអង្គុយលក់ទំពាំង ដោយយកកន្សែងបិទច្រមុះ ព្រោះទ្រាំនឹងក្លិនស្អុយមិនបាន បាននិយាយប្រាប់ Swift News ឲ្យដឹងថា «ខ្ញុំមកលក់នៅផ្សារដើមគ ជាងមួយឆ្នាំហើយ មិនដែលឃើញទីណាគគ្រិចដួចផ្សាដើមគនោះទេ បានតែយកលុយពីពួកខ្ញុំ ហើយបើពួកខ្ញុំមិនបង់ថ្លៃផ្សារទេ ពួកសន្តិសុខមិនឲ្យលក់ឡើយ។ កន្លែងដែលខ្ញុំអង្គុយលក់ដូចជាកន្លែងនរកប្រេតអ៊ីចឹង គឺអង្គុយលើទឹកស្អុយ និងល្បាប់ភក់ជាច្រើន។ ខ្ញុំឈឺច្រើនដងហើយ ដោយការធុំក្លិនទឹកស្អុយ និងសំរាមនៅលើផ្លូវក្នុងផ្សារ។ [ខ្ញុំ] មិនឃើញប្រធានណាមួយមកមើលនោះទេ ឃើញតែក្រុមសន្តិសុខមកយកលុយរាល់ថ្ងៃ។

 

អាជីវករម្នាក់នេះ បានបន្តទៀតថា «ខ្ញុំមិនដឹងធ្វើយ៉ាងណាទេ មានតែទ្រាំអង្គុយលក់តទៅទៀត។ ខ្ញុំសូមសំណូមពរបងអ្នកសារព័ត៌មាន Swift News ជួយចុះផ្សាយឲ្យបានច្រើនផង ដើម្បីឲ្យមហាជនដឹងគ្រប់គ្នាថា ផ្សារដើមគរគឺជាកន្លែងសំរាម»។

លោកស្រី ថាំ ស្រីពៅ មានអាយុ៣៧ឆ្នាំ ដែលជាអ្នកលក់ក្រូច បានប្រាប់ Swift News ឲ្យដឹងថា ក្នុងផ្សារដើម្បីគ ប្រសិនបើប្រធានផ្សារប្រឹងអភិវឌ្ឍឲ្យបានស្អាត ធ្វើផ្លូវឡើងវិញ កុំឲ្យមានទឹកស្អុយ និងសំរាមនោះ មិនដឹងជាមានអ្នកមកលក់ និងអ្នកមកចូលទិញច្រើនយ៉ាងណានោះទេ។ ប៉ុន្តែខ្ញុំគ្មានសង្ឃឹមថា ផ្សារដើមគនេះ នឹងធ្វើការសម្អាត និងធ្វើការអភិវឌ្ឍឡើងវិញនោះទេ។ ការលក់ក្រូចរបស់ខ្ញុំរាល់ថ្ងៃមិនសូវដាច់ទេ មិនសូវមានអ្នកទិញ ហើយកន្លែងខ្ញុំលក់ចំកន្លែងស្អុយ ទឹកដក់ ធំក្លិនស្ទើតែទ្រាំមិនបានផង ចុះទម្រាំតែអ្នកទិញវិញ តើឲ្យគ្នាទ្រាំបានយ៉ាងម៉េចទៅ!។ ជាពិសេសនៅរាល់ថ្ងៃសីល មានលោកតា លោកយាយ និងបងប្អូន ដែលនៅក្បែរផ្សារដើមគ នាំគ្នាមកទិញរបស់របរ និងផ្លែឈើ ដើម្បីយកទៅវត្ត ហើយនាំគ្នាជេរផ្សារដើមគនេះ ដោយមិនគិតថា ជាថ្ងៃសីលនោះទេ ហើយបាននាំគ្នាដាក់ឈ្មោះថ្មីឲ្យផ្សារដើមគថា ជាផ្សារនរកប្រេត។

ចំពោះការនិន្ទាពីសំណាក់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅផ្សារដើមគនេះ អ្នកយកព័ត៌មាន Swift News ព្យាយាមទៅដល់កន្លែងស្នាក់ការផ្សារដើមគ ដើម្បីសុំបំភ្លឺពីប្រធានផ្សារនេះដែរ ប៉ុន្តែ អ្នកនៅក្នុងស្នាក់ការនោះបានឆ្លើយថា លោក សេង សារ៉ន ដែលជាប្រធានផ្សារគ មិននៅទេ ទោះបីជាខាង Swift News ព្យាយាមសុំលេខទូរស័ព្ទរបស់លោកប្រធានផ្សារក៏ដោយ ក៏គ្មាននរណាឲ្យដែរ ដោយបានឆ្លើយតបថា គ្មាននរណាស្គាល់លេខទូរស័ព្ទលោកប្រធានទេ សូម្បីតែឈ្មោះក៏ពួកគេមិនសូវដឹងច្បាស់ដែរ។

