រដ្ឋបាលព្រៃឈើខេត្តមណ្ឌលគីរី រកឃើញឈើខុសច្បាប់ក្នុងទីតាំងក្រុមហ៊ុនចិន

(មណ្ឌលគិរី)៖ កាលពីថ្ងៃអង្គារ ក្រុមកម្លាំងចម្រុះបានចុះទៅដល់ទីតាំងក្រុមហ៊ុនរបស់ជនជាតិមួយ ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ហើយបានរកឃើញឈើខុសច្បាប់ជាច្រើនកំណាត់ ត្រូវបានលាក់ទុកនៅក្នុងបរិវេណក្រុមហ៊ុននេះ។

នៅពេលជំនាញទៅដល់ទីតាំង ក្រុមហ៊ុន ថាច់វូដ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅក្នុងភូមិសាស្ត្រក្នុងឃុំរយ៉ ឃុំសុខសាន្ត ឃុំស្រែសង្គម ស្រុកកោះញែក បានជួបជាមួយលោក WEI YING JUN ជនជាតិចិន ដែលជាមេការរបស់ក្រុមហ៊ុន។

មន្ត្រីជំនាញចម្រុះបានប្រាប់ឲ្យមេការក្រុមហ៊ុនផ្អាកសកម្មភាពឈូសឆាយដីព្រៃនៅចំណុចអនុតំបន់២ និងប្រមូលគ្រឿងចក្រឈូសឆាយទាំងអស់ ទៅរក្សាទុកជាបណ្តោះអាសន្ន ដោយសារក្រុមហ៊ុនមិនបានអនុវត្តតាមការណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ចំណែក វត្ថុតាងដែលដកហូតបានរួមមាន ឈើហ៊ុបមូលសរុបចំនួន១៥៧៤កំណាត់ ស្មើនឹង១៥៤៣,១៤០ម៉ែត្រគូប។

លោក ឈួន សេរីវឌ្ឍន៍ នាយផ្នែករដ្ឋបាលព្រៃឈើកោះញែក បានឲ្យដឹងនៅព្រឹកម្សិលមិញថា លោកនៅមិនទាន់ដឹងថា ឈើទាំងនោះមានខុសច្បាប់ប៉ុន្មាននោះទេ ព្រោះលោកកំពុងធ្វើការផ្ទៀងផ្ទាត់។

លោកបានបញ្ជាក់ថា ក្រុមហ៊ុនខាងលើ គឺជាក្រុមហ៊ុនរបស់ចិន។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានបញ្ជាក់តាមទូរស័ព្ទថា លោកកំពុងធ្វើការ  ហើយលោកមិនអាចប្រាប់អ្វីច្រើនជាងនេះទេ។

ចំណែកសេចក្តីរាយការណ៍ពីប្រជាជនក្នុងមូលដ្ឋានបានឲ្យដឹងថា ក្រុមហ៊ុន ថាច់វូដ បានចូលទៅឈួសឆាយ និងកាប់ឈើតាំងពីដើមឆ្នាំ២០១៧មកម្លេះ ដោយមិនត្រឹមតែកាប់ឈើក្នុងដី ដែលក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគពីរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែកំពុងឆ្លៀតកាប់ឈើក្នុងព្រៃអភិរក្សថែមទៀត។

ចំណែកលោក សា រ៉ូរន្ដា នាយរងខណ្ឌស្ដីទី រដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគីរី បានបញ្ជាក់នៅព្រឹកនេះថា ក្រុមហ៊ុនខាងលើបានទទួលដីសម្បទានពីរដ្ឋាភិបាលជាង៩០០០ហិកតា ប៉ុន្តែ មិនទាន់ឃើញដាំដុះអ្វីគួរឲ្យកត់សម្គាល់ឡើយទេ ក្រៅតែពីកាប់ឈើតែប៉ុណ្ណោះ៕ (SN-ព្រាប សរ)

WhatsApp Image 2017-07-12 at 9.42.40 AM WhatsApp Image 2017-07-12 at 9.42.42 AM WhatsApp Image 2017-07-12 at 9.42.46 AM WhatsApp Image 2017-07-12 at 9.42.48 AM WhatsApp Image 2017-07-12 at 9.42.50 AM WhatsApp Image 2017-07-12 at 9.42.51 AM WhatsApp Image 2017-07-12 at 9.42.53 AM WhatsApp Image 2017-07-12 at 9.43.04 AM

អត្ថបទដែលជាប់ទាក់ទង