ស្រូវពូជជាង៣១តោន ត្រូវបានចែកជូនកសិករក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ ដើម្បីស្រួលដល់ជីវភាព និងការចំណាយរបស់ប្រជាកសិករ ដែលរងគ្រោះដោយគ្រោះធម្មជាតិ និងការបំផ្លាញរបស់សត្វចង្រៃ លើដំណាំស្រូវនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក លី ឡេង អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បាននាំយកស្រូវពូជ ទៅចែកជូនប្រជាកសិករ នៅឃុំតំបែរ គោកស្រុក និងឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំចំនួន ១២៤៥គ្រួសារ ។

មានប្រសាសន៍ នៅក្នុងឱកាសនោះ លោក វេង សាខុន បានលើកឡើងថា រាល់បញ្ហា និងការលំបាកមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា តែងតែចុះជួយ និងដោះស្រាយជូនជាបន្តបន្ទាប់ វាខុសពីគណបក្សខ្លះ បានត្រឹមតែសន្យា តែមិនបានជួយអ្វីបន្តិចដល់ប្រជាពលរដ្ឋ។

លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានត្រៀមទុនបម្រុងសម្រាប់ជួយប្រជាជនជួបគ្រោះធម្មជាតិ ខណៈមកដល់ឆ្នាំ២០១៧ មានជាង៥០០០ពាន់លានដុល្លារ ដូច្នេះគ្រប់ការលំបាក និងបញ្ហារបស់ប្រជាជនសុំឲ្យមន្ត្រីនៅមូលដ្ឋានចុះជួបប្រមូលយកបញ្ហា ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា។

នៅក្នុងឱកាសនោះដែរ លោក លី ឡេង បានមានប្រសាសន៍ថា ប្រជាកសិករតែងតែជួបបញ្ហាផ្សេងៗ ក្នុងការបង្កបង្កើនផល ជាក់ស្តែងឆ្នាំនេះ របបទឹកភ្លៀងច្រើនបង្កឲ្យជនលិចរលួយសំណាប សន្ទូង និងធ្វើឲ្យកើតមានសត្វខ្យង រួមទាំងសត្វចង្រៃផ្សេងៗ បំផ្លាញស្រូវ។ ប៉ុន្តែទោះយ៉ាងណាក្នុងនាមអាជ្ញាធរខេត្ត និងថ្នាក់ដឹកនាំពាក់ព័ន្ធ ពិសេសក្រសួងកសិកម្ម បានខិតខំដោះស្រាយជាបន្តបន្ទាប់ បើទោះបីមិនបានមួយរយភាគរយក៏ដោយ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានរាយការណ៍ថា ភ្លៀងរដូវវស្សា បានចាប់ផ្តើមតាំងពីដើមឆ្នាំ ហើយប្រជាកសិករក៏ចាប់ផ្តើមសាបព្រោះ ប៉ុន្តែបានទទួលរងការខូចខាតលើផ្ទៃដីប្រមាណ៦១៥០ហិកតា ទូទាំងខេត្តត្បូងឃ្មុំ។ ដើម្បីឆ្លើយតបនឹងស្ថានភាពនេះ មន្ទីរ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បានចុះផ្សព្វផ្សាយពីវិធានការបច្ចេកទេស ទប់ស្កាត់ការបំផ្លាញរបស់សត្វចង្រៃ និងស្តារស្រូវខូចខាត ដែលរហូតមកដល់ពេលនេះ បានប្រមាណ៦០ភាគរយហើយ។

របាយការណ៍ដដែលបានឲ្យដឹងដែរថា គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ការបង្កបង្កើនផលដំណាំស្រូវវស្សាបានប្រមាណ៨១ភាគរយ លើផ្ទៃដីសរុប៕ (SN-ត្បូងឃ្មុំ)

photo_2017-07-10_19-59-31 photo_2017-07-10_19-59-32 (2) photo_2017-07-10_19-59-32 photo_2017-07-10_19-59-33 photo_2017-07-10_19-59-34 (2) photo_2017-07-10_19-59-34

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com