មន្ត្រីសាលាស្រុកប្រសាទសំបូរ ខេត្តកំពង់ធំទន្ទ្រានយកដីព្រៃ ដោយខុសច្បាប់

(កំពង់ធំ)៖ ប្រជាពលរដ្ឋបានរឹះគន់មន្រ្ដីជំនាញមួយ និងអាជ្ញាធរដែនដីមួយចំនួន នៅក្នុងខេត្តកំពង់ធំថា បានឃុបឃិតជាមួយឧក្រិដ្ឋជនបំផ្លាញព្រៃឈើ ដោយសារតែបានផលប្រយោជន៍ ខំប្រឹងកាងបទល្មើសខុសច្បាប់ អាក្រក់ទៅជាល្អ សទៅជាខ្មៅ។

ជាក់ស្ដែងបទល្មើស កាប់បំផ្លាញនិងឈូសឆាយដីព្រៃ នៅចំណុច អូរគគី ក្នុងភូមិបេង ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលត្រូវបានគេដឹងថា អភិបាលរងស្រុកប្រាសាទសំបូរ និងមន្រ្ដីជំនាញ កំពុងឃុបឃិតគ្នាជាមួយ លោក តាំង អ៊ី មានតួនាទីមន្ត្រីរដ្ឋបាលសាលា ស្រុកប្រាសាទសំបូរ រត់ការ និងជួលគ្រឿងចក្រមកឈូសឆាយព្រៃឈើ យ៉ាងអនាធិតេយ្យ។

ប្រជាពលរដ្នបានឲ្យដឹងថា លោក តាំង អ៊ី ជាមន្ត្រីរដ្ឋបាលសាលាស្រុកប្រាសាទសំបូរ ដែលធ្លាប់មានរឿងអាស្រូវ ជាប់ពន្ធនាគា ដោយសារយកតួនាទីរបស់ខ្លួន រៀបដីខ្យល់លក់ ពេលនេះ ក្រោយពីចេញពីពន្ធនាគារមកវិញ កំពុងបន្ដសកម្មភាពរត់ការ ឈូសឆាយដីព្រៃបន្ដទៀត ដោយសារមានអ្នកពាក់ស័ក្កិធំចាំកាងនៅពីក្រោយ ហើយម្ដងនេះពួកគេចេះពីរបៀបរៀបចំប្រព័ន្ធឃុបឃិតគ្នាឲ្យស៊ីចង្វាក់ ដើម្បីងាយស្រួលរត់ច្បាប់បំផ្លាញព្រៃឈើបន្ដទៀត និងងាយស្រួលដោះស្រាយជាមួយប្រព័ន្ធតុលាការ ពេលចុះចាប់ម្ដងៗ។

ពាក់ព័ន្ធបញ្ហានេះ លោក តាំង អ៊ី បានប្រាប់ថា មានថ្នាក់ដឹកនាំខេត្តអនុញាតឲ្យលោកឈូសឆាយកាប់បំផ្លាញព្រៃឈើនេះ។

លោក លោក តុង យី នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ និងលោក ឃឹម សុឃាង អភិបាលរងស្រុកប្រាសាទសំបូរ បានអះអាងថា ពួកលោកនឹងចុះទៅមើលស្ថានភាពដីឲ្យបានជាស្ដែង។

លោក តុង យី បានឲ្យដឹងថាដីនេះ ប្រជាពលរដ្ឋអាស្រ័យផល ដូច្នេះ មិនបាច់ចាំរត់ច្បាប់នោះទេ ដោយដីនេះ ជាដីចម្ការស្វាយចន្ទី មិនប៉ះពាល់ដល់ដីគម្របព្រៃឈើ ឬដីអូរនោះទេ។ 

ប៉ុន្តែ ពុំឃើញមានស្វាយចន្ទីនោះទេ ជាក់ស្ដែងមានតែគល់ឈើធំៗ ដែលគេកាប់បំផ្លាញចោល ហើយមកដល់ពេលនេះ គឺគេជួលគ្រឿងចក្រមករុញជម្រះដើម្បីឲ្យស្អាតដី ។

ចំណែកលោក ឃឹម សុឃាង បានប្រាប់តាមទូស័ព្ទថា លោកមិនទាន់បានពិនិត្យច្បាស់លាស់នៅឡើយទេ មិនដឹងថា ដីនេះស្ថិននៅក្នុងដីគម្របព្រៃឈើ ឬជាដីអូរនោះទេ៕ (SN-សុផាត)




appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង