ឡានដឹកខ្សាច់សំណង់បួនគ្រឿងបម្រុងឆ្លងដែនទៅវៀតណាមដោយខុសច្បាប់ ត្រូវបានបង្ក្រាប

(មណ្ឌលគិរី)៖ មន្ត្រីរ៉ែ និងថាមពល ខេត្តមណ្ឌលគិរីបានចាប់ឃាត់រថយន្តធុនធំដឹកខ្សាច់ពេញបួនគ្រឿង ក្រោយពីធ្វើសកម្មភាពដឹកជញ្ជូនខ្សាច់ខុសច្បាប់បម្រុងឆ្លងទៅប្រទេសវៀតណាម តាមច្រកទ្វេភាគី ឡាបាខេ។

ប្រតិបត្តិការបង្ក្រាបឡានដឹកខ្សាច់ខុសច្បាប់នេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចព្រំប្រទល់ ភូមិអូរអាម និងភូមិឡាបាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

លោក សាន់ ដារឹទ្ធ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគិរីបានឲ្យដឹងថា ក្បួនរថយន្តដឹកខ្សាច់ខាងលើបានធ្វើសកម្មភាពដឹកខ្សាច់ឆ្លងទៅប្រទេសវៀតណាមចំនួនពីរថ្ងៃរួចមកហើយ ហើយនៅព្រឹកថ្ងៃនេះ ក្រោយទទួលបានសេចក្តីរាយការណ៍ថា មានរថយន្តដឹកខ្សាច់ បម្រុងឆ្លងទៅប្រទេសវៀតណាមដោសខុសច្បាប់ទៀតនោះ មន្រ្ដីជំនាញរ៉ែ និងថាមពលខេត្តមណ្ឌលគិរី បានចុះឃាត់រថយន្តដឹកខ្សាច់ចំនួនបួនគ្រឿង បញ្ជូនមកតុលាខេត្តមណ្ឌលគិរី។

អភិបាលស្រុកកែវសីមា លោក ស៊ិន វណ្ណវុឍ្ឍ បានឲ្យដឹងដែរថា ករណីរត់ព័ន្ធខ្សាច់ចេញក្រៅប្រទេសនេះ ខាងអាជ្ញាធរស្រុកសង្ស័យជាយូរមកហើយ ព្រោះក្រុមឈ្មួញធ្វើសកម្មភាពនៅពេលយប់តាមច្រកឡាបាខេ មិនត្រឹមតែនាំខ្សាច់ចេញក្រៅប្រទេសនោះទេ ថែមទាំងមានករណីលួចនាំគ្រឿងចក្រចូលមកទៀតផង ដោយមានការចូលដៃចូលជើងពីមន្ត្រី ដែលនៅតាមបន្ទាត់ព្រំដែន។

ពាក់ព័ន្ធនិងករណីខាងលើ លោក ផូ សំអន ប្រធានច្រកឡាបាខេ បានឲ្យដឹងថា ពុំមានករណីជួញដូរខ្សាច់ខុសច្បាប់នោះទេ ករណីឡានដឹកខ្សាច់នេះ គឺខាងភាគីប្រទេសវៀតណាម គេស្នើសុំទិញខ្សាច់ ដើម្បីសង់អគារប៉ុស្គិ៍ ដែលនៅជិតព្រំដែនទេ។

ដោយឡែកប្រភពមួយផ្សេងទៀត បានទម្លាយឲ្យដឹងថា រថយន្តដឹកខ្សាច់នេះ គឺជាកម្មសិទ្ធិរបស់លោកអនុប្រធានច្រកឡាបាខេ ឈ្មោះ ហ៊ន គាសេង ដែលដឹកមកពីខេត្តក្រចេះ ចំនួនពីរថ្ងៃមកហើយ ដោយក្នុងមួយឡានមានផ្ទុកខ្សាច់ចំនួន២៥ម៉ែត្រគូប ទៅ៣០ម៉ែត្រគូប ដើម្បីយកទៅលក់នៅប្រទេសវៀតណាមតាមការបញ្ជាទិញរបស់ឈ្មួញធំៗនៅវៀតណាម។

ជុំវិញការចោទប្រកាន់ខាងលើកនេះដែរ លោក ហ៊ន គាសេង ក៏បានឲ្យដឹងដែរថា លោកទិញខ្សាច់មកចាក់សាប និងធ្វើបង្គោលរបងទេ មិនមានការជួញដូរទេ៕ (SN- មណ្ឌលគិរី)

Screen Shot 2017-07-12 at 7.17.51 PM Screen Shot 2017-07-12 at 7.18.12 PM Screen Shot 2017-07-12 at 7.19.22 PM

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com