ប៉ុន្តែតាមការកត់សម្គាល់ឃើញថា ការឆ្លើយតបរបស់អ្នកធ្វើការងារនៅក្នុងស្នាក់ការផ្សារដើមគថា មិនស្គាល់លេខទូរស័ព្ទ និងមិនសូវដឹងច្បាស់នូវឈ្មោះលោកប្រធានផ្សារដើមគនោះ វាមិនសម ដោយសារតែពួគគាត់អង្គុយធ្វើជាការងារជាមួយគ្នា។

ចំពោះក្លិនស្អុយ និងបញ្ហាកកស្ទះចរាចរណ៍នេះ លោក ប៉ាន លីដា អភិបាលរងខណ្ឌទួលគោកទទួលបន្ទុកសណ្តាប់ធ្នាប់ បានថ្លែងប្រាប់ Swift News ឲ្យដឹងថា ក្លិនស្អុយ និងសណ្តាប់ធ្នាប់នៅមុខផ្សារ ខាងខណ្ឌបានធ្វើជារៀងរាល់ថ្ងៃ និងបានចុះត្រួតពិនិត្យជាប្រចាំ ហើយចំពោះក្លិនស្អុយនៅក្នុងផ្សារវិញ ទាល់តែប្រធានផ្សារទើបធ្វើបាននូវបញ្ហារនេះ។

ពាក់ពន្ធនឹងបញ្ហារនេះដែរ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានថ្លែងប្រាប់អ្នកយកព័ត៌មាន Swift News ឲ្យដឹងនៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះថា  សម្រាប់សណ្តាប់ធ្នាប់សាធារណៈនេះ ក្រោយពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានឡើងកាន់ដំណែងមក កិច្ចការដំបូង គឺលោកបានចាប់ផ្តើមកែលម្អសណ្តាប់ធ្នាប់ និងបានបញ្ជាឲ្យគ្រប់ខណ្ឌទាំងអស់នៅក្នុងរាជធានីភ្នំពេញ ចាប់រៀបចំសណ្តាប់ធ្នាប់ជាមុន ហើយត្រូវធ្វើឲ្យមានប្រសិទ្ធភាព។

ចំពោះក្លិនស្អុយ ទឹកដក់ក្នុងផ្សារ និងការកកស្ទះចរាចរណ៍នេះដែរ ពេលទាក់ទងតាមទូរស័ព្ទ លោក សេង សារ៉ន ប្រធានផ្សារដើមគ បានបកស្រាយប្រាប់អ្នកព័ត៌មាន Swift News ឲ្យដឹងនៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះថា លោកបានបញ្ជាឲ្យកម្លាំងសន្តិសុខធ្វើការងារជារាងរាល់ថ្ងៃ នៅជុំវិញបរិវេណផ្សារដើមគ។

ចំពោះការរិះគន់ពីមហាជនវិញ លោកបានចាត់ទុកថា ជារឿងដែលតែងតែមានរហូត ហើយវាជារឿងធម្មតាទៅហើយសម្រាប់លោក ព្រោះវាតែងតែមានផលប៉ះពាល់នេះ ខណៈ ខាងផ្សារមានគម្រោងធ្វើឡើងវិញ ប៉ុន្តែដោយសារខាងអាជីវករមិនឯកភាពគ្នាឲ្យអភិវឌ្ឍន៍ផ្សារឡើងវិញ។

លោកបានអះអាងថា «ខាងផ្សារមិនចង់ឲ្យមានក្លិនស្អុយ និងទឹកហូរតាមផ្លូវនោះទេ យើងនឹងព្យាយាមសហការជាមួយសាលាក្រុង ដើម្បីធ្វើរឿងនេះឲ្យឆាប់ ដើម្បីកុំឲ្យមានក្លិនស្អុយ លែងមានទឹកលិចតាមផ្លូវ និងការកក់ស្ទះចរាចរណ៍»៕ (SN- ជុំសុធន)

 

photo_2017-07-13_06-24-47

photo_2017-07-13_06-24-57

photo_2017-07-13_06-25-04

photo_2017-07-13_06-25-09

photo_2017-07-13_06-25-13

photo_2017-07-13_06-25-19

photo_2017-07-13_06-25-23

photo_2017-07-13_06-25-29

photo_2017-07-13_06-25-34

photo_2017-07-13_06-25-39

photo_2017-07-13_06-25-46

photo_2017-07-13_06-25-52

photo_2017-07-13_06-26-01

photo_2017-07-13_06-26-08

photo_2017-07-13_06-26-14

photo_2017-07-13_06-26-18

photo_2017-07-13_06-26-23

photo_2017-07-13_06-26-28

photo_2017-07-13_06-26-32

photo_2017-07-13_06-26-38

photo_2017-07-13_06-26-50

photo_2017-07-13_06-26-54

photo_2017-07-13_06-26-59

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង