អ្នកភូមិនាំគ្នាបិទផ្លូវឡានដឹកដីនៅខេត្តកណ្ដាល ព្រោះបំផ្លាញផ្លូវខ្លាំងពេក

(កណ្តាល)៖ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានយកគ្រែ គល់ឈើ មកដាក់រាំងផ្លូវមិនឲ្យរថយន្តដឹកដី របស់លោក អ៊ុក ឡាឌីន ធ្វើចរាចរណ៍ចេញចូលដូចរាល់ដង បន្ទាប់ពីផ្លូវ ដែលពួកគាត់តែងតែធ្វើដំណើរ ត្រូវបានបំផ្លាញ ដោយសារសកម្មភាពដឹកដី ចំណែកក្មេងៗសិស្សសាលា មិនអាចទៅរៀនបាន។

 

ក្នុងមួយថ្ងៃៗ រថយន្តដឹកដីធុនធំ មានរាប់រយគ្រឿង នៅពេលផ្លូវស្ងួត បានបើកបរលឿន ហុយដីទ្រលោម ធ្វើឲ្យប្រជាពលរដ្ឋពិបាករស់នៅណាស់។ រីឯនៅពេលមានភ្លៀងធ្លាក់ម្តងៗវិញ គឺបែកល្បាប់ វ៉ល់ ដែលសូម្បីតែដើរ ក៏ដើមិនបានផង។

 

មានថ្ងៃខ្លះ ក្បួនរថយន្តដឹកនេះ ធ្វើចរាចរណ៍រហូតដល់ម៉ោង១០យប់ បង្កសំឡេងរំខានដល់ដំណេករបស់ប្រជាជន។

 

ការតវ៉ាដោយបាំងផ្លូវនេះ គឺដើម្បីទាមទារឲ្យអាជ្ញាធរ និងមន្ត្រីជំនាញ ពិនិត្យមើលរណ្តៅដីរបស់ អ៊ុក ឡាឌីននេះឡើងវិញ ព្រោះការតវ៉ាបិទផ្លូវបែបនេះ មិនមែនជាលើកទី១ទេ គឺមានរហូតចំនួនប្រាំដងរួចមកហើយ ដោយមិនមានដំណោះស្រាយអ្វីទាំងអស់។ ដូច្នេះ ពួកគាត់នឹងបន្តតវ៉ាបិទផ្លូវទៀត លុះត្រាណាមានដំណោះស្រាយជូនពួកគាត់ ដែលរស់នៅតាមដងផ្លូវនេះ។

 

លោក សន ថា រស់នៅភូមិស្រីស្នំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល បានមានប្រសាសន៍ថា សព្វថ្ងៃពួកគាត់ដែលរស់នៅតាមដងផ្លូវនេះ ពិបាកណាស់ ព្រោះរាល់ពេលពិសាបាយម្ដងៗ ទាល់តែពិសាក្នុងផ្ទះ បិទទ្វារជិត។ បើមិនដូច្នេះទេ ដីហុយចូលបាយសម្ល ហើយហូបមិនកើតនោះទេ។

 

លោកបានសំណូមពរថា

បើក្រុមហ៊ុនចង់បន្តបើកបរលើផ្លូវនេះ សូមឲ្យចាក់គ្រួសក្រហម ដើម្បីកុំឲ្យពេលភ្លៀងមកបែកល្បាប់វ៉ល់ រកតែធ្វើដំណើរមិនបាន ហើយនៅពេលផ្លូវស្ងួតវិញ សូមឲ្យស្រោចទឹកផង ដើម្បីការពារកុំឲ្យធូលីហុយខ្លាំងពេក។ ផ្ទុយទៅវិញ ប្រសិនបើក្រុមហ៊ុនមិនព្រមធ្វើទេ ពួកគាត់នៅតែយកគ្រែ និងគល់ឈើមកបាំងបន្តទៀត។

ចំណែកមន្ត្រីអាជ្ញាធរមូលដ្ឋានវិញ មិនដែលចុះមកពិនិត្យ ដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋនោះទេ ហើយបើនៅតែបន្តដឹកដីរបៀបនេះទៀតនោះ ផ្លូវមួយខ្សែនេះនឹងខូចគ្មានសល់នោះទេ។

 

លោកបានបន្ថែមថា នៅតាមផ្លូវនេះមានឡានតូច និងឡានយីឌុបធុនយក្សរាប់រយគ្រឿង ដឹកដីញរ័ផ្លូវរកតែសម្រាកពេលថ្ងៃក៏មិនបានផង ដឹកគ្មានពេលម៉ោងសម្រកទេ។ ចំណែកនៅថ្ងៃខ្លះ ក្បួនរថយន្តនេះបន្តដឹករហូតដល់យប់ជ្រៅ។

 

ម្យ៉ាងទៀត រណ្តៅដ៏ជ្រៅនេះ បានស្រូបយកទឹកអស់ពីដីស្រែរបស់ប្រជាកសិករនៅជុំវិញ ធ្វើឲ្យទឹកភ្លៀងមិនអាចដក់នៅក្នុងស្រែ ដើម្បីបង្កបង្កើនផលស្រូវរដូវវស្សាបានឡើយ។ ជាពិសេស រណ្ដៅដីដ៏ជ្រៅ ដែលអ្នកស្រុកហៅថា ជ្រៅដល់ក្បាលប្រេតនេះ បានស្រូបយកទឹកពីអណ្ដូងរបស់អ្នកភូមិស្ទើររីងអស់ផងដែរ។

 

 

ចំពោះការលើកឡើងរបស់

ប្រជាពលរដ្ឋនេះ យើងមិនអាចសុំការបកស្រាយពីលោក អ៊ុក ឡាឌីន ដែលជាម្ចាស់អាជីវកម្មបាន

នៅឡើយទេ ខណៈដែលអ្នកសារព័ត៌មានចុះទៅដល់

លោកមិនមានវត្តមាននៅការដ្ឋានទេ។

 

ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ លោក ចក់ គង់ ប្រធានមន្ទីររ៉ែ និងថាមពល និងលោក ស៊ុំ សុធន់ ប្រធានការិយាល័យធនធានរ៉ែ និងថាមពល ខេត្តកណ្តាល មិនអាចសុំការបំភ្លឺបានឡើយ៕ (SN- កណ្ដាល)

(មានវីដេអូ)

អត្ថបទដែលជាប់ទាក់ទង